អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សេរីភាព​សារព័ត៌មាន​គំរាមកំហែង​ដោយ​ទោស​ជាប់​ពន្ធនាគារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​៣​ឧសភា​នេះ ​​ប្រទេស​កម្ពុជា​​ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​ពិភពលោកដែរ ​នឹង​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​។ ​នៅ​កម្ពុជា ​​សេរីភាព​សារព័ត៌មាន​បាន​បោះ​ជំហាន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់ ​​ក្នុង​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។​​ ប៉ុន្តែ​​ទោស​ជាប់​ពន្ធនាគារ ​ដែល​នៅ​តែ​​តាម​លង​អ្នក​កាសែត​ជា​រឿយៗ​នោះ​​ គឺជា​ផ្ទាំង​ពពក​ខ្មៅ​ ដែល​តាម​មក​បិទ​បាំង​រស្មី​នៃ​​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​នេះ​ឲ្យ​ ស្រអាប់​យ៉ាង​ខ្លាំង។​​

លោក​ហង្ស ចក្រា ចាងហ្វាង​កាសែតប្រឆាំង
លោក​ហង្ស ចក្រា ចាងហ្វាង​កាសែតប្រឆាំង ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ផ្នែក​សេរីភាព​សារព័ត៌មាន។ ​ការ​រីក​ចម្រើន​​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ជាទូទៅ​​ ដោយ​មិន​ត្រឹម​តែ​ប្រៀប​ធៀប​ទៅ​នឹង​អតីតកាល​​សម័យ​សង្គ្រាម​ប៉ុណ្ណោះ​ទេ​​ តែ​ក៏ជា​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ នៅ​ក្នុង​តំបន់​​ថែម​ទៀត​ផង។

ប៉ុន្តែ​​ឧបសគ្គ​ចម្បង ​ដែល​ចេះ​តែ​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​នេះ​ដើរ​​ទៅ​មុខ​មិន​សូវ​រួច​នោះ​ គឺ​ដោយសារ​តែ ​​​ជា​រឿយ​ៗ​​ អ្នកកាសែត​ខ្មែរ​នៅ​តែ​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​​ជាប់​ពន្ធនាគារ​ ដោយ​សារ​ការ​សរសេរ​អត្ថបទ​របស់​ខ្លួន។​​ ករណី​លោក​​ហង្ស ​​ចក្រា​​ ចាងហ្វាង​​កាសែត​​ខ្មែរម្ចាស់ស្រុក​​ ដែល​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​ កាល​ពី​អំឡុង​ចូល​ឆ្នាំ​​ខ្មែរ​ថ្មីៗ​នេះ ​​គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ។​អ្នកកាសែត ​ដែល​លំអៀង​ទៅ​រក​បក្ស​​ប្រឆាំង​រូបនេះ ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ​ពីបទ​ផ្សព្វផ្សាយ​​ព័ត៌មាន​មិន​ពិត​ ដែល​ប្តឹង​ដោយ​មេធាវី​រដ្ឋាភិបាល។

តាម​ពិត​​ អ្នកកាសែត​គ្មាន​អភ័យ​ឯកសិទ្ធិ​អ្វី​ពិសេស​លើស​ពី​ពលរដ្ឋ​ទូទៅ​ឡើយ ​​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ​​ពោល​គឺ​​ ប្រសិន​បើ​អ្នកកាសែត​ណា​ប្រព្រឹត្ត​បទ​​ល្មើស​ព្រហ្មទណ្ឌ​​ អ្នកកាសែត​នោះ​ក៏​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​ដូច​គេ​ឯង​ដែរ។​​ ប៉ុន្តែ​​ ដើម្បី​ធានា​សេរីភាព​បញ្ចេញ​មតិ​ តាម​បែប​ប្រជាធិបតេយ្យ ​​ច្បាប់​បាន​ការពារ​អ្នកកាសែត​​មិន​ឲ្យ​ជាប់​ពន្ធនាគារ ​ដោយ​សារតែ​ការ​សរសេរ​អត្ថបទ​នោះ​ឡើយ។​​

មាន​ទឡ្ហីករណ៍​​បី​យ៉ាង​ដែល​អាច​ធានាថា​​ អ្នកកាសែត​ខ្មែរ​មិន​គួរ​នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​​សោះ​ឡើយ។

ទី១​​ ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​មក​​ ប្រទេស​កម្ពុជា​បាន​សម្រេច​​ជ្រើស​រើស​យក​របប​ប្រជាធិបតេយ្យ​​សេរីពហុបក្ស​​ ក្នុង​នោះ​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។​

ទី២​​ ដើម្បី​ធានា​សេរីភាព​សារព័ត៌មាន​ឲ្យ​កាន់​តែ​រឹងមាំ​​ថែម​ទៀត ​​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ត្រូវ​បាន​រដ្ឋសភា​អនុមត័​​ និង​បាន​ចូល​ជា​ធរមាន ​​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ម៉្លេះ។ ​​ច្បាប់​នេះ​បាន​ធានា​ច្បាស់លាស់​ថា​​ គ្មាន​អ្នកកាសែត​ណា​​ម្នាក់​ត្រូវ​គេ​ចាប់​ចង​​ ឬ​ដាក់​ពន្ធនាគារ ​ដោយសារ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ឡើយ។​​

ទី៣​​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​ សែន​​ បាន​ប្រកាស​លុប​ចោល​ជា​សាធារណៈ​ នូវ​ទោស​ជាប់​​ពន្ធនាគារ​ចេញ​ពី​បទ​បរិហារកេរ្តិ៍។​​ ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក៏មាន​គោល​​ដៅ​បញ្ចៀស​អ្នកកាសែត​ពី​ទោស​ជាប់​ពន្ធនាគារ​នេះ​ដែរ។

​ប៉ុន្តែ​​ជា​អកុសល ​​នៅ​ពេល​មាន​ការ​ប្តឹងផ្តល់​ចំពោះ​អ្នកកាសែត​ម្តងៗ​​​ ទឡ្ហីករណ៍​​ទាំង​នេះ​ច្រើន​តែ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​​​ ហើយ​អ្នកកាសែត​បែរ​ជា​ត្រូវ​គេ​កាត់ទោស​​ ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ​តាម​ច្បាប់​ព្រហ្មទណ្ឌ​ទៅ​វិញ ​​ដែល​នៅ​​តែ​ធ្វើ​ឲ្យ​អ្នកកាសែត​ជាប់​ពន្ធនាគារ​ដដែល។​​តាម​ពិត​​ ទោះបី​ជា​ច្បាប់​ស្តីពី​របប​​សារព័ត៌មាន​​ការពារ​អ្នកកាសែត​ ឲ្យ​រួច​ផុត​ពី​ទោស​ជាប់​ពន្ធនាគារ​ក្តី ​​តែ​ច្បាប់​នេះ​ក៏​តម្រូវ​​ឲ្យ​អ្នកកាសែត​បង់​ប្រាក់​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​​ ទាក់ទង​ទៅ​នឹង​បទ​បរិហារកេរ្តិ៍​​ ឬ​ក៏ការ​​ផ្សាយ​ព័ត៌មាន​មិន​ពិត។

ប៉ុន្តែ​​អ្វី​ដែល​ជា​រឿង​ចម្លែក​នោះ ​គឺ​​ទាំង​អ្នក​ប្តឹង​​ ទាំង​តុលាការ​ បែរ​ជា​ព្យាយាម​គេច​​វេស​ពី​ច្បាប់​នេះ​​ ហើយ​យក​ច្បាប់​ព្រហ្មទណ្ឌ ​ដើម្បី​ទាញ​អ្នកកាសែត​ឲ្យ​ជាប់​ពន្ធនាគារ​​ឲ្យ​ទាល់​តែ​បាន។ ​​តើ​អ្នកណា​ទទួល​ផល​ចំណេញ​ពី​បញ្ហា​នេះ?​​ ចម្លើយ​គឺ​ពិត​ជា​គ្មាន​ភាគី​ណា​មួយ​ទទួល​ផល​ចំណេញ​ឡើយ ​​តែ​ផ្ទុយ​ទៅ​វិញ​ មាន​​តែ​ផល​ខាត​តែ​ប៉ុណ្ណោះ។​​ ខាត​ដោយ​ហេតុ​​ថា ​​អ្នកកាសែត​ត្រូវ​ជាប់​ពន្ធនាគារ​​ និង​​ខាត​បង់​ពេល​វេលា​​ និង​ប្រាក់​​ចំណូល ​សម្រាប់​​ចិញ្ចឹម​គ្រួសារ។ ​រីឯ​រដ្ឋាភិបាល ​ដែល​បណ្តោយ​ឲ្យ​អ្នកកាសែត​ជាប់​ពន្ធនាគារ​​ ត្រូវ​ទទួល​​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​គ្រប់​មជ្ឈដ្ឋាន ​​និង​បាន​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​​ និង​​នីតិរដ្ឋ ​ក្នុង​​ប្រទេស​​ត្រូវ​បាន​គេវាយ​តម្លៃ​យ៉ាងទាប​ទៀត​ផង។

ម្យ៉ាង​ទៀត​​ ព្រឹត្តិការណ៍​នេះ​បាន​ដើរ​បញ្ច្រាស​ទិស​ទាំង​ស្រុង​ទៅ​នឹង​ទស្សនវិជ្ជា​នៃ​​នយោបា​យឈ្នះៗ​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន។​​ ដូច្នេះ​​ គេ​មិន​គួរ​នឹង​បណ្តោយ​​ឲ្យ​ពពក​ខ្មៅ​​បន្ត​បិទ​បាំង​រស្មី​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា ​ដោយសារ​តែ​មាន​អ្នកកាសែត​ជាប់​ពន្ធនាគារ​ទៀត​ឡើយ៕​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ