អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មាន​អ្នក​នាំ​ពាក្យ​ប្រចាំ​ស្ថាប័ន​ជួយ​លើក​កម្ពស់​ដល់​ការ​ផ្សព្វផ្សាយ​ និង​ផ្តល់​ប្រយោជន៍​ដល់​ស្ថាប័ន​ខ្លួន​ឯង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​នាំ​ពាក្យ​ និង​អ្នក​សារព័ត៌មាន​គឺ​ជា​មនុស្ស​ ២​នាក់​ដែល​ត្រូវ​ការ​ពឹង​ពាក់​គ្នា​បាន​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​សាធារណៈ​ឬ​សហគ្រាស​ឯកជន។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​នាំ​យក​ដំណឹង​ពិត​គ្រប់​ច្រក​ល្ហក​ប្រកប​ដោយ​វិជ្ជាជីវៈ ទៅ​ប្រាប់​ដល់​សាធារណៈជន។​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់ គ្រប់​ជ្រុង​ជ្រោយ ចាំ​បាច់​ត្រូវ​មាន​អ្នក​នាំ​ពាក្យ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នៃ​ការ​ផ្សព្វផ្សាយ​ជួយ​បំពេញ​បន្ថែម។

ក្រុម​អ្នកកាសែត​យកព័ត៌​មានពី​ការប្រជុំ​សភា​​នៅ​​វិមាន​​រដ្ឋ​សភា។
ក្រុម​អ្នកកាសែត​យកព័ត៌​មានពី​ការប្រជុំ​សភា​​នៅ​​វិមាន​​រដ្ឋ​សភា។ Kem Gunawadh
ផ្សាយពាណិជ្ជកម្ម

ជា​ការ​ពិត​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​ចំនួន​២ ដែល​បាន​តែង​តាំង​អ្នក​នាំ​ពាក្យ​រួច​ហើយ​នោះ​បាន​ធ្វើ​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​អ្នក​នាំ​ពាក្យ ប្រយោជន៍​ជួយ​សម្រួល​ដល់​អ្នក​សារព័ត៌មាន ក្នុង​ការ​ស្វែង​យល់​និង​ទទួល​ព័ត៌មាន​ជាក់​លាក់​ពី​ស្ថាប័ន​របស់​ផង​គេ។ ក្រសួង​ទំាង​ពីរ​នោះ​មាន ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​ធ្វើ​ការ​កែ​សម្រួល និង​បន្ថែម​ចំនួន​អ្នក​នាំពាក្យ​ពី​ ៤​នាក់​មក​៥នាក់ នៅ​ដើម​ឆ្នាំ​២០១៧​នេះ។ ជាមួយ​គ្នា​នេះ ក្រសួង​បរិស្ថាន ក៏​មាន​ការ​កែ​ទម្រង់​ក្រុម​អ្នក​នាំ​ពាក្យ​ដ៏​ចំបង​ដែរ គឺ​មាន​សមាស​ភាព​រហូត​ដល់​ទៅ​ ៩នាក់ ដែល​ពី​មុន​មាន​តែ​ម្នាក់​ប៉ុណ្ណោះ។

ជា​ការ​កត់​សម្គាល់​ក្រសួង​បរិស្ថាន​មិន​ត្រឹម​តែ​បន្ថែម​បរិមាណ​អ្នក​នាំ​ពាក្យ​ដ៏​ក្រាស់​ក្រែល​ទេ ថែម​ទាំង​បញ្ជាក់​ជូន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណៈជន ពី​មុខងារ និង​តួនាទី​របស់​អ្នក​នាំ​ពាក្យ​ម្នាក់​ៗ លើ​ជំនាញ​របស់​ខ្លួន ប្រយោជន៍​ធ្វើ​ឲ្យ​មាន​ការ​សួរ​នាំ​ប្រធាន​រឿង​ផ្សេង​ៗ​ចំ​ៗ​ ជំនាញ ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​មួយ​មាន​លក្ខណៈ​ត្រឹមត្រូវ មាន​ទម្ងន់ និង​ទទួល​យក​បាន​ទាំង​អស់​គ្នា។

ក្រៅ​ពី​នេះ​ក៏​មាន​ក្រសួង ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន​ទៀត បាន​បង្ហាញ​ពី​ការ​ចាត់​តាំង​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​ដែរ ដោយ​ក្រសួង​ស្ថាប័ន​ខ្លះ មាន​អ្នក​នាំ​ពាក្យ​ម្នាក់ ឬ ២នាក់ និង​អាច​ផ្តល់​ព័ត៌មាន បាន​គ្រប់​រឿង ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន។ រី​ឯ​ស្ថាប័ន​មួយ​ចំនួន​ទៀត មាន​អ្នកនំាពាក្យ​ដូច​គ្នា​ដែរ តែ​មិន​មាន​ភាព​សកម្ម ឬ​ក៏​មាន​ការ​រារែក​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត ឬ​ក៏​មាន​ការ​គេច​វេស​ដោយ​ប្រការ​ផ្សេង​ៗ យោង​ទៅ​តាម​ប្រធាន​រឿង​ដែល​បាន​កើត​ឡើង រសើប​ពេល​ស្រពិច​ស្រពិល មិន​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​ឲ្យ​ហា​ស្តី​ទៅ​ក្រៅ​ក៏​មាន។

ស្រប​ពេល​ដែល រដ្ឋាភិបាល​ប្រកាស​ពី​កំណែ​ទម្រង់​របស់​ខ្លួន​តាម​ក្រសួង​ស្ថាប័ន​សាធារណៈ​នានា លើ​វិស័យ​ទំនាក់​ទំនង​ព័ត៌មាន​នេះ ក៏​បាន​ធ្វើ​កំណែ​ទម្រង់​ភ្លាម​ៗ​ដែរ ដូចជា​ក្រសួង​បរិស្ថាន ក្រសួង​អប់រំ ក្រសួងរ៉ែ និង​ថាមពល ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ជា​ដើម។ ក៏​ប៉ុន្តែ​ក្រសួង​និង​ស្ថាប័ន​សាធារណៈ​មួយ​ចំនួន​ទៀត បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កំពុង​សម្រាក​លង់​លក់​នៅ​ឡើយ។ អ្នក​នាំ​ពាក្យ​ត្រូវ​បាន​ចែក​ជា​ច្រើន​ផ្នែក រួមមាន​អ្នក​នាំ​ពាក្យ​ ដែល​មិន​ប្រកាន់​ពេល​វេលា​រដ្ឋបាល អ្នកនាំពាក្យ​ ដែល​មិន​និយាយ​នៅ​ពេល​ឈប់​សម្រាក អ្នក​នាំពាក្យ​មាន​តែ​ឈ្មោះ​តែ​គ្មាន​ពាក្យ​នាំ និង​អ្នក​នាំ​ពាក្យ​មាន​ចរិក​ប្លែក​ៗ​គ្នា​ជា​ច្រើន​ទៀត។

ជាទូទៅ​សេរីភាព​លើ​វិស័យ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​ប្រសើរ​ឡើង​មួយ​កម្រិត បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​និង​ពិភព​លោក។ វត្តមាន​របស់​អ្នក​នាំពាក្យ ដែល​បាន​បង្កើត​ឡើង​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​នានា ក៏​ជា​ផ្នែក​មួយ នៃ​ការ​ជួយ​ជំរុញ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ប្រសើ​រដែរ។​

ដូច្នេះ ការ​ដែល​មាន​អ្នក​នាំ​ពាក្យ​ច្បាស់​លាស់​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ មិន​ថា​រដ្ឋ​ឬ​ឯកជន​ទេ ពិត​ជា​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​វិស័យ​សារព័ត៌មាន​យ៉ាង​ខ្លាំង។ នៅ​ប្រទេស​ប្រជាធិបតេយ្យ​នានា អ្នក​នាំ​ពាក្យ​គឺ​ជា​ការ​ចាំបាច់។ ចាំបាច់ទី​១ បញ្ជាក់​ពី​ព័ត៌មាន​ផ្លូវ​ការ​ទៅ​កាន់​សាធារណៈជន។ ការ​ថ្លែង​ឬ​សរសេរ​របស់​អ្នក​នាំ​ពាក្យ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​ព័ត៌មាន​មួយ​មាន​ភាព​រស់​រវើក ប្រៀប​បាន​សម្ល ដែល​គេ​ស្ល​បាន​គ្រប់​គ្រឿង និង​ត្រូវ​មាត់។

ទី២ អ្នកនាំពាក្យ​ជួយ​ឲ្យ​ព័ត៌មាន​មួយ​របស់​អ្នក​កាសែត ប្រកប​ទៅ​ដោយ​ការ​ថ្លឹង​ថ្លែង និង​មាន​វិជ្ជាជីវៈ។ ការ​ពោល​ចេញ​ទៅ​ក្រៅ​របស់​អ្នក​នាំ​ពាក្យ​មាន​ផល​ប្រយោជន៍​ធ្វើ​ឲ្យ​អស់​មន្ទិល​សង្ស័យ​លើ​ប្រធាន​បទ​ណា​មួយ និង​មាន​សារៈ​សំខាន់​ក្នុង​ការ​បង្ហាញ​ដល់​សង្គម​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស្ថាប័ន អង្គភាព នៅ​ក្នុង​វឌ្ឍនាការ​ការងារ​របស់​ខ្លួន ការពារ​រាល់​ការ​រិះគន់​ដែល​មិន​មាន​ហេតុ​ផល​ពី​ខាង​ក្រៅ។

ជា​សរុប​មក ការ​មាន​សណ្តាប់​ធ្នាប់​ឬ​គ្មាន នៅ​ក្នុង​របៀប​ធ្វើ​ការងារ​របស់​ក្រសួង​ឬ​ស្ថាប័ន​សាធារណៈ​នីមួយ​ៗ​អាស្រ័យ​ទៅ​លើ​ការ​ដឹកនាំ​ចាត់​ចែង​របស់​អ្នក​ដឹក​នាំ​ស្ថាប័ន​នោះ។ ជា​លទ្ធផល ក្រសួង ស្ថាប័ន ដែល​បាន​រៀបចំ​អ្នក​នាំ​ពាក្យ​ត្រឹមត្រូវ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​ភាព​រលូន​ផ្នែក​ទំនាក់​ទំនង មាន​ប្រសិទ្ធភាព និង​តម្លាភាព​ខ្ពស់​ក្នុង​ការងារ ដែល​ជា​ការ​លើក​មុខ​មាត់​ដល់​ស្ថាប័ន ជា​ពិសេស​ការងារ​កំណែ​ទម្រង់​របស់​ក្រសួង ស្ថាប័ន ស្រប​តាម​ការ​តាំង​ចិត្ត​និង​ទិស​ដៅ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥។

ដូច្នេះ​ការ​តែង​តាំង​ច្បាស់​ៗ​នូវ អ្នក​នាំ​ពាក្យ​ច្រើន​នាក់​ និង​ត្រូវ​ជំនាញ​ក្នុង​ការ​ឆ្លើយ​តប ដូច​ជា​ក្រសួង​បរិស្ថាន ឬ​ក្រសួង​រ៉ែ និង​ថាមពល​ជា​ដើម គឺ​ជា​គំរូ​មួយ​ ដែល​ក្រសួង​ឬ​ស្ថាប័ន​ដទៃ​ទៀត ដែល​កំពុង​មាន​ភាព​អសកម្ម ក្នុង​ទំនាក់​ទំនង​ និង​ការ​ចាត់​ចែង​មិន​ច្បាស់​លាស់ គួរ​រៀន​សូត្រ​តាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ