អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«ច្បាប់អង្គការ» ​ជាឧបករណ៍​រារាំងសេរីភាព​សង្គមស៊ីវិល ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចេញ​ប្រតិកម្ម​សា​ជាថ្មី​ម្តង​ទៀត​នៅ​ក្នុង​សប្តាហ៍​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​សេចក្តី​ព្រាងច្បាប់​លើក​ទី២​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ។​ សេចក្តីព្រាងច្បាប់​ទី២​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ខែ​មីនា​បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍​​ជាច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល។ ​ក៏ប៉ុន្តែ ​សេចក្តីព្រាង​ច្បាប់​កែប្រែ​ថ្មី​នេះ​ក៏​មិន​បាន​ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​ ពេញ​ចិត្ត​ដែរ។ ​ពួកគេ​អះអាង​ថា​ មានតែ​ចំណុច​តូចតាច​មួយចំនួន​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កែប្រែ ​រីឯ​ចំណុច​សំខាន់ៗ​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នោះ​មិន​ត្រូវ​បាន​ កែប្រែ​ឡើយ។ ​តើ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​រដ្ឋាភិបាល​គ្រោង​បញ្ជូន​ទៅ​សភា​អនុម័ត​នៅ ​ពេល​ខាងមុខ​នេះ​ពិត​ជា​ឧបករណ៍​រារាំង​សេរីភាព​សង្គម​ស៊ីវិល​មែន​ឬ? 

សេចក្តី​ព្រាង​ច្បាប់​​ដែល​មាន​​១១​ជំពូក​និង​៥៨​មាត្រា​​នឹង​ត្រូវ​​គេ​​បញ្ជូន​​ទៅ​រដ្ឋសភា​​
សេចក្តី​ព្រាង​ច្បាប់​​ដែល​មាន​​១១​ជំពូក​និង​៥៨​មាត្រា​​នឹង​ត្រូវ​​គេ​​បញ្ជូន​​ទៅ​រដ្ឋសភា​​ ®​ បូណា
ផ្សាយពាណិជ្ជកម្ម

ជាច្រើន​ខែ​មក​ហើយ​ដែល​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ឬ​ហៅ​ដោយ​ខ្លី​ថា «​ច្បាប់អង្គការ» ​បាន​បង្កើត​ឱ្យ​មាន​បរិយាកាស​តានតឹង​រវាង​សង្គម​ស៊ីវិល ​និង​រដ្ឋាភិបាល។ ​អង្គការ​សង្គម​ស៊ីវិល​បាន​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​ដើម្បី​កែ​លម្អ​សេចក្តី​ព្រាង​ច្បាប់​នេះ​បន្ទាប់ពី​ការ​រារាំង​ច្បាប់​នេះ​មិន​ឱ្យ​ចេញ​ជា​រូបរាង​ត្រូវ​ជួប​នឹង​បរាជ័យ​រួច​មក។

 
រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​បំណង​ដ៏​មោះ​មុត​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​នេះ​ឡើង​ក្នុង​គោលដៅ​ដែល​គេ​ពន្យល់​ថា​ដើម្បី​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​មាន​សណ្តាប់ធ្នាប់​និង​តម្លាភាព ​ជាពិសេស​គឺ​ចៀស​ផុត​ពី​ការ​ជ្រកកោន​របស់​ក្រុម​ភេរវករ​ក្រោម​ស្លាក​សង្គម​ស៊ីវិល។​ មាន​ហេតុផល​ច្រើន​យ៉ាង​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ឡើង៖

ទី១៖ ​កម្ពុជា​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​គឺជា​«ឋានសួគ៌» ​នៃ​អង្គការ​សង្គម​ស៊ីវិល​ នេះជា​ពាក្យ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រើប្រាស់​ជាច្រើន​ដង​នៅ​ក្នុង​សុន្ទរកថា​សាធារណៈ​របស់​ខ្លួន។​ ឋានសួគ៌​ពីព្រោះតែ​ប្រទេស​ដ៏​តូច​មួយ​នេះ ​មាន​អង្គការ​សង្គម​ស៊ីវិល​ច្រើន​ពាន់​អង្គភាព​កំពុង​ធ្វើ​សកម្មភាព។ ​សកម្មភាព​ដ៏​គគ្រឹក​គគ្រេង​បែប​នេះ​នាំឱ្យ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ពី​ភាព​អនាធិបតេយ្យ។

ទី២៖​ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​បង្ក​បញ្ហា​នៅ​ក្នុង​សង្គម ​និង​មួយចំនួន​ទៀត​បង្កើត​ឡើង​ដើម្បី​គ្រាន់តែ​ស្វែងរក​លាភ​សក្ការៈ។ ​លើសពី​នេះ ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ទៀត​បាន​ក្លាយ​ជា​ជម្រក​របស់​ភេរវករ​ដូចជា​ក្រុមចលនា ​CFF ​និង​ការ​សំងំ​លាក់​ខ្លួន​ក្រោម​ស្លាក​សង្គម​ស៊ីវិល​របស់​មេភេរវករ​ ហាំ បាលី ​ជាដើម។

ទី៣៖ ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​សម្រាប់​ជា​ឈ្នាន់​ឈាន​ទៅ​កាន់​ឆាក​នយោបាយ។ ​សង្គម​ស៊ីវិល​ប្រភេទ​នេះ​ធ្វើ​សកម្មភាព​មិន​ខុស​អ្វី​ពី​អ្នក​នយោបាយ​ឡើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​វិល​ក្បុង​ជារឿយៗ។ ​ហេតុផល​សំខាន់ៗ​ទាំង​នេះ ​បង្កើត​ជា​ទឡ្ហីករណ៍​គ្រប់​គ្រាប់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ឡើង។

ប៉ុន្តែ ​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ជា​ឧបករណ៍​សម្រាប់​«រារាំង»​ សេរីភាព​របស់​ពួកគេ​ទៅ​វិញ។ ​ហេតុផល​របស់​ក្រុម​សង្គម​ស៊ីវិល​គឺ​ ច្បាប់​នេះ​បាន​បង្កភាព​ស្មុគ​ស្មាញ​សម្រាប់​ពួកគេ ​និង​ជា​ពិសេស​ច្បាប់​នេះ​អាច​នឹង​ត្រូវ​គេ​ប្រើប្រាស់​ជា​ឧបករណ៍​រារាំង​សេរីភាព​របស់​សង្គម​ស៊ីវិល ​ជាពិសេស​អង្គការ​ណា​ដែល​ធ្វើ​សកម្មភាព​ខ្លាំង​ដូច​ជា​អង្គការ​ដែល​ធ្វើ​ការងារ​ខាង​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​ជាដើម។

ការ​តម្រូវ​ឱ្យ​សមាគម​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​តែ​ចុះបញ្ជី ​និង​ការ​ផ្តល់​អំណាច​ឱ្យ​អាជ្ញាធរ​អាច​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ដោយ​ស្រួល។ល។ ​និង​។ល។ ​សុទ្ធ​សឹង​ជា​លក្ខខណ្ឌ​ដែល​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ជា​ឧបសគ្គ​ធំធេង​សម្រាប់​សកម្មភាព​របស់​ពួកគេ។​ យ៉ាងណា​ក៏ដោយ​សេចក្តីព្រាង​ច្បាប់​ដែល​មាន​១១​ជំពូក និង​៥៨​មាត្រា​នេះ​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ ​សំណួរ​ដែល​សំខាន់​នៅ​ទីនេះ​គឺ​ តើ​ច្បាប់​នេះ​មាន​គោលដៅ​ត្រឹម​បំបាត់​ភាព​អនាធិបតេយ្យ​ក្នុង​ពិភព​សង្គម​ស៊ីវិល​ ឬ​ក៏​មាន​បង្កប់​ចេតនា​លើស​ពី​នេះ? ​ចម្លើយ​ជាក់​លាក់​តប​ទៅ​នឹង​សំណួរ​នេះ​ពិតជា​ពិបាក​នឹង​រក ​ក៏​ប៉ុន្តែ ​ភាព​មន្ទិល​សង្ស័យ​បាន​ធ្វើ​ឱ្យ​មាន​សេចក្តី​សន្និដ្ឋាន​មួយចំនួន​ក្នុង​ទិសដៅ​នេះ​រួច​ទៅ​ហើយ​។

សរុប​មក​វិញ ​អង្គការ​សង្គម​ស៊ីវិល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ​ក្នុងនាម​ជាអ្នក​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រទេស​មាន​ច្បាប់​និង​គោរព​ច្បាប់ ​សង្គម​ស៊ីវិល​ខ្លួនឯង​មិន​ត្រូវ​គេច​វេះ​ពី​ការ​គ្រប់គ្រង​របស់​ច្បាប់​ឡើយ​។ ​ក៏ប៉ុន្តែ ​ច្បាប់​ក៏​មិន​គួរ​ក្លាយ​ជា​ឧបករណ៍​រារាំង​សេរីភាព​របស់​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ដើម្បី​គោលដៅ​ត្រឹមត្រូវ​នោះ​ឡើយ​ពីព្រោះ​សង្គម​ស៊ីវិល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។
ក្នុង​បរិបទ​នេះ ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​គួរតែ​ចំណាយ​ពេល​វេលា​ឱ្យ​បាន​ច្រើន​ដើម្បី​ស្វែង​យល់​ពីគ្នា​ទៅវិញ​ទៅ​មក​ហើយ​រក​ឱ្យ​ឃើញ​នូវ​ដំណោះស្រាយ​សមស្រប​មួយ​ដែល​ទាំង​អស់​គ្នា​អាច​ទទួល​ផល​ប្រយោជន៍​ពី​ច្បាប់​នេះ​ជា​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ក្រសែភ្នែក​ជាគូ​សត្រូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ