អានតួអត្ថបទ
កម្ពុជា

ក្រសួង​អប់រំ ហាម​អង្គការ​សមាគម និង​បុគ្គលិក​អប់រំ ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ

ក្រសួង​អប់រំ ហាម​អង្គការ​សមាគម និង​បុគ្គលិក​អប់រំ ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​​។ នៅ​ក្នុង​សេចក្ដី​ណែនាំ ចុះ​ថ្ងៃ​ទី​១១​សីហា ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ការ​ឃោសនា​នយោបាយ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​ក្នុង​គ្រឹះស្ថាន​សិក្សា ដែល​ផ្ទុយ​នឹង​គោលការណ៍​អព្យាក្រឹត្យភាព​របស់​គ្រឹះស្ថាន​សិក្សា ជា​ពិសេស ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​ការ​អប់រំ​។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​សកម្មភាព ឬ​ឃោសនា​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ទាំង​សាធារណៈ ទាំង​ឯកជន គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា​។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ​។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋ​មន្ដ្រី​បាន​លើក​ឡើង​ថា កន្លង​មក ​សមាគម អង្គការ បុគ្គលិក​អប់រំ និង​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​មួយ​ចំនួន បាន​ធ្វើ​សកម្មភាពមិន​ប្រក្រតី ឃោសនា​បំផុស​គំនិត​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ឲ្យ​ចូល​រួម​សកម្មភាព​នយោបាយ​។

 
បើ​តាម​លោក ហង់ ជួនណារ៉ុន ការ​ឃោសនា​នយោបាយ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​ក្នុង​គ្រឹះស្ថាន​សិក្សា ដែល​ផ្ទុយ​នឹង​គោលការណ៍​អព្យាក្រឹត្យភាព​របស់​គ្រឹះស្ថាន​សិក្សា ជា​ពិសេស ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​ការ​អប់រំ​។ ខណៈ​ដែល​បញ្ហា​នយោបាយ​កំពុង​តែ​ឡើង​កម្ដៅ​នា​ពេល​សព្វ​ថ្ងៃ​នេះ ក្រសួង​អប់រំ សម្រេច​ចេញ​សេចក្ដី​ណែនាំ​​ចំនួន​៤​ចំណុច​ ​ធ្វើ​យ៉ាង​ណា​ទប់ស្កាប់​រាល់​ភាព​មិន​ប្រក្រតី និង​ការ​ធ្វើ​សកម្មភាព​ឬ​ឃោសនា​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ​ ឲ្យ​មាន​ប្រសិទ្ធភាព និង​ឲ្យ​ស្រប​តាម​ច្បាប់​ស្ដី​ពី​ការ​អប់រំ​។

ក្នុង​នោះ ក្រសួង​មិន​អនុញ្ញាត​ឲ្យ​សមាគម អង្គការ ឬ​ភ្នាក់ងារណាមួយ ធ្វើ​សកម្មភាព​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ឡើយ​។ ការ​ធ្វើ​សកម្មភាព​និង​ការ​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា ឬ​ស្ថានប័ន​អប់រំ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ ស្រប​តាម​មាត្រា​៣៤​នៃ​ច្បាប់​ស្ដី​ពីការ​អប់រំ​។ ដោយ​ឡែក ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អប់រំ​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថាន​សាធារណៈ​ ចាំ​បាច់​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ក្រសួង​អប់រំ ស្រប​តាម​មាត្រា​៤២ នៃ​ច្បាប់​ស្ដី​ពី​ការ​អប់រំ​។

ក្នុង​ករណី​បុគ្គលិក​អប់រំ ធ្វើ​សកម្មភាព​ឲ្យ​ប៉ះពាល់​ដល់​អព្យាក្រឹត្យភាព​របស់​ស្ថាប័ន​អប់រំ និង​គ្រឹះស្ថាន​សិក្សា ត្រូវ​ទទួល​ពិន័យ​ជា​ប្រាក់​ពី​១​លាន ដល់​៥​លាន​រៀល ឬ​គុណ​ទ្វេ​ដង ប្រសិន​បើ​មិន​រៀង​ចាល។ ហើយ​ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ជា​នីតិបុគ្គល គឺ​ត្រូវ​ទទួល​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២០​លាន​រៀល ឬ​គុណ​ទ្វេ​ដង ប្រសិន​បើ​មិន​រៀង​ចាល។ ក្នុង​ករណី​នៅ​តែ​មិន​រាង​ចាល​ទៀត ក្រសួង​អប់រំ​ព្រមាន​ថា នឹង​ព្យួរ​ ឬ​ដក​ហូត​អាជ្ញាបណ្ណ​អប់រំ​របស់​ស្ថាប័ន​អប់រំ ឬ​គ្រឹះស្ថាន​សិក្សា​នោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ