អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បាល់ទាត់កម្ពុជា៖ សន្ទុះ​កើន​ឡើង​នៃ​អ្នកគាំទ្រ និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះ​ស្រាយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

រៀង​រាល់​ការ​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​អន្ដរជាតិ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្លាយ​ទៅ​ជា​សមុទ្រ​មនុស្ស ខណៈ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ប្រកាស​ថា សំបុត្រ​ចំនួន​៥​ម៉ឺន​សន្លឹក ត្រូវ​បាន​លក់​អស់​នៅ​ក្នុង​មួយ​ប្រកួត​។ នេះ​គឺ​ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ អំពី​សន្ទុះ​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ខ្មែរ ដែល​បាន​កើន​ឡើង​យ៉ាង​គំហុក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ សន្ទុះ​កើន​ឡើង​នៃ​អ្នក​គាំទ្រ​ដូច្នេះ គឺ​ជា​រឿង​ល្អ​​​។ ប៉ុន្តែ​វា​ក៏​នាំ​មក​នូវ​បញ្ហា​និង​ក្ដី​បារម្ភ​មួយ​ចំនួន ដែល​ទាមទារ​ឲ្យចាត់​វិធានការ​ដោះ​ស្រាយ​ផង​ដែរ​។

អ្នកគាំទ្រ​កីឡា​បាល់​ទាត់​ បាន​ផ្លោះ​របង​ដើម្បី​បាន​ចូល​ទៅ​មើល​ការ​ប្រកួត​បាល់​ទាត់​កម្ពុជា​ ជាមួយ​ទីម័រ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។​
អ្នកគាំទ្រ​កីឡា​បាល់​ទាត់​ បាន​ផ្លោះ​របង​ដើម្បី​បាន​ចូល​ទៅ​មើល​ការ​ប្រកួត​បាល់​ទាត់​កម្ពុជា​ ជាមួយ​ទីម័រ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។​ សហការី
ផ្សាយពាណិជ្ជកម្ម

សន្ទុះ​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ខ្មែរ បាន​កើន​ឡើង​យ៉ាង​ខ្លាំង នា​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ បាន​សម្រុក​ទៅ​កាន់​កីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈសហព័ន្ធ​បាល់ទាត់​​​កម្ពុជា​ ឲ្យ​ដឹង​ថា ​​សំបុត្រ​ជាង​៥​ម៉ឺន​ ​ត្រូវ​បាន​លក់​អស់​នៅ​ក្នុង​មួយ​ប្រកួត​​។ សន្ទុះ​គាំទ្រ​បាល់​ទាត់​ខ្មែរ​ដែល​កើន​ឡើង​នេះ មិន​មែនជា​រឿង​ចៃដន្យ​ទេ​។ មាន​កត្តា​សំខាន់​ៗ​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាត់​ខ្មែរ​កើន​ឡើង​។ ទី​១ គឺ​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្ដាញ​សង្គម​។ ទី​២ គឺ​បច្ចេកទេស​លេង​បាល់របស់​ក្រុម​ជម្រើស​ជាតិ​​ដែល​រីក​ចម្រើនជាង​មុន​​។ និង​ទី​៣ ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បាល់​ទាត់​។

ប៉ុន្តែ ទន្ទឹម​នឹងសន្ទុះ​កើន​ឡើង​នៃ​អ្នក​គាំទ្រ​នេះ គេ​សង្កេត​ឃើញ​ថា សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ហាក់​ដូច​ជា​មិន​ទាន់​បាន​រៀបចំ​ការ​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ នៅ​ពេល​មាន​ការ​ប្រកួត​ម្ដង​ៗ​។ ជា​រឿយ​ៗ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​អ្នក​គាំទ្រ​បាន​ទិញ​សំបុត្រ​ទស្សនា​ការ​ប្រកួត ប៉ុន្តែ​បែរ​ជា​មិន​អាច​ចូល​ទៅ​ទស្សនា​បាន​ទៅ​វិញ ព្រោះ​​ណែន​គ្មាន​កន្លែង​អង្គុយ​​។ អ្នក​ខ្លះ​ទៀត​ដែល​ទិញ​សំបុត្រ​​​មិន​បាន ក៏​សម្រេច​ចិត្ត​ផ្លោះ​របាំង​ចូល​ទស្សនា។ ចំណែក ការ​លក់​សំបុត្រ ការ​រៀបចំ​សន្តិសុខ សណ្ដាប់​​ធ្នាប់ ​ព្រម​ទាំង​ចរាចរណ៍ ​ក៏​ហាក់​ដូច​ជា​មិន​ទាន់​​គ្រប់​គ្រាន់ និង​មិន​ទាន់​មាន​របៀប​រៀប​រយ​ល្អ​នៅ​ឡើយ​ដែរ​។

ជា​ការ​ពិត​ហើយ​ថា កន្លង​មក សហព័ន្ធ​បាន​រៀបចំ​ឲ្យ​មាន​មន្ដ្រី​ប៉ូលីស និង​កង​រាជ​អាវុធហត្ថ​ជា​ច្រើន​រយ​នាក់ ដើម្បី​សម្រួល​បញ្ហា​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​ចរាចរណ៍​។ នៅ​តាម​ផ្លូវ​សំខាន់​ៗ​ឆ្ពោះ​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ប៉ូលីស​​​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​សម្រួល​ចរាចរណ៍​ តាំង​ពី​មុន​ការ​ប្រកួត រហូត​ដល់​ចប់​ការ​ប្រកួត​។ ចំណែក កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្នុង​ឯកសណ្ឋាន និង​ក្រៅ​ឯកសណ្ឋាន ក៏​បានយាម​កាម​យ៉ាង​តឹង​រ៉ឹង ទាំង​នៅ​ខាង​ក្រៅ និង​ខាង​ក្នុង​ពហុកីឡដ្ឋាន ដើម្បី​អន្ដរាគមន៍ពេល​មាន​ឧប្បទ្ទវហេតុ​កើត​ឡើង​។

យ៉ាង​ណា​ក៏​ដោយ សហព័ន្ធ​ហាក់​ដូច​ជា​មិនទាន់​បាន​ប្រមើល​មើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ អំពី​ហេតុការណ៍​ស្មាន​មិន​ដល់​នានា ដែល​អាច​កើត​មាន​ឡើង ក្នុង​ពេល​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់ សម្រុក​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ពេល​តែមួយ​។ តើ​​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ដែល​មាន​អាយុ​ជាង​៥០​ឆ្នាំ​នោះ អាច​ទ្រាំទ្រ​ចំណុះ​ពេញ​ប្រៀប​របៀប​នេះ បាន​ប៉ុន្មាន​ដង​ទៀត​? 

ដើម្បី​បញ្ចៀស​រឿង​អកុសល​នៅ​ពេល​មាន​មនុស្ស​ប្រមូល​ផ្ដុំ​ច្រើន ដូច​ជា​គ្រោះ​ថ្នាក់​ជាន់​គ្នា​ស្លាប់​ ឬ​អគា​បាក់​រលំ​ជា​ដើម សហព័ន្ធ​បាល់​ទាត់ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​កំណត់​ចំនួន​មនុស្ស​ចូល​ទស្សនា​ឲ្យ​បាន​ច្បាស់​លាស់​។ ធ្វើ​យ៉ាង​ណា​ឲ្យ​សមាមាត្រ​ទៅ​នឹង​លទ្ធភាព​ផ្ទុក​របស់​ពហុកីឡដ្ឋាន​។ ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ផ្ទាំង​សំពត់​ស នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន អាច​ជា​ជម្រើស​មួយ គួរ​ឲ្យ​ពិចារណា​ដែរ​។

ការ​ចេញ​ចូល​នៅ​ពហុកីឡដ្ឋាន ដែល​មាន​ទាំងឡាន មាន​ទាំង​ម៉ូតូ និង​មនុស្ស​ថ្មើរ​ជើង​ផង​នោះ ក៏​ត្រូវ​កំណត់​បែង​ចែក​ឲ្យ​បាន​ច្បាស់​លាស់ និង​ដាច់​ស្រេច​ផង​ដែរ ចៀសវាង​បណ្ដោយ​ឲ្យ​ចេញ​ចូល​តាម​ច្រក​តែ​មួយ​។ ការ​ចេញ​ចូល​តាម​ច្រក​តែ​មួយ ដែល​ជា​មូលហេតុ​ឲ្យ​ស្ទះ​ចរាចរណ៍​។

ជា​ការ​ពិត​ហើយ​ថា សន្ទុះ​អ្នក​គាំទ្រ​បាល់​ទាត់ គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់ ដែល​នឹង​រុញ​ច្រាន​ឲ្យ​វិស័យ​បាល់​ទាត់​កម្ពុជា​រមៀល​លឿន​ទៅ​មុខ​។ ប៉ុន្តែ ប្រសិន​បើ​សហព័ន្ធ​បាល់ទាត់​កម្ពុជា មិន​យក​ចិត្ត​ទុក​ដាក់ ហើយ​បណ្ដែត​បណ្ដោយ​ឲ្យ​កើត​មាន​កំហុស​ដដែល​ៗ​ជា​បន្ត​បន្ទាប់​ នោះ​ការ​គាំទ្រ​នេះ អាច​នឹង​ថម​ថយ​ទៅ​វិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​ពុំ​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ