អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គណបក្ស​ប្រឆាំង​៖ «ចន្លោះ​នៃ​សម្ពាធ​នយោបាយ ​និង​ការ​ប្រជែង​ជាមួយ​គណបក្ស​បង្កើត​ថ្មី»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អនុប្រធាន​ត្រូវ​បាន​ទំលាក់​ចេញ​ពី​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា ​ប្រធាន​ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួ​ន​នៅ​ក្រៅ​ប្រទេស ចំណែក​ឯ​តំណាង​រាស្រ្ត​របស់​ខ្លួន​ពី​ររូ​ប ​ក៏​ត្រូវ​រង​ការ​វាយ​ដុំ​ឲ្យ​របួស​ធ្ងន់ធ្ង​រទៅ​ទៀត។ ​ទាំង​នេះ​ គឺ​ជា​សម្ពាធ​នយោបាយ​ដ៏​ធ្ងន់​មួយ​សម្រាប់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ ទន្ទឹម​នឹង​វត្តមាន​របស់​គណបក្ស​តូច​ៗ​ជា​ច្រើន​ ដែល​បាន​បង្កើត​ឡើង ​និង​ត្រៀមប​ង្កើត​ឡើង​ជា​បន្ត​បន្ទាប់​មក​នេះ។​ តើ​វាសនា​របស់​គណបក្ស​ប្រឆាំង​ដែល​ប្រាថ្នា​ចង់​ឈ្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ អាច​ទៅ​រួច​ដែរ​រឺ​ទេ ​បើ​សម្ពាធ​​មាន​គ្រប់​ទិស​បែប​នេះ?​

សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​តាំង​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​និង​បាន​កាត់​ទោស​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​១១​រូប ​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៧​ទៅ​២០​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា ​ឆ្នាំ​២០១៥​មក​នោះ ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ​មិន​មាន​សញ្ញា​ធូរស្រាល​នៅ​ឡើយ​ទេ។​ គេ​នៅ​ចាំ​ថាកា​​​លណោះ ​គឺ​នៅ​មួយ​ថ្ងៃ​មុន​ខួប​មួយ​ឆ្នាំ ​នៃ​កិច្ច​ព្រម​ព្រៀងប​ញ្ចប់​ជម្លោះ​នយោបាយ ​ថ្ងៃ​ទី​២២​​កក្កដា ឆ្នាំ​២០១៤​ ​គឺ​ជា​ពេល​វេលា ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​តាន​តឹង​រហូត​មក​។

​តាន​តឹង រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ ដែ​ល​អនុប្រធាន​គណបក្ស​គឺ​លោក​ កឹម សុខា ​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ទំលាក់​ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​កាល​ពី​ថ្ងៃ​ទី​៣០តុលា ការ​វាយ​ដំ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ឲ្យ​រង​របួស​ពីរ​រូប​នៅ​ក្នុង​បាតុកម្ម​ មុខ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៦តុលា​ និង​ចុង​ក្រោយ​នេះ​ គឺ​ករណី​របស់​ លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស។​ លោក​ សម រង្ស៊ី ដែល​ត្រូវ​បង្ខំ​ចិត្ត​រស់នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​ ដូច​មុន​ឆ្នាំ​បោះឆ្នោត​២០១៣​ គឺ​ដើម្បី​គេច​ចេញ​ពី​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ។​

មូល​ហេតុ​សំអាង​ហេតុផល​ នៃ​ការ​កើនឡើង​កំដៅ​នយោបាយ​នៅ​កម្ពុជា​ពេល​នេះ​ គឺ​មាន​ទៅ ​និង​មាន​មក​ ដូច​ពាក្យ​ចាស់​លោក​ពោល​គឺ​ «បើ​ទំពក់​វា​មិ​ន​ទៅ​ ភ្នៅ​ក៏​វា​មិន​មក» ​ឬ​ក៏​ថា​ «បើ​មិន​មាន​ផ្សែង ​ក៏​មិន​មាន​ភ្លើង» ​ដូច្នោះ​អញ្ចឹ​ងដែរ។ ​ស្ថានភាព​បែប​នេះ ​ទំនង​ជា​មិន​បញ្ចប់​នៅ​ត្រឹម​នេះ​​ទេ​ ហើយ​រឿង​រ៉ាវ​ថ្មី​ៗ​ និង​ប្លែក​ៗ​ជា​ច្រើន​ទៀត​ នឹង​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​លើ​គណបក្ស​ប្រឆាំង​ ពី​ពេ​លនេះ​ រហូត​ដល់​ការ​បោះឆ្នោត​ក៏​ថា​បាន។​

ប្រឈម​មុខ​នឹង​សម្ពាធ​នយោបាយ​ដែល​រក​មុខ​ដោះ​មិន​ទាន់​ឃើញ​នៅ​ពេល​នេះ ​ហើយ​គណបក្ស​​ប្រឆាំង​​ ​ក៏​​ត្រូវ​ប្រឈម​មុខ ​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ថ្មី​​​ៗ​ដែល​ទើប​តែ​ចាប់​បដិសន្ធិ​ឡើង​ផង​ដែរ។ គិតត្រឹម​ថ្ងៃទី​២៥វិច្ឆិកា ឆ្នាំ​២០១៥នេះ​ មាន​គណបក្ស​ថ្មី​ដល់​ទៅ​៥ហើ​យ ​ដែល​បាន​បង្កើត​ឡើង ​មិន​ដល់​រយៈពេល​មួយ​ឆ្នាំ​ស្រួល​បួល​ផង​ នោះ​គឺ​ ទី១៖​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក យ៉េង វីរៈ ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ គណបក្ស​អំណាច​ខ្មែរ​ រប​ស់លោក ​សួន សេរីរដ្ឋា គណបក្ស​ខ្មែរ​សាមគ្គី​របស់​លោក​ស្រី​ ឡាក់ សុភាព ​និង​គណបក្ស កម្ពុជា​សេរីភាព​ (CLP) របស់​លោក​ ជា ចំរើន​ ដែល​ទើប​តែ​លា​លែង​ពី​សមាជិកភាព​គណបក្ស​កាន់​អំណាច​នៅ​សប្តាហ៍​មុន​នេះ។​

គណបក្ស​ថ្មី​​​ៗ​ទាំង​អស់​នេះ​ សុទ្ធតែ​អះអាង​ថា​បង្កើត​ឡើង ​គឺ​ដើម្បី​ចាំត្រង​​​យក​ក្រុម​អ្នក​គាំទ្រ គណបក្ស​ប្រឆាំ​ងដែ​លអ​ន់ចិ​ត្ត តួ​យ៉ាង​ដូចជា​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក យ៉េង វីរៈ ដែល​មាន​ប្រភព​ចេញ​មក​ពី​ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ខ្មែរ​សាមគ្គី​របស់​លោក​ស្រី ​ឡាក់​ សុភាព ដែល​ចាកចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ជា​ដើម។​

បន្ថែម​លើ​នេះ ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា ដែល​វិល​ត្រឡប់​មក​​ពី​សហរដ្ឋអាមេរិក​កាល​ពី​ដើម​ខែ​តុលា ​និង​គណបក្ស​ កម្ពុជា​សេរីភាព ​របស់​លោក​ ជា ចំរើន នេះ ​គឺ​សុទ្ធសឹង​តែ​ជា​គូ​ប្រជែង​ថ្មី​របស់​គណបក្ស​ប្រឆាំង ​បន្ថែម​លើ​គណបក្ស​តូច​ៗ​ជា​ច្រើន​ទៀត​ដែល​ត្រៀម​លេច​មុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ រួម​ទាំង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ​ខឹម ​វាសនា​ទៀត​ផង។​

គណបក្ស​ទាំង​នេះ​ នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថ្មី​ៗ​ ប្លែក​ៗ​ ឬ​ប្រហាក់​ប្រហែល​នឹង​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង។​ ព្រោះ​ចង់​មិន​ចង់ ​វត្តមាន​របស់​គណបក្ស​ថ្មី​​ៗ​ និង​គណបក្ស​វ័យ​ចំណាស់​ៗ​ទាំង​អស់​នេះ ​នឹង​ទាក់​ទាញ​នូវ​ការ​គាំទ្រ​មួយ​ផ្នែក​ពី​ក្រុម​អ្ន​កគាំទ្រ​គណបក្សប្រឆាំង ​ច្រើន​ជាង​ ក្រុម​អ្នកគាំទ្រ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។​

ដូច្នេះ ​តើ​វាសនា​របស់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅកម្ពុជា​ ដែល​បាន​ឆក់​យក​បេះដូង​របស់​អ្នក​គាំទ្រ​ច្រើន​ នៅ​ក្នុង​ការ​បោះឆ្នោត​ជា​តិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​កន្ល​ង​ទៅ​នោះ ​នឹង​ទៅ​ជា​យ៉ាងណា ​បើ​សម្ពាធ​មាន​ទាំង​ក្នុង ​និង​មាន​ទាំង​ក្រៅ​បែប​នេះ?

​យ៉ាង​ណា​ក៏​ដោយ ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញថា​ អ្វី​ដែល​គណបក្ស​ប្រឆាំង​គួរ​ធ្វើ​នៅ​ពេល​​នេះ​ គឺ​រក្សាភាព​ស្ងៀមស្ងាត់ ​ហើយ​រត់​រក​តុ​ច​រចា​តាម​រយៈ​វប្បធម៌​សន្ទនា។ ​ហើយ​ទន្ទឹម​ គ្នា​នេះ ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ ក៏​អាច​ប្រែ​ក្លាយ​កាលៈទេសៈ​ដូច​បច្ចុប្បន្ន​នេះ ​ទៅ​ជា​ឱកាស​នៃ​ការ​បែង​ចែក​ការងារ​គ្នា​ធ្វើ​ផង​ដែរ​ ពោល​គឺ​ ម្នាក់​ត្រូវ​ពង្រឹង​ការងារ​នៅ​ក្នុង​ស្រុក​ ចំណែក​ឯ​ម្នាក់​ទៀត​ ត្រូវ​ពង្រឹង​ការងារ​នៅ​ក្រៅ​ស្រុក។​

គណបក្ស​ប្រឆាំង​ ដែល​កំពុង​ស្ថិត​នៅ​ចន្លោះ​នៃ​សម្ពាធ​នយោបាយ ​និង​ការ​ប្រជែង​ជាមួយ​គណបក្ស​ថ្មី​ៗ​នេះ ​ក៏​កំពុង​តែ​រង​សម្ពាធ​ ពី​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ផង​ដែរ។​ ក្រុម​អ្នក​គាំទ្រ ​មួយ​ចំនួន ​ដែល​កំពុង​ឲ្យ​ពិន្ទុ​ទៅ​លើ​មេដឹកនាំ​របស់​ខ្លួន​ ពិសេស​លោក​ សម រង្ស៊ី ដែលមិន​ហ៊ាន​វិល​ចូល​ស្រុក​វិញ ​កាល​ពី​យប់​ថ្ងៃ​ទី​១៦​វិច្ឆិកា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ