អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​នាំពាក្យ គួរ​ធ្វើ​ជា​ឆ្កែ​ចចក ឬ​ជា​កូន​ក្រមុំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​នាំ​ពាក្យ ជាគឺ​បុគ្គល​សំខាន់​មួយ​រូប​របស់​ស្ថាប័នរដ្ឋ​និង​ឯកជន​​ ឬ​ជាអ្នក​តំណាង​ឲ្យ​បុគ្គលសំខាន់​ណា​ម្នាក់​។ ប្រសាសន៍​របស់​អ្នក​នាំពាក្យ​ឲ្យ​ស្ថាប័ន​សាធារណៈ គឺ​មាន​ភាព​ចាំបាច់​ណាស់​ ក្នុង​​​ឆ្លើយ​តប​នឹង​បញ្ហា ឬ​ស្រាយ​​បំភ្លឺ​ចំពោះ​ចម្ងល់​របស់​សាធារណជន​។ ចំពោះ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ តួនាទី​ជាអ្នក​នាំ​ពាក្យ គឺ​ជា​តំណែង​ថ្មី​មួយ​ដែលគេ​ទើបតែ​បាន​ឮ​ច្រើន​នៅ​រយៈ​ពេល​ប៉ុន្មាន​ ឆ្នាំចុង​ក្រោយនេះ​ ហើយ​អ្នកនាំពាក្យ​មួយ​ចំនួន ហាក់​ពុំ​ទាន់​អាច​បំពេញ​តួនាទី​របស់ខ្លួន​បាន​ពេញលេញ​នៅឡើយ​។ ទន្ទឹម​នឹង​នេះ អ្នកនាំពាក្យ​ខ្លះ ត្រូវ​រង​​ការ​រិះ​គន់​​ជាញឹកញយ។ ចំពោះ​មុខ​ការ​ទិតៀន​យ៉ាង​ដូច្នេះ​ ទើប​អ្នក​នាំ​ពាក្យ​មួយ​ចំនួន បាន​ចោទ​សួរ​ទៅ​វិញ​ថា តើ​អ្នក​​នាំពាក្យ គួរតែ​​ធ្វើ​ជា​ឆ្កែចចក ឬ​ជា​កូន​ក្រមុំ?

រូបភាព​​តំណាង​
រូបភាព​​តំណាង​ @RFI/Oudom
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ ដែល​គេ​បៀប​ប្រដូច​ថា​មាន​ឥរិយាបថ​ដូច​​ជា​ឆ្កែ​ចចក ព្រោះ​បុគ្គល​នោះ អាច​បុគ្គលិក​លក្ខណៈ​កាច​សាហាវ។​ ទាំង​ពាក្យ​សម្តី​និង​មុខមាត់​ ដែល​​សម្តែង​ការ​ឆ្លើយ​តប​ចំពោះ​សាធារណ​ជន ឬ​អ្នក​សារព័ត៌មាន ពុំ​សមហេតុផល មិន​គួរ​ឲ្យ​ចូលចិត្ត ឬក៏​មិនអាច​ទទួល​យកបាន។ ពេល​ខ្លះ អ្នក​នាំពាក្យបែបនេះ ឆាប់​​ប្រតិកម្ម​ខ្លាំង ទាំង​ទទឹង​ទិស និង​ឆ្លើយ​តប​ប៉ាត​ណា​ប៉ាត​ណី​មិន​ដឹង​ទិស​តំបន់​ ឬក៏​ពេលខ្លះ ឆ្លើយ​ឲ្យតែបាន​ឆ្លើយ ប៉ុន្តែ​ពុំ​អាច​យក​ជា​ការ​បាន។ ចំណុច​ទាំងនេះ​ហើយ ទើប​គេ​ប្រដូចអាកប្បកិរយា​របស់​អ្នក​នាំពាក្យ​មួយ​ចំនួន ទៅ​ជាចរិត​របស់​​សត្វ​ចចក។

ចំណែក​ អ្នកនាំពាក្យ​ជា​កូន​ក្រមុំ​វិញ គឺ​គេ​សម្គាល់តាម​ន័យ​ធៀប​ ​សំដៅទៅដល់​កូន​ក្រមុំ​ក្នុងប្រពៃណី​​ទំនៀម​​ទម្លាប់​ខ្មែរ ដែលមិន​សូវ​និយាយ​ស្តី ស្ងប់ស្ងាត់ មិន​តបតច្រើន​។ ពោល​គឺ អ្នកនាំពាក្យ ដែល​គ្មាន​ពាក្យនាំ ​ស្ងាត់​ស្ងៀម និង​មិនខ្ចី​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​សារព័ត៌មាន​ ឬ​សាធារណ​ជន​ទាល់​តែ​សោះ​។

ដូច្នេះ ទាំង​អ្នក​នាំពាក្យ បែប​កូនក្រមុំ និង​អ្នក​នាំពាក្យ​បែប​ឆ្កែច​ចក គឺទំនង​ពុំ​មែន​ជាការ​ប្រាថ្នា​ចង់​បាន ​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ទៅដល់​មហាជន​ និង​អ្នក​សារព័ត៌មា​នជាទូទៅ​នោះទេ។

ដូច​ដែល​គេ​បាន​ដឹង​ហើយថា​​ ​អ្នក​នាំពាក្យ​ឲ្យ​ស្ថាប័ន​សាធារណៈនីមួយៗ​ គឺ​មាន​ភាពសំខាន់​ចាំបាច់​ណាស់​ ក្នុង​ឆ្លើយ​តប​ទាន់​សភាពការ​ និង​បកស្រាយ​បំភ្លឺ​ចំពោះ​រាល់​ចម្ងល់​របស់​សាធារណជន។ ហេតុនេះ អ្នកនាំពាក្យ​ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន និង​ចង់​ឃើញនោះ​ គឺជា​បុគ្គល​ដែល​អាច​ផ្តល់​ព័ត៌មាន​ល្អ​បំផុត​ និងសមរម្យ​អាច​ទទួល​យក​បាន។​

លក្ខខណ្ឌ ដែលថា អ្នក​នាំពាក្យ គឺជាមនុស្ស​ដែល​​អាច​ផ្តល់​ព័ត៌មានបាន​​ល្អ​ និងសមរម្យ​អាច​ទទួល​យក​បាន ​ទាំង​ពីរ​ចំណុចនេះ គឺ​បាន​ផ្តល់​ជា​ចំណោទលំបាក​​ខ្លាំង​សម្រាប់​អ្នក​នាំពាក្យ​តែម្តង។ ព្រោះថា ជា​ញឹក​ញយ អ្ន​កនាំពាក្យ​ខ្លួន​ឯង​ត្រូវ​រង​នូវ​ភាព​​លំបាក ចំពោះ​មុខការ​រិះគន់​របស់​​សាធារណមតិផង​ និង​ត្រូវ​រងសម្ពាធ​មួយ​ជា​ន់ថែម​ទៀត​ពី​ស្ថាប័ន​របស់​ខ្លួន ឬពី​ចៅហ្វាយ​នាយ​របស់​ខ្លួន។​

ការ​លំបាក​របស់​អ្នក​នាំពាក្យ​ មាន​ច្រើនយ៉ាង តែ​ទីមួយបំផុត​នោះ​ គឺជាបុគ្គល​ដែល​ត្រូវ​ជួប​ប្រឈម​មុខ​​ជាមួយ​អ្នក​កាសែត​ញឹក​ញយ ស្ទើរតែ​ច្រើន​ជា​ង​គេជាង​ឯង​នៅក្នុង​ស្ថាប័ន​ និង​​ដែល​ត្រូវ​ក្បាល​មេក្រូ​ ឬ​កាំម៉េរ៉ារបស់​អ្នក​កាសែត​ ភ្ជុង​ស្ទើរ​រាល់​ថ្ងៃ​។ ហើយ​បើ​ត្រូវ​ធ្វើ​ជា​អ្នក​នាំពាក្យ​ដែល​ល្អទៀត​នោះ​ គឺ​អាច​ត្រូវ​ឆ្លើយ​សំណួរ​របស់​ក្រុម​អ្នក​សារព័ត៌មានពី​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗគ្នា​ គ្រប់​ពេលវេលា​​ មិន​ថាថ្ងៃ​ឬយប់​នោះទេ​។ ពេល​ខ្លះ ក៏​ត្រូវ​ឆ្លើយ​សំណួរ​ដដែលៗ​សាឡើង​វិញ​ថែមទៀតផង​។ ទាំង​នេះ គឺជាការហត់​នឿយ និងជាភាព​​លំបាក​មួយផ្នែក​របស់​អ្នក​នាំ​ពាក្យ​។

ភាព​លំបាកលើសពីនេះ គឺនៅពេល​ខ្លះ អ្នក​នាំពាក្យ អាច​នឹង​គ្មាន​ពាក្យ​សម្រាប់​នាំ ដោយសារតែ​គ្មាន​ព័ត៌មាន​គ្រប់​ជ្រោយពី​គ្រប់​ច្រកល្ហក​របស់​ស្ថាប័ន។ ដ្បិត​ថា នៅ​ក្នុង​ស្ថាប័ន​នីមួយៗ មាន​ផ្នែក​ផ្សេងៗគ្នា​ជាច្រើន​។ អ្ន​កនាំពាក្យ​តែម្នាក់ ឬ​ពីរបីនាក់ ទំនង​ជា​មិន​អាច​ក្តាប់​បញ្ហា​បាន ឬ​ដឹង​គ្រប់​រឿង​នោះឡើយ​។

ចំណែក​ព័ត៌មាន​ខ្លះទៀត បើ​ទោះបី​ជាអ្នក​នាំពាក្យ​បាន​ដឹង​ក្តី ក៏​ពុំ​អាច​ទម្លាយចេញ​​បានដែរ​ ដោយសារតែ​ជាការ​សម្ងាត់របស់​ស្ថាប័ន ហើយ​រឿង​ខ្លះ គឺជា​រឿង​​ស្មុគស្មាញ ឬក៏​ជាបញ្ហា​បច្ចេកទេស​ស៊ីជម្រៅ ដែល​ពុំ​អាច​ពន្យល់​ក្នុង​រយៈ​ពេល​ខ្លីបាន​ ជាដើម។

ទុក្ខលំបាក​របស់​អ្នក​នាំពាក្យ មួយ​ផ្នែក​ទៀត​នោះ គឺ​អាចនឹង​នាំពាក្យ​ខុស ឬនិយាយ​មិន​ត្រូវ​ចិត្ត​ចៅហ្វាយ​នាយ​ ហើយ​អាច​ធ្លាក់​តំណែង បាត់​បង់​តួនាទី​ ឬក៏​ត្រូវ​បញ្ឈរ​ជើង​ ផង​ក៏អាច​ថា​បាន​។ ត្រង់​ចំណុច​នេះ ត្រូវគេមើល​ឃើញថា កៅអីរបស់​អ្នកនាំពាក្យ​ គឺ​ជា​កន្លែង​គ្រោះថ្នាក់​មួយ។ ពោល​ បើ​និយាយ​ខុស គឺ​ធ្លាក់​ភក់​ជ្រាំ ហើយ​ពេល​ខ្លះ ​បើ​និយាយ​ត្រូវ គេ​សប្បាយ​ចិត្ត អាច​បាន​ត្រឹម​រួច​ខ្លួន។​

បើ​​ទោះបី​ជា​ អ្នក​នាំ​ពាក្យ អាច​នឹង​ត្រូវ​ប្រឈម​ច្រើន​ដូច្នេះក្តី តែ​ជា​ទូ​ទៅ គេ​សង្កេត​ឃើញ​ថា ពួក​គេ​ទាំងនោះ អាច​នឹងទទួល​​ផល​ចំណេញ ជា​លាភ​សក្ការៈ ឡើង​តំណែងបុណ្យសក្តិ​ ទទួល​កិត្តិយសធំដុំ​ ចេញ​មុខ​ចេញមាត់ច្រើននៅក្នុង​សង្គម​។ ដ្បិត​ថា អ្នក​នាំពាក្យ​របស់​ស្ថាប័ន​សាធារណៈ​មួយ​ចំនួន គឺ​ត្រូវប្រជា​​ពលរដ្ឋជាទូទៅ​​មើល​ឃើញថា ច្រើន​តែ​និយាយ​តម្រូវ​​ចិត្ត​មេកើយ​ ឬ​ធ្វើ​យ៉ាង​ណា និយាយ​ការពារ​តែ​ផល​ប្រយោជន៍​របស់​ស្ថាប័ន​ខ្លួន។

ដូច្នេះ ដើម្បី​ឲ្យ​ក្រុម​អ្នក​នាំពាក្យរបស់​ស្ថាប័ន​សាធារណៈ​ ក្រុម​អ្នក​កាសែត និង​សាធារណជន អាច​យល់ពី​ទុក្ខ​លំបាក​រៀងៗខ្លួន គឺ​គួរ​ឈ្វេង​យល់​ពីគ្នាទៅវិញទៅមក​ឲ្យ​បាន​ច្រើ​នជាង​មុន ឬក៏អាច​រក​ឱកាស​ជួប​ជជែក​គ្នា​ ក៏​ជា​ការ​ល្អប្រសើរ​ដែរ។​ ក៏ប៉ុន្តែ នៅ​ក្នុង​ស្ថានភាព​ដូច​សព្វ​ថ្ងៃ អ្ន​កនាំពាក្យដែល​តំណាង​ឲ្យ​ស្ថាប័ន​សារធាណ គឺ​ក៏​គួរ​តែ​ពង្រឹង​ព័ត៌មាននៅក្នុង​ស្ថាប័ន​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ហើយចែក​ព័ត៌មាន​ឲ្យ​បាន​លឿន​រហ័ស និង​គ្រប់​ជ្រុង​ជ្រោយ។​ក្នុង​តួនាទី​ជា​អ្នក​នាំ​ពាក្យ​ បើទោះបីជា​តិច​ឬ​ច្រើន គឺ​ចាំ​បាច់ ត្រូវ​តែ​មាន​ពាក្យសម្រាប់​​នាំ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ