អានតួអត្ថបទ
កម្ពុជា

ក្រសួង​អប់រំ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​ចំណាត់​ការ​របស់​ខ្លួន​ នា​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ប្រកាស​ថា​ពាក្យ​បណ្តឹង​បី​ប្រភេទ​ដែល​ឳពុក​ ម្តាយ​ និង​អាណាព្យាបាល​សិស្ស​បាន​ប្តឹង​តវ៉ា​កន្លង​មក​ ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ​ ដោយ​លទ្ធផល​បង្ហាញ​នូវ​ភាព​ត្រឹមត្រូវ​ តម្លាភាព​ និង​ឆ្លុះ​បញ្ចាំង​នូវ​សមត្ថភាព​របស់​បេក្ខជន​ ដែល​បាន​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប​នៅ​ឆ្នាំ​២០១៥​នេះ។​

សិស្ស​​នៅ​​ក្នុង​​ពេល​​ប្រឡង​​បាក់ឌុប​
សិស្ស​​នៅ​​ក្នុង​​ពេល​​ប្រឡង​​បាក់ឌុប​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រសួង​អប់រំ​យុវជន​និង​កីឡា ​នៅ​ថ្ងៃ​ពុធ​ទី​១៤​តុលា​នេះ ​បាន​ប្រកាស​ថា​ការ​កែ​សន្លឹក​កិច្ចការ​ និង​ការ​ផ្តល់​ពិន្ទុ​ នាពេល​កន្លង​មក​ ពិត​ជា​ត្រឹមត្រូវ​ទៅ​តាម​អត្រា​កំណែ​ ដែល​បាន​ដាក់​ចេញ។​រីឯ​ការ​អនុវត្ត​ការងារ​បូក​ស្រង់​ពិន្ទុ​របស់​បេក្ខជន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ ពិតជា​មាន​តម្លាភាព​ ហើយ​លទ្ធផល​នៃ​ការ​ប្រឡង​ដែល​បាន​ប្រកាស​គឺ​ពិត​ជា​ឆ្លុះ​បញ្ចាំង​ទៅ​លើ​សមត្ថភាព​របស់​បេក្ខជន។

​ការ​ប្រកាស​នេះ​បា​​ន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​អប់រំ ​បាន​ផ្តល់​ដល់​មាតា ​បិតា​ ​អាណា​ព្យាបាល ​ឬ​​អ្នក​ពាក់ព័ន្ធ​ ដែល​មិន​ ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ ឬ​បាក់​ឌុប​នៅ​ឆ្នាំ​២០១៥​នេះ​ មាន​សិទ្ធិ​តវ៉ា​រយៈពេល​៣០​ថ្ងៃ​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​ កាល​​ពី​ថ្ងៃ​ទី​១២-១៣​កញ្ញា​កន្លង​ទៅនេះ។​

សូម​បញ្ជាក់​ថា ​ក្រសួង​អប់រំ​បាន​បង្កើត​ក្រុម​ការងារ​កោសល​វិច័យ​​ ដើម្បី​​ពិនិត្យ​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​ លើ​គ្រប់​ពាក្យ​បណ្តឹង​ទាំង​អស់​ ដោយ​បែងចែក​ពាក្យ​បណ្តឹង​ជា​៣​ប្រភេទ​ គឺ​បណ្តឹង​របស់​បេក្ខជន ​ដែល​ត្រូវ​ប្រកាស​ថា​ប្រឡង​ធ្លាក់​ ប្តឹង​សុំ​ពិនិត្យ​មើល​ពិន្ទុ។​ ប្រភេទ​ពាក្យ​បណ្តឹង​របស់​បេក្ខជន​ ​​មិន​​ពេញ​ចិត្ត​ចំពោះ​និទ្ទេស​ ដែល​ខ្លួន​ទទួល​បាន​ និង​ប្រភេទ​ពាក្យ​បណ្តឹង​របស់​បេក្ខជន​ ដែល​សុំ​ឲ្យ​កែ​សន្លឹក​កិច្ចការ​ឡើងវិញ។

​តាម​​ក្រសួង​អប់រំ ​ពាក្យ​បណ្តឹង​ខ្លះ​បាន​ធ្វើ​ស្រប​ទៅ​តាម​គោលការណ៍​ណែនាំ​នៃ​ស្មារតី​ប្រកាស​ត្រង់​ប្រការ​១១​ ហើយ​ពាក្យ​បណ្តឹង​ខ្លះ​ទៀត​មិន​ស្រប​តាម​ស្មារតី​ប្រកាស​នេះ​ទេ។

​ការ​ផ្តល់​ឱកាសដ​ល់មាតា ​បិតា ​អាណាព្យាបាល ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ពី​លទ្ធផល​ប្រឡង​របស់​បេក្ខជន​នៅ​ឆ្នាំ​នេះ​ ទទួល​បាន​ការ​អបអរ​ពី​មជ្ឈដ្ឋាន​នានា​ ដែល​បាន​តាមដាន​ កំណែ​ទម្រង់​លើ​វិស័យ​អប់រំ ​ដោយសារ​កន្លង​មក​មិន​មាន​ការ​អនុញ្ញាត​​ដូច្នេះ​ទេ​ ពោល​គឺ​ការ​ប្រកាស​លទ្ធផល​ប្រឡង ​គឺ​ជា​ការ​កំណត់​ចុង​ក្រោយ​ពី​ក្តី​សង្ឃឹម​ និង​បរាជ័យ​របស់​បេក្ខជន​ ដែល​បាន​ប្រឹងប្រែង​ខុស​ៗ​គ្នា​ អស់​រយៈ​ពេល​១២​ឆ្នាំ​កន្លង​មក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ