អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដំណោះ​ស្រាយ​ត្រជាក់​គឺ​ជា​ផ្លូវ​សម្រាប់​លោក​សម រង្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ថែម​លើ​ដី​កា​នាំ​ខ្លួ​នលោក​សម រង្ស៊ី ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន​បាន​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ក្លែង​ឯកសារ​ផែនទី​និង​បទ​បង្ក​ចលាចល។​បទចោទ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ផ្លូ​វ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី​ កាន់​តែ​ចង្អៀត។ លោក​សម រង្ស៊ី ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។ ​ប៉ុន្តែ​វិធី​សម្រុះ​សម្រួល​នយោបាយ​និង​ជំនួយ​ពី​សហគម​អន្តរជាតិ​អាច​ជា​កូន​សោរ​ដោះស្រាយ​បញ្ហា​នេះ​បាន។​បទវិភាគដោយ៖គង់ សុឋានរិទ្ធ

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​
លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​ @Sam Rainsy
ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​សប្តាហ៍​មក​ហើយ​នៅ​មិន​មាន​ភាព​​ជាក់លាក់​ឡើយ​ថា​លោក​សម រង្ស៊ី​ នឹង​វិល​ត្រឡប់​មក​បំពេញ​ទោស​ដោយ​អំណាច​សាល​ក្រម​តុលាការ​ដែល​សម្រេច​ផ្តន្ទាទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​នោះ​ទេ។ ​ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ទទួលយ​កទោ​សបែប​នេះ ​ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការណ៍​ដែល​អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នោះទេ​។ ដូ​ច្នេះ​តើ​មាន​លទ្ធភាព​អ្វីខ្លះ​ដែល​នឹង​អាច​នាំ​លោក​សម រង្ស៊ី​ ឲ្យ​ចូល​មាតុភូមិ​វិញ​បាន?​

ពិត​ប្រាកដ​ណាស់មា​នកត្តា​ចំនួន​ពីរ​ដែល​នឹង​នាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី​ ឈាន​ជើង​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​បាន។

​កត្តា​ទី​១​ គឺ​កត្តានយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។​ 

និង​កត្តា​ទី២ គឺ​ជា​កត្តា​អន្តរាគមន៍​ពី​សហគម​អន្តរ​ជាតិ​។ កត្តា​នយោបាយ​ផ្ទៃ​ក្នុង​គឺ​មាន​ន័យ​ថា​លោក​សម រង្ស៊ី​ អាច​នឹង​និវត្តន៍​មក​កម្ពុជា​វិញ​បាន​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​ទទួល​ទោស​ល្គឹក​ណា​មាន​ការ​សម្រុះ​សម្រួល​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ។

​បើ​គេ​ក្រឡេក​មើល​ក្រោយ​បន្តិច​គេ​នឹង​ឃើញ​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ជា​ច្រើន​ដង ​និង​ដោយ​​បាន​ដាក់​ទោស​ធ្ងន់ធ្ង​រទៀត​ផង។​ការ​ផ្តន្ទាទោស​មួយ​ចំនួន​ត្រូវ​គេ​អធិប្បាយ​ថា​ដោយ​មូលហេតុ​នយោបាយ។ ហើយ​លោក​សម រង្ស៊ី​ បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ផុត​ពី​ការ​ទទួល​ទោស។​ ប៉ុន្តែ​ក្រោយ​មក​ការ​ចរចា​នយោបាយ​បាន​ក្លាយ​ជា​ម​ធ្យោបាយ​យ៉ាង​មាន​ប្រសិទ្ធិភាព​សម្រាប់​ឲ្យ​លោក​សម រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត។​ ជា​ពិសេស​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៨​និង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។​ ប៉ុន្តែ​វីធី​សម្រុះ​សម្រួល​នយោបាយ​នេះ​ត្រូវ​ការ​ការ​បន្ទន់​ឥរិយាបថ​ពី​គណបក្ស​ប្រឆាំង​ ហើយ​ក៏​ត្រូវ​ការ​ការ​បន្ធូរ​ដៃ​ពី​គណបក្ស​កាន់​អំ​ណាច​ផង​ដែរ។

ដោយឡែក​កត្តា​ទី​២​ ដែល​ជា​កត្តា​អន្តរាគមន៍​ពី​សហគម​អន្តរជាតិ​នៅ​តែ​ជា​កត្តា​មិន​អាច​ខ្វះ​បាន។ ដ្បិត​រាល់​ភាព​តានតឹង​ពី​មុន​មក​មិន​បាន​កាត់​ផ្តាច់​ពី​ការ​ជួយ​ចូក​ជួយ​ចែវ​ពី​សហគម​អន្តរជាតិ​នោះ​ឡើយ។​ តួយ៉ាង​ដូចជា​ប្រទេស​បារាំង ​សហរដ្ឋ​អាមេរិក​ ជប៉ុន ​រួម​ទាំង​គណកម្មការ​អឺរ៉ុប​ជាដើម។ តំណាង​ប្រទេស​ទាំងនេះ​បាន​ដើរ​តួ​ជា​ស្ពាន​ផ្សះផ្សា​រវាង​បក្ស​ទាំងពីរ​ដំណាល​គ្នា​ និង​ការ​ប្រឹង​ប្រែង​ផ្ទៃ​ក្នុង​ផង​ដែរ។ ​ហើយ​ការ​សម្រេច​នយោបាយ​មួយ​ចំនួន​ក៏​​បាន​កើត​ឡើងតាម​លំអាន​នៃ​ការ​ប្រឹក្សា​នៃ​បណ្តា​ប្រទេស​ទាំង​នោះ​ដែរ។ ​ជា​ពិសេស​ទៅ​ទៀត​ប្រទេស​ទាំង​នេះ​នៅ​តែ​ជា​ប្រទេស​គន្លឹះ​សម្រាប់​ភាព​សុខដុម​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។ ហើយ​ប្រទេស​ទាំង​នេះ​ក៏​ជា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់​ៗ​របស់​កម្ពុជា​ទៀត​ផង។​ប្រទេស​ទាំង​នេះ​មាន​ទឹក​មាត់​ប្រៃ​សម្រាប់​កម្ពុជា​ ដែល​កម្ពុជា​មិន​អាច​ព្រងើយ​កន្តើយ​បាន។

ជា​ពិសេស​ក្រោយ​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក​សម រង្ស៊ី មក​ទទួល​ទោស​ តុលាការ​ជាន់​ទាប​ដដែល​បាន​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​ប្រឆាំង​បន្ថែម​​ទៀត​អំពី​បទ​ក្លែង​ឯកសារ​ផែនទី។​ ថ្វី​បើ​បទ​​ចោទ​ដូចគ្នា​នេះ​ធ្លាប់​ចោទ​លើ​លោក​សម រង្ស៊ី ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​ការ​ដក​បង្គោល​ព្រំដែន​រួម​កម្ពុជា​វៀតណាម ​តែ​ការ​ចោទ​ប្រកាន់​លើ​ប្រមុខ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​ចង់​ឬ​មិន​ចង់​នឹង​ជួយ​បន្ថែម​ទម្ងន់​កៀប​សង្កត់​មិន​អោយ​លោក​ចូល​មក​កាន់​ប្រទេស​ងាយ​ៗ​បាន​នោះទេ។​ ដូចនេះ​ហើយ ​ការ​លូក​ដៃ​នៃ​សហគម​អន្តរជាតិ​អាច​នឹង​ជួយស​ម្រួល​ដល់​យន្តការ​ផ្ទៃ​ក្នុង​បាន។​

យ៉ាងណា​​ក៏​ដោយ​កត្តា​សម្រួល​នយោបាយ​ផ្ទៃ​ក្នុង​រវាង​បក្ស​នយោបាយ​ និង​បក្ស​នយោបាយ​គឺ​ជាម​ធ្យោបាយ​ល្អ​ប្រសើរ។ ប៉ុន្តែ​បើ​លទ្ធផល​នៃ​ដំណោះ​ស្រាយ​នយោបាយ​យឺតយ៉ាវ ​មេដឹកនាំ​បក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​កៀស​ចេញ​ពី​ក្នុង​ប្រទេស​យូរ​បន្ត​ទៀត​ឬ​អាច​ខកខាន​ការ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ដូច​ពេល​កន្លង​ទៅ។ ឬ​មួយ​អាច​នឹង​យឺត​ពេល​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ឆ្នាំ​២០១៨។ ​ដូចជា​បទ​ពិសោធន៍​សម្រាប់​លោក​សម រង្ស៊ី ​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១៣។ នៅ​ពេល​នោះ​លោក​សម រង្ស៊ី ​មិន​មាន​សិទ្ធិ​ឈរ​ជា​បេក្ខជន​តំណាង​រាស្រ្ត​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ