អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្តង់ដា​យុត្តិធម៌​អាច​នាំ​ឲ្យ​មាន​ការ​បែង​ចែក​សង្គម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ​ក្រុម​អជ្ញាធររដ្ឋា​ភិបាល​បាន​ចាត់​វិធាន​ការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការ​គំរាម​ និងការ​ព្រមាន​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​បុគ្គល​និង​សន្តិសុខ​សាធារណៈ។ ចំណាត់​ការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រៀប​ធៀប​ថា​បាន​បង្ក​ឲ្យ​មាន​ភាព​លំអៀង​ផ្នែក​យុត្តិធម៌​ចំពោះ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​និង​អាច​ធ្វើ​ឲ្យ​មាន​ការ​បែងចែក​សង្គម​ទៀត​ផង។

រូប​តំណាង​យុត្តិធម៌​ស្តង់ដារ​ពីរ
រូប​តំណាង​យុត្តិធម៌​ស្តង់ដារ​ពីរ
ផ្សាយពាណិជ្ជកម្ម

រាជ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​កែ​ទម្រង់​ច្បាប់​និង​ប្រពន្ធ័​តុលាការ។ ប្រពន្ធ័​ច្បាប់​និង​តុលាការ​ដែល​នៅស្ថិត​ក្រោម​ការ​រិះគន់​នៅ​ឡើយ។

ការ​កែទម្រង់​តាម​រយៈ​ការ​បង្កើត​ច្បាប់​ថ្មី​ៗ​ដើម្បី​ពង្រឹង​ប្រពន្ធ័​គ្រប់​គ្រង ការ​ពង្រឹង​មន្ត្រី​អនុវត្តន៍​ច្បាប់​ ជា​ពិសេស​មន្ត្រី​តុលាការ ការ​សាកល្បង​សម្អាត​មន្ត្រី​តុលាការ​ដែល​ពាក់ពន្ធ័​នឹង​អំពើ​ពុក​រលួយ​ជា​ដើម។

ប៉ុន្តែ​ករណី​លោក សុខ ទូច រង​ការ​គំរាម​បាញ់​សម្លាប់​តាម​រយៈ​បណ្ដាញ​សង្គម​ទាក់ទង​នឹង​សំណុំ​រឿង​ព្រំដែន​ និង​ករណី​យុវជន​ម្នាក់​ដែលបង្ហាញ​ពី​បំណង​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ត្រូវ​អជ្ញាធរ​ចាត់​ការ​ភ្លាម​ៗ​ផ្ទុយ​ពី​ករណី​គំរាម​សម្លាប់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​កឹម សុខា ដែល​ទទួល​រង​ការ​គំរាម​សម្លាប់​ កាល​ពី​ចុង​ឆ្នាំ​២០១៣​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ។ មាន​ការ​លើក​ឡើង​ថា​ករណី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​បង្កើត​ឲ្យ​មាន​ស្តង់​ដា​យុត្តិធម៌​ពីរ​ដែល​ដើរ​បញ្ច្រាស​គ្នា។

ជា​ការ​ពិត​យុត្តិធម៌​ដែល​មាន​ស្តង់ដា​ពីរ​បាន​កើត​ឡើង​ចាប់​តាំង​ពី​សតវត្ស​ទី​១៩​មក​ម្ល៉េះ​ជា​ពិសេស​រវាង​ស្ត្រី​និង​បុរស​និងពណ៌​សំបុរ។ ហើយ​វា​ទំនង​ជា​នៅ​មាន​ការ​បែង​ចែក​បែប​នេះ​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​រាប់​ទាំង​ករណី​ខ្លះ​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​បរទេស។

​និយាយ​ឲ្យ​ចំ​យុត្តិធម៌​ដែល​មាន​ស្តង់ដា​ពីរ​គឺ​ជា​របៀប​យុត្តិធម៌​មួយ​ប្រភេទ​​ដែល​ទទួល​យក​បាន​ដោយ​មនុស្ស​មួយ​ក្រុម ប៉ុន្តែ​មិន​អាច​ទទួល​យក​បាន​ដោយ​មនុស្ស​មួយ​ក្រុម​ទៀត។
ក្រឡេក​មើល​ករណីគំរាម​សម្លាប់​លោក​សុខ ទូច​ និង​ការ​ចាប់​ខ្លូន​យុវជន​ម្នាក់​ទាក់​ទង​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​បដិវត្ត​ពណ៌​នៅ​កម្ពុជា​វា​ពិតជា​បង្ហាញ​ពី​ប្រសិទ្ធិភាព​នៃ​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ក្នុង​ការ​តាម​ស្វែង​រក​មនុស្ស​គោល​ដៅ ប៉ុន្តែ​បញ្ច្រាស​មក​វិញ​ការ​ខកខាន​ក្នុង​ការ​ថ្លឹង​ថ្លែង​ពី​ករណី​គំរាម​សម្លាប់​លោក​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អាច​និយាយ​បាន​ថា​ជា​ការខ្វះ​ចន្លោះ​ផ្នែក​ប្រសិទ្ធិភាព​​ដែល​ត្រូវ​បំពេញ​ឲ្យ​ស្មើ​ផង​ដែរ។

​ច្បាស់​ណាស់​ថា​បើ​សិន​ជា​មាន​យុត្តិធម៌​ដែល​មាន​ស្តង់ដា​ពីរ​វា​នឹង​រំលោភ​ជា​ស្វ័យ​ប្រវត្តិ​លើ​គោល​ការណ៍​នៃ​ភាព​មិន​លំអៀង​ដែល​ចែង​ក្នុង​ប្រពន្ធ័​យុត្តិធម៌​ជា​សកល។​ នោះ​គឺ​ថា​ស្តង់ដា​យុត្តិធម៌​តែ​មួយ​ឬ​ដូចគ្នា​នឹង​ត្រូវ​អនុវត្តន៍​សម្រាប់​មនុស្ស​ទូទៅ ឬ​មនុស្ស​ទាំងអស់​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ជា​ដើម។

​មួយ​វិញ​ទៀត​ការ​អនុវត្ត​ឬ​ការ​ដែល​ទុក​ឲ្យ​មាន​ស្តង់ដា​ពីរ​ក្នុង​ប្រពន្ធ័​យុត្តិធម៌​ជា​ស្វ័យ​ប្រវត្តិ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បែង​ចែក​វណ្ណៈ​ក្នុង​សង្គម ឲ្យ​មាន​ការ​បែងចែក​ឋានន្តរសក្តិ ជាតិ​សាសន៍​ បែង​ចែក​ភេទ​ខុស​គ្នា បែង​ចែក​សាសនា​ឬ​ជាតិពន្ធុ​ជា​ដើម។

​ដំណាល​គ្នា​នោះ​ការ​អនុវត្ត​នូវ​ស្តង់ដា​យុត្តិធម៌​ពីរ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ដាច់ខាត​ដល់​ប្រសិទ្ធិភាព​នៃ​គោលការណ៍​កំណែ​ទម្រង់​ច្បាប់​និង​តុលាការ​នៅ​កម្ពុជា។ ហើយ​វា​ក៏​អាច​ជាមូល​ហេតុ​នៃ​ការ​បន្សល់​ទុក​នូវ​និទណ្ឌភាព​ផង​ដែរ។​

​ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​វា​មាន​ភាព​ចាំ​បាច់​ក្នុង្​ការ​បន្ស៊ី​ស្តង់​ដា​ទាំងពីរ​ឲ្យ​ទៅ​ជា​ស្តង់ដា​យុត្តិធម៌​តែមួយ។ វាមាន​ភាព​ចាំ​បាច់​ដែល​ក្រុម​សមត្ថកិច្ច​យុត្តិធម៌​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ធានា​ដល់​ភាព​ស្មើ​គ្នា​របស់​ជន​រងគ្រោះ​និង​ដើម្បី​ហុច​យុត្តិធម៌​ដល់​ដៃ​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​គ្មាន​ការ​បែងចែក។

ជាង​នេះ​ទៅ​ទៀត​ប្រជាពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ក្នុង​ពេល​នេះ​ត្រូវ​ការ​ទាំង​យុត្តិធម៌ទាំង​ក្នុង​ការ​រស់​នៅ​និង​ទាំង​យុត្តិធម៌​តាម​ប្រពន្ធ័​តុលាការ។ ហើយ​គេ​មិន​គួរ​មើល​រំលង​ថា​ឥទ្ធិពល​នៃ​យុត្តិធម៌​សង្គម​ឬ​ប្រពន្ធ័​យុត្តិធម៌​បាន​ជះ​ឲ្យ​មាន​បម្រែ​បម្រួល​មួយ​ផ្នែក​លើ​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ។

ហេតុនេះ​ហើយ​ការ​ផ្តល់​នូវ​យុត្តិធម៌​ពេញ​លេញ​និង​ពិត​ប្រាកដ​ដល់​ដៃ​ប្រជាពល​រដ្ឋ យុត្តិធម៌​នោះ​នឹង​វិល​ចូល​ហិប​ឆ្នោត​វិញ​ជាក់​ជា​មិន​ខាន៕​

 
បទវិភាគរបស់ គង់ សុឋានរិទ្ធ

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ