លោកវ៉ែន វ៉ន៖ ព្រួយបារម្ភពីការមិនបានជួយប្រជាពលរដ្ឋ ជាជាងបាត់បង់ការងារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកវ៉ែន វ៉ន សមាជិកក្រុមប្រឹក្សាឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង មកពីគណបក្សប្រជាជនកម្ពុជា និងជាតំណាងសហគមន៍ជនជាតិភាគតិចជងនៅតំបន់អារ៉ែង។ លោកវ៉ែន វ៉ន គឺជាមនុស្សទី១ហើយ ដែលត្រូវបានតុលាការខេត្តកោះកុងបានកោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី៣មេសានេះ ពីបទប្រមូលផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត។ ក្រៅពីការងារជាសមាជិកក្រុមប្រឹក្សាឃុំ លោកវ៉ែន វ៉ន គឺជាជនសកម្មម្នាក់ ដែលប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាស់នៅតំបន់ស្ទឹងអារ៉ែង បន្ទាប់ពីលោក Alejandro Gonzalez Davidson ជនជាតិអេស្ប៉ាញ ដែលត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញកាលពីដើមឆ្នាំ២០១៥កន្លងទៅ។ នៅចំពោះមុខព្រះរាជអាជ្ញាខេត្តកោះកុងកាលពីព្រឹកមិញ លោកវ៉ែន វ៉ន បានស្នើសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់ ប៉ុន្តែលោកនឹងមិនបោះបង់ចោលបេសកម្មរបស់លោកក្នុងការថែរក្សាតំបន់ព្រៃចុងក្រោយរបស់កម្ពុជានោះទេ។ លោកបានបញ្ជាក់ថា “លោកបារម្ភពីការមិនបានជួយប្រជាពលរដ្ឋ ជាជាងការបាត់បង់ការងារ"។