អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​ទោស​ចេញ​ពី​គុក​ហើយ នៅ​មិន​អាច​កែ​ខ្លួន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ឱកាស​​ពិធីបុណ្យ​ជាតិ​​ធំៗ​នៅក្នុង​ប្រទេស គឺ​គេសង្កេត​​ឃើញ​មាន​ ទណ្ឌិត​មួយ​ចំនួន ត្រូវ​បានបន្ធូរបន្ថយទោស ហើយ​អ្នក​ទោសចំនួនទៀត ​​ត្រូវ​បាន​​លើកលែង​ទោស​ ហើយ​​ដោះ​លែង​ឲ្យ​ចេញ​ពី​ពន្ធនាគារ​ថែម​ទៀត​​។ ចំណែក​នៅក្នុង​សហគមន៍វិញ​​ ពលរដ្ឋខ្មែរ​​ខ្លះ​ដែល​មាន​ផ្ទះ​រស់​នៅជិត​​មនុស្ស​ដែល​ទើប​ចេញពីគុក គឺ​តែងតែ​មាន​ក្តី​​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច ហើយតែ​ងតែ​​ប្រាប់គ្នី​​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អតីត​អ្នក​ទោស​ទៀត​ផង។ តើ​ហេតុអ្វី​បាន​ជា​គេ​នៅ​តែ​មាន​ការ​ភ័យខ្លាច​ចំពោះ​អ្នក​ទោសដែល​​ចេញពី​ពន្ធ​នាគារ? បើ​ទោះ​បី​ពួកគេ​ទាំង​​នោះ​កែ​ខ្លួន​ហើយ ក៏​នៅតែ​មិន​អាចរួម​រស់​​​ក្នុង​សង្គម​បាន​ទៀតមែនទេ​?

អ្នកទោសចេញពីគុកហើយ នៅមិនអាចកែខ្លួន?
អ្នកទោសចេញពីគុកហើយ នៅមិនអាចកែខ្លួន? ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សហគមន៍​ខ្មែរ នាពេល​បច្ចុប្ប​ន្ន​ គេ​សង្កេត​ឃើញ​ថា​ មនុស្ស​មួយ​ចំនួន ​ដែល​មាន​ផ្ទះ​សម្បែង​រស់​នៅ​ជិត​មនុស្ស​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​ គឺ​តែងតែ​សម្តែង​ក្តី​ព្រួយ​បារម្ភ ហើយខំ​ផ្តែផ្តាំ​កូន​ចៅ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អតីត​អ្នក​ទោស​ ដែល​នឹង​ចេញពី​គុក។

កាយវិការ​នេះ គឺ​ហាក់​ស្តែង​ពី​ផ្នត់​គំនិតរបស់​មនុស្ស​​ក្នុង​​សង្គម ដែល​នៅតែ​មាន​ការ​​រើស​អើង​ និង​ស្អប់​ខ្ពើម​ចំពោះ​អតីត​អ្នក​ទោស​ ដោយពុំ​​ខ្វល់ថា​តើ​ពួក​គេ​ទាំង​នោះ បាន​កែប្រែអប់រំ​ខ្លួន​រួច​ហើយ​ ឬក៏​យ៉ាងណានោះ​ទេ​។ ប្រការ​នេះ ក៏​បង្ហាញ​ផង​ដែរ ពីការ​មិនមាន​ទំនុក​ចិត្ត​ចំពោះ​អតីត​ទណ្ឌិត​ផ្ទាល់តែម្តង​ ព្រោះថា មនុស្ស​ធ្លាប់​ប្រព្រឹត្ត​ខុសល្មើស​ច្បាប់​​ម្តងជា​ពីរ​ដង​ហើយ គឺ​អាច​នឹង​ហ៊ាន​អំពើ​ល្មើសបន្ថែមទៀត​​បាន​ដោយ​ងាយ។ ជាហេតុ ធ្វើ​ឲ្យ​មហាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​ការ​ប្រុង​ប្រយ័ត្ននិងការ​​ភ័យ​ខ្លាច​ចំពោះ​អតី​ត​អ្នក​ទោស​ជ្រុល​ពេក​ ក៏​បាន​ក្លាយ​ទៅការ​រើង​អើង​ផង មើល​ទៅ​​។

ជាមួយ​គ្នា​នេះ​ ការ​រើស​អើងរបស់​សង្គម​ចំពោះ​អតីត​ទណ្ឌិតនេះ គឺក៏​ជាការ​បង្ហាញ​ពីការ​​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​ការសម្រេច​ដោះ​លែងអ្នក​ទោស​ផង​ដែរ​។ ត្រង់​ចំណុច​នេះ គេអាច​មើល​ឃើញថា ពលរដ្ឋ​មួយ​ចំនួន​នៅក្នុង​សង្គម​ ហាក់​មិនជឿ​ជាក់​ទៅ​លើ​យន្ត​ការនៃការ​ដោះ​លែង​អ្នក​ទោស​នៅ​ឡើយ​ទេ​។ ដោយ​ហេតុថា ពួក​គេនៅ​មាន​ភាព​​សង្ស័យ​ ឬ​ទំនងជា​បាន​ដឹង​ពី​ភាព​មិនប្រក្រតី​ខ្លះៗ​ក្នុង​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ផង​ ក៏អាច​ថា​បាន​។

ដូច្នេះ ដើម្បី​ធានា​ថាអតីត​អ្នកទោស​ដែលត្រូវ​បាន​ដោះលែង គឺ​​ពិតជា​ប្រាកដ​ថា​បាន​កែ​ប្រែ​កសាង​​ខ្លួនជា​មនុស្ស​ល្អ​ ហើយនិងអាច​រស់​នៅ​​ចុះ​ចូលក្នុង​សង្គម​បាន,​ តើ​គេ​ត្រូវ​ធ្វើ​ដូច​ម្តេច​?

ប្រការ​ដំបូង​ វិធានការ​គឺត្រូវ​ចេញពី​ពន្ធនាគារ​ជាមុន​សិន។ គេ​ត្រូវ​តែ​​​រៀបចំ​ឲ្យ​គ្រប់​បណ្តា​មន្ទីរ​អប់រំ​កែប្រែ មាន​ការ​អប់រំ​ ​បណ្តុះបណ្តាល​បំនិនជិវិត និង​មុខ​របរ​វិជ្ជា​ជីវៈ​ផ្សេងៗ ទៅ​ដល់​ទណ្ឌិត​​។ ដើម្បីធានា​ថា​ អ្នក​ទោស​ដែលបាន​អនុវត្ត​បំពេញ​ទោសក្នុង​គុក​រួច​ហើយ ពេល​ចេញ​មកវិញ​ គឺ​អាច​មាន​មុខ​របរ​ត្រឹមត្រូវ អាច​ចិញ្ចឹម​ខ្លួន និង​​រស់​នៅ​ដោយ​ខ្លួន​ឯងបាន នៅ​ក្នុង​សង្គម​​។ ផ្ទុយ​ទៅវិញ បើ​ពួក​គេ​រួច​ពី​ពន្ធនាគារហើយ ប៉ុន្តែ​​គ្មាន​ជំនាញ គ្មាន​មុខ​របរ​ចិញ្ចឹម​ជីវិត គឺពួក​គេ​​ច្បាស់ជា​អាច​នឹង​ប្រព្រឹត្ត​អំពើ​មិន​គប្បីជា​បន្តទៀត ​ដើម្បី​បាន​រស់។

បន្ថែមពីការ​​បណ្តុះបណ្តាល​មុខរបរ​វិជ្ជា​ជីវៈដល់អ្នក​ទោស​ជាទូទៅ​ គេក៏ត្រូវ​ផ្តល់​​មេរៀន​អប់រំ​ចិត្ត​ សីលធម៌​ និង​ព្រះ​ធម៌ខ្លះៗ​ផង ដើម្បី​ឲ្យ​អ្នកទោសដែល​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស ​លាចាក​អំពើ​បាប​ មាន​ចិត្ត​ស្ងប់​ ហើយ​ងាកទៅ​ប្រកាន់​ខ្លួន​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ឡើងវិញ។ ការ​ផ្តល់​មេរៀន​ព្រះធម៌ និង​ការ​អប់រំ​ចិត្ត​គំនិត​នេះ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​​ជីវិត​របស់​ទណ្ឌិត​ ក៏​ដូច​ជា​មនុស្ស​ទូទៅ​ដែរ​។

នាពេល​កន្លងទៅ​ ការ​បង្កើត​បណ្ណាល័យ​សម្រាប់​អ្នក​ជាប់​ទោស ដែល​ជា​គម្រោង​របស់​អង្គការ​ស៊ីប៉ា គឺជា​រឿង​ល្អ​មួយ។ ក៏ប៉ុន្តែ​គម្រោង​បណ្ណាល័យ​នេះ គួរតែ​ត្រូវ​ពង្រីក​ឲ្យ​បាន​ធំ និង​មាន​សៀវភៅ​សម្បូរ​បែប​ច្រើន​ថែមទៀត​។ ហើយ​គេ​ក៏ត្រូវ​គិត​គូរ​ផង​ដែរ ពី​ទណ្ឌិត​ដែល​មិនចេះ​អាន​អក្សរ គួរតែ​ទទួល​បាន​ការ​បញ្ជ្រាប​ចំណេះ​ដឹង​តាមរបៀប​ផ្សេងៗទៀត។​

ដោយឡែក ចំពោះ​ការ​វាយ​តម្លៃ​ក្នុង​ការ​ដោះ​លែង​អ្នកទោស ដោយ​ផ្អែក​ទៅលើ​គោលការណ៍​នៃ​ការ​អនុវត្ត​ទោសក្នុង​ពន្ធ​នាគារ​​ក្នុង​កម្រិត​មួយ​សមរម្យ​ ហើយ​ទណ្ឌិត​នោះ ពិត​ជា​បាន​ខិត​ខំ​កសាង​ខ្លួន​ជាមនុស្ស​ល្អ​ និង​អាច​ចូល​ទៅ​រួម​រស់​ក្នុង​សង្គមវិញ​បាន​ ទើបត្រូវបាន​​លើកលែង​ទោស និង​ដោះ​លែង​ ទើប​ជា​ការ​ប្រសើរ​។ វិធាន​ការ​ទាំង​ឡាយ​នេះ គួរ​ត្រូវ​បាន​រឹត​បណ្តឹង​ និង​អនុវត្ត​ដោយ​មាន​តម្លាភាព ព្រមទាំង​ស្មើ​ភាព​គ្នា។​

បើ​ពុំ​ធ្វើ​ដូច្នេះទេ​ ពលរដ្ឋ​ដែល​រស់​នៅ​ជិត​មនុស្ស​ដែល​ទើប​នឹង​ចេញពីគុក គឺនៅតែ​បន្ត​មាន​ភាព​​ភ័យ​ខ្លាច ហើយ​បន្ត​ការ​រើសអើង និង​ស្អប់ខ្ពើម​​។ ហើយ​ចំពោះ​អតីត​អ្នក​ទោស​ទៀត​សោត​ គឺ​ច្បាស់​ជា​គ្មាន​ថ្ងៃ​អាច​រស់នៅ​ចុះ​សម្រុង​នៅក្នុង​សង្គម​វិញ​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ