អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គ្រាម​ពាក្យ​សំដី​វិលវល់​ក្នុង​នយោបាយ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រឿយ​ៗ​សង្គ្រាម​វោហាសាស្រ្ត​តែង​តែ​កើត​ក្នុង​នយោបាយ​កម្ពុជា។ ជួន​កាល​សង្គ្រាម​ទស្សនវិជ្ជា​នេះ​បាន​រុញច្រាន​ដល់​ភាព​តាន​តឹង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៀត​ផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​មេដឹក​នាំ​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ប្រើ​ប្រាស់​វោហាសាស្ត្រ​ឆ្លើយ​ឆ្លង​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ដែល​ធ្វើ​អោយ​កើត​ជា​សង្គ្រាម​ពាក្យ​សំដី​យ៉ាង​ស្រួចស្រាវ។ មួយ​វិញ​ទៀត​ពាក្យ​សំដី​ទាំង​នោះ​បាន​ដុត​កំដៅ​នយោបាយ​ឲ្យ​មាន​ភាព​តាន​តឹង​ខុស​ប្រក្រតី។

ការ​ពិត​វា​មិន​មាន​អ្វី​ប្លែក​នោះ​ទេ​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ។ ពីព្រោះ​ថា​វោហាសាស្ដ្រ​នេះ​គឺ​ជា​យុទ្ធ​សាស្ដ្រ​មួយ​របស់​អ្នក​នយោ​បាយ។​

​នៅ​ប្រទេស​ជឿនលឿន​វោហាសាស្រ្ត​នយោបាយ​ផ្តោត​ជា​ពិសេស​លើ​ចំណុច​ខ្សោយ​របស់​គូ​ប្រជែង​ជាក់​ស្តែង​ក្នុង​អំឡុង​ពេល​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត។​ ការ​ផ្តោត​លើ​ចំណុច​ខ្សោយ​ទាំង​នោះ​ជា​មូល​ដ្ឋាន​នៃ​ការ​រិះគន់​ផង​និង​ស្ថាបនា​ផង។

ដោយ​ឡែក​សង្គ្រាម​ពាក្យ​សំដី​នៅ​ក្នុង​នយោបាយ​កម្ពុជា​មាន​លក្ខណៈ​វាយ​ប្រហារ វាយ​បក​និង​ការពារ​ខ្លួន។ ហើយ​វា​ក៏​ជា​វិធី​ដែល​អ្នក​នយោបាយ​ខ្មែរ​ប្រើ​សម្រាប់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​និង​ប្រជា​ប្រិយ​ភាព​ផងដែរ។

ប៉ុន្តែ​សង្គ្រាម​ពាក្យ​សំដី​ក្នុង​ជីវភាព​នយោបាយ​កម្ពុជា​តែងតែ​រុល​ទៅ​ហួស​ព្រំដែន​សិល្បៈ​នយោបាយ​ឬ​ទស្សនវិជ្ជា​នយោបាយ​ហើយ​បាន​ក្លាយ​ជា​ការ​យក​ចាញ់​យក​ឈ្នះ​មួយ​គ្រា​ មុន​នឹង​អាច​រក​ចំណុច​ដោះ​ស្រាយ​ឬ​សម្រួល​ឡើង​វិញ​បាន។

ថ្វី​បើ​សង្គ្រាម​ពាក្យ​សំដី​ជា​ផ្នែក​មួយ​នៃ​ចំណែក​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស ប៉ុន្តែ​ការណ៍​នេះ​តែងតែ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ការ​ភ័យ​ខ្លាច​ទាំង​សម្រាប់​ប្រជាជាតិ​កម្ពុជា​ខ្លួន​ឯង ទាំង​សម្រាប់​អ្នក​បណ្តាក់​ទុន​បរទេស​មក​កាន់​កម្ពុជា ដ្បិត​កម្ពុជា​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​នយោបាយ​បែប​ហិង្សា​ច្រើន​ដំណាក់​កាល​មក​ហើយ។​ ហើយ​កម្ពុជា​ហាក់​ដូចជា​សត្វ​ឆ្មារ​ដែល​ធ្លាប់​រលាក​ទឹក​ក្តៅ​ដែល​មិន​ទាន់​រាងចាល​នៅ​ឡើយ។​

ដូច្នេះ​សង្គ្រាម​វោហាសាស្រ្ត​រវាង​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា​នៅ​កម្ពុជា​ងាយ​នឹង​ធ្វើ​ឲ្យ​នយោបាយ​ក្នុង​ប្រទេស​ផុយ​ស្រួយ។

ដើម្បី​ចៀសវាង​នូវ​សង្គ្រាម​​ពាក្យ​សំដី​ដ៏​គួ​រ​ឲ្យ​គ្រោះ​ថ្នាក់​នោះ អ្នក​នយោបាយ​ខ្មែរ​គួរ​​ចេះ​កំណត់​ព្រំ​ដែន​នៃ​សិល្បៈ​របស់​ខ្លួន ត្រូវ​ប្រើ​ប្រាស់​វោហាសព្ទ័​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ច្បាប់​ចៀស​វាង ការ​ប្រើ​វោហា​សាស្ដ្រ​គ្រាន់​តែ​ដើម្បី​ការ​ចោទ​ប្រកាន់ ឬ​គ្រាន់​តែ​ប្រជាភិថុត​។ អ្នក​នយោបាយ​កម្ពុជា​គួរ​ប្រើ​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្លួន​មិន​មែន​គ្រាន់​តែ​ដើម្បី​ការពារ​ឬ​ដណ្តើម​អំណាច​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ស្រោច​ស្រង់​សេដ្ឋកិច្ច​ជាតិ​និង​លើក​មុខមាត់​ជាតិ​ជា​ចម្បង។​​

អ្នក​នយោបាយ​គួរ​តែ​ស្ថិត​ក្នុង​ភាព​វ័យឆ្លាត ចៀសវាង​ការ​បង្ក​ការ​ភ័យ​ខ្លាច តក់​ស្លុត​ដល់​ប្រជារាស្ដ្រ ​ប៉ុន្តែ​ច្បិច​យក​ភាព​ខ្វះ​ចន្លោះ​របស់​គូ​ប្រជែង​និង​ធ្វើ​ការ​កែលំអ​ឲ្យ​កាន់​តែ​ប្រសើរ។

ជាង​នេះ​ទៅ​ទៀត​អ្នក​នយោបាយ​ឬ បក្ស​នយោបាយ​គួរតែ​ហ៊ាន​ទទួល​យក​ការ​រិះគន់​ពី​គ្នា ហើយ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ភាព​វិជ្ជមាន​ពី​គ្នា​ផង​ដែរ។ អ្នក​នយោបាយ​គួរ​តែ​កុំវិលវល់​ក្នុង​អតីតកាល ប៉ុន្តែ​ត្រូវ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ទាំង​អស់​គ្នា​នោះ​ទើប​អាច​គេច​ផុតពី​ភាព​ច្រំដែល​ ដែល​ជា​គំរូ​អាក្រក់​ក្នុង​នយោបាយ​កម្ពុជា៕

 

បទវិភាគ​របស់​ គង់ សុឋានរិទ្ធ

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ