អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការងារ​ទាត់ចោល​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សរឿង​ការរំលោភ​សិទ្ធិ​ការងារ​នៅ​កម្ពុជា

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ ម្សិលមិញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​សម្តែង​ការសោកស្តាយ និង​បដិសេធ​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស(Humnan Right Watch)ដែល​បានលើកឡើង​ពី​ការរំលោភ​សិទ្ធិ​ការងារ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា។ ក្រសួង​ការងារ បាន​ហៅ​ការលើកឡើង​របស់​អង្គការ​អន្តរជាតិ​នេះ ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង ដែល​បាន និង​កំពុង​បំពេញការងារ​នេះ​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រសិទ្ធភាព។

កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​បន្ទាប់ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស(Human Right Watch) បានចេញ​របាយការណ៍​មួយ​ស្តី​ការរំលោភ​សិទ្ធិ​ការងារ​នៅ​កម្ពុជា គឺ​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ បាន​ចេញមុខ​ទាត់ចោល​នូវ​របាយការណ៍​នោះ។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ក្រសួង​ការងារ​បានចាត់ទុករ​បាយ​ការណ៍​នោះ​ថា គ្មាន​មូលដ្ឋាន​វិជ្ជាជីវៈ​ច្បាស់លាស់។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១២ មីនា ក្នុង​សប្តាហ៍​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(Human Right Watch) បានចេញ​របាយការណ៍​មួយ​ស្តី​ការរំលោភ​សិទ្ធិ​ការងារ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ក្រោម​ចំណងជើង​ថា “Work Faster or Get out : Labor Rights Abuses in Cambodia’s Garment Industry”។ នៅក្នុង​របាយការណ៍​ជា​ភាសា​អង់គ្លេស​​​​កម្រាស់១៤០ទំព័រ​របស់ខ្លួន​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស(Human Right Watch) បានលើកឡើង​ជាច្រើន​ពី​ការរំលោភ​សិទ្ធិ​ការងារ​នៅក្នុង​វិស័យ​កាត់ដេរ​កម្ពុជា ដូចជា​ការធ្វើ​កិច្ចសន្យាការងារ​រយៈពេល​ខ្លី​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ចៅ​កែ​រោងចក្រ​ក្នុង​បណ្តេញ​​ចេញ និង​គ្រប់គ្រង​កម្មករ ពេលវេលា​សម្រាក​តិចតួច និង​ការប្រើប្រាស់​មធ្យោបាយ​គ្រប់យ៉ាង ដើ​ម្ប​ប្រឆាំងនឹង​សហជីព​ឯករាជ្យ​ជាដើម។ចំពោះ​ការលើកឡើង​នេះ ក្រសួង​ការងារ​​​កម្ពុជា បាន​ឆ្លើយតប​ថា កន្លងមក ក៏​ដូច​ពេលបច្ចុប្បន្ន​ដែរ សហគមន៍​អន្តរជាតិ អ្នកបញ្ជា​ទិញ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO) បាន​គាំទ្រ និង​ទទួលស្គាល់ថា លក្ខខណ្ឌ​​​​ការងារ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ស្របតាម​បទដ្ឋាន​អន្តរជាតិ។

ក្រៅពីនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស(Human Right Watch) ក៏បាន​លើកឡើង​ពី​ការបង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង និង ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ផងដែរ។ បើតាម​អង្គការ​អន្តរជាតិ​ដដែល ៩៤ភាគរយ​នៃ​រោងចក្រ​ទាំងអស់​ដែល​បាន​ត្រួតពិនិត្យ​ដោយ​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ចន្លោះ​ខែឧសភា ឆ្នាំ២០១៣ ដល់​ខែមេសា​ឆ្នាំ២០១៤ បាន​រកឃើញថា បាន​រំលោភ​លើ​ច្បាប់​ស្តីពី​ការធ្វើការ​ថែម​ម៉ោង​ពិសេស។ ចំពោះ​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​​វិញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស(Human Right Watch) បាន​បង្ហាញថា ក្នុងចំណោម​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​រាប់ពាន់​លើក​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចន្លោះ​ពី​ខែមករា ឆ្នា២០០៩ ដល់​ខែធ្នូ​ឆ្នាំ២០១៣កន្លងទៅ គឺ​រដ្ឋាភិបាល បានធ្វើ​ការពិន័យ​រោងចក្រ សហគ្រាស​តែ១០លើក​ប៉ុណ្ណោះ។

ផ្ទុយ​ពី​ការលើកឡើង​នេះ ក្រសួង​ការងារ​បាន​ថ្លែង​ការពារ​ថា ខ្លួន​បាននឹង​កំពុង​យកចិត្ត​ទុកដាក់​​ពង្រឹង​យន្តការ និង​ប្រសិទ្ធភាព​នៃ​អធិការកិច្ច​ការងារ និង ដាក់ពិន័យ​ដល់​សហគ្រាស គ្រឹះស្ថាន​​ទាំងឡាយ​ណា​​ដែល​​បាន​​ល្មើស​​នឹង​​បទ​បញ្ញត្តិ​​ច្បាប់​​ស្តី​ពី​​ការងារ។​ ជាក់​ស្តែង​​នៅ​ក្នុង​ឆ្នាំ២០១៤ ក្រុមអធិការកិច្ច​ការ​ងារ​ចំនួន៤៩ក្រុម បានធ្វើ​អធិការកិច្ច​ការងារ​ចំនួន​៧១៩១​លើក ហើយ​បានដាក់​កំហិត​លើ​សហគ្រាស គ្រឹះស្ថាន​ចំនួន៨០៥ និង​បាន​ផាកពិន័យ​ចំនួន​១២៨។ ជាមួយគ្នានេះ ក្រសួង​ការងារ​បាន​គូសបញ្ជាក់ថា ការលើកឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស(Human Right Watch) គឺ​មិនអាច​ទទួលយក​បានទេ ព្រោះថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​បាននឹងកំពុង​បំពេញការងារ ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រសិទ្ធភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ