អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«ទីលាន​សេរីភាព»ដែល​«អ្នក​ស្រឡាញ់​សេរីភាព»មិនចង់​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បង្កើត​ទីលាន​សេរីភាព​មួយ​ ដើម្បី​ឲ្យ​អ្នក​ធ្វើ​បាតុកម្ម​​ជួបជុំ​គ្នា​នៅ​ទីនោះ​ ដោយ​មិន​ចាំបាច់​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​សាធារណៈ​ដូច​មុន​ទៀត​​ឡើយ។ ​​ការ​បង្កើត​ទីលាន​សម្រាប់​សម្តែង​មតិ​នេះ​ ត្រូវ​បាន​គេ​ពន្យល់​ថា ​​មាន​គោលដៅ​​បំបាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ដង្ហែ​ក្បួន​បាតុកម្ម ​​ក៏ដូច​ជា ​ដើម្បី​ពង្រឹង​សុវត្ថិភាព ​​សម្រាប់​ក្រុម​បាតុករ​ដែរ។​​ ប៉ុន្តែ​​ក្រុម​អ្នក​«ស្រឡាញ់​សេរីភាព»​ ដែល​តែងតែ​ដឹកនាំ​​បាតុកម្ម​​ជា​ញឹកញាប់​នោះ​​ មិន​ប្រាថ្នា​ចង់​បាន​បែប​នេះ​ឡើយ ​​ដោយ​ពួកគេ​ចាត់​ទុកថា ​​នេះ​គឺជា​​ទីលាន​សម្រាប់​រឹតត្បិត​សេរីភាព​ទៅ​វិញ។​​

រដ្ឋាភិបាល​ចង់​ហាមឃាត់​ការដើរដង្ហែក្បួន​បាតុកម្ម ដោយ​បង្កើត "ទីលាន​សេរីភាព"
រដ្ឋាភិបាល​ចង់​ហាមឃាត់​ការដើរដង្ហែក្បួន​បាតុកម្ម ដោយ​បង្កើត "ទីលាន​សេរីភាព" ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ពេល​ឆាប់​ៗ​នេះ ​​អ្នក​ដែល​ចង់​សម្តែង​មតិ​ តាម​រយៈ​បាតុកម្ម​​ នឹង​ត្រូវ​គេ​កម្រិត​ឲ្យ​ជួបជុំ​​គ្នា ​នៅ​នឹង​កន្លែង​មួយ​​ ដែល​គេ​ដាក់​ឈ្មោះ​ថា​​ «ទីលានសេរីភាព»​។​ ទីលាន​នេះ​នឹង​ត្រូវ​គេ​បង្កើត​​ឡើង​ ដោយ​អនុលោម​តាម​ច្បាប់​ ស្តីពី​បាតុកម្ម ​​ដែល​រដ្ឋសភា​បាន​អនុម័ត​ កាល​ពីអំឡុង​​ខែ​តុលា ​​ឆ្នាំ២០០៩។

គោល​បំណង​នៃ​ការ​បង្កើត​​ទីលាន​សេរីភាព​នេះ ​​ត្រូវ​បាន​រដ្ឋាភិបាល​ពន្យល់​ថា​​ ដើម្បី​គោរព​សិទ្ធិ​សេរីភាព​សម្តែង​​មតិ​របស់​ប្រជាពលរដ្ឋ ​ក្នុង​លទិ្ធ​ប្រជាធិបតេយ្យ ​​ក៏ដូច​​ជា​ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​មាន​របៀប​រៀបរយ​ផងដែរ។ ​​​ប៉ុន្តែ​​សម្រាប់​តំណាង​​សហជីព​សេរី​កម្មករ​​​ អ្នក​នយោបាយ​ប្រឆាំង ​​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​វិញ ​​គេ​បាន​នាំគ្នា​ហៅ​ទីលាន​នោះ​ថា​​ ជា​«ទីលាន​សម្រាប់​កាត់បន្ថយ​សេរីភាព»​​ទៅ​វិញ។​

ជាការពិត​ណាស់​​​​ ការ​បង្កើត​ទីលាន​សេរីភាព​នេះ​ ពិត​ជា​មាន​គុណ​សម្បត្តិ​ផង​​ និង​​គុណវិបត្តិផង។​គុណ​សម្បតិ្ត​នៅ​ត្រង់​ថា ​​វា​ជា​ការ​ងាយ​ស្រួល​មួយ​ សម្រាប់​សមត្ថកិច្ច​​ ក្នុង​ការ​ការពារ​សុវត្ថិភាព​ឲ្យ​ក្រុម​បាតុករ។​​​ ម្យ៉ាង​ទៀត ​​វិធី​នេះ​​ក៏​អាច​កាត់​បន្ថយ​​ផង​ដែរ នូវ​ការ​រំខាន​​ដល់​អ្នក​ដទៃ​ ដែល​​កើត​ឡើង​តាម​រយៈ​ការ​កកស្ទះ​ចរាចរណ៍ ​ដែល​​បណ្តាល​មក​ពី​ក្បួន​ដង្ហែ​បាតុកម្ម​តាម​ដងផ្លូវ​សាធារណៈ។ ​​លើស​ពី​នេះ​ទៅ​ទៀត​​ ការ​ជួបជុំ​គ្នា​នៅ​ក្នុង​ទីលាន​កំណត់​មួយ​​ ក៏អាច​កាត់​បន្ថយ​ការ​ប៉ះទង្គិច​គ្នា ​រវាង​បាតុករ ​​និង​ប៉ូលិស​ផងដែរ។​​ ប៉ុន្តែ​​ចំណោទ​នៅ​ត្រង់​ថា ​​តើ​ការ​បង្កើត​ទីលាន​នោះ​មាន​​គោលដៅ​​ត្រឹម​តែ​ការ​រក្សា​សណ្តាប់​ធ្នាប់​សង្គម​​ ឬ​ក៏មាន​បង្កប់​ដោយ​ចេតនា​អ្វី​ផ្សេង​ពី​នេះ?

មាន​ហេតុផល​សំខាន់​ពីរ​យ៉ាង ​ដែល​ក្រុម​អ្នក​រិះគន់​បាន​កត់សម្គាល់៖

ទី១​​ គឺការ​ជ្រើស​រើស​ទីតាំង​ ដែល​ក្រុម​អ្នក​រិះគន់​មិន​ពេញចិត្ត ​ព្រោះ​តែ​វា​មិន​អំណោយ​ផល​សម្រាប់​ការ​ជួបជុំ​គ្នា ​ដើម្បី​​ធ្វើ​បាតុកម្ម​​។​ ទី២​ គឺការ​​កំណត់​ចំនួន​អ្នក​ចូលរួម​បាតុកម្ម​ ដែល​មិន​អាច​លើស​ពី​​២០០​នាក់។​​ ហេតុផល​​ទាំងពីរ​យ៉ាង​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា ​​ជា​ការ​បង្រួញ​លំហ​សេរីភាព​ឲ្យ​កាន់តែ​រួមតូច ​​ដោយ​ហេតុថា​​ ជា​ធម្មតា ​​​ក្រុម​បាតុករ​ចង់​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ ដើម្បី​សម្តែង​មតិ​ការពារ​​ផលប្រយោជន៍​របស់​ពួកគេ​ នៅទីណា​ក៏បាន ​​ដែល​គេ​យល់​ថា​​ សំឡេង​របស់​ពួកគេ​អាច​​នឹង​ងាយ​ស្រួល​ឮដល់​អ្នកដឹកនាំ​​ ឬ​ក៏មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​អ្នកដឹកនាំ​រដ្ឋាភិបាល។ ​នេះ​ជា​គោលដៅ​ធម្មតា​ ដែល​ក្រុម​អ្នករៀបចំ​បាតុកម្ម​ចង់បាន។​​

ប៉ុន្តែ​​ការ​រិះគន់​នៅ​តែ​ជា​ការ​រិះគន់​ដដែល។ ​​ច្បាប់​ត្រូវ​បាន​អនុម័ត​​រួច​ទៅ​ហើយ ​​រីឯ​ទីលាន​សេរីភាព​ក៏​នឹង​កើត​ជា​រូបរាង​ ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​គ្មាន​​អ្នកណា​ទប់បាន​​ឡើយ​ ពីព្រោះ​វាជា​ការ​សម្រេច​របស់​គណបក្ស​កាន់​អំណាច ​ដែល​មាន​សំឡេង​ភាគ​​ច្រើន​ក្នុង​សភា។​​ ដូច្នេះ ​​​ពីអំណឹះ​តទៅ​​ ការ​ជជែក​គ្នា ​អំពី​បញ្ហា​នេះ​ហាក់​មិន​សូវ​មាន​ប្រយោជន៍​ឡើយ។ ​តែ​អ្វី​ដែល​ត្រូវ​ធ្វើនោះ​ គឺ​​អាជ្ញាធរ​រដ្ឋាភិបាល​​ តាំង​ពី​ថ្នាក់​​ជាតិ ​​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ​​គួរ​គប្បី​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​​រហ័ស ​​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ​​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បាតុកម្ម ​​ដោយ​ផ្អែក​​លើ​ទស្សនវិជ្ជា​​«ការពារ​ប្រសើរ​ជាង​ព្យាបាល»។

​ក្នុង​ករណី​ដែល​មាន​បាតុកម្ម​ជា​យថាហេតុ​កើត​ឡើង ​​រដ្ឋាភិបាល​គួរ​គប្បី​យកចិត្ត​​ទុកដាក់​ស្តាប់​សំណូមពរ​របស់​ប្រជាពលរដ្ឋ។​​ បាតុកម្ម​ក៏ជា​ឱកាស​មួយ​​ ដែល​មេដឹកនាំ​​ថ្នាក់​លើ​​អាច​​​ទទួល​ព័ត៌មាន​ដោយ​ផ្ទាល់​ ពី​ប្រជាពលរដ្ឋ ​​ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​​សមស្រប។ ​​ម្យ៉ាងទៀត​​ ការ​ស្តាប់​ទុក្ខសោក​របស់​ប្រជាពលរដ្ឋ​ គឺជា​កាតព្វកិច្ច​របស់​​អ្នកដឹកនាំ​គ្រប់ៗ​រូប។​
រីឯ​អ្នករៀបចំ​បាតុកម្ម​ទៀតសោធ​ ក៏គួរ​​គប្បី​ចៀសវាង​ កុំយក​បញ្ហា​នយោបាយ​​មក​ឡូកឡំ​​ ពីព្រោះ​រឿងរ៉ាវ​អ្វី​មួយ ​ដែល​ឡូកឡំ​ដោយ​បញ្ហា​នយោបាយ ​​ពិតជា​មិន​ងាយ​​នឹង​ដោះស្រាយ​បាន​ឡើយ។​​ បើ​គ្រប់​ភាគី​អាច​ធ្វើ​ដូច្នេះ​បាន​​ បាតុកម្ម​នឹង​ពិតជា​មាន​​ប្រយោជន៍​ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​​ ផ្ទុយ​ពីនេះ​​​ ទីលាន​សេរីភាព​​ប្រាកដ​ជា​នឹង​គ្រាន់​​តែ​ជា​ទីលាន​ដ៏​សោះ​កក្រោះ​មួយ​តែ​ប៉ុណ្ណោះ៕​​​​​​​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ