អានតួអត្ថបទ
កម្ពុជា

CCHR អំពាវនាវឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​របស់​អ្នក​ប្ដូរ​ភេទ​នៅ​កម្ពុជា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​របស់​អ្នក​ប្ដូរ​ភេទ​នៅ​កម្ពុជា។ ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប​ទី​ប្រាំមួយ នៃ​ទិវា​ប្ដូរ​ភេទ​អន្ដរជាតិ​ដោយ​បើក​ចំហ ថ្ងៃ​ទី​៣១ ខែ​មីនា​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

កិច្ចពិភាក្សាថ្នាក់ជាតិលើកទីមួយ ស្ដីពីក្រុមមនុស្ស LGBT
កិច្ចពិភាក្សាថ្នាក់ជាតិលើកទីមួយ ស្ដីពីក្រុមមនុស្ស LGBT RFI-sophal
ផ្សាយពាណិជ្ជកម្ម

ខួប​ទី​៦ នៃ​ទិវា​ប្ដូរ​ភេទ​អន្ដរជាតិ​ដោយ​បើក​ចំហ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ដើម្បី​អបអរ​សហគមន៍​អ្នក​ប្ដូរ​ភេទ​នៅ​ជុំ​វិញ​ពិភព​លោក​ ក៏​ដូច​ជា​ដើម្បី​កាន់​ទុក្ខ​ចំពោះ​មនុស្ស​ដែល​ត្រូវ​សម្លាប់​ដោយ​សារ​ការ​រើស​អើង​ ទាក់ទង​នឹង​ការ​បង្ហាញ​អត្តសញ្ញាណ​យេនឌ័រ​​។

ក្នុង​ឱកាស​នេះ​ដែរ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា បញ្ហា​របស់​អ្នក​ប្ដូរ​ភេទ​នៅ​កម្ពុជា មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​យ៉ាង​ទូលំទូលាយ​នៅឡើយ​ទេ​។ ទិន្នន័យ​ទាក់ទង​នឹង​ការ​រើស​អើង​ប្រឆាំង​នឹង​ក្រុម​អ្នក​ប្ដូរ​ភេទ ក៏​មិន​មាន​ច្បាស់​លាស់​ដែរ​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​​យេនឌ័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រក​ឃើញ​ថា ការ​រើស​អើង​ទៅ​លើ​អ្នក​ប្ដូរ​ភេទ​ គឺ​មិន​មែន​ជា​រឿង​ចម្លែក​នោះទេ មិន​ថា​នៅ​កន្លែង​ធ្វើ​ការ និង​នៅ​សាលា​រៀន​។

លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា អ្នក​ដែល​ប្ដូរ​ភេទ​នៅ​កម្ពុជា ក៏​ដូច​ជា​សហគមន៍​ស្រី​ស្រឡាញ់​ស្រី បុរស​ស្រឡាញ់​បុរស និង​អ្នក​ស្រឡាញ់​បាន​ទាំង​ពីរ​ភេទ តែង​តែ​ប្រឈម​នឹង​ការ​មិន​អត់​ឱន និង​ការ​រើស​អើង​ពី​សំណាក់​គ្រួសារ ព្រម​ទាំង​សង្គម​។ អ្នក​សម្រប​សម្រួល​គម្រោង​រូប​នេះ​ចង់​ឃើញ​ការ​ផ្លាស់​ប្ដូរឥរិយាបទ ដែល​ជួយ​ឲ្យ​អ្នក​ប្ដូរ​ភេទ​មាន​អារម្មណ៍​​ថា ខ្លួន​ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​មាន​សុវត្ថិភាព​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​។

ដើម្បី​ឲ្យ​សាធារណៈជន​ទទួល​ស្គាល់​សហគមន៍​អ្នក​ប្ដូរ​ភេទ សាធារណៈជន​ត្រូវ​យល់​ដឹង​ពី​បញ្ហា​សហគមន៍​អ្នក​ប្ដូរ​ភេទ​។ នេះ​បើ​តាម​ លោក​ស្រី ស៊ូ សុធាវី ដែល​ជា​សកម្មជន​អ្នក​ប្ដូរ​ភេទ​កម្ពុជា និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​បណ្ដាញ​ប្រជាជន​កម្ពុជា​សម្រាប់​អភិវឌ្ឍ​បុរស​ស្ដ្រី។ លោក​ស្រី បាន​ពន្យល់​​បន្ថែម​ថា ការ​ជជែក​ពិភាក្សា​ដោយ​បើក​ចំហ គឺ​ជា​កត្តា​ដ៏​សំខាន់ ក្នុង​ការ​បង្កើន​​ការ​យល់​ដឹង​ពី​បញ្ហា​អ្នក​ប្ដូរ​ភេទ ក្នុង​ចំណោម​សាធារណៈជន​ទូទៅ​។ អ្នក​សម្រប​សម្រួល​​​គម្រោង​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក នួន ស៊ីដារ៉ា បាន​គូស​បញ្ជាក់​ជា​ចុង​ក្រោយ​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ជា​គំរូ និង​លើក​កម្ពស់ ការ​ពារ​សិទ្ធិ​បុរស​ស្ដ្រី​ដែល​បាន​ប្ដូរ​ភេទ ដើម្បី​ឲ្យ​មាន​ការ​រស់​នៅ​ដោយ​មិន​មាន​ការ​រើស​អើង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ