អានតួអត្ថបទ
កម្ពុជា

​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​ឆ្ដោ​ឡើង​វិញ៖ ​សេដាក​យល់​ថា​ល្អ តែត្រូវ​ធានា​ថា​មិន​យក​កូន​ត្រី​ធ្វើ​ចំណី

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្ដោ​ឡើង​វិញ ជា​លក្ខណៈ​គ្រួសារ​និង​ពាណិជ្ជកម្ម បន្ទាប់​ពី​បាន​ទទួល​សំណើ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ បើ​តាម​ក្រសួង​កសិកម្ម ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​និង​ត្រី​រ៉ស់ អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ត្រី​មក​ពី​ក្រៅ​ប្រទេស និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។ អង្គការ​សេដាក យល់​ថា ការ​អនុញ្ញាត​​ឲ្យ​ចិញ្ចឹម​ត្រី​ឆ្ដោ​ឡើង​វិញ គឺ​ជា​រឿង​ល្អ ប៉ុន្តែរដ្ឋាភិបាល​ត្រូវ​ធានា​ថា មិន​យក​កូន​ត្រី​ធ្វើ​ចំណីឡើយ​។

ការ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា
ការ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ត្រី​នៅ​ក្នុង​ធម្មជាតិ​មាន​បរិមាណ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេដាក យល់​ឃើញ​ថា ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្ដោ​ឡើង​វិញ គឺ​ជា​រឿង​ល្អ​​។ ល្អ​ព្រោះ​វា​អាច​ជួយ​ផ្គត់​ផ្គង់​តម្រូវ​ការ​បរិភោគ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បង្កើន​ជីវភាព​អ្នក​ចិញ្ចឹម​ត្រី​។ បើ​តាម​លោក សម វិទូ ត្រី​រ៉ស់​និង​ត្រី​ឆ្ដោ ជា​ប្រភេទ​ត្រី​ដែល​ប្រជាជន​ខ្មែរ​ទូទៅ​និយម​ចូល​ចិត្ត​បរិភាគ​។ ត្រី​ប្រភេទ​នេះ មាន​ប្រូតេអ៊ីន​ច្រើន និង​មាន​តម្លៃ​ថ្លៃ​។ សព្វ​ថ្ងៃ ត្រី​រ៉ស់​និង​ត្រី​ឆ្ដោ​ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ ភាគ​ច្រើន​គឺ​ជា​ត្រី​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​។

យ៉ាង​ណា​ក៏​ដោយ នាយក​ប្រតិបត្តិ​អង្គការ​សេដាក​រូប​នេះ នៅ​តែ​ព្រួយ​បារម្ភ​ អំពី​ការ​ប្រើ​ប្រាស់​​កូន​ត្រី​យក​ទៅ​ធ្វើ​ជា​ចំណី​សម្រាប់​ត្រី​ឆ្ដោ​។ លោកថា រដ្ឋាភិបាល​គួរ​មាន​គោលការណ៍​កំណត់​ច្បាស់​លាស់​អំពី​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​ឆ្ដោ ដែល​អាច​ប្រើ​ប្រាស់​កាក​សំណល់​ពី​សត្តឃាត​ដ្ឋាន​ជំនួស​វិញ​។

សូម​ជម្រាប​ជូន​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល ​អនុញ្ញាត​ឲ្យចិញ្ចឹម​ត្រី​រ៉ស់​និង​ត្រី​ឆ្ដោ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦​នេះ កើត​ឡើង​តាម​រយៈ​សំណើ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ លោក វេង សាខុន រដ្ឋ​មន្ដ្រីក្រសួង​កសិកម្ម​ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី បាន​បញ្ជាក់​ថា នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន ការ​ចិញ្ចឹម​ត្រី​រ៉ស់ អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ផ្ដល់​ចំណី​សិប្បនិមិត្ត ហើយ​មាន​ការ​លូត​លាស់​លឿន​ជាង​ការ​ផ្ដល់​ចំណី​ជា​ប្រភេទ​កូន​ត្រី​ទៀត​ផង​។ ដោយ​ឡែក សម្រាប់​ត្រី​ឆ្ដោ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ចំណី​សិប្បនិមិត្ត​ក៏​ដោយ ក៏​គេ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កូន​ត្រី​សម្រាប់​ជា​ចំណី​ទៀត​ដែរ​។ គេ​អាច​ប្រើ​ប្រភេទ​ត្រី​សមុទ្រ​ល្អិត​ៗ ដែល​កម្ពុជា​មាន​ប្រមាណ​ជា​៦​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ គេ​អាច​ប្រើ​សាច់​កណ្ដុរ កាក​សំណល់​ពី​សត្តឃាតដ្ឋាន និង​សាច់​ខ្យង​មាស​ដែល​បំផ្លាញ​ដំណាំ​ស្រូវ​ ជា​ចំណី​សម្រាប់​ត្រី​ឆ្ដោ​ក៏​បាន​។

គួរ​រំលឹក​ថា ត្រី​ឆ្ដោ​និង​ត្រី​រ៉ស់ ត្រូវ​បាន​ហាម​ឃាត់​លែង​ឲ្យ​ចិញ្ចឹម​នៅ​កម្ពុជា តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០០៤ ក្រោម​ហេតុ​ផល​ថា ការ​ចិញ្ចឹម​ប្រភេទ​ត្រី​ទាំង​២​នេះ នាំ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ស្បៃ​មុង​ចាប់​​កូន​ត្រី​ ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំណី​ត្រី​។ សកម្មភាព​នេះ​បាន​បំផ្លាញ​ធនធាន​ត្រី​ក្នុង​ទឹក​សាប។ ម្យ៉ាង វា​ជា​បទ​ល្មើស​នេសាទ​ដែល​ពិបាក​ទប់​ស្កាត់​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក្រសួង​កសិកម្ម​និង​ស្ថាប័ន​ពាក់ព័ន្ធ​តែង​តែ​រក​ឃើញ​ថា ការ​លួច​លាក់​ចិញ្ចឹម​ត្រី​ឆ្ដោ​ជា​លក្ខណៈ​គ្រួសារ នៅ​តែ​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ