អានតួអត្ថបទ
កម្ពុជា

យុទ្ធនាការ​អក្ខរកម្ម​ជាតិ​ឆ្នាំ​ ២០១៥ ​សម្រេច​បាន​ជាង ​៧០​ភាគរយ​

បន្ទាប់​ពី​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ​មក​ យុទ្ធនាការ​អក្ខរកម្ម​ជាតិ​ឆ្នាំ​ ២០១៥ ​អាច​សម្រេច​បានជា​ង ​៧០​ភាគរយ​ ឬ​ស្មើ​នឹង​ចំនួន​ពលរដ្ឋ​ ដែល​មក​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​អក្ខរកម្ម​ប្រមាណ​ ៧​ម៉ឺន​នាក់។ ​តាម​គម្រោង​យុទ្ធនាការ​នេះ​ គ្រោង​ពន្លឿន​លទ្ធផល​អត្រា​អក្ខរកម្មជន​ពេញ​វ័យ​ពី​អាយុ ​១៥​ឆ្នាំ​ឡើង​ទៅ​ ឲ្យ​បាន​ ៨៤.៤០ភាគរយ ​ឬ​​ស្មើ​នឹង​ចំនួន​មនុស្ស​ ៩​ម៉ឺន​២​ពាន់​នាក់​ នៅ​ចុង​ឆ្នាំ​ ២០១៥។ ​នេះ​គឺ​ជា​លទ្ធផល​​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​អ្នក​ស្ម័គ្រចិត្ត​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​ឆ្នាំ​ ២០១៥ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ កូរ៉េ ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ឬ​ CKCC ​នា​ព្រឹក​ថ្ងៃ​ទី​ ០៦​តុលានេះ។ ​

ពិធី​សំណេះ​សំ​ណាល​​ជាមួយ​​អ្នក​​ស្ម័គ្រ​ចិត្ត​​យុទ្ធនាការ​​អក្ខរកម្ម​ជាតិ​​ឆ្នាំ​​ ២០១៥​​
ពិធី​សំណេះ​សំ​ណាល​​ជាមួយ​​អ្នក​​ស្ម័គ្រ​ចិត្ត​​យុទ្ធនាការ​​អក្ខរកម្ម​ជាតិ​​ឆ្នាំ​​ ២០១៥​​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​សំណេះសំ​ណាល​ជាមួយ​អ្នក​ស្ម័គ្រចិត្ត​យុទ្ធនាការ​អក្ខរកម្មជាតិ​ឆ្នាំ​ ២០១៥​ លោក​យិនសៀង សុមេធ ​មន្ត្រី​សម្រប​សម្រួល​យុទ្ធនា​ការ​នេះ ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ដំណើរ​ការ​យុទ្ធនាការ​នេះ​ជិត​ ៩​ខែ​មក​ កម្ពុជា​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​ថ្នាក់​អក្ខរកម្ម​ ប្រមាណ ​៧​ម៉ឺន​នាក់ ​ដែល​ស្មើ​នឹង​ ៧០​ភាគរយ​ នៃ​គោលការណ៍ ​ដែល​យុទ្ធនា​ការចង់​បាន​គឺ​ ៨៤.៤០​ភាគរយ ​ឬ​ស្មើ​នឹង​ ៩​ម៉ឺន​២​ពាន់។

​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​ឆ្នាំ​២០១៥ ​ត្រូវ​បាន​ធ្វើ​ពីធី​ផ្សព្វផ្សាយ ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មីនា​ឆ្នាំ​២០១៥ ​​កន្លង​ទៅ។ ​យុទ្ធនាការ​នេះ​ មាន​គោលដៅ​ពន្លឿន​នូវការ​សម្រេច​លទ្ធផល​អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​ពី​អាយុ ​១៥​ឆ្នាំ​ឡើង​ ឲ្យ​បាន​ ៨៤,៤០ភាគរយ ​នៅ​ឆ្នាំ​២០១៥។ ​តាម​អង្គការ​យូណេស្កូ​ ​សព្វ​ថ្ងៃ​ថ្នាក់​អក្ខរកម្ម​ មាន​សរុប​ចំនួន​ ៣១៥១ ​ថ្នាក់​ ដែល​កំពុង​ដំណើរ​ការ​ នៅ​ទូទាំង​ប្រទេស។

​កន្លង​មក មាន​បេក្ខជន​សរុប​ចំនួន​ ១៨៨នាក់​ បាន​ដាក់​ពាក្យ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ សម្រាប់​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​២០១៥។ ក៏​ប៉ុន្តែ​ដោយសារ​ចំនួន​ និង​ទីតាំង​ថ្នាក់​អក្ខរកម្ម​ មាន​កំណត់​ ដូច្នេះ​មាន​តែ​អ្នក​ស្ម័គ្រចិត្ត​ចំនួន​ ៨៨​នាក់​ប៉ុណ្ណោះ ​ត្រូវ​បាន​ជ្រើស​រើស​ចុង​ក្រោយ​ សម្រាប់​យុទ្ធនាការ​ឆ្នាំ​នេះ។ អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់​នោះ ​មាន​នៅ​ក្នុង​ខេត្ត​កណ្តាល ​បន្ទាយ​មាន​ជ័យ​ កំពង់ស្ពឺ ​ព្រះវិហារ ​ព្រៃវែង ​និង​រាជធានីភ្នំពេញ។

​តួនាទី​របស់​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ ​គឺ​ជួយ​គាំទ្រ​ និង​លើក​កម្ពស់​ការ​យល់ដឹង​ពី​សកម្មភាព​យុទ្ធនាការ​អក្ខរកម្មជាតិ​ ក៏ដូ​ចជា​ចុះ​ជួយ​គាំទ្រ​ដំណើរ​ការ​ថ្នាក់​រៀន​អក្ខរកម្ម។ អ្នក​ស្ម័គ្រ​ចិត្ត​ ត្រូវ​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ ចុះ​ជួយ​ថ្នាក់​អក្ខរកម្ម​នៅ​តាម​សហមគមន៍​របស់​គេ ​២​ដង​ ក្នុង​មួយ​សប្តាហ៍។ ​ហើយ​ពួកគេ ​ត្រូវ​ជួយ​គ្រូ​អក្ខរកម្ម​ ក្នុង​ការ​ដំណើរ​ការ​ថ្នាក់​រៀន ​និង​ជួយ​ បង្រៀន​សិស្ស​អក្ខរកម្ម។​

តាម​លោក​យិនសៀង សុមេធ នេះ​គឺ​ជាយុ​ទ្ធនាការ​លើក​ទី​១ ​ដែល​អង្គការ​យូណេស្គូ ​និង​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​សហការ​ជាមួយ​នឹង​ក្រសួងអ​ប់រំ​ យុវជន​ និង​កីឡា​កម្ពុជា​ ផ្តើម​គម្រោង​នេះ។ ហើយ​ប្រសិន​ជា​ទទួល​បាន​ជោគជ័យ ​នោះ​គេ​ត្រូវ​ចាំ​ការ​ពិចារណា ​ពី​រដ្ឋាភិបាល​សិន​ថា​ តើ​គួរ​ត្រូវ​មាន​យុទ្ធនាការ​បែប​នេះ​បន្ត​ទៀត​ ឬ​យ៉ាង​ណា។ លោក​សុមេធ​ បាន​បញ្ជាក់​ថា ​អ្នក​ស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​នេះ​ នឹង​ទទួល​បាន​គុណ​តំលៃ​ក្នុង​ការ​យល់​ដឹង​ពី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ហើយ​អង្គការ​យូណេស្កូ ​នឹង​ចេញ​វិញ្ញាបនប័ត្រ​បញ្ជាក់​ពី​ស្នាដៃ​របស់​ពួកគេ​​ ក្រោយ​ពេល​បញ្ចប់​យុទ្ធនាការ។

បើ​ផ្អែក​តាម​ឯកសារ​វិទ្យាស្ថាន​ស្ថិតិ​របស់​អង្គការ​ យូណេស្កូ ​សម្រាប់​ប្រទេស​ក្នុង​សមាគម​អាស៊ាន ​ប្រទេស​កម្ពុជា​ មាន​អត្រា​អក្ខរកម្ម​អាយុ ​១៥​ឆ្នាំ​ ឡើង​ខ្ពស់​ជាង​ ប្រទេស​ឡាវ​ ប៉ុន្តែ​នៅ​មាន​កម្រិ​ត​ទាប​ជាង​ប្រទេស​មួយ​ចំនួន​ដូចជា ​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​ភូមា ​វៀតណាម ​និង​​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ