អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ឃោសនា​ប្រជាភិថុតិ​លែង​សូវ​មាន​ឥទ្ធិពល​លើ​ម្ចាស់​ឆ្នោត​ទៀត​ហើយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ព្រមាន​គណបក្ស​គូ​បដិបក្ខ​របស់​ខ្លួន កុំ​ឲ្យ​ធ្វើ​សកម្មភាព​ឃោសនា​ប្រជាភិថុតិ បោក​ប្រាស់​ប្រជារាស្ត្រ​។ ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ផង​ដែរ​។ ជា​ការ​ពិត​ហើយ​ថា ការ​ឃោសនា​ប្រជាភិថុតិ អាច​នឹង​ត្រូវ​អ្នក​នយោបាយ​ប្រើ​ប្រាស់​ច្រើន​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ប៉ុន្តែ​របៀប​ឃោសនា​ដូច្នេះ ទំនង​ជា​លែង​សូវ​មាន​ឥទ្ធិពល​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ទៀត​ហើយ ខណៈ​ដែល​ការ​យល់​ដឹង​របស់​ពួក​គាត់​កាន់​តែ​រីក​ចម្រើន​ឡើង​។

រូបភាព​ចាស់៖ គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នា​ពេល​កន្លង​មក។
រូបភាព​ចាស់៖ គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នា​ពេល​កន្លង​មក។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​នយោបាយ​ឃោសនា​ប្រជាភិថុតិ​នៅ​មុន​ការ​បោះ​ឆ្នោត មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា និង​ប្រទេស​នានា​នៅ​លើ​ពិភពលោក​។ ការ​ឃោសនា​ប្រជាភិថុតិ​កើន​មាន​ជា​យូរ​មក​ហើយ​ គ្រាន់​តែ​ថា វា​មាន​កម្រិត​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​លើ​ការ​រីក​ចម្រើន​និង​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​តែ​ប៉ុណ្ណោះ​។

ចំណែក​នៅ​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា ការ​ឃោសនា​នយោបាយ​ប្រជាភិថុតិ នៅ​តែ​មាន​ប្រជាប្រិយភាព​នៅ​ឡើយ ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ​។ ជា​ពាក្យ​ពេចន៍​លួងលោម អន្ទង​ចិត្ត និង​ការ​សន្យា​ផ្សេង​ៗ​របស់​អ្នក​នយោបាយ ដើម្បី​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជឿ​ជាក់ និង​បោះ​ឆ្នោត​ឲ្យ​​។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ផង​ដែរ ការ​ប្រើ​ពាក្យ​ពេចន៍​វាយ​ប្រហារ បន្តុះបង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​នយោបាយ គម្រាម សំឡុត បំភិតបំភ័យ នៅ​ពេល​ការ​បោះ​ឆ្នោត​ខិត​ជិត​ចូល​មក​ដល់​។

ជាង​៣០​មក​ហើយ​ដែល​អ្នក​នយោបាយ​ខ្មែរ​រក្សា​ទម្លាប់​ធ្វើ​នយោបាយ​របៀប​នេះ​។ នោះ​ក៏​ព្រោះ​តែ​អ្នក​នយោបាយ​ខ្មែរ​យល់​ថា ពលរដ្ឋ​ខ្មែរ ក្រីក្រ​ខ្វះ​ការ​អប់រំ ដែល​ឆ្លង​កាត់​ការ​រស់​នៅ​ញាំញី​ដោយ​សង្គ្រាម​ស៊ីវិល​អស់​ជា​ច្រើន​ទសវត្សរ៍​មក​នោះ នៅ​តែ​មាន​ជំងឺ​ខ្លប​ខ្លាច​បាក់​ស្បាត និង​ឆាប់​ជឿ​ការ​បញ្ចុះ​បញ្ចូល​លួងលោម ក៏​ដូច​ជា​ការ​សន្យា​ផ្សេង​ៗ​។ ដូច្នេះ​ហើយ​ទើប​អ្នក​នយោបាយ​នៅ​តែ​ប្រើ​របៀប​ធ្វើ​នយោបាយ​ប្រជាភិថុតិ ដើម្បី​អូស​ទាញ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​​នយោបាយ​ដឹក​នាំ​របស់​ពួក​គេ​។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គេ​រំពឹង​ថា នឹង​បាន​ឮ​ការ​ឃោសនា​នយោបាយ​ប្រជាភិថុតិ​កាន់​តែ​ច្រើន​ឡើង​។ ប៉ុន្តែ​របៀប​ឃោសនា​ដូច្នេះ ទំនង​ជា​លែង​សូវ​មាន​ឥទ្ធិពល​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ទៀត​ហើយ​។ លែង​សូវ​មាន​ឥទ្ធិពល ព្រោះ​ខុស​ពី​ការ​ស្មាន​របស់​អ្នក​នយោបាយ ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​​ការ​យល់​ដឹងកាន់​តែ​ច្រើន​ឡើង និង​ចេះ​បែង​ចែក​បាន​យ៉ាង​ច្បាស់​រវាង​សារ​នយោបាយ​ឃោសនា​បែប​ប្រជាភិថុត និង​សារ​នយោបាយ​​ពិត​ប្រាកដ​។

នោះ​ក៏​ព្រោះ​តែ​ពលរដ្ឋ​ខ្មែរ បាន​ងាក​មក​ចាប់​អារម្មណ៍ និង​តាម​ដាន​ស្ថានការណ៍​​នយោបាយ​កាន់តែ​ច្រើន​ឡើង តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​កាន់​តែ​ចម្រុះ​ឡើង​ក្ដី ឬ​តាម​រយៈ​បណ្ដាញ​សង្គម​ដ៏​លឿន​រហ័ស​និង​សម្បូរ​បែប​ក្ដី​​។ និន្នាការ​នេះ កើត​ឡើង​តាំង​ពី​ពេល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​មក​ម្ល៉េះ ហើយ​ទំនង​ជា​បន្ត​ទៅ​មុខ​ទៀត​នា​ពេល​ខាង​មុខ​។

ដូច្នេះ​ចង់​ឬ​មិន​ចង់ អ្នក​នយោបាយ​ខ្មែរ គួរ​តែ​ពិចារណា​ឡើង​វិញ អំពី​សារនយោបាយ​បែប​ប្រជាភិថុតិ​របស់​ខ្លួន ទាំង​ការ​ឃោសនា​បំផ្លើសបំភ្លៃ​ដើម្បី​ការ​គាំទ្រពី​ពលរដ្ឋ​​ក៏​ដោយ និង​ទាំង​ការ​ឃោសនា​គម្រាម​បំភ័យលើ​គូ​បដិបក្ខ​ក៏​ដោយ​។ ការ​ឃោសនា​បែប​ប្រជាភិថុតិ នៅ​ក្នុង​សង្គម​មួយ​ដែល​ការ​យល់​ដឹង​របស់​ពលរដ្ឋ​រីក​ចម្រើន​រួច​ទៅ​ហើយ មិន​ត្រឹម​តែ​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​បាន​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ខ្លួន​ឯង​បាត់បង់​តម្លៃ​ទៀត​ផង​។ អាក្រក់​ជាង​នេះ ពលរដ្ឋ​អាច​នឹង​អស់​ជំនឿ ព្រម​ទាំង​​ស្អប់​ខ្ពើមអ្នក​នយោបាយ​​តែ​ម្ដង នៅ​ពេល​ដែល​អ្នក​នយោបាយនោះ​​មិន​អាច​បំពេញ​តាម​​​ការ​ឃោសនា​ប្រជាភិថុតិ​របស់​ខ្លួន​បាន​។

ទន្ទឹម​គ្នា​នេះ ការ​ប្រើ​ពាក្យពេចន៍​វាយ​ប្រហារ បន្តុះបង្អាប់ ជេរ​ប្រមាថ​គ្នា​ដោយ​ភ្លេច​គិត​ពី​ក្រម​សីលធម៌​របស់​អ្នក​នយោបាយ ក៏​ជាបញ្ហា​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​កាត់​បន្ថយ​ផង​ដែរ​។ អ្នក​នយោបាយខ្មែរ គួរ​តែ​បង្ហាញ​ឥរិយាបថ​និង​បទ​ពិសោធ​ចាស់​ទុំ​ក្នុង​ការ​ធ្វើ​នយោបាយ តាម​រយៈ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព យុត្តិធម៌ និង​មាន​សីលធម៌។ អ្នក​នយោបាយ​ខ្មែរ គួរ​តែ​ប្រកួត​ប្រជែង​គ្នា​ដោយយក​​គោលនយោបាយ​ជា​មូលដ្ឋាន ដើម្បី​ទាក់ទាង​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត ជា​ជាង​សមត្ថភាព​ធ្វើ​ប្រជាភិថុតិ ពិសេស​ក្នុង​បរិបទ​មួយ​ដែល​ពលរដ្ឋ​បាន​យល់​ដឹង​ពី​ល្បិច​កល​ទាំង​នោះ​រួច​អស់​ទៅ​ហើយ​។

ដោយ​ឡែក សម្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​វិញ​។ ការ​យល់​ដឹង​របស់​ពលរដ្ឋ ចេះ​បែង​ចែក​ច្បាស់​លាស់​រវាង​ការ​ឃោសនា​បែប​ប្រជាភិថុតិ​និង​សារ​នយោបាយ​ប្រកប​ដោយ​អត្ថន័យ​ពិត​ប្រាកដ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដ៏​ក្មេង​ខ្ចី​នៅ​កម្ពុជា​។ នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ការ​យល់ដឹង​​របស់​ពលរដ្ឋ​នៅ​ក្នុង​វិស័យ​នយោបាយ មាន​សារៈ​សំខាន់​ណាស់​​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ ដើម្បី​កាច់​ចង្កូត​ប្រទេស​។ ប៉ុន្តែ​ការ​យល់​ដឹង​តែ​ម្យ៉ាង​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ ពលរដ្ឋ​ម្ចាស់​ឆ្នោត ត្រូវ​ចូល​រួម​បោះ​ឆ្នោត សង្កេត​តាម​ដាន និង​វាយ​តម្លៃ​ការ​អនុវត្ត​របស់​អ្នក​នយោបាយ​ផង​ដែរ ដើម្បី​ធានា​ថា ពួក​គេ​ពិត​ជា​​គោរព បម្រើ និង​ធ្វើ​តាមអ្វី​ដែល​បាន​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត ដើម្បី​ផល​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ