ឧបការីអាមេរិកចោទសួរកម្ពុជារឿងចាប់ខ្លួនសកម្មជនដីធ្លី និងគណបក្សសង្គ្រោះជាតិ
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃចន្ទទី២៧ មករានេះ បានជួបជាមួយលោកអ៊ុច បូរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសនៅទីស្តីការក្រសួង។ ក្នុងកិច្ចប្រជុំបិទទ្វារវាងមន្ត្រីការបរទេសទាំងពីរ បញ្ហាការចាប់ខ្លួនសកម្មជនដីធ្លី និងគណបក្សសង្គ្រោះជាតិ បានក្លាយជាប្រធានបទនៃការពិភាក្សា ក្នុងចំណោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ជាច្រើនទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៥
លោក Danny Russel ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានលើកយកការចាប់ខ្លួនសកម្មជនដីធ្លីតំបន់បឹងកក់ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដាក់ក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាក្រសួងការបរទេសកម្ពុជា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រោយជំនួបលោក អ៊ុច បូរិទ្ធ បញ្ជាក់ថា៖ “តើកម្ពុជាមានយោបល់យ៉ាងណាបើគ្រាន់តែធ្វើបាតុកម្មរឿងដីធ្លីនិងការទាមទារសេរីភាពនោះសិទ្ធិហើយមានរូបភាពមិនល្អមិនសម្រាប់កម្ពុជាទេ។ បញ្ហានេះ ខ្ញុំ (អ៊ុច បូរិទ្ធ) បានប្រាប់លោក Danny Russelហើយថាសិទ្ធិនេះមានកម្រិត មិនមែនយើងបានសិទ្ធិហើយចេះតែនិយាយប៉ាតណាប៉ាតណីប៉ះពាល់ដល់គេមិនមែនទេ”។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ទៅកាន់ភាគីអាមេរិកថា ការចាប់ខ្លួនសកម្មជនដីធ្លី និងសកម្មជនគណៈបក្សសង្គ្រោះជាតិនោះ គឺជាការអនុវត្តច្បាប់នៅកម្ពុជា ព្រោះថា សិទ្ធិសេរីភាពដែលមានចែងក្នុងសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សនោះ គឺមិនមែនអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអនុវត្តប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងបំពាន់ច្បាប់នោះឡើយ។
លោក អ៊ុច បូរិទ្ធបានរំលឹកពីមូលហេតុនៃការចាប់ខ្លួនសកម្មជនដីធ្លី និងគណបក្សសង្គ្រោះជាតិថា គឺការប៉ះពាល់ដល់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម។ សូមបញ្ជាក់ថា សកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន១១រូបត្រូវបានតុលាកាចាប់ដាក់ពន្ធនាគារ រួមទាំងផាកពិន័យ ដោយឡែកសកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជសុវណ្ណរ៉ា បេក្ខជនតំណាងរាស្ត្រពីគណបក្សប្រឆាំង និងសកម្មជនមូលដ្ឋាន៤រូបផ្សេងទៀត គឺត្រូវបានចាប់ដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌក្នុងសំណុំរឿងបាតុកម្មនៅទីលានប្រជាធិបតេយ្យ។
ផ្ទុយពីរដ្ឋាភិបាល គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី និង សង្គមស៊ីវិលសិទ្ធមនុស្ស បានចោទការចាប់ខ្លួននេះ គឺជារឿងនយោបាយជាងការអនុវត្តច្បាប់ដោយសារតែអ្នកទាំងអស់គឺជាអ្នករិះគន់រដ្ឋាភិបាលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ក្នុងជំនួបរវាងមន្ត្រីការទូតជាន់ខ្ពស់ទាំងពីរ ការពិភាក្សាស្តីពីបញ្ហាពង្រឹងជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក និងការជំរុញឱ្យបង្កើតច្បាប់ការពារវិនិយោគទន់បរទេស រួមទាំងការពង្រឹងវិស័យអប់រំ ក៏ត្រូវបានពិភាក្សា ក្រៅពីបញ្ហាចាប់ខ្លួននៃសកម្មជនដីធ្លី និងបក្សប្រឆាំងផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ