អានតួអត្ថបទ
កម្ពុជា

មន្ត្រីសិទ្ធិ​មនុស្ស អ.ស.ប ​ជំរុញ​ឲ្យ​ព្រឹទ្ធ​សភា​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ LANGO

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ខាង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ម្សិល​ម្ងៃ ​ដោយបាន​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​បដិសេធ​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ សេចក្តី​ព្រាង​ច្បាប់​ដែល​រង​ការ​រិះគន់​នេះ ត្រូវ​បាន​រដ្ឋសភា​កម្ពុជា​អនុម័ត​រួចហើយ​កាល​ពី​ថ្ងៃទី​១៣​កក្កដា និង​កំពុង​បញ្ជូន​បន្ត​ទៅ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​និង​ផ្តល់យោបល់​។

សកម្មជន​​សិទ្ធិមនុស្ស​​មក​ពី​​សហគមន៍​​មូលដ្ឋាន​ទាំង​២៤ខេត្ត​-​រាជធានី​​​លើក​​ញ្ញតិ្ត​​ស្នាម​​មេដៃ​​ជាង​១ម៉ឺន​ឈរ​តវ៉ា​​​ប្រឆាំង​​នឹង​ការ​បង្កើត​​ច្បាប់​សមាគម​​និង​​អង្គការ​​មិនមែន​រដ្ឋាភិបាល​​
សកម្មជន​​សិទ្ធិមនុស្ស​​មក​ពី​​សហគមន៍​​មូលដ្ឋាន​ទាំង​២៤ខេត្ត​-​រាជធានី​​​លើក​​ញ្ញតិ្ត​​ស្នាម​​មេដៃ​​ជាង​១ម៉ឺន​ឈរ​តវ៉ា​​​ប្រឆាំង​​នឹង​ការ​បង្កើត​​ច្បាប់​សមាគម​​និង​​អង្គការ​​មិនមែន​រដ្ឋាភិបាល​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែង​ការណ៍​របស់​លោក ម៉ៃ​ណា គី​អៃ (Maina Kiai) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ខាង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ស្តីពី​ការ​បង្កើត​សមាគម​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១៥​កក្កដា ពោល​គឺ​២​ថ្ងៃ​ក្រោយ​ដែល​រដ្ឋសភា​ជាតិ​កម្ពុជា​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ កាល​ពី​ថ្ងៃទី​១៣​កក្កដា។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ពី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស ហើយ​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ទើប​នឹង​ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​រិះ​គន់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា បាន​គំរាមកំហែង​ដល់​សេរីភាព​និង​ឯករាជ​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អ្នករាយ​ការណ៍​ពិសេស​រូប​នេះ ក៏​បាន​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​បដិសេធ​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ថែម​ទៀត។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​៩​ជំពូក​និង​៣៦មាត្រា ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​សប្តាហ៍​មុន ដោយ​សំលេង​៦៨​លើ​៦។ ការ​អនុម័ត​នោះ មិន​មាន​ការ​ចូលរួម​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង​ទាំង៥៥រូប​នោះ​ទេ ខណៈដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ជា​ច្រើន​ក៏បាន​លើក​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះដែរ។ ភ្លាម​ៗ​ក្រោយ​ពី​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​ជា​ភាគី​មួយ​ក្នុងការ​ផ្តល់​ជំនួយ​ដ៏​ធំ​ដល់​ប្រទេស​កម្ពុជា​នោះ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការអនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​មិន​ដាក់​បញ្ចូល​នូវ​សេចក្តី​ព្រួយ​បារម្ភ​ផ្សេង។

គួរ​ជម្រាប​ជូន​ថា នៅ​ថ្ងៃទី​១៧​កក្កដា​នេះ ព្រឹទ្ធសភា​កម្ពុជា ក៏​បាន​បើក​កិច្ច​ប្រជុំ​ពេញ​របស់​ខ្លួន​ដែរ តែ​គេ​មិន​បាន​ឃើញ​មាន​ការ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពី សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​នេះ​ទេ។ បើ​តាម​លោក គង់ គាំ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី សេចក្តី​ព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​គណៈកម្មការ​ទី៤​នៃ​ព្រឹទ្ធសភា។ លោក​បាន​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ ព្រឹទ្ធសភា​អាច​នឹង​លើក​យក​សេចក្តីព្រាងច្បាប់​នេះ​មក​ពិភាក្សា​និង​អនុម័ត​នៅ​ថ្ងៃទី​២២​ខែកក្កដា​សប្តាហ៍​ក្រោយ ដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ចំនួន​១១​រូប នឹង​មិន​ចូលរួម​ប្រជុំ​អនុម័ត​នោះ​ទេ។ ព្រោះ​បើ​តាម​សមាជិក​ព្រឹទ្ធសភា​វ័យ​ចាស់​របស់​គណបក្ស​សមរង្ស៊ី​រូប​នេះ លោក​គ្មាន​ជំនឿ​ថា សេចក្តីព្រាងច្បាប់​នេះ នឹង​មាន​ការកែ​សម្រួល​បន្ថែម​នោះ​ទេ ក្រៅ​ពី​ការ​ធ្វើ​ទៅ​តាម​ការ​អនុម័ត​របស់​រដ្ឋសភា​រួច​ទៅ​ហើយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ