អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ល្បែង ​របាំ ​ប្រជាប្រិយ​​ខ្មែរ​​កាន់តែ​​រសាត់​​ឆ្ងាយ​​ពី​​យុវជន​​សម័យ​ថ្មី!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធីបុណ្យ​ចូលឆ្នាំថ្មី នឹង​ចូល​មកដល់​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខនេះ។ ប្រជាពលរដ្ឋ​ខ្មែរ​ទន្ទឹងរង់ចាំ​ពិធីបុណ្យ​នេះ​ដោយ​ក្តី​រីករាយ ប៉ុន្តែ ល្បែង របាំ​ប្រជាប្រិយ​ខ្មែរ​ហាក់​កំពុង​រសាត់​ឆ្ងាយ​បន្តិចម្តងៗពី​អារម្មណ៍​របស់​យុវជន​ខ្មែរ​សម័យ​បច្ចុប្បន្ន។ ខុសពី​ទសវត្សរ៍មុនៗដែល​យុវជន​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​យ៉ាង​កងរំពង​នោះ បច្ចុប្បន្ន មិនសូវមាន​អ្នក​ចាប់អារម្មណ៍​នឹង​ល្បែង​ប្រជាប្រិយ​ប៉ុន្មាន​ទេ។ ផ្ទុយទៅវិញ យុវវ័យ​សម័យនេះ​បែរជា​នាំគ្នា​ចាប់យក​វប្បធម៌​សម័យ ទំនើប​ដែលជា​ការចម្លង​តាម​វប្បធម៌​បរទេស​ទៅវិញ។

ការ​លេង​បោះ​អ​ង្គុ​ញ​នៅក្នុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​នា​ពេល​កន្លង​មក​
ការ​លេង​បោះ​អ​ង្គុ​ញ​នៅក្នុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​នា​ពេល​កន្លង​មក​ @Google
ផ្សាយពាណិជ្ជកម្ម

មនុស្ស​សម័យថ្មី​នេះ​ហាក់ដូចជា​នឿយណាយ​នឹង​វប្បធម៌ ប្រពៃណីជាតិ​របស់ខ្លួន​ខ្លាំងណាស់ ។ ផ្ទុយទៅវិញ ពួកគេ​បែរជា​ឆាប់​ទទួលយក​វប្បធម៌​បរទេស​យ៉ាង​ងាយ។ ជាក់ស្តែង ក្នុង​រដូវ​បុណ្យចូលឆ្នាំម្តងៗ ល្បែង របាំ​ប្រជាប្រិយ​ដែលជា​អត្តសញ្ញាណ​សម្គាល់​បុណ្យចូលឆ្នាំ​ខ្មែរ​ហាក់​មិនសូវ​ជាមាន​អ្នក​នឹកនា​លេង​កម្សាន្ត​ទៀតឡើយ។

ល្បែង​ចោល​ឈូង បោះ​អ​ង្គុ​ញ លាក់កន្សែង វាយក្អម និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត​អមដោយ​បទ​ចម្រៀង​ប្រជាប្រិយ​ផ្តោះផ្តង​ក្នុង​សម្លៀកបំពាក់​ប្រពៃណីជាតិ ដែលជា​អត្តសញ្ញាណ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ហាក់ដូចជា​កាន់តែរ​សាត់​ឆ្ងាយ​បន្តិចម្តងៗពី​អារម្មណ៍​របស់​យុវវ័យ​សម័យថ្មី។ ផ្ទុយទៅវិញ ពិធីបុណ្យ​បរទេស​ដូចជា បុណ្យចូលឆ្នាំ​សាកល បុណ្យ Christmas ឬ  Valentine’s Day ជាដើម បែរជា​កាន់តែ​មាន​សភា​ព​អធិកអធម​ឡើងជា​លំដាប់។

ដោយឡែក ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ហាក់​កំពុង​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ក្នុងន័យ​កម្សាន្ត​សប្បាយ​ទៅតាម​ការនឹកឃើញរៀងៗខ្លួន​ច្រើនជាង​ការដើរតាម​គន្លង​ប្រពៃណីជាតិ។ ជាក់ស្តែង ពិធី​រាំរែក ឫ​ការជួបជុំ​ក្នុងពេល​ចូលឆ្នាំថ្មី​សម័យ​បច្ចុប្បន្ន​ច្រើនតែ​យក​គ្រឿង​ស្រវឹង​ជា​ត្រីមុខ។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ពិធី​កម្សាន្ត​សប្បាយ​ច្រើនតែ​ក្លាយជា​ជម្លោះ​កាប់​ចាក់​គ្នា​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច។ ក្រៅពីនោះ គ្រោះថ្នាក់​ចរាចរណ៍​ក៏បាន​ក្លាយជា​សោកនាដកម្ម​ថ្មី​មួយទៀត​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

ជាការ​ពិតណាស់ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ គឺជា​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍ នីមួយៗ ។ សម្រាប់​ជាតិ​សាសន៍​ខ្មែរ ល្បែង របាំ​ប្រជាប្រិយ បទ​ចម្រៀង និង​សម្លៀកបំពាក់​ប្រពៃណី​សម្រាប់​បុណ្យចូលឆ្នាំថ្មី​គឺជា​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ សម្បត្តិ​វប្បធម៌​ទាំងនោះ​គួរ​ត្រូវបាន​អភិរក្ស​ឲ្យ​បាន​គង់វង្ស​បើទោះជា​មនុស្ស​ចាំបាច់​ត្រូវការ​ភាពទំនើប​ក៏ដោយ។ តាមពិត ការអភិរក្ស​មិនមែនជា​សត្រូវ​នឹង​ការអភិវឌ្ឍ​នោះឡើយ ផ្ទុយទៅវិញ អភិរក្ស​និង​អភិវឌ្ឍ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ជានិច្ច។ សូម​កុំភ្លេចថា ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ច្បាស់​ជា​ប្រាថ្នា​ចង់ឃើញ​អត្តសញ្ញាណ​ខ្មែរ​ជាជាង​ឃើញ​សមិទ្ធផល​សម័យ​ទំនើប។

ក្នុងន័យនេះ មិនថាតែ​ល្បែង របាំ ប្រជាប្រិយ ឬ​សម្លៀកបំពាក់​ទេ តែ​សូម្បី​ស្ថាបត្យកម្ម​សំណង់​លំនៅដ្ឋាន​ឬ​អាគារ​សាធារណៈផ្សេងៗក៏​គួរ​ត្រូវបាន​អភិរក្ស​ផងដែរ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ខ្មែរ​សម័យនេះ​ច្រើនតែ​មើលរំលង​តម្លៃ​វប្បធម៌ ប្រពៃណីជាតិ​របស់ខ្លួន​ក្រោម​ហេតុផល​ថា​អ្វីដែល​បូរាណ​គឺជា​របស់​ហួស​សម័យ។ ផ្ទុយទៅវិញ ពួកគេ​បែរជា​នាំគ្នា​មោទនភាព​នឹង​របស់ទំនើប​សូម្បីតែ​វា​ជាការ​ចម្លង​តាម​វប្បធម៌​គេ​ទាំងស្រុង​ក៏ដោយ។ ប្រសិនបើ​ស្ថានការណ៍​នេះ​នៅតែ​បន្ត សង្គម​ខ្មែរ​នឹង​ឈានទៅរក​ការបាត់បង់​អត្តសញ្ញាណ​ជាមិនខាន។

ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​នេះ វិធានការណ៍​ចាំបាច់​មួយចំនួន​គួរ​ត្រូវប្រកាន់យក​ដោយ​មិនអាច​ខ្វះ​បាន។ ការរៀបចំ​ឲ្យ​មាន​ល្បែង របាំ​ប្រជាប្រិយ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​មួយចំនួន​វា​ជាការ​សំខាន់​មួយ​ហើយ ប៉ុន្តែ នៅ​មិនទាន់​គ្រប់គ្រាន់​ទេពី​ព្រោះ​កម្មវិធី​ទាំងនោះ​មិនសូវ​ជា​ទទួលបាន​ការចាប់អារម្មណ៍​ពី​យុវ​វជន​ប៉ុន្មាន​ឡើយ។ ដូច្នេះ វិធានការ​ចាប់បង្ខំ​មួយចំនួន ដូចជា​ការតម្រូវ​ឲ្យ​រៀបចំ​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​នៅតាម​សាលារៀន​នានា​គួរ​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង។ រីឯ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងឡាយ​ក៏​ត្រូវតែ​រៀបចំ​ឲ្យ​មាន​ល្បែង​របាំ​ប្រជាប្រិយ​ខ្មែរ​ជា​ចាំបាច់​ដែរ​ដើម្បី​បង្ហាញ​អត្តសញ្ញាណ​បុណ្យចូលឆ្នាំ​ខ្មែរ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ។

ក្រៅពីនោះ ការបណ្តុះ​គំនិត​កូន​ខ្មែរ​ឲ្យ​ចេះ​ស្រឡាញ់​វប្បធម៌ និង​ឲ្យ​មាន​មោទនភាព​ជាតិ គឺជា​រឿង​ចាំបាច់​ជាងគេ​ដែល​ត្រូវធ្វើ​តាំងពី​កុមារភាព​ឲ្យ​ហើយ។ ផ្ទុយទៅវិញ ការព្រងើយកន្តើយ​ចំពោះ​បញ្ហា​នេះ​គឺជា​កំហុសឆ្គង​ដ៏​ធំ​មួយ​របស់​អ្នក​តម្រង់ទិស​សង្គម​ទាំងឡាយ។ សូម​កុំភ្លេចថា ការ​បណ្តោយ​ឲ្យ​យុវវ័យ​ស្រើបស្រាល​តែ​នឹង​ភាពទំនើប​គ្មាន​ទិសដៅ​កំពុង​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ក្លាយជា​សង្គម​មួយ​ដែល​មានតែ​រូបភាព តែ​ខ្វះ​ខ្លឹមសារ។ នេះ​ជាស​ញ្ញា​គ្រោះថ្នាក់​ដែល​គួរតែ​បញ្ចៀស​ឲ្យ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ