អានតួអត្ថបទ
កម្ពុជា

ACU​ចាប់​ខ្លួន ស៊ុត ឌីណា នាំ​ទៅ​តុលាការ

ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ​ចាប់ខ្លួន ហើយ​គ្រោង​នាំ​ទៅ​កាន់​តុលាការ​ក្រោយ​ពី​ធ្វើ​សំណុំ​បែបបទ​រយៈ​ពេល​៤៨​ម៉ោង​រួច។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ស៊ុត ឌីណា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មីប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
លោក ស៊ុត ឌីណា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មីប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ @Facebook
ផ្សាយពាណិជ្ជកម្ម

លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU) ឃាត់​ខ្លួន និង​ឲ្យ​រូប​លោក​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​ថ្មី​ម្តង​ទៀត កាល​ពី​ថ្ងៃ​ទី​០៤ ​ខែ​មេសា ក្រោយ​ពី​មាន​ការ​សង្ស័យ​ថា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ម្សិលមិញ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​លោក​ទេសរដ្ឋ​មន្ត្រី ឱម យិនទៀង ជា​ប្រធាន​បាន​សាកសួរ​លោក​ស៊ុត ឌីណា ក្រោយ​ពេល​លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ពាក់​កណ្តាល​អាធ្រាត​យប់​ថ្ងៃ​អាទិត្យ។ បើ​តាម​លោក ឱម យិនទៀង បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​មេសា នេះ ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​រឿងរ៉ាវ​ជា​ច្រើន​របស់​លោក ស៊ុត ឌីណា។ លោក​បន្ត​ថា ACU នឹង​ជ្រើសរើស​យក​តែ​រឿង​ពុក​រលួយ​របស់​លោក​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ​ដើម្បី​នាំ​ខ្លួន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ទៅ​តុលាការ ហើយ​រឿង​រ៉ាវ​មួយ​ចំនួន​ទៀត​នឹង​ធ្វើ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ក្រោយ។​

លោក ស៊ុត ឌីណា ជាអតីត​ប្រធាន​រណសិរ្ស ប្រជាធិបតេយ្យ និស្សិត​បញ្ញវន្ត​ខ្មែរ ​បាន​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ នៅ​ឆ្នាំ២០០៦។ ​បន្ទាប់​មក​បាន​បន្ត​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ មុន​នឹង​ចុះ​ចូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា លោក ស៊ុត ឌីណា គឺ​ជា​អ្នក​ដែល​ធ្លាប់​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន ដ៏​ខ្លាំង​ក្លា។

ចំណែក​ក្រសួង​ការ​បរទេស​កម្ពុជា​មិន​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ណា​ទេ​ចំពោះ​ករណី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រោង​នាំ​ខ្លួន​លោក ស៊ុត ឌីណា ទៅ​តុលាការ។ នេះ​បើ​តាម​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។ លោក​ជុំ សុន្ទរី បញ្ជាក់​ថា នេះ​គឺ​ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ព្រោះ​អង្គ​ភាព​នេះ​ជា​អ្នក​ស៊ើប​អង្កេត​លើ​ករណី​ខាង​លើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ