អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ច្រត់​ព្រះ​នង្គ័ល​​​​​៖​អត្តសញ្ញាណជាតិ​​ដែល​​ត្រូវ​​​​ការ​​​​អភិរក្ស​​​​និង​ថែ​រក្សា​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល គឺ​ជា​ទំនៀម​ទម្លាប់​បវេណី​របស់​ខ្មែរ​តាំង​ពី​អតីតកាល​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។ ព្រះ​រាជ​ពិធី​នេះ ប្រារព្ធ​ធ្វើ​ដើម្បី​ជាប្រកាស​ពី​ដំណើរ​មក​ដល់​នៃ​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជារាស្ត្រ​ និង​ជា​ពិសេស ដើម្បី​ផ្សង​ប្រផ្នូល​ពី​ភោគផល​កសិកម្ម​នា​ឆ្នាំ​ខាង​មុខ​។ នៅ​ក្នុង​បរិបទ​សង្គម​កម្ពុជា​សព្វ​ថ្ងៃ ជំនឿ​ចំពោះ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ហាក់​ដូច​ជា​ថម​ថយ​ជាង​មុន​។ ​បើ​ទោះ​បី​ជា​ជំនឿ​ចំពោះ​ពិធី​នេះ​ថម​ថយ​ក៏​ដោយ ក៏​ការ​អភិរក្ស​និង​ថែ​រក្សា​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ជា​រឿង​ចាំ​បាច់ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​។

គោឧសភរាជបរិភោគពោត សណ្តែក និង ស្រូវ នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះបង្គ័ល។
គោឧសភរាជបរិភោគពោត សណ្តែក និង ស្រូវ នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះបង្គ័ល។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័លគឺ​ជា​ព្រះ​រាជ​ពិធី​បុណ្យ​ដែល​ខ្មែរ​បាន​ប្រារព្ធធ្វើ​តាំងពីសម័យ​នគរភ្នំ​មក​ម្ល៉េះ។ ព្រះ​រាជ​ពិធីជា​បវេណីបុរាណ​​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤​រោច​ខែពិសាខ ដើម្បី​ជាប្រកាស​ពី​ដំណើរ​មក​ដល់​នៃ​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជារាស្ត្រ​ក្នុង​នគរ និង​ដើម្បី​ផ្សង​ប្រផ្នូល​ពី​ភោគផល​កសិកម្ម​នា​ឆ្នាំ​ខាង​មុខ​។

ព្រះ​មហាក្សត្រ​ខ្មែរ យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពិធី​នេះ​ណាស់ ដោយពី​អតីតកាល ​ទ្រង់​បាន​យាង​ច្រត់​ព្រះ​នង្គ័ល​ដោយ​អង្គ​ឯង​។ ប៉ុន្តែ​សម័យ​ក្រោយ​ៗ​មក ព្រះ​មហាក្សត្រ​គ្រាន់​តែ​យាង​ជា​អធិបតី ដោយ​មាន​តំណាង​ព្រះ​មហាក្ស​ជា​អ្នក​ច្រត់នង្គ័ល​ជំនួស​វិញ​។

នៅ​ក្នុង​ព្រះ​រាជពិធី​មង្គល​នេះ ជា​រៀង​រាល់​ពេល​ដែល​គោ​ឧសភរាជ​ទាំង​ពីរ​បរិភោគ​អាហារ​ទាំង​៧​មុខ​រួច​ហើយ ប្រជារាស្ត្រ​ខ្មែរ​តែង​តែ​នាំ​គ្នា​យក​សំណល់​អាហារ​​ជា​អាថិ៍​ដូច​ជា ស្រូវ សណ្ដែក ពោត និង​ល្ង​ជា​ដើម ដើម្បី​រក្សា​ទុក ដោយ​មាន​​ជំនឿ​ថា សំណល់​អាហារ​ទាំង​នោះ នឹង​ផ្ដល់​សេចក្ដី​សុខ​ចំពោះ​រូប​គេ​ម្នាក់​ៗ​។

ចំណែក​ប្រជានុរាស្ត្រ​ដែល​​ចិញ្ចឹម​ជីវិត​ដោយ​របរ​កសិកម្ម​វិញ តែង​តែ​ជឿ​ថាប្រសិនបើបាន​យក​​​សំណល់​គ្រាប់​ធុញ្ញជាតិ​ទាំង​នោះ ទៅ​រួម​ផ្សំ​ជាមួយ​គ្រាប់​ពូជ​ដែល​ពួក​គេ​ត្រូវ​បង្ក​បង្កើន​ផល​នា​រដូវ​ខាង​មុខ នោះ​របរ​កសិកម្ម​របស់​ពួក​គេ​នឹង​ចម្រុង​ចម្រើន ទទួល​បាន​ទិន្នផល​ខ្ពស់​ជា​ដើម​។ ដោយ​ឡែក ​ ការ​ទស្សន៍ទាយ​នៅ​ក្នុង​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល ក៏​ត្រូវ​បាន​ប្រជា​កសិករ​​តាំង​ពី​បុរាណកាល ជឿជាក់​និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។

ជា​ការ​ពិត ពិធី​ច្រត់​ព្រះ​នង្គ័ល​គឺ​ជា​ជំនឿ​របស់​ប្រជារាស្ត្រ ជា​ពិសេស​ប្រជា​កសិករ​។ ប៉ុន្តែ​រហូត​​មក​ទល់​សព្វ​ថ្ងៃ​នេះ គេ​មិន​អាច​បដិសេធ​បាន​ទេ​នូវ​ភាព​ថម​ថយ​នៃ​ជំនឿ​​របស់​កសិករ​ចំពោះ​ ​ព្រះ​រាជពិធី​ច្រង់​ព្រះ​នង្គ័ល​​។ ​ជំនឿ​ដែល​ថម​ថយ​នោះ​ទៀតសោត ចម្បង​បំផុត​គឺ​ដោយ​​សារ​តែ​ភាព​ជឿន​លឿន​នៃ​វិទ្យាសាស្ត្រ​​​បច្ចេកវិទ្យា​​។

ជំនឿ​​និងវិទ្យាសាស្ត្រ ជា​រឿង​ពីរ​ផ្សេង​គ្នា​ជំនឿរបស់ប្រជាកសិករចំពោះពិធីច្រត់ព្រះនង្គ័លជា​រឿង​​មួយ ចំណែក​ឯ​ការ​ប្រែប្រួល​អាកាសធាតុ​និង​បញ្ហា​វិទ្យាសាស្ត្រ​ជា​រឿង​មួយ​ផ្សេង​ទៀត​។ថ្វីត្បិត​​តែដូច្នេះ​ក៏​ដោយថ្វីត្បិតតែវាជារឿងពីរផ្សេងគ្នា​ក៏គេមិនអាចចែករឿងទាំងពីរនេះ​ឲ្យ​ដាច់​​ចេញ​ពី​គ្នា​បាន​នោះដែរ​។ ក្នុង​ករណី​នេះ បើ​ទោះ​បី​ជា​ទំនាយ​ទាយ​ថា​ល្អប៉ុន្តែប្រសិនបើ​មិន​​សូវ​មាន​ទឹក​ភ្លៀង ដំណាំ​កសិកម្ម​ក៏​ពិបាក​នឹង​ទទួល​ទិន្នផល​ល្អ​ប្រសើរ​ដែរ​។

មួយ​វិញ​ទៀត ខណៈ​ដែល​ប្រជាកសិករ​ខ្មែរ​មួយ​ចំនួន​ធំ បាន​ងាក​មក​ប្រើ​គោ​យន្ត​នៅ​ក្នុង​
ការ​ដាំ​ដុះ​របស់​ខ្លួន សួរ​ថា​តើ​ការ​ផ្សង​ប្រផ្នូលភោគផល​កសិកម្ម​ដោយ​សត្វ​គោ​មួយ​នឹម
នៅ​​អាច​​យក​ជា​ការ​បាន​កម្រិត​ណា​?

ការ​ថម​ថយ​នៃ​ភាព​ស័ក្តិសិទ្ធិ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័លក៏ប្រហែល​ជាអាច​បណ្ដាល​មក​​ពីស្ដេចមាឃដែលសព្វថ្ងៃមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័លខុសពីអតីតកាលដែលមាន​​ព្រះមហាក្សត្រយាងច្រត់ព្រះនង្គ័លដោយអង្គឯងសម្រាប់សង្គមខ្មែរព្រះមហាក្សត្រមានឥទ្ធិពល​និង​ភាព​ស័ក្តិ​សិទ្ធិ​ខ្លាំង​ណាស់​នៅ​ក្នុង​ក្រសែ​ភ្នែក​ប្រជានុរាស្ត្រ​។ ការ​យាង​ជា​ស្ដេច​​មាឃ ដើម្បី​ច្រត់​ព្រះ​នង្គ័ល​ដោយ​អង្គ​ឯង​របស់​ព្រះ​មហាក្សត្រ គឺ​ពិត​ជា​មាន​អត្ថន័យ​និង​បង្កប់​​នូវ​ឥទ្ធិពល ព្រម​ទាំង​ជំនឿ​យ៉ាង​ខ្លាំង​ក្លានៅ​ក្នុង​ផ្នត់​គំនិត​របស់​ប្រជានុរាស្ត្រ​។

ប៉ុន្តែ បវេណី​ប្រែ​ក្លាយ​។ សព្វ​ថ្ងៃ ស្ដេច​មាឃ​គ្រាន់​តែ​ជា​មន្ដ្រី​ជាន់​ខ្ពស់ ដែល​ត្រូវ​បាន​ចាត់​ឲ្យ​តំណាង​​ព្រះ​មហាក្សត្រ ដើម្បី​ច្រត់​ព្រះ​នង្គ័ល​តែ​ប៉ុណ្ណោះ​។ នេះ​អាច​ជា​មូលហេតុ​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​ជំនឿ​ចំពោះ​ព្រះ​រាជពិធី​ច្រង់​ព្រះ​នង្គ័ល​ថម​ថយ​ជាង​មុន​។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​ជំនឿ​ថយ​ចុះ​ខ្លះក៏​ដោយ ក៏​ទំនៀម​ទម្លាប់​បវេណី​ច្រត់​ព្រះ​នង្គ័ល​នេះនៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរជានិច្ចទំនៀមទម្លាប់ប្រពៃណីនេះបាន​ចាក់ឫសយ៉ាងជ្រៅរហូតនៅក្នុងអារម្មណ៍របស់មនុស្សខ្មែរគ្រប់ជំនាន់រហូតក្លាយជាអត្តសញ្ញាណ​ដែល​ពិបាក​នឹង​លុប​បំបាត់​។ ដូច្នេះ​ការ​អភិរក្ស​និង​ថែ​រក្សាទំនៀមទម្លាប់បវេណីដែលកើតមាន
តាំងពីច្រើនជំនាន់មកហើយនោះគឺជារឿងចាំបាច់ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរនិងដើម្បីឲ្យ​កូន​ខ្មែរ​ព្រម​ទាំង​​ពិភពលោក​ទាំង​មូល​បាន​ស្គាល់​និង​យល់​ដង​៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ