អានតួអត្ថបទ
កម្ពុជា

ខួប​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ មាន​ការ​ឱ្យ​តម្លៃ​ផ្សេង​គ្នា​

នៅ​ថ្ងៃ​ទី​២៣ ​តុលា ​២០១៥ ​នេះ​គឺ​ជា​ខួប​ទី​២៤​ ឆ្នាំ​ នៃ​កិច្ច​ព្រម​ព្រៀងស​ន្តិភាព​ទីក្រុង​ប៉ារីស។ ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ជម្លោះ​នៅ​កម្ពុជា​ទាំង​៤​ បាន​ចុះ​ហត្ថលេខា​បញ្ចប់​សង្គ្រាម​ស៊ីវិល​៣​ទស្សវត្ស​នៅ​កម្ពុជា។ ទន្ទឹម​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រារព្ឋ​ខួប ​នៅ​ខេត្ត​កំពង់​ស្ពឺ ​ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​មិន​បាន​ប្រារព្ឋ​ខួប​នេះ​នោះ​ទេ។ ​ប៉ុន្តែ​ក្រុម​យុវជន​មួយ​ចំនួន​បាន​ប្រារព្ឋ​ខួប​ប្រវត្តិសាស្ត្រ​នេះ​ នៅ​ខេត្ត​ចំនួន​៥​ផ្សេង​គ្នា​ផង​ដែរ។​

សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​
សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​ @Samdech Hun Sen
ផ្សាយពាណិជ្ជកម្ម

ការ​ប្រារព្ឋ​ខួប​២៤​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១ ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​តម្លៃ​ជា​ព្រឹត្តិការណ៍​ធំ ​ប៉ុន្តែ​រដ្ឋាភិបាល​ នៃ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ផ្សេង​ៗ​ មិ​នបាន​ប្រារព្ឋ​ទិវា​នេះ​នោះ​ទេ។​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ ​និង​សមាជិក​នៅ​ខេត្ត​កំពង់​ស្ពឺ​ដែល​មាន​ការ​ចូលរួម​ពី​ប្រធាន​ស្តីទី​គណបក្ស​លោក ​កឹម សុខា។ ​សម្រាប់​លោក​ កឹម សុខា ​កិច្ច​ព្រមព្រៀង​ដែល​មាន​អាយុ​២៤​ឆ្នាំ​នេះ​ គឺ​«ជា​ការ​ផ្តល់​កំណើត​ថ្មី​ដល់​កម្ពុជា ​និង​ជាមូលដ្ឋាន​ដ៏​សំខាន់ ​ឈាន​ទៅ​អនុម័ត​រដ្ឋ​ធម្មនុញ្ញ​ និង​បង្កើត​ឲ្យ​មាន​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​កម្ពុជា»។ ទន្ទឹម​នឹ​ងនេះ​ លោក ​កឹម សុខា ​ក៏​បាន​អំពាវនាវ​ជា​ទូទៅ​ដល់​គ្រប់​ភាគី​នយោបាយ​ឱ្យ​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម​ផង​ដែរ។​

ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដូចជា​រដ្ឋាភិបាល​វិញ​ មិន​បាន​ប្រារព្ឋ​ខួប​ទី​២៤​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​នោះ​ទេ។ ​លោក​ សុខ ​ឥសាន្ត​ អ្នកនាំពាក្យ​គណបក្ស​បាន​មាន​ប្រសាសន៍​ថា​ ការ​គោរព​កិច្ច​ព្រម​ព្រៀង​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​ អុចធូ​ប​គោរព​នោះ​ឡើយ។​ គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​រដ្ឋាភិបាល​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ​បាន​អនុវត្ត​ និង​គោរព​នៅ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​យ៉ាង​ខ្ជាប់​ខ្ជួន។ បន្ថែ​មពី​នេះ​ គណបក្ស​កាន់​អំណាច​មិន​ត្រឹម​តែ​ជា​ស្ថាបនិក​នោះ​ទេ ​ថែម​ទាំង​ជា​អ្នក​បង្រួប​បង្រួម​ឱ្យ​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៨​មក។​ ពោល​គឺ​ ៧​ឆ្នាំ​ក្រោយ​ការ​ចុះ​ហត្ថលេខា។ ​ឆ្នាំ​១៩៩៨ ​ជា​ឆ្នាំ​ដែល​រលាយ​បាត់​ទៅ​នៃ​កម្លាំង​ទ័ព​ព្រៃ​ខ្មែ​រក្រហម ​ក្រោយ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល។​

ចំណែក​ឯគណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​ស្ថាបនិក​មួយ​រូប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​ស​នេះ​ដែរ​ មិន​បាន​ប្រារព្ឋ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែរ។​ សម្រាប់​ហ៊្វុនស៊ិនប៉ិច​ កិច្ច​ព្រមព្រៀង​​ក្រុង​ប៉ារីស​ គឺ​ជា​ស្នា​ព្រះហស្ថ​របស់​អតីត​ព្រះ​មហាក្សត្រ​សម្តេ​ចឪ​ នរោត្តម​សីហនុ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ​ញ៉េប ប៊ុនជិន​ អ្នក​នាំពាក្យ​គណបក្ស។​

ខុស​ពី​គណបក្ស​កាន់​អំណាច ​និង​ហ៊្វុនស៊ិនប៉ិច​ ក្រុម​យុវជន​ដែល​មាន​ឈ្មោះ​ថា ​ក្រុម​ប្រឹក្សា​កិច្ច​ការ​សាធារណៈ​កម្ពុជា​វិញ​ ក៏​បាន​ប្រារព្ឋ​ការ​ជួបជុំ​ដើម្បី​រំលឹក​ទិវា​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ដែរ។​ លោក​ បូពៅ ​អ្នក​រៀប​ចំ​កម្មវិធី​ បាន​ឱ្យ​ដឹង​ថា ​ក្រុម​របស់​លោក​បាន​រៀបចំ​ប្រារព្ឋ​កម្មវិធី​នេះ​ចំនួន​ ៥​កន្លែង​ផ្សេង​គ្នា​ ដូចជា​នៅ​ភ្នំពេញ ​ខេត្ត​តាកែវ ​កំពង់ចាម ​បាត់​ដំបង ​និង​សៀមរាប​ជា​ដើម។ ​ជា​ការ​ជួបជុំដើ​ម្បី​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ បើទោះបី​ជា​ការ​ជួបជុំ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ពី​អាជ្ញាធរ​ឱ្យ​បញ្ចប់​មុន​ការ​គ្រោង​ទុក​ក៏​ដោយ។​

សូម​រំលឹក​ថា ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​ តុលា ​ឆ្នាំ​១៩៩១ ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​គ្រប់​គូ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ដើម្បី​សង្គ្រាម​ស៊ីវិល​ជាង​៣​ទស្សវត្ស​នៅ​កម្ពុជា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ