អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​លើ​បន្ទប់​ស្ថានការណ៍​នៅ​សប្តាហ៍​នេះ

ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ជា​បឋម​ទៅ​លើ​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​ដែល​ផ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ របាយការណ៍​ស៊ើប​អង្កេត​បឋម​នេះ នឹង​ត្រូវ​ដាក់​ជូន​ទៅ​កាន់​រដ្ឋមន្រ្តី​បន្ត​ទៀត ដើម្បី​ពិនិត្យ​និង​សម្រេច។ យ៉ាង​ណា​ក៏​ដោយ លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា វិធានការ​ចំពោះ​បន្ទប់​ស្ថានការណ៍ នឹង​ដាក់​ចេញ​នៅ​ក្នុង​សប្តាហ៍​នេះ តែ​មិន​បញ្ជាក់​ថា​ជា​វិធានការ​បែប​ណា​ឡើយ។

បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​
បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​ Phearak Soeung
ផ្សាយពាណិជ្ជកម្ម

លោក​ខៀវ សុភ័គ គ្រាន់​តែ​លើក​ឡើង​ជា​ប្រយោល​ថា វិធាន​ការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​អាច​មាន​ចំពោះ​បន្ទប់​ស្ថានការណ៍​គឺ​អាស្រ័យ​ទៅ​តាម​ការ​ប្រព្រឹត្ត​ខុស​របស់​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នេះ គឺ​អាច​ជា​ការ​ហៅ​មក​ព្រមាន ធ្វើ​សេចក្តី​ស្តី​បន្ទោស ឫ​ក៏​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​កិច្ចការ​នោះ​បន្ត​ទៀត ប្រសិន​បើ​រក​ឃើញ​ថា មាន​កំហុស​ស្រាល។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​រក​ឃើញ​នូវ​ធាតុ​ផ្សំ​បង្កើត​ជា​បទ​ល្មើស​នោះ នឹង​អាច​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក​សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច និង​ជា​អ្នក​នាំ​ពាក្យ​របស់​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បញ្ជាក់​ថា ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​ជុំវិញ​រឿង​នេះ​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ លោក​ក៏​មិន​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ដែរ ដោយ​អះអាង​ថា រង់​ចាំ​មើល​វិធានការ​នោះ​ចេញ​សិន សឹម​ដោះ​ស្រាយ​តាម​ក្រោយ។

សូម​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​លើ​បន្ទប់​ស្ថានការណ៍​ពី​សំណាក់​ក្រសួង​មហាផ្ទៃ​នេះ បាន​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន។​ លោក ហ៊ុន សែន ដែល​យល់​ឃើញ​ថា បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត គឺ​ជា​ដៃ​ជើង​របស់​គណបក្ស​ប្រឆាំង​ព្រោះ​ថា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ក្នុង​ន័យ​ស្រដៀង​គ្នា​ចាត់​ទុក​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ថា គ្មាន​សេរីភាព​ពេញ​លេញ និង​មិន​យុត្តិធម៌​នោះ​ឡើយ។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​ការ​ជា​បន្ទាន់​ទៅ​លើ​ក្រុម​ការងារ​បន្ទប់​ស្ថានការណ៍ ព្រោះ​លោក​យល់​ឃើញ​ថា ក្រុម​នេះ ទំនង​ជា​មូលដ្ឋាន​នៃ​គោលការណ៍​បដិវត្តន៍​ពណ៌ ហើយ​ធ្វើ​អ្វីៗ​ក្រោម​លេស​តាម​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត។

ជា​ការ​ឆ្លើយ​តប​នៅ​ពេល​នោះ បន្ទប់​ស្ថានការណ៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ពន្យល់​ពី​តួនាទី​និង​គោល​បំណង​របស់​ខ្លួន​ថា គឺ​បង្កើត​ឡើង​ដើម្បី​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​គជប ចែក​រំលែក​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ទាក់​ទង​ការ​បោះ​ឆ្នោត និង វាយ​តម្លៃ​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​ផ្អែក​លើ​បទ​ដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ។ បើ​តាម​បន្ទប់​ស្ថានការណ៍ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់ សកម្មភាព​របស់​ខ្លួន​ក៏​ត្រូវ​បាន​បញ្ចប់​ដែរ​កាល​ពី​ថ្ងៃ​ទី ២៤ មិថុនា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ