អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ​មិន​ទទួល​ស្គាល់​បេក្ខភាព​ប្រធាន-អនុបក្ស​សង្គ្រោះ​ជាតិ

ក្នុង​លិខិត​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ក្រសួង​មហា​ផ្ទៃ បាន​ជម្រាប​មក​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​គណបក្ស​តាម​រយៈ​សមាជ​វិសាមញ្ញ ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​ខ្លួន​ឯង​ដែល​ក្រសួង​មិន​អាច​ផ្តល់​សុពលភាព​បាន​នោះ​ទេ​។ បន្ថែម​ពី​នេះ ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ស្នើ​ឱ្យ​បក្ស​ប្រឆាំង​ដក​ពាក្យ​ស្លោក​របស់​ខ្លួន​ផង​ដែរ​ព្រោះ​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។

ក្រសួង​​មហា​ផ្ទៃ​​មិន​​ទទួល​​ស្គាល់​​បេក្ខភាព​​ប្រធាន-អនុបក្ស​​សង្គ្រោះ​​ជាតិ
ក្រសួង​​មហា​ផ្ទៃ​​មិន​​ទទួល​​ស្គាល់​​បេក្ខភាព​​ប្រធាន-អនុបក្ស​​សង្គ្រោះ​​ជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

ប្រការ ៤៧ ត្រេ​ទី ២ ជា​ចំណុច​ដែល​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​គណបក្ស​សង្រ្គោះ​ជាតិ​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​ខ្លួន​ឯង ហើយ​ក្រសួង​មិន​ទាន់​អាច​ផ្តល់​សុពលភាព​ដល់​បេក្ខភាព​ប្រធាន និង​អនុ​ប្រធាន​បក្ស​បាន​ទេ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​លោក ខៀវ​ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ៖

ប្រការ ៤៧ តម្រូវ​ឱ្យ​អនុប្រធាន​គណបក្ស​គឺ​លោក​កឹម សុខា​ឡើង​ធ្វើ​ជា​ប្រធាន​ស្តីទី​ខណៈ​ដែល​លោក​សម រង្ស៊ី​លា​លែង​តិច​ជាង ១៨​ខែ ហើយ​គណបក្ស​ត្រូវ​ជ្រើស​រើស​អនុប្រធាន​ថ្មី​មួយ​រូប​ទៀត​ចេញ​ពី​គណៈកម្មាធិការ​នាយក​គណបក្ស​ដើម្បី​ជួយ​ការងារ​ប្រធាន​ស្តីទី ហើយ​ក្នុង​រយៈ​ពេល​លើស ១៨​ខែ​ទើប​គណបក្ស​អាច​ធ្វើ​សមាជ​សាមញ្ញ​ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​បាន​ដើម្បី​ដឹក​នាំ​រហូត​ដល់​ចប់​អាណត្តិ។

សូម​រំលឹក​ថា គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​ ០២ មីនា​កន្លង​ទៅ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ផ្លាស់​ប្តូរ​លក្ខន្តិកៈ​គណបក្ស និង​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដើម្បី​ជំនួស​លោក​សម រង្ស៊ី​ដែល​បាន​លា​លែង។ ប៉ុន្តែ​ការ​កែ​ប្រែ​លក្ខន្តិកៈ​ថ្មី និង​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ថ្មី​ក្នុង​ថ្ងៃ​តែ​មួយ​នេះ គឺ​បាន​ផ្ទុយ​ទៅ​តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់​ទុក​ស្រប​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ។ ត្រង់​ចំណុច​នេះ​ហើយ​ដែល អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សង្កត់​ធ្ងន់​ថា គណបក្ស​ប្រឆាំង​ត្រូវ​ធ្វើ​សំណើរ​មក​កាន់​ក្រសួង​មហាផ្ទៃ​ឱ្យ​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី សិន ទើប​គណបក្ស​អាច​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដែល​មាន​ប្រធាន ១​រូប និង​អនុប្រធាន ៣​រូប​ដូច​បច្ចុប្បន្ន​បាន។ 

រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ឆ្លើយ​តប និង​អត្ថាធិប្បាយ​ចំពោះ​លិខិត​របស់​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក សុន ឆ័យ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើងថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើស​រើស​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​ច្បាប់​ស្តី​ពី​គណបក្ស​ដែល​ទើប​វិសោធនកម្ម ដូច​នេះ​គណបក្ស​មិន​មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​បើ​ទោះ​ណា​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ផ្តល់​សុពលភាព​ដល់​ក្បាល​ម៉ាស៊ីន​របស់​បក្ស​ប្រឆាំង​ក៏​ដោយ។

ក្រៅ​ពី​បញ្ហា​ខាង​លើ ក្រសួង​មហាផ្ទៃ ក៏​បាន​ស្នើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដក​ចេញ​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ”ផង​ដែរ។ បើ​តាម​ក្រសួង​មហាផ្ទៃ ពាក្យ​ស្លោក​នេះ​គឺ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ពិសេស​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ