អានតួអត្ថបទ
កម្ពុជា-ច្បាប់

បន្ទប់​ស្ថានការណ៍៖ ចំណាត់ការ​ផ្លូវ​ច្បាប់​ចំពោះខ្លួន គឺជ្រុលពេក និងជាការ​យល់​ច្រឡំ!

ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ផ្លូវ​ច្បាប់ ជា​បន្ទាន់​ ​ចំពោះ​«បន្ទប់​ស្ថានការណ៍» ​ឃ្លាំ​មើល​ការ​បោះឆ្នោត​។​ លោក​នាយករ​ដ្ឋមន្ត្រី ​សង្ស័យ​ថា«​បន្ទប់​ស្ថានការណ៍» គ្មាន​ភាព​ស្រប​ច្បាប់ និង​អាច​ជា​មូលដ្ឋាន​នៃ​គោលការណ៍​បដិវត្តន៍​ពណ៌​ (?) ផ្ទុយ​ទៅ​វិញ សមាជិក​បន្ទប់​ស្ថានការណ៍ និង​អ្នក​វិភាគ គិត​ថា ការ​បញ្ជា​ឲ្យ​ធ្វើ​ចំណាត់​ការ​នេះ គឺជា​យល់​ច្រឡំ។

លោក ហ៊ុន សែន ក្នុង​វេទិកា​ខួប​កំណើត​ទី​៦៦​ឆ្នាំ របស់​បក្ស
លោក ហ៊ុន សែន ក្នុង​វេទិកា​ខួប​កំណើត​ទី​៦៦​ឆ្នាំ របស់​បក្ស @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន​ សែន ក្នុង​នាម​ជា​ប្រធាន​បក្ស​កាន់​អំណាច បាន​ប្រើ​ប្រាស់​វេទិកាខួប​កំណើត​ទី​៦៦​ឆ្នាំ​ របស់បក្ស​ ទៅ​វាយ​ប្រហារ​ដោយ​សម្តី​ធ្ងន់ៗ ចំពោះ​អ្នក​ដែល​រិះគន់​ដំណើរ​ការ​បោះឆ្នោត និយាយ​ដោយ​ចំពោះ​ គឺ​បក្ស​ប្រឆាំង​និង​បន្ទប់​ស្ថានការ​ណ៍​ ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​។

លោក ហ៊ុន សែន យល់​ឃើញ​ថា បន្ទប់​ស្ថានការ​ណ៍​ឃ្លាំ​មើល​ការ​បោះឆ្នោត​ គឺជា​ដៃ​ជើង​របស់​បក្ស​ប្រឆាំង ដែល​ក្រុម​ទាំងពីរ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ក្នុង​ន័យ​ស្រដៀង​គ្នា ដោយ​ចាត់​ទុក​ថា ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ គ្មាន​សេរីភាព​ពេញ​លេញ​ និង​មិន​យុត្តិធម៌​នោះ​ឡើយ។ សម្តី​ដូច្នេះ ចំពោះ​ប្រមុខ​រដ្ឋាភិបាល ​បន្ទប់​ស្ថានការណ៍ គឺ​ជា​អ្នក​ខោក​ក្បាល​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ ភ្លាមៗ ក្នុង​សម្តី​ម៉ឺង​ម៉ាត ​លោក​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​ការ​ជា​ប្រញាប់​ ចំពោះ​ក្រុម​ការងារ​បន្ទប់​ស្ថានការណ៍​ ព្រោះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក ហ៊ុន សែន, ក្រុម​នេះ ទំនង​ជា​មូលដ្ឋាន​នៃ​គោល​ការណ៍​បដិវត្តន៍​ពណ៌? ហើយ​និង​ធ្វើ​អ្វីៗ ក្រោម​លេស​តាម​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត។

ផ្ទុយ​ពី​នេះ សមាជិក​បន្ទប់​ស្ថានការណ៍ ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន គឺ​ជា​ការ​យល់​ច្រឡំ។ លោក សំ គន្ធាមី និយាយ​ទៀត​ថា បន្ទប់​ស្ថានការណ៍ ជា​បណ្តុំ​អង្គការ​សមាគម​ដែល​ស្រប​ច្បាប់ បង្កើត​ឡើង​សម្រាប់​ដើម្បី​ឃ្លាំ​មើល​ដំណើរ​បោះ​ឆ្នោត​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ បន្ទប់​ស្ថានការណ៍ មិន​មែន​ជា​មូលដ្ឋាន​គាំទ្រ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ដូច​លោក ហ៊ុន សែន យល់​ឃើញ​នោះ​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​ ​លោក សំ គន្ធាមី ដែល​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក។

ស្រប​គ្នា​នេះ​ដែរ សមាជិក​មួយ​រូប​ទៀត គឺ​លោក មឿន តុលា គិត​ថា បញ្ជា​ឲ្យ​ចាត់​ការ​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​សារ​ក្រុម​បន្ទប់​ស្ថានការណ៍​នេះ មាន​ប្រឡាក់​ប្រលូក​ជាមួយ​បដិវត្តន៍​ពណ៌ គឺ​វា​ជ្រុល​ពេក​ហើយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ រូប​នេះ​ គឺនៅ​តែ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខំ​ប្រឹង​ប្រែង​របស់​គ.ជ.ប. ក៏​ប៉ុន្តែ​លោក​ថា​ មតិ​យោបល់​ទាំង​ឡាយ​របស់​បន្ទប់​ស្ថានការណ៍ គឺ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ទៅ​ថ្ងៃ​ខាង​មុខ​មាន​ភាព​ល្អ​ប្រសើរ​តែប៉ុណ្ណោះ។​

ចំពោះ​លោក មឿន តុលា, ការ​សង្កេត​ការណ៍​របស់​បន្ទប់​ស្ថានការណ៍ កន្លង​មក គឺ​សម​ស្រប​តាម​ការ​លើក​ទឹក​ចិត្ត​របស់​គ.ជ.ប. ដែល​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​តាម​ដាន​ និង​សង្កេតការណ៍​បោះ​ឆ្នោត ហើយ​សេចក្តី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍ នោះ ​គឺ​ជា​លទ្ធផល​នៃ​ការ​សង្កេត ដែល​ចង់​ឲ្យ​គ.ជ.ប. កែ​លម្អ​ថែម​ទៀត។​

ចំណែក លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ប្រាប់​វិទ្យុ​បារាំង​ថា សកម្ម​ភាព​របស់​បន្ទប់​ស្ថានការណ៍ នា​ពេល​កន្លង​មក គឺ​ជា​កញ្ចក់​ឆ្លុះ ហើយ​ជា​ការ​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ កាន់​តែ​ប្រសើរ។ ចំពោះ​នយោបាយ​វិទូ​រូប​នេះ រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ផ្តល់​គំនិត​យោបល់ កែ​លម្អ​ដូច្នេះ ប៉ុន្តែ មិន​គួរ​ចេញ​បញ្ជា​ឲ្យ​ធ្វើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​នេះ នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ