អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រីក្រសួង​អប់រំ និង​សុខាភិបាល បំភ្លឺថា​វិទ្យា​សា្ថ​ន​វិទ្យាសាស្ត្រ​អន្តរជាតិ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ទាំង២

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឆ្លើយបំភ្លឺ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ថា​វិទ្យា​សា្ថ​ន​វិទ្យាសាស្ត្រ​អន្តរជាតិ ពុំទាន់​មាន​អាជ្ញាប័ណ្ណ និង​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ទាំង២ នោះទេ។ សេចក្តី​នេះ ត្រូវបាន​បង្ហាញ​ដោយ ACU នៅ​ថ្ងៃទី ៧សីហា​នេះ។ ការបំភ្លឺ​នេះ គឺ​បន្ទាប់ពី​និស្សិត​នៅ​វិទ្យាស្ថាន​នេះ បាន​ប្តឹងទៅ ACU ពី​ភាពមិនប្រក្រតី​របស់​វិទ្យាស្ថាន ដែល​បណ្តុះបណ្តាល​លើ​វិជ្ជា​សុខាភិបាល​នេះ កាលពីពេល​កន្លងមក។

ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU នៅ​ថ្ងៃទី ៧សីហា​នេះ បានបង្ហាញ​ពី​សេចក្តី​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​​នឹង​ភាពមិនប្រក្រតី​ក្នុង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ។ វិទ្យា​សា្ថ​ន​វិទ្យាសាស្ត្រ​អន្តរជាតិ ដែល​កន្លងមក​ត្រូវបាន​ក្រុមនិស្សិត​ប្តឹងទៅ ACU ដោយ​ចោទប្រកាន់ថា មិន​ផ្តល់​ការចុះ​កម្មសិក្សា​ដល់​ក្រុមនិស្សិត​រៀន​ឆ្នាំ​ទី១ ដល់​ឆ្នាំ​ទី៣ ហើយ​តម្រូវ​ឲ្យ​និស្សិត ត្រូវ​ចំណាយ​លុយ​ពេល​ចុះ​កម្មសិក្សា។ ក្នុងនោះ ក៏មាន​ការ​ចោទថា វិទ្យាស្ថាន​មិនមាន​គ្រូ​បង្រៀន​គ្រប់​គ្រាន់ ព្រមទាំង​មិនមាន​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពី​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​ទៀត។

បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ក្រសួង​ទាំងពីរ បាន​បញ្ជាក់ថា វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ មិន​ទាន់​បាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ទាំង ២នេះ នៅឡើយ​ទេ។ ដូច្នេះ ក្រសួង​ទាំងពីរ ក៏​មិនអាច​អនុញ្ញាត​ឲ្យ​និស្សិត​នៃ​វិទ្យា​សា្ថ​ន​នេះ ចុះ​កម្មសិក្សា​នៅតាម​មន្ទីរពេទ្យ​នានា បាន​នោះដែរ។ ហើយ​ការតម្រូវ​ឲ្យ​និស្សិត​បង់ថ្លៃ​ពេល​ចុះ​កម្មសិក្សា ក៏​មិនមែនជា​គោលការណ៍​រប​ស់​ក្រសួង​ទាំង ២ដែរ តែ​ជាការ​ប្រព្រឹត្ត​របស់​ម្ចាស់​វិទ្យាស្ថាន​ផ្ទាល់។ ហើយ​ក្រសួង​ទាំង២ ក៏​មិនអាច​ផ្តល់​អាជ្ញា​បណ្ណ ដល់​វិទ្យាស្ថាន​នេះ បាន​ដោយសារ​បញ្ហា​កង្វះ​គ្រូបង្រៀន​គ្រប់គ្រាន់ ។

ក្រសួង​ទាំង ២ បាន​បញ្ជាក់ថា គេ​ធ្លាប់​បានចេញ​លិខិត​ប​ញ្ឃ​ប់​ការប្រឡង ឬ​ការជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង​ផ្នែក​គិលានុបដ្ឋាក នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​នេះហើយ។ ហើយក៏​បានចេញ​លិខិត​ជា​បន្តបន្ទាប់ ឲ្យ​ប​ញ្ឃ​ប់​ដំណើរការ​បណ្តុះបណ្តាល ឬ​ការជ្រើសរើស​និស្សិត និង​ប​ញ្ឃ​ប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទាញ​សិស្ស ផងដែរ។ ការចេញលិខិត ដែល​បាន​ធ្វើឡើង បន្ទាប់ពី​មានការ​ជួបប្រជុំ និង​ការដាក់​ញ្ញត្តិ ពី​សមាគម​សម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន កាលពីពេល​កន្លងមក។

លើសពីនេះ ក្រសួង​ទាំង ២ ក៏បាន​រក​ដំណោះស្រាយ សម្រាប់​និស្សិត​ដែល​បាន​ចំណាយ​ពេល​​រៀន​នៅ​វិទ្យា​សា្ថ​ន​នេះ​ផងដែរ។ ដំណោះស្រាយ គឺ​និស្សិត​ដែល​បាន​រៀន​ពិតប្រាកដ អាច​ជ្រើសរើស​គ្រឹះស្ថាន​បណ្តុះបណ្តាល បន្ទាប់ពី​ការធ្វើ​តេស្ត​ជាមុនសិន ដើម្បី​វាស់​ស្ទង់​ចំណេះដឹង។ បន្ទាប់មក​និស្សិត​ទាំងនោះ អាច​ជ្រើសរើស បង់ថ្លៃ​រៀន​នៅ​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​សុខាភិបាល ឬ​អាច​បង់ថ្លៃ​ចូលរៀន តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​សុខាភិបាល​ផ្សេងទៀត។ ក្នុងនោះ ពួកគេ​ក៏​អាច​ស្នើសុំ​ទៅ​សិក្សា​នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ តាម​បណ្តា​ខេត្ត​មួយចំនួន ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ​សិក្សា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ