អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​សាលាក្រុង​ទុក​ឲ្យ​មាន​ក្លិន​ឆ្អេះ​ឆ្អាប និង​ក្លិន​ស្អុយ​ពី​សំរាម​នៅ​មាត់​ទន្លេ និង​មុខ​ព្រះ​បរមរាជវាំង​ដល់​ពេល​ណា​ទៀត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​បរិយាកាស​នៅ​តាម​សួន​ច្បារ​មាត់​ទន្លេ និង​ព្រះ​បរមរាជ​វាំង​ពោរពេញ​ទៅ​ដោយ​ក្លិន​ឆ្អេះឆ្អាប និង​ក្លិន​ស្អុយ​ពី​សំរាម​នោះ។ មាត់​ទន្លេ​គួរ​តែ​ជា​ទី​មួយ​ ដែល​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ ប៉ុន្តែ​មាត់​ទន្លេ​នៅ​ក្នុង​ទីក្នុង​ភ្នំពេញ​បែរ​ជា​ពោរពេញ​ទៅ​ដោយ​ខ្យល់​អាកាស​មួយ​ដ៏​អាប់​អួរ ហើយ​ថែម​ទាំង​ពិបាក​ទាំង​ដក​ដង្ហើម​ទៀត។ ពិត​ណាស់​ថា​ជា​រៀង​រាល់​ព្រឹក​មាន​មនុស្ស​ម្នា​ជា​ច្រើន ដើរ​ហាត់​ប្រាណ​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពួក​គេ​ត្រូវ​ដើរ​ឆ្លង​កាត់​កន្លែង​មាន​សំរាម​រាយ​ប៉ាយ និង​ចោល​ក្លិន​ស្អុយ ហើយ​និង​ក្លិន​ឆ្អេះឆ្អាប​ពី​ការ​បន្ទោរ​បង់​ពាស​វាល​ពាស​កាល​នៅ​ក្នុង​តំបន់​នោះ។ តើ​ហេតុអ្វី​បាន​ជា​កន្លែង​ដ៏​ស្រស់​ស្អាត និង​ជា​មុខ​មាត់​របស់​រាជធានី​ភ្នំពេញ​មួយ​នេះ បែរ​ទៅ​ជា​កន្លែង​ដែល​មាន​ក្លិន​អសោធ​ទៅ​វិញ។ តើ​សាលា​ក្រុង​គួរ​តែ​បន្ត​ឲ្យ​មាន​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​បែប​នេះ នៅ​ទី​ដែល​ជា​មុខ​មាត់​របស់​រាជធានី​ភ្នំពេញ​ដល់​ពេល​ណា​ទៀត?

ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​ ចេះ​តែ​បន្ត​នៅ​ទីសាធារណ​ និង​តំបន់​មាត់​ទន្លេ។​
ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​ ចេះ​តែ​បន្ត​នៅ​ទីសាធារណ​ និង​តំបន់​មាត់​ទន្លេ។​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ជា​រឿង​រាល់​ព្រឹក​ព្រលឹម អ្នក​បោស​សំអាត​ និង​ប្រមូល​សំរាម​តែង​តែ​ដើរ​បោស និង​ប្រមូល​សំរាម​ ដែល​ចោល​របាត់​រប៉ាយ​ មិន​ថា​នៅ​លើ​ឥដ្ឋ និង​លើ​បង់​សម្រាប់​អង្គុយ​នោះ​ទេ។ សំរាម​ដែល​គេ​ឃើញ​មិន​ដែល​លួស​ពេល នោះ​គឺ​កាក​អំពៅ សំបក​ខ្ចៅ សណ្តែក​ដី ថង់​ផ្លាស្ទីក និង​ដប​ស្រា​ជា​ដើម។ ក្រៅ​ពី​សំរាម​ហើយ នៅ​មាន​អ្នក​ដែល​បន្ទោ​បង់ មិន​ថា​ចាស់ ឬ​ក្មេង​នោះ​ទេ គឺ​សុទ្ធ​តែ​គ្មាន​ការ​ខ្មាស​អៀន បើ​ទោះ​បី​ជា​ទី​នោះ​ជា​ទីសាធារណៈ និង​មាន​មនុស្ស​ម្នា​ដើរ​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​ច្រើន​ក៏​ដោយ។

មាន​មនុស្ស​មិន​តិច​ទេ​ធ្វើ​ការ​ថែទាំ​នៅ​តាម​សួន​ច្បារ​មាត់​ទន្លេ​ជា​រៀង​រាល់​ថ្ងៃ ដែល​មាន​ទាំង​អ្នក​ដើរ​ប្រមូល​សំរាម ផ្លាស់​ប្តូរ​ថង់​ផ្លាស្ទិក​ធំ​ៗ​តាម​ធុង​សំរាម ស្រោច​ទឹក​ផ្កា និង​ស្មៅ ហើយ​និង​អ្នក​កាត់​ស្មៅ​ជា​ដើម។ ប៉ុន្តែ​ភាព​ស្អាត ហាក់​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​បរិវេណ​មាត់​ទន្លេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខ្លាច​រអា និង​មិន​ចូល​ចិត្ត​ក្លិន​នៅ​ទីនោះ។

សំណួរ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​មាត់​ទន្លេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ក្លិន​មិន​ល្អ​បែប​នេះ។ តើ​មក​ពី​អាជ្ញាធរ​នៅ​ក្នុង​តំបន់​មិន​អើពើ ចង់​ទុក​ឲ្យ​មាន​ក្លិន​អញ្ចឹង ឬ​មក​ពី​ប្រជាជន​មួយ​ក្រុម​តូច ដែល​ចេះ​តែ​នៅ​បន្ត​ចោល​សំរាម និង​បន្ទោ​បង់​ផ្តេស​ផ្តាស់​បើ​ទោះ​បី​ជា​មាន​ថង់​សំរាម និង​បង្គន់​សាធារណៈ​នៅ​ទីនោះ​ហើយ​ក៏​ដោយ។ តើ​អ្នក​ណា​ខ្លះ​គួរ​តែ​ចូល​រួម​ដោះស្រាយ​បញ្ហា​នេះ។

ពិត​ណាស់​ថា បញ្ហា​នេះ​មិន​អាច​មាន​តែ​ខាង​សាលា​រាជធានី​ភ្នំពេញ​តែ​ម្ខាង​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្ទាល់​ក៏​ត្រូវ​ចូលរួម​កែ​លម្អ​ដើម្បី​បរិស្ថាន​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ក៏​ដើម្បី​មុខ​មាត់​រាជធានី​ភ្នំពេញ និង​សាកសម​ជា​រាជធានី​មួយ​ដែល​ស្រស់​ស្អាត​និង​ពោរពេញ​ទៅ​ដោយ​អនាម័យ របស់​ព្រះ​រាជាណាចក្រ​អច្ឆរិយៈ​ផង​ដែរ។

ការ​អប់រំ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ជា​មធ្យោបាយ​មួយ ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​អំពី​អនាម័យ និង​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ។ និង​ជា​ពិសេស​អ្នក​ដែល​ស្នាក់​នៅ​លើ​ទីតាំង​នោះ​ផ្ទាល់​តែ​ម្តង ព្រោះ​ជា​រៀង​រាល់​ថ្ងៃ ឃើញ​មាន​មនុស្ស​ជា​ច្រើន​រស់​នៅ​ទីនោះ ដោយ​ឃើញ​មាន​ទាំង​មុង ខ្នើយ កន្ទេល និង​អង្រឹង​ជា​ដើម។

កន្លង​មក​ការ​ផាក​ពិន័យ​ចំពោះ​ការ​ចោល​សំរាម​នៅ​ទីសាធារណៈ​មាន​រួច​ហើយ ប៉ុន្តែ​ការ​ផាក​ពិន័យ​នេះ ហាក់​ធ្វើ​ឡើង​មិន​បាន​ដិត​ដល់ ដោយ​សារ​តែ​គេ​សង្កេត​ឃើញ​នៅ​តែ​មាន​មនុស្ស​បំពាន ហើយ​បន្ត​ឲ្យ​មាន​សំរាម​នៅ​រាយ​ប៉ាយ​នៅ​លើ​អដ្ឋ​ជា​រៀង​រាល់​ថ្ងៃ។ ការ​ផាក​ពិន័យ​ក៏​ត្រូវ​តែ​មាន​ចំពោះ​ការ​បន្ទោ​បង់​ផង​ដែរ ព្រោះ​ថា​វា​បាន​បណ្តាល​ឲ្យ​មាន​ក្លិន​ឆ្អេះឆ្អាប​យ៉ាង​ខ្លាំង​នៅ​បរិវេណ​មាត់​ទន្លេ​ជា​ប្រចាំ និង​មាន​រយៈ​ពេល​យូរ​ឆ្នាំ​ណាស់​មក​ហើយ។

មួយ​វិញ​ទៀត​ការ​ត្រួត​ពិនិត្យ​ និង​យាម​កាម​នៅ​ពេល​យប់​ព្រលប់​ក៏​អាច​ជា​ការ​បង្ការ​មួយ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ប្រព្រឹត្តិ​ខុស​ឆ្គង បន្ត​ទៅ​ទៀត ហើយ​ការ​លាង​សំអាត​ក៏​អាច​ជា​ជម្រើស​មួយ ដើម្បី​កំចាត់​រាល់​ក្លិន​មិន​ល្អ​ចេញ​ពី​ទី​នោះ​ផង​ដែរ​។ ទន្ទឹម​នឹង​ការ​ស្ថាបនា​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត និង​ហាត់​ប្រាណ​នៅ​តាម​មាត់​ទន្លេ​ហើយ​នោះ សាលា​រាជធានី គួរ​តែ​មាន​វិធានការ​មួយ​ឲ្យ​បាន​ច្បាស់​លាស់​និង​ធ្វើ​ឲ្យ​ខាន​តែ​បាន ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​តំបន់​មាត់​ទន្លេ​ប្រែ​ក្លាយ​ទៅ​ជា​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ និង​សាក​សម​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទៅ​សម្រាក​លម្ហែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ