អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួង​មហាផ្ទៃ​បាន​ទទួល​លក្ខន្តិកៈ​របស់​បក្ស​ប្រឆាំង

នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា នេះ​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​តប​លិខិត​មួយ​មក​លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​ស្នើសុំ​តម្កល់​លក្ខន្តិកៈ​គណបក្ស​ប្រឆាំង ក្រោយ​ពី​គណបក្ស​នេះ​ធ្វើ​វិសោធនកម្ម​កាល​ពី​ថ្ងៃ​ទី ២៥ ​ខែ​មេសា។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បន្ថែម​ថា​ក្រសួង​បាន​ទទួល​ជា​ផ្លូវ​ការ​នូវ​លក្ខខន្តិកៈ​របស់​បក្ស​ប្រឆាំង​ហើយ។

លោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។
លោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។
ផ្សាយពាណិជ្ជកម្ម

លិខិត​ចុះ​ថ្ងៃ​ទី ០៣ ខែ​ឧសភា របស់​លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ពាក់​ព័ន្ធ​នឹង​សំណើ​សុំ​តម្កល់​លក្ខខន្តិកៈ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​មាន​សមាជ​វិសាមញ្ញ​គណបក្ស​បាន​ធ្វើ​វិសោធនកម្ម​លើ​ប្រការ ៤៧ (ថ្មី) ទៅ​ជា​ប្រការ ៤៧​ថ្មី(មួយ) និង​បាន​អនុម័ត​កែ​តម្រូវ​លេខ​រៀង​ជំពូក​ទី ១០ ទៅ​ជា​ជំពូក​ទី ៩​វិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា ថា​ខ្លឹម​សារ​នៃ​លិខិត​នេះ គឺ​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ជា​ផ្លូវ​ការ​នូវ​លក្ខខន្តិកៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ លោក​លើក​ឡើង​ថា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ចុះ​ហត្ថលេខា​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ​អាច​ធ្វើ​តាម​លក្ខន្តិកៈ​របស់​ខ្លួន ដែល​ដាក់​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​លោក​ផ្តាំ​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ​ថា ប្រយ័ត្ន​ធ្វើ​ខុស​ពី​លក្ខន្តិកៈ​របស់​ខ្លួន​ទៀត។

លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​បាន​លើក​ថា ក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មិន​មាន​ជំទាស់​អ្វី​ទៅ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ទៀត​ទេ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​គណបក្ស​នឹង​អនុវត្ត​ទៅ​តាម​លក្ខន្តិកៈ ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

គួរ​ជម្រាប​ជូន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួង​មហាផ្ទៃ បាន​កើន​ភាព​តាន​តឹង​ជាមួយ​គ្នា​យ៉ាង​ខ្លាំង ក្រោយ​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ធ្វើ​សមាជ​របស់​ខ្លួន ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ បន្ទាប់​ពី​លោក​សម រង្ស៊ី ​លា​លែង​ពី​ប្រធាន​គណបក្ស។ ក្រសួង​មហា​ផ្ទៃ និង​គណបក្ស​ប្រឆាំង​បាន​ខ្វែង​គ្នា​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ត្រង់​ប្រការ ៤៧(ថ្មី) ដែល​និយាយ​ពី​ការ​ជ្រើស​រើស​អនុប្រធាន​គណបក្ស​ថ្មី។

គណបក្ស​សង្រ្គោះ​ជាតិ​កាល ពី​សមាជ​ថ្ងៃ​ទី ២៥ ខែ​មេសា បាន​ឲ្យ​ដឹង​ថា គណបក្ស​នឹង​សម្រេច​ជ្រើស​រើស​អនុប្រធាន​ថ្មី ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លក្ខន្តិកៈ។ ប៉ុន្តែ​លោក​យឹម សុវណ្ណ​លើក​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា ថា​ការ​ជ្រើស​រើស​អនុប្រធាន​ មិន​ទាន់​បាន​កំណត់​ពេល​វេលា​នៅ​ឡើយ​ទេ។ ចំពោះ​សមាសភាព​អនុប្រធាន​គឺ​មាន​លោក អេង ឆៃអ៊ាង លោកស្រីមូរ សុខហួរ និង​លោកប៉ុល ហំម ដែល​គណបក្ស​បាន​ជ្រើស​រើស​កាល​ពី​ថ្ងៃ​ទី ២ មីនា កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ