អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បើ ​គ.ជ.ប.មិនព្រមលុបឈ្មោះជន​សង្ស័យ​ថាជា​វៀតណាមទេ តើ​គេ​ត្រូវ​ធ្វើ​អ្វីទៀត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ថ្ងៃម​កនេះ គ.ជ.ប. ត្រូវរង​​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណជន​ ចំពោះ​ការ​​មិន​ព្រម​លុប​ឈ្មោះ​ជន​សង្ស័យ​ថា​ជា​ជន​បរទេស ពិសេស​គឺ​ជនជាតិ​វៀតណាម​។ ចំពោះ​មូល​ហេតុ​របស់​គ.ជ.ប. គឺ​ដោយ​សារ​តែ​ជន​ទាំង​នោះ មាន​ឯកសារ​ត្រឹមត្រូវ​គ្រប់គ្រាន់​​តាម​កំណត់​នៃ​ច្បាប់បោះឆ្នោត​។ ក៏​ប៉ុន្តែ​ចំពោះ​អ្នក​ប្តឹង​ជំទាស់និង​មហាជន​ជាទៅ នៅតែ​​ងឿង​ឆ្ងល់ថា ហេតុអ្វី​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​របស់​គ.ជ.ប. មិន​ព្រម​សួរ​ដេញដោល​ឲ្យ​មាន​តម្លាភាព​ជាង​នេះ? ដូច្នេះតើ​អ្វីទៅ​ជាប្រភព​នៃបញ្ហា ហើយគេ​ត្រូវ​ដោះស្រាយ​ដូចម្តេច?

រូបភាពតំណាង៖​ មណ្ឌល​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​មណ្ឌល​គិរី​
រូបភាពតំណាង៖​ មណ្ឌល​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​មណ្ឌល​គិរី​ សហការី
ផ្សាយពាណិជ្ជកម្ម

បណ្តឹងជំទាស់ ដែលសុំឲ្យលុបឈ្មោះជនបរទេសក្នុងបញ្ជីបោះឆ្នោត គឺមានចំនួន ៦៤ បណ្តឹង ដែលប្តឹងឡើងទៅដល់គ.ជ.ប.។ បណ្តឹងទាំងនោះ គឺពាក់ព័ន្ធនឹងជនបរទេស ចំនួន ១ ១៨៩ នាក់​។  ភាគ​ច្រើន​នៃ​ជន​ទាំង​នេះ ត្រូវ​អ្នក​ប្តឹង​ជំទាស់ ដែល​តំណាង​ដោយ​ក្រុម​មេធាវី​របស់​បក្ស​សង្គ្រោះជាតិ​ សង្ស័យ​ថា​ជា​ជន​ជាតិ​វៀតណាម។

ហើយ​បើ​តាម​ពាក្យ​ប្តឹង, អ្នក​ទាំង​នេះ មួយ​ចំនួន​​មិន​ចេះ​​ភាសា​ខ្មែរ ឬ​និយាយ​ខ្មែរ​មិនច្បាស់​។ អ្នកខ្លះទៀ​ត ​ឲ្យ​តែ​ដល់​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​និង​វៀតណាម គឺធ្វើ​ពិធីបែប​ប្រពៃណី​វៀតណាម ហើយ​និង​ទៅ​ប្រារព្ធ​ពិធី​នៅ​ប្រទេសវៀតណាមជា​ដើម​។ អ្នក​ត្រូវ​គេ​សង្ស័យ​ផ្សេងទៀត គឺមក​ពីអ្នកប្តឹង​​រស់​នៅ​ជិត​ខាង​គ្នា​ស្រាប់ បាន​ស្គាល់​ប្រភព​និង​សាវតារ​ជាក់​ច្បាស់​ជាដើម​។​

ក៏ប៉ុន្តែ ហេតុផល​ប៉ុណ្ណេះ​ គឺគ្មាន​មូលដ្ឋាន​ច្បាប់​រឹង​មាំនោះទេ​​​ចំពោះ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់​គ.ជ.ប. ហើយតាំងពីនៅ​ថ្នាក់​ឃុំ​សង្កាត់ រហូត​ដល់​ថ្នាក់​ជាតិ​នៅ​ទីស្នាក់​គ.ជ.ប. គឺ​សម្រេច​មិន​លុប​ឈ្មោះ​ពួក​គេទាំង​នោះ​ទេ ដោយ​សំអាងថា បុគ្គល​ទាំង​នោះ មាន​អត្តសញ្ញាណបណ្ណ​ និង​ឯកសារ​បញ្ជាក់​​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ត្រឹមត្រូវ​ហើយ។

ការ​អះអាង​របស់​គ.ជ.ប.យ៉ាង​ដូច្នេះ គឺ​មិន​អាច​ទទួល​យក​បានទេ​ចំពោះ​អ្នក​ប្តឹង​ជំទាស់និង​ពលរដ្ឋ​ខ្មែរ​ខ្លះ ហើយ​ពួក​គេ​នឹក​ឆ្ងល់ថា ក្នុង​សវនាការជំនុំជម្រះ​​ តើម្តេច​ក៏​គ.ជ.ប. មិន​សាក​សួរ​ដេញ​ដោល​​ឲ្យ​ស៊ីជម្រៅទៅ? តើ​ក្រុម​ជន​សង្ស័យ​ទាំងនោះ បើ​ជា​ជនបរទេស​ពិតមែន តើ​បាន​អត្តសញ្ញាណ​បណ្ណខ្មែរ​​ដោយ​របៀបណា? តើ​មាន​ព្រះរាជក្រឹត្យ​ប្រទាន​សញ្ញាតិ​ខ្មែរ​ឬអត់?

ចម្លើយ​នៃ​សំណួរ​ទាំង​នេះ ចំពោះ​​គណៈកម្មាធិការ​រៀបចំការ​បោះឆ្នោត គឺថា​វា​ពី​​ហួស​ដែន​សមត្ថកិច្ច​នៃគ.ជ.បហើយ​។ នៅ​ទីបំផុត គឺនៅតែ​ធ្វើ​ឲ្យ​មនុស្ស​មិន​តិច​ទេ ដែល​មិន​អស់​ចិត្ត គឺ​​មិន​ស្រណុក​​ចិត្តទាល់តែ​សោះ​។

ដូច្នេះ តើអ្វីទៅ​ជា​ដំណោះស្រាយ?

ជម្រើសទី១ គឺគេ​អាច​​ប្តឹងបន្ត​ទៅក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​​ បើ​តាម​ផ្លូវ​ច្បាប់ដែល​ចែង​ជាធរមាន​! ចំពោះ​​ម្ចាស់​ដើម​បណ្តឹង ​ ប្រសិន​បើ​នៅតែ​មិន​អាច​ទទួល​យក​បាននិង​នៅតែ​មិន​សុខ​ចិត្ត​​ គឺមាន​សិទ្ធិ​ប្តឹងជំទាស់​​ឡើង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​បន្ត​ទៀត ដើម្បី​សុំ​ឲ្យ​លុប​ឈ្មោះ​ជន​សង្ស័យ​ទាំង​នោះ។ ករណី​នេះ​ គ.ជ.ប. ទុក​ពេល​ឲ្យ​៥ថ្ងៃ ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​សម្រេច​ក្នុង​រយៈ​ពេល​១០ថ្ងៃ ហើយសេចក្តី​​សម្រេច​ជាចុង​ក្រោយនោះ គឺនឹង​បិទផ្លូវ​តវ៉ា​។

ជម្រើសទី២ គឺប្តឹងទៅ​តុលាការ​ឲ្យ​ដកហូត​អត្តសញ្ញាណបណ្ណ ហើយ​យក​សាលក្រម ឬសាលដីកា​ទៅ​បង្ហាញ​គ.ជ.ប.​។ ចំពោះរឿង​ចម្រូង​ចម្រាស់​ជុំវិញ​អត្តសញ្ញាណ​បណ្ណ​ដែល​ជន​សង្ស័យ​ថា​ជា​ជន​បរទេស​កាន់​ប្រើប្រាស់​ស​ម្រាប់​ការ​ចុះ​ឈ្មោះបោះឆ្នោត​​នោះ​  គឺ​អ្នក​ប្តឹង​ត្រូវ​បង្វែរ​ទៅ​ជជីក​សួរ​ខាង​មន្ត្រី​អត្តសញ្ញាណកម្ម ដែល​ជា​អាជ្ញាធរ​របស់​ក្រសួង​មហាផ្ទៃ​វិញ។ ក៏ប៉ុន្តែ​រឿង​នេះ គឺ​ស្មុគ​ស្មាញណាស់​។

ហេតុនេះ ជាបឋម គេ​គួរ​យល់ថា ទំនាស់​រឿង​ជាតិ​សាសន៍នៅ​ក្នុងពេល​រៀបចំ​ការ​បោះឆ្នោត​​នេះ មិន​មែន​ជារឿង​ថ្មីទេ ហើយ​ក៏​មិន​មែន​ចម្លែក​ ពិសេស​មានតែមួយ​​នៅ​ស្រុក​ខ្មែរ​ដែរ​។ ​នៅបរទេសផ្សេង​​ រហូត​ដល់​ប្រទេស​ជឿន​លឿន​ខ្លះ​ផង​ ក៏​មាន​បញ្ហា​នេះដែរ។

ចំណុច​ទី២ មនុស្ស​ជាទូទៅ គួរ​​តែយល់និងទទួល​ស្គាល់ថា ក្រោយ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម ទាហាន​និង​ពលរដ្ឋ​វៀតណាម​ បាន​ហូរ​ចូល​ មក​តាំងទីលំនៅ​កម្ពុជា ជិត​៤០​ឆ្នាំ​ទៅ​​ហើយ​។ ពួក​គេ​ទាំងនោះ ខ្លះ​មាន​ប្រពន្ធខ្មែរ មាន​ប្តីខ្មែរ និង​មាន​កូនចៅ​កើត​លើទឹក​ដី​ខ្មែរ​ថែម​ទៀត។ ចំពោះ​អត្តសញ្ញាណ​បណ្ណ​ដែល​ពួក​គេ​ទាំងនោះ បាន​ទទួល គឺ​ជា​សំណល់​នៃ​បញ្ហា​របស់​អាជ្ញាធរ​ចាស់​ ដែល​ដុះ​​ស្នឹម​រាប់​ទសវត្សរ៍​មក​ហើយ​។

ដូច្នេះហើយ បើ​ចង់​ប្តឹង​ឲ្យ​ដក​ហូត​អត្តសញ្ញាណបណ្ណ ឬ​ប្តឹង​ជន​បរទេស​ដែល​កាន់​កាន់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ មិនត្រឹ​មត្រូវ គឺ​​មាន​តែ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ ដែល​ជា​​សាលា​ជម្រះ​ក្តី។

ប្រសិន​បើតុលាការ​ចេញសេចក្តីសម្រេច​ថា ​ដកហូតអត្ត​សញ្ញាណ​បណ្ណ ឬ​សម្រេច​ថា ជន​នោះ ប្រើ​អត្តសញ្ញាណបណ្ណ​ ពុំ​ត្រូវ​ត្រឹម ទើប​គេអាច​យក​សាលាក្រម ឬ​សាលដីការ​ប​ស់​តុលាការ​នោះ ដែល​ជា​ភស្តុតាង​រឹងមាំ ទៅ​ស្នើសុំឲ្យ​​ គ.ជ.ប. លុប​ឈ្មោះ​ជន​នោះ​ចេញពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​បាន​។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ជម្រើស​ទាំង២​ខាងលើ​​នេះ គឺ​ជា​ផ្លូវ និង​ជាច្រក​បន្តទៀត​! ក៏ប៉ុន្តែ​ទំនង​ជា​មិន​បាន​សាច់​ការ​ច្រើនប៉ុន្មាន​​ឡើយ។ ហើយ​នៅទីបំផុត សម្រេច​សម្រួច​ទៅ​ គ.ជ.ប​​ថ្មី ដែលជាលទ្ធផល​នៃការ​ចរចាទំនាស់នយោបាយ​នោះ​ គឺ​ទំនង​ជានៅតែ​បន្ត​រងការ​រិះគន់​​ ជៀស​​មិនផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ