អានតួអត្ថបទ
កម្ពុជា

សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរឆ្នាំ

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី១០​កញ្ញា​នេះ​បាន​បើក​សវនាការ​កាត់​ទោស ​លោក អ៊ុក ពេជ្រសំណាង​ សកម្មជន​គណបក្ស​សង្រ្គោះជាតិឲ្យ​ជាប់​ពន្ធនាគា​ចំនួន​២ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​១៤​លានរៀល​ពី​បទ​បង្ក​អំពើ​ហិង្សា​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​។ លោក ​អ៊ុក ពេជ្រសំណាង ​ដែល​កំពុង​ជាប់​ពន្ធនាគា​ស្រាប់​នោះ ក៏​កំពុង​ជាប់ចោទ​ក្នុង​ករណី រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៤ផងដែរ។

លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្រ្គោះជាតិ
លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្រ្គោះជាតិ @Ouk Pichsamnang
ផ្សាយពាណិជ្ជកម្ម

លោក ​អ៊ុក ពេជ្រសំណាង​ សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃទី​ ១០​ កញ្ញា ​នេះ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​ រយៈពេល​ពីរ​ឆ្នាំ ពីបទ​បង្ក​អំពើ​ហិង្សា​ និង​ប្រឆាំង​អ្នក​រាជការសាធារណៈ។ ជាមួយគ្នា​នេះ​ សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​ ក៏ត្រូវ​បាន​តុលាការ ​ពិន័យ​ជាទឹក​ប្រាក់​ចំនួន​ ១៤លានរៀល ផងដែរ។

លោក​ ជួង ជូងី ​មេធាវី​ការពារក្តី​របស់ ​លោក​ អ៊ុក ពេជ្រ​សំណាង​ បាន​និយាយ​ថា ​ការផ្តន្ទនា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​២ឆ្នាំ ​និងពិន័យ​ជាទឹកប្រាក់​ ១៤ ​លានរៀល​គឺជា​អំពើអយុត្តិធម៌​សម្រាប់​កូនក្តី​របស់​លោក។ អយុត្តិធម៌​ដោយ​សារតែ ​នៅ​ពេល​សួរ​ដេញដោល​នៅក្នុង​តុលាការ​ មិនមាន​ភស្តុតាង​ឬសាក្សី​ណាមួយ​បញ្ជាក់ថា ​លោក ​អ៊ុក ពេជ្រសំណាង បាន​ប្រើ​ហឹង្សា​ទៅលើ​នរណា​ម្នាក់​ឡើយ​ សូម្បី​តែ​សន្តិសុខ​ដែល​ជា​ជនរងគ្រោះ​ ដោយ​សារ​តែការ​ប៉ះ​ទង្គិច​គ្នា​នៅថ្ងៃ​កើតហេតុ​នោះ។

ជាពិសេស ​នៅពេល​ដែល​តុលាការ​ចាក់​វីដេអូឃ្លីប ​ក៏មិន​ឃើញ​មាន​វត្តមាន​ កូនក្តី​របស់លោក​ធ្វើ​សកម្មភាព​អ្វី ​នោះដែរ។ ចំណែក​ឯលោក អ៊ុក ពេជ្រ​សំណាង​ បាន​ស្រែក​​ថា ​នេះ​ជា​រឿង​អ​យុ​ត្តិ​ធម៌​សម្រាប់រូប​លោក ហើយ​ថា នេះគឺ​ជា​រឿងនយោបាយ។ លោក​ថា ​អ្វីដែល​លោក​​បាន​ធ្វើ​គឺ​ការ​ងារ​ជួយសង្គម​តែ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក អ៊ុក ពេជ្រ​សំណាង កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ក៏​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំផងដែរ ពី​បទចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤​។ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាំងពីរ​នេះ​ មានន័យ​ថា លោក​ អ៊ុក ពេជ្រសំណាង ត្រូវ​ជាប់​ពន្ធនាគា​ដល់​ទៅ​៩​ឆ្នាំ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ ជូង ជូងី​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ពេជ្រ សំណាង បាន​បញ្ជាក់​ថា លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​នៅ​ពេល​ខាង​មុខ៕

អត្តបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ