ការបរិហារព្រះសង្ឃដែលប្រព្រឹត្តខុសធម៌វិន័យ មិនអាចដោះស្រាយបញ្ហាបានទេ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៧
នៅកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ជាទីសក្ការៈរបស់ប្រជាជាតិខ្មែរ។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ គេសង្កេតឃើញថា ព្រះពុទ្ធសាសនានៅកម្ពុជា កំពុងតែត្រូវអាប់ឱនដោយសារការប្រព្រឹត្តិខុសធម៌វិន័យរបស់ព្រះសង្ឃមួយចំនួន។ ជាការពិត វត្តមាននៃព្រះសង្ឃមួយចំនួនតូច ដែលប្រព្រឹត្តខុសធម៌វិន័យ គឺជាបញ្ហា។ ប៉ុន្តែការជេរប្រមាថនិងបរិហារព្រះសង្ឃមួយចំនួននោះ ថាជាចោរថង់យាម គឺមិនអាចដោះស្រាយបញ្ហាបានទេ។
ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែព្រះពុទ្ធសាសនា ក៏បានទទួលការគោរពប្រណិបត្តិពីសំណាក់ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលុបផងដែរ។ សម្រាប់ពុទ្ធសាសនិកជន ព្រះសង្ឃគឺជាបុគ្គលដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានប្រសើរ និងថ្លៃថ្លាជាងគ្រហស្ថ។ ព្រះសង្ឃគឺជាស្រែបុណ្យសម្រាប់មនុស្សទូទៅ។ ចំពោះធម៌វិន័យព្រះពុទ្ធសាសនា ព្រះសង្ឃត្រូវតែប្រកាន់ខ្ជាប់ឲ្យបានតឹងរ៉ឹងបំផុត។
ប៉ុន្តែជាការកត់សម្គាល់ នៅកម្ពុជា ព្រះសង្ឃមួយចំនួន កំពុងតែប្រព្រឹត្តប្រាសចាកពីវិន័យរបស់ព្រះពុទ្ធសាសនា និងមិនបានប្រតិបត្តិខ្លួនឲ្យបានជាទីគោរពសក្ការៈរបស់ពុទ្ធសាសនិកជនជាទូទៅឡើយ។ អ្នកបួសមួយចំនួនតូចទាំងនោះ បានយកស្បង់ចីវរធ្វើជាឈ្នាន់ ដើម្បីកេងចំណេញ និងបោកប្រាស់ជនទាំងឡាយដែលមានសទ្ធាចំពោះព្រះពុទ្ធសាសនាទៅវិញ។
គេក៏បានលឺផងដែរ ការរកឃើញព្រះសង្ឃនៅក្នុងទីកន្លែងកម្សាន្តនានាជាដើម។ ជាព្រះសង្ឃដែលបកស្បង់ ហើយចូលទៅសប្បាយនៅតាមហាង បារ ខារ៉ាអូខេ និងដែលត្រូវសារព័ត៌មានចុះផ្សាយជារឿយៗ។ បុគ្គលទាំងនោះ ថ្វីត្បិតតែបានគ្រងស្បង់ចីវរជាទីសក្ការៈ ប៉ុន្តែបែរជាប្រព្រឹត្តអំពើពាលទៅវិញ។ នេះនៅមិនទាន់រាប់អ្នកខ្លះទៀតដែលក្លែងខ្លួនធ្វើជាសង្ឃ ដើម្បីបោកប្រាស់ប្រជាពុទ្ធបរិស័ទផងទេ។
ជាការពិត ការប្រព្រឹត្តិខុសធម៌វិន័យរបស់សង្ឃមួយចំនួនជាលក្ខណៈ បុគ្គលតែប៉ុណ្ណោះ ប៉ុន្តែវាកំពុងតែបង្កអោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃ ការគោរព និងជឿជាក់ទៅលើវិស័យព្រះពុទ្ធសាសនាទាំងមូល។ នេះគេនៅមិនទាន់និយាយអំពីជម្លោះក្នុងចំណោមព្រះសង្ឃ ការចោទប្រកាន់គ្នាទៅវិញទៅមកនៃព្រះសង្ឃដែលគាំទ្រគណបក្សនយោបាយផ្សេងគ្នា និងរឿងអាស្រូវនៅតាមវត្តអារាមរវាងព្រះសង្ឃនិងអាចារ្យគណៈកម្មការវត្ត និងជួនកាលទៀត រវាងគណៈកម្មការវត្ត ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តផង។
អ្នកតាមដាន ការវិវត្តរបស់សង្គមកម្ពុជាមួយចំនួនបានបង្ហាញ អំពីការបារម្ភតិច ឬច្រើនទៅលើការធ្លាក់ចុះនៃជំនឿទៅលើព្រះពុទ្ធសាសនា ដែលគេហាក់ពុំឃើញមានការចាត់វិធានការ ឬដំណោះស្រាយចំពោះបញ្ហាទាំងអម្បាលដែលត្រូវបានរៀបរាប់ពីខាងដើម។ ចំណែកក្រុមសង្គមវិទូវិញ បានអំពាវនាវឲ្យក្រសួងពាក់ព័ន្ធ តាមរយៈគណៈគ្រប់គ្រងព្រះសង្ឃ ត្រូវបញ្ចេញ វិធានការពង្រឹងវិន័យព្រះសង្ឃឡើងវិញ។
មែនទែនទៅ សាធារណជនទូទៅសុទ្ធតែទទួលស្គាល់មូលមតិគ្នាថា វត្តមាននៃព្រះសង្ឃមួយចំនួនតូច ដែលប្រព្រឹត្តខុសធម៌វិន័យ គឺជាបញ្ហា។ ប៉ុន្តែការជេរប្រមាថ និងបរិហារព្រះសង្ឃមួយចំនួននោះថាជា ចោរថង់យាម គឺមិនអាចដោះស្រាយបញ្ហាបានទេ។ ផ្ទុយទៅវិញ វាបែរជាបង្កើតបញ្ហាបន្ថែមទៀត ទៅលើបញ្ហាដែលមានរួចស្រេចទៅហើយប៉ុណ្ណោះឯង។
ការជេរប្រមាថ និងបរិហារព្រះសង្ឃដែលប្រព្រឹត្តខុសធម៌វិន័យ ច្បាស់ណាស់ថា គឺមិនអាចដោះស្រាយបញ្ហានេះបានទេ។ ចុះគេធ្វើដូចម្ដេចទើបអាចដោះស្រាយបាន?
សាសនា គឺជាជំនឿដែលកើតឡើងហើយ ដែលគង់តែត្រូវផុតរលត់វិញនៅថ្ងៃណាមួយ។ ប៉ុន្តែ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏គេមិនអាចបណ្ដោយឲ្យសាសនារបស់រដ្ឋមួយ សាបរលាបទៅតាមយថាកម្មនោះដែរ។ សម្រាប់ក្រុមអ្នកវិភាគតាមដានសង្គមកម្ពុជា ការពង្រឹងព្រះពុទ្ធសាសនាគឺជាកិច្ចការដែលមិនអាចមើលរំលងបានឡើយ។ ក្រសួងធម្មការ និងកិច្ចការសាសនាត្រូវតែមានវិធានការច្បាស់លាស់ចំពោះការពង្រឹងធម្មវិន័យក្នុងចំណោមអ្នកបួសជាសង្ឃ។ មានន័យថា ព្រះសង្ឃត្រូវតែជាអ្នកគោរពនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវពុទ្ធវិន័យ។ ទង្វើប្រាសចាកធម្មវិន័យព្រះពុទ្ធសាសនា គួរត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានានូវសេចក្ដីទុកចិត្ត ក៏ដូចជាជំនឿរបស់ពុទ្ធបរិស័ទ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ