អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការពារ​ជាតិ​ប្រកាស​ថា កំណត់​បាន​អត្តសញ្ញាណ​អ្នក​អំពាវនាវ​ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ហើយ

នៅ​ទី​បំផុត​ទៅ ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ថា ខ្លួន​កំណត់​បាន​អត្តសញ្ញាណ​របស់​ជន​សង្ស័យ ដែល​អំពាវនាវ​ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ហើយ​នៅ​ថ្ងៃ​ទី​២០​កក្កដា​នេះ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ត​បន្ទាប់​មក។ បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ក្រសួង​កំពុង​តែ​បន្ត​ធ្វើ​ការងារ​នេះ​ជា​សំងាត់ ដើម្បី​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​គេ​ដឹង​ថា ស្ថិត​នៅ​ក្នុង​ជួរកង​ទ័ព​នេះ។វ៉ា សំណព្វ លំអិតព័ត៌មាននេះ៖

ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ថា ​ខ្លួន​កំណត់​បាន​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​ ដែល​អំពាវនាវ​ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​នាយករ​ដ្ឋ​មន្រ្តី​ ហ៊ុន សែន ​
ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ថា ​ខ្លួន​កំណត់​បាន​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​ ដែល​អំពាវនាវ​ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​នាយករ​ដ្ឋ​មន្រ្តី​ ហ៊ុន សែន ​
ផ្សាយពាណិជ្ជកម្ម

អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​កំណត់​រួច​ហើយ ប៉ុន្តែ​ត្រូវ​បាន​លាក់​ជា​ការ​សំងាត់​សិន។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៦​នេះ។

គួរ​ជម្រាប​ជូន​ថា មុន​ការ​ប្រកាស​ពី​ការ​កំណត់​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​រូប​នេះ អគ្គបញ្ជា​ការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ពិនិត្យ​បញ្ជី​ឈ្មោះ​កង​ទ័ព​ប្រមាណជា​១០​ម៉ឺន​នាក់​នៅ​ថ្ងៃ​ទី​២០​កក្កដា​នេះ ក្រោយ​ពី​សង្ស័យ​ថា ជន​ដែល​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​កម្ពុជា​នេះ ស្ថិត​នៅ​ក្នុង​ជួរ​កង​ទ័ព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​នាយឧត្តមសេនីយ៍ នៅ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​រូប​នេះ​ជា​សាធារណៈ​នៅ​ឡើយ​ទេ រហូត​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩​កក្កដា​មក ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ និង​តាម​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​ហៅ​ខ្លួន​ឯង​ថា វ៉េប៉េ៩ (VP9) មក​ពី​អង្គ​ភាព​ភូមិ​ភាគ​នីរតី បន្ទាប់​ពី​បុរស​រូប​នេះ បាន​អំពាវនាវ​តាម​រយៈ​ខ្សែ​វីដេអូឃ្លីប​មួយ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក (Facebook) ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ស្ថាប័នរដ្ឋ​ទាំង​អស់ ត្រៀម​ខ្លួន​ចូល​រួម​ធ្វើ​រដ្ឋ​ប្រហារ​យោធា​នៅ​ពេល​ខាង​មុខ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បាន​ហៅ​សកម្មភាព​នេះ​ថា គឺ​ជា​ភេរវកម្ម ដែល​ក្រសួង​មិន​អាច​អត់​ឱន​បាន​នោះ​ទេ។ ​

គួរ​ជម្រាប​ជូន​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា​ម្សិលមិញ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​បាន​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ និង​បក្ខពួក ដែល​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​បណ្តាញ​សង្គម Facebook និង Youtube នេះ​ដែរ។ លោក​នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អ្នក​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​និយាយ​តាម​រយៈ​គេហទំព័រ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ថា ការ​ប្រកាស​ធ្វើ​បែប​នេះ គឺ​មាន​លក្ខណៈ​ញុះញ៉ុង និង​មាន​ចរិត​ជា​លក្ខណៈ​កុប្បកម្ម បះបោរ​ដោយ​ហិង្សា ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់ ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​មហាជន​ទូទៅ​សូម​កុំ​ឲ្យ​ជឿ និង​ចូលរួម​ការ​អំពាវ​នាវ​នេះ និង​ជៀស​វាង​ការ​ចែក​ចាយ​បន្ត នូវ​សេចក្តី​ប្រកាស​នេះ ដែល​លោក​ចាត់​ទុក​ថា ស្មើ​នឹង​ការ​ចូលរួម​គាំទ្រ​សកម្មភាព​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ