អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្ថាប័ន​រដ្ឋ​គួរ​ធ្វើ​គំរូ​គេ​ក្នុង​ការ​ធានា​និរន្តរភាព​មន្ទីរពេទ្យ​គន្ធ​បុប្ផា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​សម្រេច​កាត់​យក​២​ដុល្លារ​ ដែល​បាន​មក​ពី​ការ​តម្លើង​ថ្លៃ​សំបុត្រ​ពី​ទេសចរណ៍​បរទេស​ចូល​មើល​អង្គរវត្ត ផ្តល់​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ទោះ​យ៉ាង​នេះ​ក្តី ការ​សម្រេច​នេះ គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ក្នុង​ការ​ជួយ​សម្រាល​ការ​លំបាក​លើ​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​មន្ទីរពេទ្យ។ អ្វី​ដែល​គួរ​ធ្វើ គឺ​ទាំង​អស់​គ្នា​ត្រៀម​ខ្លួន​ឲ្យ​ហើយ ​ដើម្បី​ធានា​និរន្តរភាព​មន្ទីរពេទ្យ​សប្បុរស​នេះ នៅ​ពេល​ដែល​លោក​វេជ្ជបណ្ឌិត Beat Richner អស់​លទ្ធភាព​រក​លុយ​នៅ​ពេល​ខាង​មុខ។

អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។​
អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​នឹង​តម្លើង​ថ្លៃ​លើ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​ៗ​ក្នុង​ចំនួន​២​ដុល្លារ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​តទៅ។ ថវិការ​២​ដុល្លារ​នេះ​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ប្រាប់​ទៅ​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា តាម​រយៈ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​សីហា​ថា នឹង​ផ្តល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ថែម​ពី​លើ​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ប្រមាណ​៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។​

ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​បង្កើន​ប្រាក់​សម្រាប់​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ត្រូវ​បាន​គេ ​មើល​ឃើញ​ថា​ជា​កាយវិការ​វិជ្ជមាន​មួយ​បន្ថែម​ទៀត ខណៈ​ដែល​លោក​វេជ្ជបណ្ឌិត Beat Richner បាន​ថមថយ​កម្លាំង​និង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ​នោះ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ជា​គំរូ​ដូច្នេះ ដើម្បី​បង្ហាញ​ថា​វាសនា​របស់​កូន​ខ្មែរ​ក្រីក្រ គ្មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខ​ភាព​កម្រិត​ខ្ពស់​នៅ​តែ​មាន​ក្តី​សង្ឃឹម។

ជា​ការ​ពិត លោក​វេជ្ជបណ្ឌិត Beat Richner បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​វេបសាយ​ផ្ទាល់​ខ្លួន​របស់​លោក ថា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក មូលនិធិ​គន្ធ​បុប្ផា​បាន​ចំណាយ​ថវិកា​អស់​៥៦០​លាន​ដុល្លារ ក្នុង​នោះ​ ៣,២​ភាគរយ បាន​មក​ពី​រដ្ឋាភិបាល​កម្ពុជា ៤,៣ភាគរយ ជួយ​ដោយ របស់​រដ្ឋាភិបាល​ស្វីស និង​៩២,៥​ភាគរយ គឺ​ជា​ថវិកា​ដែល​បាន​មក​ពី​សប្បុរសជន។ ជា​មធ្យម​មន្ទីរពេ​ទ្យ​គន្ធ​បុប្ផា​ទាំង​៥ ចំណាយ​ថវិកា​ប្រមាណ​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ រយៈពេល​២៤​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​បាន​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ជា​កុមារ​បាន​ចំនួន​១៦​លាន​នាក់ និង​ទទួល​កុមារ​ឲ្យ​សម្រាក​ពេទ្យ​ចំនួន​១,៦​លាន​នាក់។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​គឺ ក្រៅ​ពី​ការ​ប្រកាស​របស់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត Beat Richner កាល​ពី​ឆ្នាំ​កន្លង​ទៅ​ពី​ការ​ធ្លាក់​ចុះ​នូវ​លទ្ធភាព​ផ្គត់ផ្គង់​របស់​លោក ចំនួន​អ្នក​ជំងឺ​ធ្ងន់​ៗ​ ដែល​ជា​កុមារ​ភាគ​ច្រើន​មក​ពី​ខេត្ត​នានា​ និង​ទី​ជនបទ មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។

ប្រឈម​នឹង​បញ្ហា​នេះ កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន មាន​អង្គការ​មហាជន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស សប្បរស​ជន​នានា អ្នក​មាន​ធនធាន និង​អ្នក​ក្រ​ក្សត់​ពង្រាត់​ពី​មាត់​ពី​កផង​ដែរ បាន​ស្វះស្វែង គគ្រឹក​គគ្រេង​យក​ថវិកា​ដែល​ប្រមូល​បាន​ជា​ក្រុម​ជា​ពួក​ទៅ​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដោយ​ផ្ទាល់ៗ។ ក៏​ប៉ុន្តែ​សកម្មភាព​នេះ​ហាក់​ដូច​ជា​ភ្លើង​ចំបើង ដែល​មិន​អាច​ធានា​និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថវិកា​ដែល​បាន​ចំណាយ​លើ​មន្ទីពេទ្យ​សប្បុរសធម៌​មួយ​នេះ ក្នុង​មួយ​ឆ្នាំៗ។

ដំណើរ​ការ​ជាង​២០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​ស្វីស និង​សប្បរសជន​របស់​គេ​បាន​ផ្តល់​ជំនួយ​យ៉ាង​ទៀត​ទាត់ ជា​ហេតុធ្វើ​ឲ្យ​កុមារ​ខ្មែរ​ជា​ច្រើន​មាន​សង្ឃឹម និង​រួច​ផុត​ពី​គ្រោះថ្នាក់​ដោយ​ជំងឺ។ ក៏​ប៉ុន្តែ​ការ​ផ្តល់​ជំនួយ​របស់​ស្វីស​ក៏​មាន​ពេល​វេលា​កំណត់​ផង​ដែរ។ ដូច្នេះ​ដើម្បី​ចៀសវាង​ពាក្យ​ថា​រដ្ឋាភិបាល​ និង​ប្រជាជន​ស្វីស ស្រលាញ់​ខ្មែរ​ជាង​ខ្មែរ គប្បី​ខ្មែរ​ត្រូវ​មាន​ការ​ត្រៀម​លក្ខណៈ​​មុន​ពេល​ដែល​លោក​វេជ្ជបណ្ឌិត Beat Richner អស់​លទ្ធភាព​ក្នុង​ការ​ជួយ។

ជា​ដំណោះ​ស្រាយ គួរ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ភាព​ជា​គំរូ​ដូច​ជា​ករណី​ ដែល​មាន​ការ​សម្រេច​ចិត្ត​នៅ​ពេល​នេះ ដក​ចំណូល​ពី​ទេសចរណ៍​មួយ​ភាគ​តូច​ជួយ​ទៅ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ មិន​គ្រប់​គ្រាន់​ទេ ត្រូវ​មាន​ការ​សិក្សា​ពី​ចំណូល​បន្ថែម ទៅ​លើ​ផ្នែក​ឬ​សេវាកម្ម​ប្រាក់​ចំណេញ​ផ្សេង​ៗ​ទៀត​របស់​រដ្ឋ​ ដើម្បី​បង្កើន​ការ​ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​មួយ​នេះ បើ​ទោះ​ណា​ជា​រដ្ឋ​មាន​មន្ទីរ​ពេទ្យ​ធំ​ៗ និង​មន្ទីរពេទ្យ​បង្អែក​ជា​ច្រើន​ហើយ​ក៏​ដោយ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ខ្មែរ អង្គការ សមាគម​ជាតិ រួម​មាន​កាក​បាទ​ក្រហម​ជា​ដើម ក៏​ត្រូវ​មាន​វប្បធម៌​ចែក​រំលែក​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដែរ ហើយ​ការ​ផ្តល់​ថវិកា​នេះ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​អចិន្ត្រៃយ៍។ ទាំង​ស្ថាប័ន​រដ្ឋ​និង​សហគ្រាស​ឯកជន រួម​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ គួរ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អនាគត​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ យក​ចិត្ត​ទុក​ដាក់​ដោយ​ហេតុ​ថា បញ្ហា​ប្រឈម​របស់​សង្គម​ខ្មែរ​លើ​វិស័យ​សុខុមាល​ភាព​របស់​កុមារ​នឹង​មាន​សភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ ប្រសិន​បើ​គ្មាន​វត្តមាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ