អានតួអត្ថបទ
កម្ពុជា

ACU​៖​ស៊ុត ឌី​ណា មាន​​លុយ​​ក្រៅ​​ធនាគារ​​ជាង​៧​លាន​​ដុល្លារ​

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ក្នុង​សន្និសីទកាសែត ថ្ងៃទី ៧មេសា​នេះ បាន​បញ្ជាក់​ថា លោក​ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង មាន​ប្រាក់​នៅក្រៅ​ធនាគារ​ចំនួន ៧លាន ២សែន​​ដុល្លារ​អាមេរិក និង​មាន​មាស ១២.៧៤គីឡូក្រាម​ស្មើនឹង ៣៣៩តម្លឹង។  ACU បាន​កសាង​សំណុំរឿង​ប្រមូលផ្តុំ​លើ ២​បទល្មើស​សិន ក្នុង​រយៈពេល ៤៨ម៉ោង បញ្ជូន​ទៅ​តុលាការ ហើយ​គ្រោង​នឹង​បន្ថែម​បទល្មើស ៣ផ្សេងទៀត​នៅពេល​ក្រោយ។ 

លោក ស៊ុត ឌីណា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង តាំង​ពី​ឆ្នាំ ២០១៤
លោក ស៊ុត ឌីណា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង តាំង​ពី​ឆ្នាំ ២០១៤ @Facebook
ផ្សាយពាណិជ្ជកម្ម

បទល្មើស​ចំនួន ២ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ប្រមូលផ្តុំ​បញ្ជូនទៅ​តុលាការក្រុង​ភ្នំពេញ លើ​ករណី​លោក​ស៊ុត ឌី​ណា នោះ​រួមមាន បទល្មើស​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​តាម​មាត្រា៥៩៧ និង ៥៩៨នៃ​ក្រមព្រហ្មទណ្ឌ និង​បទល្មើស​រំលោភ​អំណាច តាម​មាត្រា ៣៥នៃ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ។ ចំពោះ​បទល្មើស​ទី១ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤លាន ទៅ១០លាន​រៀល។ ចំណែក​បទល្មើស​ទី២ ប្រសិនបើជា​ទោ​សម​ជ្ឈឹ​ម​អាច​ជាប់ទោស​ពី ២ទៅ ៥ឆ្នាំ និង​ប្រសិនជា​ទោសឧក្រិដ្ឋ អាច​ជាប់ពន្ធនាគារ​ពី ៥ទៅ ១០ឆ្នាំ។ 

លោក​ឱម យិនទៀង ប្រធាន ACU បាន​បញ្ជាក់ថា ACU នឹង​ប្រមូលផ្តុំ​បទល្មើស​ចំនួន ៣ទៀត បញ្ជូនទៅ​តុលាការ ប៉ុន្តែ​លោក​មិនបាន​លម្អិត​ពីបទ​ល្មើស​ទាំងនោះ​នៅឡើយ​ទេ។ ACU ហ៊ាន​អះអាងថា លោក​ស៊ុត ឌី​ណា បាន​កេង​លុយ​លក់​ស្ទីក​ឃឺ និង Visa ដល់​ទៅជិត ១២ម៉ឺន​ដុល្លារ ហើយ​ថែមទាំង​ថា​ យកលុយ​ទាំងនោះ​ទៅធ្វើ​ការបម្រើ​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ទៅ ១០ម៉ឺន​ដុល្លារ​ទៀត។ តាម​លោក​ឱម យិន ទៀង លោក​ស៊ុត ឌី​ណា បាន​យកលុយ​នោះ ទៅ​ចិញ្ចឹម​បុគ្គលិក​ផ្សេងទៀត​ដែល​ធ្វើការ​ឲ្យ​ខ្លួន ជាពិសេស​គឺ​មនុស្ស​ជំនិត ២នាក់ ដែល​ម្នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិ​កូរ៉េ។

ACU និយាយ​ដោយ​សំអាង ​មាន​ភស្តុ​ង​តាង​គ្រប់គ្រាន់​ថា លោក​ស៊ុត ឌី​ណា ថែមទាំង​លួច​បើក​គណនី​ស្ថានទូត​ដាក់​លុយ​វុន​មួយទៀត ដើម្បី​ទុក​លុយ ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉ង់ ត្រូវបញ្ជូន​ទៅកាន់​ក្រុមគ្រួសារ​របស់​ពលករ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក​ឱម យិនទៀង បញ្ជាក់ថា ACU នឹង​ស្នើ​ទៅ​ក្រសួងយុត្តិធម៌ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់លោក​ស៊ុត ឌី​ណា ប្រសិនបើ​តុលាការ​ចេញ​ដីកា ថា​លោក​មាន​ប្រព្រឹត្តិ​អំពើពុករលួយ​មែន។ ហើយ​ចំពោះ​កំណើន​លុយ ៣លាន​ដុល្លារ ប្រសិនបើ​លោក​ស៊ុត ឌី​ណា បកស្រាយ​មិន​ច្បាស់លាស់ នោះ ACU នឹង​ធ្វើការ​រឹបអូស​យក។

សូមបញ្ជាក់​ជូន​ថា លោក​ស៊ុត ឌី​ណា បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ៣មេសា ហើយ​ត្រូវបាន ACU ចាប់ខ្លួន​នៅ​ថ្ងៃ ៤មេសា។ ACU បាន​សាកសួរ​ចម្លើយ​លោក​ស៊ុត ឌី​ណា ៤៨ម៉ោង បន្ទាប់មក​បាន​បញ្ជូន​ខ្លួន ​ទៅ​តុលាការក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ៧មេសា។ ក្រោយពី​ សាកសួរ​ពេញ​មួយថ្ងៃ​រួចហើយ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​លោក​ស៊ុត ឌី​ណា ចំនួន ២​ករណី ដូច​បទល្មើស​ដែល ACU បាន​បញ្ជូន​ទៅ​តុលាការ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ