អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​ទី​១ ក្នុង​នាម​ជា​ប្រធាន​បក្ស លោក​កឹម សុខា​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បេក្ខជន

លោក​កឹម សុខា​ដែល​ត្រូវ​តែង​តាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី ០២ មីនា​នេះ មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មូលដ្ឋាន​ក្រោយ​ការ​តែង​តាំង​នោះ​ទេ។ ប៉ុន្តែ​លោក​នៅ​ទី​ស្នាក់​ការ​គណបក្ស​ដើម្បី​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បេក្ខជន​ដើម្បី​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់​ជាង​សកម្មភាព​មូល​ដ្ឋាន។

ថ្ងៃ​ទី​១ ក្នុង​នាម​ជា​ប្រធាន​បក្ស លោក​កឹម សុខា​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បេក្ខជន
ថ្ងៃ​ទី​១ ក្នុង​នាម​ជា​ប្រធាន​បក្ស លោក​កឹម សុខា​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បេក្ខជន CNRP
ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា​នៅ​ថ្ងៃ​ទី ១​ក្នុង​នាម​ជា​ប្រធាន​បក្ស មិន​បាន​ទៅ​កាន់​មូលដ្ឋាន​នោះ​ទេ ប៉ុន្តែ​បាន​ចំណាយ​ពេល​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​សម្រាប់​ការ​បោះ​ឆ្នោត។ បញ្ជី​បេក្ខជន​បោះ​ឆ្នោត​ដែល​គណបក្ស​នីមួយៗ​ត្រូវ​ប្រគល់​ជូន​គ.ជ.ប​ពី​ថ្ងៃ​ទី ០៣ មីនា​ដល់​ថ្ងៃ​ទី ០៥ មីនា​ខាង​មុខ។ លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការងារ​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​គឺ​ជា​រឿង​សំខាន់​បំផុត ហើយ​សំខាន់​ជាង​ការ​ចុះ​មូលដ្ឋាន​ព្រោះ​ថា​បើ​គ្មាន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ទេ ការ​ចុះ​មូលដ្ឋាន​គឺ​គ្មាន​ន័យ​នោះ​ឡើយ។

ទន្ទឹម​នឹង​នេះ លោក​ស្រី​មួរ សុខហួរ ដែល​ជា​អនុប្រធាន​គណបក្ស​ក៏​បាន​ប្រាប់​វិទ្យុ​បារាំង​ដែរ​ថា ក្បាល​ម៉ាស៊ីន​ថ្មី​នេះ នៅ​មិន​ទាន់​ទៅ​កាន់​មូល​ដ្ឋាន​នោះ​ទេ​ដោយ​ត្រូវ​រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ឱ្យ​បាន​រួច​រាល់​សិន​ទើប​ទៅ​កាន់​មូល​ដ្ឋាន​តាម​ក្រោយ។

លោក​ស្រី​អនុប្រធាន​បក្ស​បាន​បន្ត​ទៀត​ថា ការងារ​មូលដ្ឋាន​គឺ​ជា​ការងារ​ចាំ​បាច់​ធម្មតា​របស់​គណបក្ស ហើយ​មេ​ដឹកនាំ​ថ្មី​នេះ កំពុង​សិក្សា​ពី​ពេល​វេលា​ឆ្ពោះ​ទៅ​កាន់​មូលដ្ឋាន​ដើម្បី​បញ្ជ្រៀប​គោល​នយោបាយ​ចំនួន ៥​ចំណុច។ គោលការណ៍​ទាំង​ប្រាំ​រួម​មាន ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​អភិវឌ្ឍន៍ សេវា​សាធារណៈ សន្តិសុខ រួម​ទាំង​ការ​ធ្វើ​វិមជ្ឈការ​ថ្នាក់​ក្រោម​ដែល​គណបក្ស​នឹង​ផ្តល់​ថវិកា​ប្រមាណ ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​ជា​ដើម។

សូម​រំលឹក​ថា លោក​កឹម សុខា ត្រូវ​បាន​សមាជ​វិសាមញ្ញ​គណបក្ស​បាន​បោះ​ឆ្នោត​ឱ្យ​ឡើង​ជា​ប្រធាន​គណបក្ស​កាល​ពី​ថ្ងៃ​ទី ០២​មីនា បន្ទាប់​ពី​តំណែង​ប្រធាន​បក្ស​ត្រូវ​ទំនេរ​ជាង​កន្លះ​ខែ​មក។ ក្រោយ​សមាជ​គណបក្ស លោក​កឹម សុខា និង​លោក​ស្រី ជូឡុង សូមួរ៉ា​ភរិយា​លោក​សម រង្ស៊ី រួម​ទាំង​សហការី​ចំនួន ២​នាក់​ផ្សេង​ទៀត​ដែល​មាន​លោក​ស្រី មួរ សុខហួរ និង​កញ្ញា​កឹម មនោវិទ្យា បាន​ទទួល​ទាន​អាហារ​ល្ងាច​ជាមួយ​គ្នា។ ជា​អាហារ​នយោបាយ​ដែល​លោក​ស្រី​ជូឡុង សូមួរ៉ា បាន​ពិភាក្សា​ជាមួយ​លោក​កឹម សុខា​ប្រធាន​គណបក្ស​ថ្មី​ស្តី​យុទ្ធសាស្ត្រ​របស់​គណបក្ស​ក្នុង​រយៈ​ពេល ៣​ខែ​មុន​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស្រីមួរ សុខហួរ អនុប្រធាន​គណបក្ស​ដដែល។ យ៉ាង​ណា​ក៏​ដោយ​ការ​ធ្វើ​សកម្មភាព​នយោបាយ​ថ្ងៃ​ទី ១​របស់​ប្រធាន​បក្ស​លោក​កឹម សុខា​នា​ពេល​នេះ គឺ​ដោយសារ​ភាព​ចាំ​បាច់​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​បក្ស​ត្រូវ​ផ្តល់​ទៅ​ឱ្យ​គ.ជ.ប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ