អានតួអត្ថបទ
កម្ពុជា

មជ្ឈ​មណ្ឌល សំ វាសនា ទទួល​​បាន​​មេដាយ​​មាស​ខាង​​អភិរក្ស​​សត្វ​ព្រៃ​ ​នៅ​ទីក្រុង ​ឡុង​ដ៍

ប៉ុន្មាន​ថ្ងៃមុន​នេះ មជ្ឈ​មណ្ឌល ​សំ ​វាសនា​ ដែល​​ជា​​មជ្ឈ​មណ្ឌល​​អភិ​រក្ស​សត្វ​ស្លាប​ ​បាន​​ឈ្នះ​ពាន​រង្វាន់​ទេសចរណ៍​​ពិភព​​លោក​​ដែល​​មាន​​ទំនួល​​ខុស​​ត្រូវ​​ប្រចាំ ​ឆ្នាំ​​២០១៦​​។ ជ័យ​លាភី​​នេះ​គឺ​ជា​​ពាន​រង្វាន់​​មេ​ដាយ​​មាស​​ខាង​អភិរក្ស​សត្វ​ព្រៃ ដែល​​ត្រូវ​បាន​​គណៈ​កម្មាការ​​​វាយ​តម្លៃ និង​​ប្រគល់​​រង្វាន់ ​នៅ​​ក្នុង​ទី​ក្រុង​ឡុង​ដ៍ ប្រទេស​​អង់គ្លេស។ ការ​ទទួល​​បាន​​ជ័យ​លាភី​នេះ ​គឺ​មាន​​សារៈ​សំខាន់​​ណាស់​ក្នុង​​ការ​​បើក​​ផ្លូវ​​កាន់​​តែ​​ធំ​​ទូលាយ​​​ក្នុង​​វិស័យ​​ទេស​ចរណ៍​​ទស្សនា​​សត្វ​​ស្លាប​​និង ​សត្វព្រៃ​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា។

ពិធីប្រកាស ពានរង្វាន់​ទេសចរណ៍​ពិភព​លោក​ដែល​មាន​ទំនួល​ខុស​ត្រូវ ឆ្នាំ២០១៦
ពិធីប្រកាស ពានរង្វាន់​ទេសចរណ៍​ពិភព​លោក​ដែល​មាន​ទំនួល​ខុស​ត្រូវ ឆ្នាំ២០១៦ @WTRT
ផ្សាយពាណិជ្ជកម្ម

ក្នុង​ព្រឹត្តិការណ៍​ទីផ្សារ​ទេសចរណ៍​ពិភពលោកនៅ​ទីក្រុង​ឡុង​ដ៍ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​វិច្ឆិកា​នេះគឺមាន​ការ​ប្រកាស​“ពានរង្វាន់​ទេសចរណ៍​ពិភពលោក​ដែលមាន​ទំនួល​ខុសត្រូវ” World Responsible Tourism Awardsឆ្នាំ២០១៦។ ពានរង្វាន់​នេះបង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤នៅ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​ប្រគល់​ជូន​ជា​រៀង​រាល់​ឆ្នាំដល់​ស្ថាប័ន​និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ដែល​មាន​លក្ខណៈ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​សង្គមនិងគិតគូរ​ដល់​និរន្តរភាព​បរិស្ថាន​។ 

នៅ​ឆ្នាំ​២០១៦ ពានរង្វាន់​លំដាប់​ពិភពលោក​មួយ​នេះ មាន​៥​ផ្នែក គឺ​ផ្នែក​ផ្ទះ​ស្នាក់​ឬ​សណ្ឋាគារ​ដែល​​គិតគូរ​ដល់​បរិស្ថាន, ផ្នែក​អភិរក្ស​សត្វព្រៃ, ផ្នែក​រៀបចំ​ភ្ញៀវទេសចរ​ធម្មជាតិ, ផ្នែក​ទេស​ចរ​​ជួយ​កាត់​បន្ថយ​ភាពក្រីក្រ និង​យុទ្ធនាការ​ទេសចរណ៍​ដែលមាន​ការទទួលខុសត្រូវ។

ចំពោះ​មេដាយមាស​ខាង​ផ្នែក​អភិរក្ស​សត្វព្រៃ គឺ​បាន​ប្រគល់ជូន​មជ្ឈមណ្ឌល សំ វាសនា​ ដែលជា​បេក្ខភាព​តែ​មួយ​គត់​ពី​ប្រទេស​កម្ពុជា នៅ​ក្នុង​ចំណោម​បេក្ខភាព​មក​ពី​៧៥ស្ថាប័ន​ទូទាំង​ពិភពលោក។ ចំណែក​មេដាយសំរិទ្ធ៣ទៀតក្នុង​ផ្នែក​ដដែល គឺ​បាន​ទៅលើ​ភ្នាក់ងារ​ទេសចរណ៍​ក្នុងប្រទេស​ឥណ្ឌូនេស៊ី អាហ្វ្រិក​ខាងកើត និង​អារ៉ាប​រួម។

សូម​បញ្ជាក់​ថាមជ្ឈមណ្ឌល សំ វាសនា មាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​សៀម​រាម និង​បាន​បង្កើត​នៅ​ឆ្នាំ២០០៦ ដោយ​បាន​ដាក់​ឈ្មោះ​លោក សំ វាសនា ជា​បុរស​ម្នាក់​ដែល​ស្រឡាញ់​ធម្មជាតិ​និង​សត្វព្រៃ​យ៉ាង​ងប់ងល់ ប៉ុន្តែ​លោក​បាន​បាត់បង់​ជីវិត​ដោយ​ជំងឺ​គ្រុញ​ចាញ់ក្នុង​ពេល​ចុះ​បេសកកម្ម​ក្នុងព្រៃ។ 

សូម​ជម្រាប​ដែរ​ថា នា​កន្លងមក មជ្ឈមណ្ឌល សំ វាសនា សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​ជា​ពិសេស គឺ​ធ្វើការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃWCS ដើម្បី​ការងារ​អភិរក្ស​សត្វព្រៃដោយ​ទាក់ទាញ​ប្រជា​សហគមន៍ ​នៅតាម​ក្នុង​តំបន់​ការពារ​ធម្មជាតិនៃ​ប្រទេស​កម្ពុជាឲ្យ​ចូលរួម​ធ្វើការ​ទាំងអស់គ្នា។ 

មជ្ឈមណ្ឌល​នេះបាន​បណ្តុះបណ្តាល​ប្រជា​សហគមន៍​ពី​ទេសចរណ៍​ធម្មជាតិ ហើយ​ជំរុញ​ពលរដ្ឋ​ឲ្យ​ឈប់​បរបាញ់​សត្វព្រៃព្រមទាំង​បាន​បង្កើត​កម្មវិធី​អភិរក្ស​សត្វ​ស្លាបមាន​មាឌធំ និង​ជាសត្វ​កម្រ​នៅ​លើ​ពិភព​លោក។ តាមរយៈ​គម្រោង​ទាំង​នេះគឺ​បង្កើន​ថវិកា​ទៅក្នុង​មូលនិធិ​អភិវឌ្ឍ​ភូមិ និង​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​សហគមន៍​រស់នៅ​តំបន់​ជនបទ​ទៀតផង។

ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​លំដាប់​ពិភពលោក​របស់​មជ្ឈមណ្ឌល សំ វាសនា នៅ​ពេលនេះគឺ​បាន​ជួយ​ឲ្យ​កម្ពុជាស្ថិត​នៅ​លើ​ផែន​ទី​ពិភព​លោកផ្នែក​ទេសចរណ៍​ធម្មជាតិ​មើល​សត្វ​ស្លាបនិងសត្វ​ព្រៃ​ផ្សេង។ នេះ​គឺ​មាន​សារៈសំខាន់​ណាស់ក្នុង​ការ​បើក​ផ្លូវ​កាន់​តែ​ធំ​ទូលាយក្នុង​វិស័យ​ទេសចរណ៍, ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ធម្មជាតិនិង​អ្នក​ស្រឡាញ់​សត្វព្រៃ​កាន់តែ​ច្រើនឡើងឲ្យ​មក​ទស្សនា​ស្រុក​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ