អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​រង្វាន់ ឬ​ជា​នុយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ស្រុក​ខ្មែរ​ ការ​ទិញទំនិញ ឬ​ជាវ​សម្ភារៈ​ទំនើប​អ្វី​ក៏​ដោយ​ ក៏​សុទ្ធសឹង​តែ​មាន​កម្មវិធី​ឈ្នះ​រង្វាន់​ដែរ។ រាប់​ទាំង​ទិញ​បារី ស្រា និង​រហូត​ដល់​ការ​ទិញ​សម្ភារៈ​ប្រើប្រាស់​ទូទៅ ​ក៏​សុទ្ធ​តែ​មាន​កម្មវិធី​ឈ្នះ​រង្វាន់ ជា​ហូរ​ហែ។ មិន​ថា​ក្នុង​វិស័យ​អាជីវកម្ម, ផ្នែក​ផ្សេងៗ​ទៀត ដូចជា​វិស័យ​អប់រំ កីឡា​ ផ្នែក​សេវាកម្ម ការងារ​ រហូត​ដល់​វិស័យ​នយោបាយ​ជាដើម​ ក៏​មាន​ការ​ផ្តល់​រង្វាន់​ដែរ​។ ចំពោះ​មុខ​នៃ​ទម្លាប់​ផ្តល់​រង្វាន់​បែប​នេះ គេ​សង្កេត​ឃើញ​ថា រង្វាន់​មួយ​ចំនួន​ គឺ​អាច​ជា​រូប​ភាព​បំភ័ន្ត​ភ្នែក​ ហើយ​ធាតុ​ពិត គឺ​ជា​នុយ ឬ​ជា​ធ្នាក់​បញ្ឆោត​ទៅ​វិញ​ទេ​។

ផ្សាយពាណិជ្ជកម្ម

កម្មវិធី​ឈ្នះ​រង្វាន់​ ហាក់​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​។​ ជា​ទូទៅ​ រង្វាន់​ទាំងនោះ ​អាច​មាន​រូបភាព​ ជា​ការ​លើកទឹក​ចិត្ត ផ្តល់​បណ្ណ​សរសើរ​ ឲ្យ​លុយកាក់ ​ឬ​ជា​ការ​ជូន​របស់​អ្វីមួយ​បន្ថែមដោយ​ឥត​គិត​ថ្លៃ ឬ​ក៏​ជាអាច​ជា​ផ្តល់​ឱកាស​សម្រាប់​ចាប់​ផ្សង​សំណាង​យក​វត្ថុអ្វី​ផ្សេង​ទៀត​ជា​ដើម​។

និន្នាការ​ផ្តល់​រង្វាន់​នេះ បាន​សាប​ព្រោះ​ពេញ​ផ្ទៃ​ប្រទេស​ ពិសេស​ក្នុង​វិស័យ​ជំនួយ​អាជីវ​កម្ម​ គឺ​មាន​ច្រើន​ជាង​គេ។ ឧទាហរណ៍​ជាក់​ស្តែង បើ​គេ​ទិញផឹក​ស្រាប្រភេទ​នេះ គេ​អាច​ឈ្នះ​រង្វាន់​នោះ, ទិញ​ឡានម៉ាក​​នេះ អាច​បាន​រង្វាន់​នោះ​ ឬ​ទិញរបស់​មួយ​នេះ អាច​ទទួល​បាន​រង្វាន់​ជា​វត្ថុ​នោះ​ ជា​ដើមទៅ​។ ហើយ​សូម្បី​តែការ​ទិញរបស់​អ្វីបន្តិច​បន្តួច​ ដូច​ជា​ប្រេងឆា ប៊ីចេង នំនែក ក៏​អាច​ទទួល​បាន​រង្វាន់​ប្លែកៗពីគ្នា​​ រហូត​ទៅដល់​ការ​ទិញសំឡីអនាម័យ​សម្រាប់​​ស្ត្រី ​ក៏មានរង្វាន់ដែរ​។​

ក្រលែក​មើល​ក្នុងវិស័យ​អប់រំ, កូន​សិស្ស​រៀន​ពូកែ ត្រូវ​បាន​ការ​លើកទឹកចិត្ត​ ផ្តល់​រង្វាន់​ ជា​បណ្ណ​សរសើរ ហើយ​បើ​នៅសាលា​ឯកជន​ផង អាច​ទទួល​បាន​ការផ្តល់​រង្វាន់​កាន់តែ​ច្រើន​​។ ​បើសាលាឈ្នួល​មួយ​ចំនួន​ បើ​គេ​បង់លុយ​ចូលរៀន​ពេញ​មួយ​ឆ្នាំ ឬ​ចុះ​ឈ្មោះ​ច្រើន​នាក់ ក៏​មាន​ការ​បញ្ចុះ​​តម្លៃ​ ឬ​ថែម​ជូនរង្វាន់​ ជា​​សៀវភៅ ឬជា​សម្លៀកបំពាក់​ឯកសណ្ឋាន​សាលា​​។ ចំណែក​គ្រូ​បង្រៀន​ល្អ​ ក៏​មាន​ការ​លើកទឹក​ចិត្ត​ទៅតាម​នោះ​ដែរ។

ក្នុង​ផ្នែក​ការងារ​ បុគ្គលិក​ឆ្នើម ក៏​ត្រូវគេ​​​ផ្តល់​រង្វាន់​ ឬ​ដំឡើង​ប្រាក់ខែ​ និង​មាន​លក្ខខណ្ឌ​ការងារ​ពិសេស​ផ្សេងៗ​​ សម្រាប់​លើក​ទឹក​ចិត្ត​ជាដើម។ បើ​នៅ​ផ្នែក​បម្រើ​សេវា​វិញ​ ក៏​មាន​ទម្លាប់​ផ្តល់​រង្វាន់ជូន​អតិថិជន​​ដែរ។ ការ​ដាក់​ផ្ញើលុយនៅធនាគារ គឺ​មានរង្វាន់ ដូច​ជា​ការ​ប្រាក់និង​ឱកាស​ចំណេញ​ផ្សេងៗ​។ ការ​ជិះរថយន្ដ​ឈ្នួល​ ក៏មានរង្វាន់។ គេ​អាច​ទុកសន្សំ​​សំបុត្រ​រថយន្ត​ ទុក​ប្តូរ​យក​វត្ថុអ្វី​មួយ ជា​មួក ឆ័ត្រ​ ឬឆ្នាំងបាយ​​ ឬក៏​​អាច​ទទួល​ការ​ជិះ​ដោយ​ឥតគិត​ថ្លៃ នៅពេល​សន្សំ​សំបុត្រ​​បានក្នុង​​កម្រិត​ណា​មួយ​ អ៊ីចឹងទៅ។

រីង​ក្នុងវិស័យ​កីឡា, កន្លង​មក​ បើ​មាន​​កីឡាករ ឬកីឡាការិនី​ឆ្នើម ដែល​ប្រកួត​ឈ្នះ​នៅ​ក្រៅ​ស្រុក ហើយ​ពេល​ចូល​មក​ប្រទេសវិញ ត្រូវ​អ្នក​មុខ​អ្ន​កការ​​ប្រគល់​រង្វាន់​ជូន​ព្រោង​ព្រាត​ និង​មានទាំង​បំពាក់​មេដាយ​​បន្ថែមទៀត ហើយ​ម្ចាស់​ក្រុម​ហ៊ុន​ខ្លះ ក៏​សង្វាត​​យក​ពួកគេ​ទៅ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ និង​ជូន​រង្វាន់​ជា​លុយ ជា​សេវាពិសេស​ផ្សេងៗ​ ឬ​ជា​ផលិតផលត​​របស់​គេ ​ទៅ​ទៀត​។

បើ​គេ​និយាយ​ពី​វិស័យ​នយោបាយ​វិញ​ អ្នក​នយោបាយខ្មែរ ​នាពេល​កន្លងទៅ​ ធ្លាប់​បាន​សន្យា​ហើយថា បើ​ខ្លួន​ឈ្នះ​ឆ្នោត ​ខ្លួន​នឹងធ្វើ​នេះឬ​កសាង​​នោះ ជាដើម​។​ ហើយ​អ្នក​ខ្លះ​រហូត​ទៅដល់​​ហ៊ាន​អះអាង​ថា​ នឹង​ផ្តល់​​មេគោ ឬឲ្យ​លុយ​៤ម៉ឺន​រៀល​ ឬក៏​ប្រកាស​ផ្តល់​​ម៉ូតូឲ្យ​មេឃុំ ជំទប់​ឃុំ​ជា​​ដើម បើ​ឈ្នះ​ឆ្នោត​។ ចំណែក​អ្នក​នយោបាយ​ខ្លះទៀត​ គឺចែក​រង្វាន់​ ជា​​សារ៉ុង ក្រមា ប៊ីចេង និង​ចែក​ជូន​ជា​លុយកាក់ ដល់​ដៃ​ស្រស់ៗ​តែម្តង​។ ការ​សន្យា​ផ្តល់​រង្វាន់ ឬ​ការ​ចែក​រង្វាន់​ទាំង​អស់​​​នេះ ច្បាស់​ប្រាកដ​ណាស់ ​គឺជា​ថ្នូរ​នឹង​អ្វី​សមាន​ចិត្ត និង​ការ​គាំទ្រ​។

ជារួម​មក តាម​ការ​រៀប​រាប់​ត្រួសៗ​មកនេះ ឃើញថា​ស្ទើរតែ​គ្រប់​វិស័យ​សំខាន់ៗ​ គឺ​មាន​ការ​ផ្តល់​រង្វាន់ ដែល​​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ បាន​​ឃើញ​ដឹង​ឮ​ ស្ទើរតែ​មិន​លួស​ថ្ងៃ។ ដល់​ជួប​ប្រទះ​ញឹក​ញយ​ពេក​អ៊ីចឹងទៅ​ ក៏ក្លាយ​​ជា​ទម្លាប់ ហើយ​ពេល​ខ្លះ មនុស្ស​ខ្មែរ​ក៏មិន​ទាំង​ចាប់​អារម្មណ៍​​គិត​ពិចារណា​​ចំពោះ​រង្វាន់​ទាំង​នោះ​ផង ព្រោះ​ជា​រឿង​​ធម្មតា​ជាទៅ​ ទៅហើយ។

ប៉ុន្តែ​នៅក្នុង​ចំណោម​រង្វាន់​ទាំងអម្បាល់​មាន​នោះ មាន​រង្វាន់មួយ​ចំនួន គឺ​កើត​ចេញ​ពី​ជំនួយ​ពិត​​ប្រាកដ ឬ​ជំនួញ​ដ៏​ស្មោះ​ត្រង់ ឬ​ក៏​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ចំពោះ​មនុស្ស​ដែល​ខំ​ប្រឹង​ប្រែង ហើយ​​សម​ល្មម​នឹង​ទទួល​បានការ​កោត​សរសើរ​។ ដោយឡែក រង្វាន់​​ខ្លះ​ទៀត គឺ​ជា​ការ​បង្កប់​នូវ​គំនិត​លាក់​គំនួច​ផ្សេងទៀត។

ដូច្នេះ​ ប្រហែល​ជា​ល្មម​ដល់​ពេល​ហើយ ដែល​គេត្រូវ​វែក​ញែក​ឡើងវិញ ថាអ្វី​​ជា​រង្វាន់​លើក​ទឹក​ចិត្ត​?​ ថា​​អ្វីជានុយ ឬ​ជាអន្ទាក់​សម្រាប់​កេង​ចំណេញ​របស់​អ្នក​ផ្តល់​រង្វាន់ ឬ​ជាការ​បម្រើ​ផល​ប្រយោជន៍​ចំពោះ​ក្រុម​ណា​មួយ​។ ក្រៅពី​ការ​បែង​ចែក​ ថា​អ្វី​ជា​នុយ ថា​អ្វី​ជារង្វាន់ហើយ​ គេ​ក៏​ត្រូវ​​គិត​ដល់​គុណភាព និងប្រសិទ្ធភាព​នៃ​រង្វាន់​នោះ​ផង​ដែរ​។ គេ​ក៏គួរ​​ជៀស​ឲ្យ​ឆ្ងាយ​ ឬ​ត្រូវ​ដឹង​ក្នុងខ្លួន​ឲ្យ​ច្បាស់​ថា​ រង្វាន់​ណា ដែល​​ជា​នុយ និងរង្វាន់ណា ​​ជា​ធ្នាក់លាក់​គំនួច​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ