អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​៖ សន្តិភាព តែ​អសន្តិសុខ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​ជា​ប្រទេស​ដែល​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ផុត​ពី​សង្គ្រាម ជាង​បី​ទសវត្ស​កន្លង​មក​ហើយ​។ រដ្ឋាភិបាល​តែង​តែ​អះអាង​ថា កម្ពុជា​មាន​សន្តិភាព​។ ប៉ុន្តែ​សន្តិភាព​នេះ ត្រូវ​បាន​គ្រប​ដណ្ដប់​ក្រោម​ ​ស្រមោល​នៃ​អសន្តិសុខ​។ ជា​រៀង​រាល់​ថ្ងៃ ប្រជាជន​កម្ពុជា​ត្រូវប្រឈម​មុខ​នឹង​អំពើ​ចោរកម្ម ឃាតកម្ម គ្រឿង​ញៀន ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​គ្រោះ​ថ្នាក់​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ បញ្ហា​អសន្តិសុខ​សង្គម​ទាំង​នេះ កំពុង​តែ​រារាំង​មិន​ឲ្យ​កម្ពុជា​ស្គាល់​សន្តិភាពឲ្យ​បាន​ពេញ​លេញ​ពិត​ប្រាកដ​។

កង​កំលាំង​សន្តិសុខ​​បំពាក់​ដោយ​អាវុធ​វែង ​ត្រូវ​បាន​ដាក់​ពង្រាយ​ពីរ​ៗ​នាក់​នៅ​តាម​ដង​មហាវិថី
កង​កំលាំង​សន្តិសុខ​​បំពាក់​ដោយ​អាវុធ​វែង ​ត្រូវ​បាន​ដាក់​ពង្រាយ​ពីរ​ៗ​នាក់​នៅ​តាម​ដង​មហាវិថី RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សន្តិភាព ពាក្យ​មួយ​ម៉ាត់ ស្រួល​និយាយ​តែ​ពិបាក​ធ្វើ​។ បើ​និយាយ​ដល់​សន្តិភាព មនុស្ស​ភាគ​ច្រើន​អាច​គិត​ដល់​ភាព​សុខសាន្ត គ្មាន​សង្គ្រាម​ គ្មាន​ការ​ទាស់ទែង។ ប៉ុន្តែ​ធាតុ​ពិត​ទៅ ខ្លឹមសារ​​ពិត​ប្រាកដ​នៃ​សន្តិភាព​មិន​មែន​មាន​ត្រឹម​ប៉ុណ្ណឹង​ទេ​! សន្តិភាព​ក៏​សំដៅ​ផង​ដែរ ដល់​ភាព​ស្ងប់​សុខ​នៃ​ផ្លូវ​ចិត្ត​។

តាម​រយៈ​និយមន័យ​នេះ កម្ពុជា​ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​ប្រទេស​ដែល​មាន​សន្តិភាព ធាតុ​ពិត​ទៅ មិន​ទាំង​ស្រុង​ទេ​។ កម្ពុជា​គ្រាន់​តែ​ជា​ប្រទេស​ដែល​គ្មាន​សង្គ្រាម ប៉ុន្តែ​កម្ពុជា​នៅ​មិន​ទាន់​មាន​សន្តិភាព​ពេញ​លេញ​នៅ​ឡើយ​។ គ្មាន​សន្តិភាព​ពេញ​លេញ ព្រោះ​ប្រជាជាតិ​កម្ពុជា​ត្រូវ​ប្រឈម​មុខ​នឹង​អារម្មណ៍​ភ័យ​ខ្លាច ព្រួយ​បារម្ភ មិន​ស្ងប់​សុខ​ក្នុង​ចិត្ត ជា​រៀង​រាល់​ថ្ងៃ​​ ដោយ​សារ​តែ​បញ្ហា​អសន្តិសុខ​សង្គម​។
 
អំពើ​ឃាតកម្ម ចង​អាឃាត កាប់​សម្លាប់ ចាប់​រំលោភ អំពើ​លួច​ប្លន់ គ្រឿង​ញៀន គ្រឿង​ស្រវឹង ល្បែង​ស៊ីសង គ្រោះ​ថ្នាក់​ចរាចរណ៍ និង​អំពើ​អយុត្តិធម៌​សង្គម​ដទៃទៀត បាន​ធ្វើ​ឲ្យ​ពន្លឺ​សន្តិភាព​​នៅ​កម្ពុជា​ប្រែ​ជា​ស្រអាប់​។ ប្រជាជន​កម្ពុជា​ត្រូវ​រស់​នៅ​ជាមួយ​អារម្មណ៍​ព្រឺ​ខ្លាច គ្រប់​ពេល​វេលា ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​បើក​ទូរទស្សន៍ ឬ​មើល​កាសែត​ដែល​ចុះ​ផ្សាយ​ពេញ​ទៅ​ដោយ​ព័ត៌មាន​អន្តិសុខ​សង្គម​ទាំង​នេះ​។

ជា​ការពិត បើ​និយាយ​ដល់​បញ្ហា​អសន្តិសុខ​សង្គម ប្រទេស​ណា​ក៏​មាន​ដែរ​ បើ​ទោះ​បី​ជា​ប្រទេស​​នោះ​អភិវឌ្ឍ​ដល់​កម្រិត​កំពូល​ហើយ​ក៏​ដោយ​។ ប៉ុន្តែ​ហេតុផល​នេះ មិន​គួរ​ក្លាយ​ទៅ​ជា​លេស​របស់​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​ដទៃទៀត នៅ​ក្នុង​ការ​ដោះ​ស្រាយ និង​បង្ក្រាប​បញ្ហា​អសន្តិសុខ​សង្គម​នោះ​ទេ​។
 
កន្លង​មក រដ្ឋាភិបាល​កម្ពុជា​មែន​ទែន​ទៅ ក៏​មិន​បាន​ព្រងើយ​កន្ដើយ​ចំពោះ​បញ្ហា​នេះ​ដែរ​។ តាំង​ពី​ឆ្នាំ​២០១០​មក រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុង​គោលដៅ​កាត់​បន្ថយ​បទល្មើសឲ្យ​បាន​ជា​អតិបរមា​​នៅ​ថ្នាក់​មូលដ្ឋាន។ បទល្មើស​ដែល​​មានជា​អាថិ៍​​អំពើ​ចោរកម្ម អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញ​ដូរ​មនុស្ស គ្រឿង​ញៀន ល្បែង​ស៊ីសង សកម្មភាព​ទំនើង និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ការ​អនុវត្ត​គោលនយោបាយ​នេះ នៅមិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ​។ សព្វ​ថ្ងៃ បញ្ហា​អសន្តិសុខ​នៅ​តែ​បន្ត​កើត​មាន​។ នោះ​ក៏​ព្រោះ​តែ​ទី​១៖ សមត្ថភាពមាន​កម្រិត​​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ទប់​ស្កាត់​ឬ​វែក​មុខ​ជន​ដៃដល់​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​។ ទី​២៖ ការ​ឃុប​ឃិត​គ្នា​រវាង​ជន​ល្មើស​និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ដើម្បី​បិទបាំង​សកម្មភាព​ល្មើស ជា​ថ្នូរ​នឹង​ផល​ប្រយោជន៍​ណា​មួយ​។ និង​ទី​៣៖ ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម ខណៈ​ពេល​ដែល​ប្រព័ន្ធ​នីតិរដ្ឋ​មាន​សភាព​ទន់​ខ្សោយ​។
 
ប្រឈម​មុខ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការងារ​មួយ​ចំនួន​​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​។ ដំបូង​បង្អស់​គឺ ត្រូវ​បង្កើន​សមត្ថភាព​ជំនាញ វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ឲ្យ​ពួក​គេ​អាច​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព ចៀស​ផុត​ពី​សម្ពាធ​នៃ​ផល​ប្រយោជន៍​ឬ​អំណាច​។ ការងារ​នេះ និយាយ​ដោយ​ខ្លី​គឺ​ពង្រឹង​និង​ពង្រីក​​គោលនយោបាយ​ដែល​មាន​ស្រាប់​។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​ពិចារណា​ពិនិត្យ​ឡើង​វិញ​ផង​ដែរ ថា​តើ​អ្វី​ទៅ​ជា​មូលហេតុ​ពិត​ប្រាកដ​នៅ​ពីក្រោយអប្រសិទ្ធភាព​នៃ​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​កន្លង​មក​? ថា​តើ​គោលនយោបាយ​នោះ ត្រូវ​ការ​ការ​កែ​សម្រួល​ឡើង​វិញ​ឲ្យ​ស្រប​ទៅ​តាម​បរិបទ​សង្គម​សម័យ​ថ្មី​ដែរ​ឬ? ឬ​ត្រូវ​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​តែ​ម្ដង ដើម្បី​ដោះ​ស្រាយ​បញ្ហា​អសន្តិសុខ​សង្គម​នេះ?

ការ​កម្ចាត់​បញ្ហា​អសន្តិសុខ​ឲ្យ​ខ្ទាត​ផុត​ពី​ផ្ទៃ​ប្រទេស គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​។ ប៉ុន្តែ​យន្តការ​បង្ការ​នានា​ដែល​អាច​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ​បាន គឺ​ជា​រឿង​ចាំ​បាច់​ដែលត្រូវ​តែ​ធ្វើ​ខាន​មិន​បាន​។ អសន្តិសុខ ស្ដាប់​ទៅ​ហាក់​ដូច​ជា​​រឿង​ធម្មតា ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​​ខ្លាំង​។ ភាព​ភ័យ​ខ្លាច​នេះ​ហើយ ដែល​រារាំង​មិន​ឲ្យ​កម្ពុជា​ស្គាល់​សន្តិភាពឲ្យ​បាន​ពេញ​លេញ​ពិត​ប្រាកដ​ បើ​ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ កម្ពុជាឆ្លង​ផុត​ពី​សមុទ្រ​សង្គ្រាម​បាន​ជាង​៣​ទសវត្ស​ហើយ​ក៏​ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ