អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​៖ សង្គម​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

អំពើ​ហិង្សា​គឺ​ជា​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​មួយ ​ដែល​បាន​និង​កំពុង​តែ​ញាំញី​សង្គម​ខ្មែរ​ឲ្យ​ប្រេះ​ស្រាំ​ជា​រៀង​រាល់​ថ្ងៃ។ ករណី​ហិង្សា​របស់​សិស្ស​ថ្នាក់​ទី​៩​នៃ​អនុវិទ្យាល័យ​ដំ​ដែក​ក្នុង​ខេត្ត​សៀមរាប​ និង​ករណី​បាតុកម្ម​ដែល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​នៅ​ប៉ោយប៉ែត គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង ដែល​សរ​បង្ហាញ​ឲ្យ​ឃើញ​ថា អំពើ​ហិង្សា​មិន​ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ទេ។ ដូច្នេះ សួរ​ថា​តើ​គេ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​ចេញ​ពី​សង្គម​កម្ពុជា?

ហិង្សា​របស់​​ប៉ូលីស​ បង្ក្រាប​​ក្រុម​បាតុករ ​កាល​ពី​ពេល​កន្លង​មក។​
ហិង្សា​របស់​​ប៉ូលីស​ បង្ក្រាប​​ក្រុម​បាតុករ ​កាល​ពី​ពេល​កន្លង​មក។​ @Facebook
ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​នៅ​តែ​ជា​បញ្ហា​ចាក់​ស្រេះ​នៅ​ក្នុង​សង្គម​ខ្មែរ​ ដែល​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ តាម​រយៈ​កាសែត គេ​តែង​តែ​ឃើញ​មាន​ព័ត៌មាន​ស្ដី​ពី​អំពើ​ហិង្សា​គ្រប់​បែប​យ៉ាង និង​គ្រប់​ទី​កន្លែង។ អំពើ​ហិង្សា​មាន​នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​គ្រួសារ សាលារៀន កន្លែង​ធ្វើ​ការ រហូត​ទៅ​ដល់​សង្គម​ជាតិ។

នៅ​ក្នុង​គ្រួសារ​ អំពើ​ហិង្សា​ចាប់​ផ្ដើម​ពី​ការ​វាយ​ប្រដៅ​ជា​ការ​ដាក់​ទោស​កូន​តូច​ៗ​ រហូត​ដល់​អំពើ​ហិង្សា​រវាង​គូ​ស្វាមី​ភរិយា​ ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ភេទ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ជា​ច្រើន​ជួប​ភាព​ប្រេះ​ស្រាំ បែក​បាក់ បន្សល់​ទុក​នូវ​ជន​រង​គ្រោះ​រាប់​មិន​អស់ ដែល​ភាគ​ច្រើន​ជា​ស្ដ្រី​និង​កុមារ។ ចំណែក​នៅ​សាលារៀន ក៏​មាន​កើត​អំពើ​ហិង្សា​ច្រើន​បែប​ច្រើន​យ៉ាង​ផង​ដែរ​ ទាំង​ពី​សំណាក់​គ្រូ​ទៅ​សិស្ស និង​រវាង​សិស្ស​គ្នា​ឯង។ យូរ​ៗ​ម្ដង ​វីដេអូ​ឃ្លីប​ស្ដី​ពី​អំពើ​ការ​ប្រវាយ​ប្រតប់​គ្នា​រវាង​សិស្ស​ស្រី​ៗ និង​ការ​វាយ​កាប់​ចាក់​គ្នា​រវាង​សិស្ស​ប្រុស​ៗ ត្រូវ​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម បង្កើត​ជា​រលក​ប្រតិកម្ម​រិះគន់​បាន​មួយ​សន្ទុះ មុន​នឹង​ស្ងប់​ស្ងាត់​ទៅ​វិញ។

ចំណែក​នៅ​កន្លែង​ធ្វើ​ការ​ អំពើ​ហិង្សា​ផ្លូវ​កាយ​អាច​គ្មាន​ ក៏​ប៉ុន្តែ​អំពើ​ហិង្សា​ផ្លូវ​ចិត្ត ការ​ជេរប្រមាថ​ ដៀលត្មិះ ដៀមដាម អាច​កើត​មាន​ឡើង​គ្រប់​ពេល​វេលា​ទាំង​អស់។ នៅ​កន្លែង​ការងារ​ខ្លះ ​អំពើ​ហិង្សា​អាច​កើត​មាន​តាម​រយៈ​ផ្លូវ​សេដ្ឋកិច្ច​ផង​ដែរ។

អំពើ​ហិង្សា​ក្នុង​រូបភាព​តូច​តាច​ទាំង​អស់​នេះ បាន​ជះ​ឥទ្ធិពល​ និង​បាន​រួម​ចំណែក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ អំពើ​កាប់​ចាក់ បាញ់​ប្រហារ កាប់​ចាក់ វាយ​តប់​នៅ​តាម​ផ្លូវ ឬ​នៅ​តាម​ផ្សារ​តែង​តែ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដូច​ដែល​មាន​ចុះ​ផ្សាយ​នៅ​តាម​ទំព័រ​កាសែត​ជា​ហូរហែរ​។ ក្រៅ​ពី​នេះ ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​រវាង​កង​កម្លាំង​សន្តិសុខ​និង​បាតុករ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក ក៏​ជា​ភស្តុតាង​ដែល​សរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អំពើ​ហិង្សា​មិន​ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ទេ។ តើ​មាន​មូលហេតុ​ចម្បង​ៗ​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​សង្គម​​មួយ ពោរពេញ​ដោយ​ហិង្សា​យ៉ាង​ដូច្នេះ?

មូលហេតុ​សំខាន់​បំផុត​គឺ​ទំនៀមទម្លាប់​ចាស់​គំរឹល ការ​អប់រំ​ដែល​មាន​កម្រិត​ទាប និង​ការ​មិន​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្រៅ​ពី​នោះ​ក៏​មាន​ផង​ដែរ ភាពក្រីក្រ ល្បែង​ស៊ីសង និង​គ្រឿង​ស្រវឹង ដែល​បាន​រួម​ចំណែក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទាំង​នៅ​ក្នុង​គ្រួសារ​ សាលារៀន​ កន្លែង​ធ្វើការ​ និង​សង្គម​ជាតិ។

សម្រាប់​ប្រទេស​កម្ពុជា អំពើ​ហិង្សា គឺ​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​សង្គម​ទាំង​មូល។ អំពើ​ហិង្សា​នៅ​ក្នុង​សង្គម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​គួរ​ឲ្យ​បារម្ភ។ តើ​មាន​ឱសថ​អ្វីខ្លះ ​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ហិង្សា​នៅក្នុង​សង្គម​ខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធភាព?

មែន​ទែន​ទៅ កន្លង​មក​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ក្នុង​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ ជា​ពិសេស​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ។ ជាក់​ស្ដែង ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​កាល​ពី​ឆ្នាំ​២០០៥​។ ក្រសួង​កិច្ច​ការ​នារី កាល​ពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាតិ ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី ឆ្នាំ​២០១៤-២០១៨ ​ផង​ដែរ។ ចំណែក​អង្គការ​នានា ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ ក៏​ធ្លាប់​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​បំពាក់​បូណ៌​ពណ៌​ស​ដល់​បុរស​នៅ​ទូទាំង​ប្រទេស​ ក្នុង​ន័យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ទៀត​ផង។

ដោយ​ឡែក អំពើ​ហិង្សា​ផ្សេង​ៗ ដែល​មិនមែន​កើត​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ ជន​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ផ្អែក​លើ​ក្រម​ព្រហ្មទណ្ឌ​ដែល​កម្ពុជា​មាន​ជា​ធរមាន។ យ៉ាង​ណា​ក៏​ដោយ ​ច្បាប់ ផែនការ និង​យុទ្ធនាការ​ទាំង​នេះ មិន​អាច​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ។

សម្រាប់​សង្គម​កម្ពុជា វប្បធម៌​ហិង្សា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ហើយ​វា​មិនមែន​ជា​រឿង​ងាយ​ឡើយ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។ មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​គ្នា។ ក្នុង​នោះ បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​ជម្រុះ​ចោល​នូវ​ទម្លាប់​ហិង្សា​ចាស់​គំរឹល​មួយ​ចំនួន ជំនួស​មក​វិញ​នូវ​ការ​យោគយល់​អធ្យាស្រ័យ ការ​អត់​ធ្មត់ និង​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ផ្សព្វផ្សាយ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ក៏​ជា​ការងារ​ចាំ​បាច់​ណាស់​ដែរ។ ស្ថាប័ន​ពាក់ព័ន្ធ​​ទាំង​អស់​ត្រូវ​ចាប់​ដៃ​គ្នា ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​មូលដ្ឋាន ដើម្បី​បង្កើន​ការ​យល់​ដឹង​ថា អំពើ​ហិង្សា​ណា​ក៏​ដោយ គឺ​ជា​រឿង​ខុស​ច្បាប់។ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​គ្មាន​ការ​លើក​លែង។ មាន​តែ​មធ្យោបាយ​ទាំង​នេះ​ទេ ដែល​អាច​កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ