អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សាលារៀន​មួយ​ចំនួន​សិស្ស​អង្គុយ​រៀន​ជាមួយ​មូស​នៅ​រដូវ​វស្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិស្ស​សាលា​តូច​ៗ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​គ្រុន​ឈាម​កាន់​តែ​ច្រើន​ ឬ​ប៉ះពាល់​សុខភាព​ពី​ផ្សែង​ធូប​មូស ប្រសិន​បើ​មូស​នៅ​តែ​បន្ត​យក​ថ្នាក់​រៀន​ធ្វើ​ជា​ជំរក​នា​រដូវ​ភ្លៀង​ធា្លក់​នេះ។ បន្ថែម​ពី​លើ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​នេះ​គួរ​មាន​ការ​ចាប់​អារម្មណ៍​ជា​អត្ថិភាព​ដល់​សាលា​រៀន​មួយ​ចំនួន​ ដែល​មាន​ស្ថានភាព​បរិស្ថាន​មិន​អំណោយ​ផល ជា​ហេតុ​បង្ក​ឲ្យ​ក្លាយ​ជា​ជំរក​មូស​ខ្លា បង្ក​ឲ្យ​មាន​ការ​ប្រឈម​នឹង​ជំងឺ​គ្រុន​ឈាម។

រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម
រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ការ​វិវត្តន៍​ជំងឺ​គ្រុន​ឈាម​នៅ​រដូវ​ភ្លៀង​នា​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​មាន​សន្ទុះ​ខ្លាំង ដោយ​រយៈ​ពេល​ ៥​ ខែ​ដើម​ឆ្នាំ មាន​ជិត​២​ពាន់​ករណី។ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥ ឃើញ​ថា​ករណី​នេះ​បាន​កើន​ឡើង​ដល់​ទៅ​ ២​ដង។ រីឯ​ការ​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ឈាម​នេះ ក៏​បាន​កើន​ឡើង​ដែរ​គឺ ៤​នាក់ ខណៈ​ដែល​ឆ្នាំ​ទៅ​មាន​អ្នក​ស្លាប់​តែ​១​នាក់​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ។

ទោះ​យ៉ាង​នេះ​ក្តី​ស្ថាប័ន​ជំនាញ ក្នុង​នោះ​គឺ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នៅ​មិន​ទាន់​ដល់​កម្រិត​មួយ​ប្រកាស​អាសន្ន​ស្តី​ពី​គ្រុន​ឈាម​នៅ​ឡើយ​ទេ ដោយសារ​តែ​វដ្ដ​នៃ​ជំងឺ​គ្រុន​ឈាម​នៅ​ប្រទេស​កម្ពុជា​បាន​កើត​ឡើង​ក្នុង​រវាង ៣​ឆ្នាំ​ម្តង គឺ​ចាប់​ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៧ ហើយ​នៅ​ចន្លោះ​ឆ្នាំ​ទាំង​នេះ នៅ​មិន​ទាន់​ដឹង​ពី​ការ​រាត​ត្បាត​ជំងឺ​គ្រុន​ឈាម​ខ្ពស់​នៅ​ឆ្នាំ​ណាមួយ ដោយ​រង​ចាំ​ដំណាច់​ឆ្នាំ​ ២០១៧។

ជា​ការ​ពិត យើង​ឃើញ​ថា​មក​ទល់​បច្ចុប្បន្ន​នេះ ដែល​រដូវ​ភ្លៀង​បាន​មក​ដល់​យ៉ាង​ពេញ​ទំហឹង ​វត្ត​មាន​នៃ​សត្វ​មូស​ក៏​ចាប់​ផ្តើម​កើត​ឡើង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ការ​កើត​ឡើង​ច្រើន​ក៏​ព្រោះ​តែ​ទឹក​ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​ក្នុង​កម្រិត​ខ្ពស់ បង្ក​ជា​ការ​ដក់ នៅ​កន្លែង​ដែល​មាន​ព្រៃ​ស៊ុប​ទ្រុប ថ្លុក បង្ក​ជា​ការ​ស្ទះ​លូ ដែល​ជា​ប្រភព​កកើត​ដង្កូវ​ទឹក ហើយ​បង្កើត​ជា​សត្វ​មូស​គ្រប់​ប្រភេទ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​ណែនាំ​ផង​ដែរ​នៅ​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ និង​ផ្នែក​ពាក់ព័ន្ធ​នានា តាម​បណ្តា​ខេត្ត​រាជធានី​ រហូត​ដល់​ថ្នាក់​ភូមិ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន អង្កេត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម។

ជាទូទៅ​វិធានការ​ ដែល​ក្រសួង​សុខាភិបាល​បាន​ដាក់​ចុះ ទី​១​ គឺ​ការ​អប់រំ​ និង​លើក​កម្ពស់​សុខភាព ពោល​គឺ​រំលឹក​ប្រជាជន​ឲ្យ​មាន​ការ​យល់​ដឹង​ និង​ចូលរួម​ការពារ​ជំងឺ​គ្រុន​ឈាម ដោយ​រួសរាន់​យក​អ្នក​ជំងឺ​ទៅ​កាន់​ពេទ្យ​រដ្ឋ មិន​ត្រូវ​ចូល​ពេទ្យ​ឯកជន​ទេ។ ទី​២ គឺ​គោលការណ៍​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក​ ២ ដង​ក្នុង​មួយ​ឆ្នាំ មាន​ន័យ​ថា​នៅ​ដើម​រដូវ​ភ្លៀង​នេះ​ម្តង​ និង​ចុង​រដូ​វភ្លៀង​ម្តង​ទៀត។ ហើយ​ជម្រើស​ចុង​ក្រោយ​ គឺ​ការ​បាញ់​ថ្នាំ​សំលាប់​មូស ដែល​ថ្នាំ​នេះ​ត្រូវ​គេ​គិត​ថា​មាន​ប្រសិទ្ធភាព​យ៉ាង​យូរ​ពី​ ២ ទៅ​ ៣ ថ្ងៃ​ប៉ុណ្ណោះ តែ​ក៏​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ផងដែ​រ។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ គ្រឹះស្ថាន​អប់រំ​សាធារណៈ ជា​ពិសេស​សម្រាប់​សិស្ស​តូច​ៗ គួរ​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ពិសេស​ក្រសួង​អប់​រំ​ផ្ទាល់​តែ​ម្តង។ ដោយសារ​តែ​ជា​រដូវ​ភ្លៀង​ដូច្នេះ​ថ្នាក់​រៀន​កុមារ​តូច ដែល​មាន​សភាព​ងងឹត​ស្រាប់​ បាន​ក្លាយ​ជា​ជម្រក​មូស​គ្រប់​ប្រភេទ។ កុមារ​មួយ​ចំនួន​នៅ​ថ្នាក់​បឋម​សិក្សា​កំពុង​អង្គុយ​រៀន​ជាមួយ​មូស។ មាន​ថ្នាក់​រៀន​ខ្លះ​ដែរ ដែល​គ្រូ​ៗ​មាន​ចិត្ត​មាន​ថ្លើម​អុច​ធូប​មូស​នៅ​ក្នុង​ថ្នាក់ ដើម្បី​កុំ​ឲ្យ​មូស​ខាំ​ក្មេង។

ទោះ​យ៉ាង​នេះ​ក្តី មិន​គ្រប់​គ្រាន់​ទេ ដើម្បី​ទប់​ស្កាត់​ និង​ការពារ​ជំងឺ​គ្រុន​ឈាម ដែល​កាច​សាហាវ​នោះ ចាំ​បាច់​ត្រូវ​មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ តាម​រយៈ​ការ​សម្រេច​ដ៏​ចាំបាច់ ដូច​ជា​ត្រូវ​ប្រើ​វិធាន​ការ​មាន​ប្រសិទ្ធភាព​ដើម្បី​កំចាត់​មូស។ ការ​ផ្អាក​ការ​សិក្សា​បណ្តោះ​អាសន្ន​ក៏​ថា​បាន ជា​ជាង​បណ្តោយ​ឲ្យ​សិស្ស​អង្គុយ​រៀន​ជាមួយ​មូស ដែល​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​គ្រុន​ឈាម។ ក្រសួង​អប់រំ​ក៏​ធ្លាប់​មាន​វិធាន​ការ​កន្លង​មក​ដែរ​ហើយ គឺ​បន្ថយ​ម៉ោង​សិក្សា​របស់​សិស្ស​ជា​បណ្តោះ​អាសន្ន ខណៈ​ដែល​កម្ពុជា​ជួប​ប្រទះ​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​នៅ​អំឡុង​ដើម​ឆ្នាំ​២០១៦​នេះ។

ដូច្នេះ​ករណី​នេះ ករណី​កុមារ​តូច​ៗ​អង្គុយ​រៀន​នៅ​សាលា​សាធារណៈ ដោយ​អុច​ធូប​មូស​នេះ​ ប្រសិន​បើ​មិន​មាន​វិធានការ​ជាក់​លាក់​ជា​បន្ទាន់ ពី​ផ្នែក​ពាក់​ព័ន្ធ រួម​មាន​ក្រសួង​សុខាភិបាល​ ក្រសួង​អប់រំ ឬ​ផ្នែក​អនាម័យ​បរិស្ថាន​ទេ នោះ​កុមារ​នឹង​ប្រឈម​២​យ៉ាង​គឺ​ទី​ ១ ប្រឈម​នឹង​ជំងឺ​គ្រុន​ឈាម ដោយ​សារ​មូស​ខាំ និង​ទី​២ ប្រឈម​នឹង​ការ​ប៉ះពាល់​សុខភាព ដោយសារ​តែ​ផ្សែង​ធូប​មូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ