អានតួអត្ថបទ
កម្ពុជា

សកម្មជន​ការពារ​ព្រៃ​ឈើ​របស់​បក្ស​ប្រជាជន​​ម្នាក់​ រង​​បណ្តឹង​​ពី​បទ​​កាប់​​ព្រៃ​ឈើ​​គ្មាន​​លិខិត​អនុញ្ញាត​

ព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បើក​ការសាកសួរ​លើ​លោក​វ៉ែន វ៉ន សមាជិក​ក្រុមប្រឹក្សាឃុំ​ជំនាប់ ស្រុក​ថ្មបាំង មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​មួយរូប​នៅក្នុង​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង។ ការ​សាកសួរ​នេះ គឺធ្វើឡើង​តាម​បណ្តឹង​របស់​រដ្ឋបាល​ព្រៃឈើ​ដែល​បាន​ប្តឹង​លោក​វ៉ែន វ៉ន ពីបទ ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត។ យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញា​មិនបាន​សម្រេច​បែបណា​មួយ​នៅឡើយ​នោះទេ។

លោកវ៉ែន វ៉ន​​(កណ្តាល)​ ក្រោយ​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កោះកុង ​សាកសួរ​
លោកវ៉ែន វ៉ន​​(កណ្តាល)​ ក្រោយ​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កោះកុង ​សាកសួរ​ @ Jar Syhak Facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​សាកសួរ​អស់​ប្រមាណ​ជាង​ពីរ​ម៉ោង នៅ​ព្រឹក​នៅ​ថ្ងៃ​សុក្រ​ទី៣មេសា​នេះព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​ខេត្តកោះកុង​មិនបាន​ធ្វើការ​សម្រេច​យ៉ាង​ណាមួយ​នៅឡើយ​ទេ ចំពោះ​លោក​វ៉ែន វ៉ន ។ លោក​វ៉ែន វ៉ន ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ប្តឹង​ពីបទ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត។

នៅក្នុងពេល​សាកសួរ​ជាង​ពីរ​ម៉ោង​នោះ លោក​វ៉ែន វ៉ន ត្រូវបាន​ព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​ខេត្តកោះកុង​លោក​ប៊ូ ប៊ុនហាង សួរនាំ​អំពី​លិខិតអនុញ្ញាត​ឲ្យ​កាប់​ឈើ និង​ការទទួលស្គាល់​សហគម​ន៍​អា​រ៉ែ​ង​ដែល​លោក​បាន​បង្កើតឡើង។ លោក​វ៉ែន វ៉ន បាន​ឆ្លើយតប​ថា លោក​មិនបាន​កាប់​ឈើ​នោះទេ គឺ​បាន​ទិញ​ត​ពី​គេ​ផ្សេង ដើម្បី​យកទៅ​សាងសង់​ទីស្នាក់ការ​សហគមន៍​អា​រ៉ែ​ង។ ចំពោះ​សហគមន៍​អា​រ៉ែ​ង​នេះ លោក​វ៉ែន វ៉ន ក៏បាន​បញ្ជាក់​នៅ​ពីមុខ​ព្រះរាជ​អាជ្ញា​ថា មិនទាន់មាន​ការទទួល​ស្គាល់ ឫ​ចុះបញ្ជី​ជា​ផ្លូវការ​នៅឡើយ។ យ៉ាង​ណា​ក៏ដោយ បន្ទាប់ពី​បាន​សាកសួរ​តាម​នីតិវិធី លោក​ព្រះរាជអាជ្ញា​ប៊ូ ប៊ុនហាង មិនទាន់បាន​សម្រេច​ថា ត្រូវ​ចោទប្រកាន់ ឫ​តម្កល់​សំណុំ​រឿងនេះ​ទុក​មិន​ចាត់ការ​នោះទេ។

លោក​ហុង ច័ន្ទ​សុខា មេធាវី​ការពារ​ក្តី​ឲ្យ​លោក​វ៉ែន វ៉ន បានចាត់ទុក​បណ្តឹងរ​បស់​រដ្ឋបាល​ឈើ​នោះ​ថា ជា​បណ្តឹង​មួយ​ផ្ទុយ​ពី​គតិ​ច្បាប់ គឺ​ផ្ទុយទៅនឹង​មាត្រា២៤ និង​មាត្រា៤០ នៃ​ច្បាប់​ស្តីពី ព្រៃឈើ។ មាត្រា​ទាំងពីរ​នេះ បាន​ចែងថា សហគមន៍​មូលដ្ឋាន​មាន​សិទ្ធ​ក្នុងការ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​បរិមាណ​មួយ​មិនមែនជា​ការធ្វើ​ពា​ណិ​ជ្ញ​កម្មបាន​ដោយ​មិនចាំបាច់​មាន​លិខិតអនុញ្ញាត។ ចំពោះ​បញ្ហា​នេះ លោក​មេធាវី​ហុង ច័ន្ទ​សុខា បាន​បញ្ជាក់ថា លោក​បានដាក់​សារ​ណា​ផ្នែក​គតិ​ច្បាប់​ទៅកាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង ដើម្បី​ពិនិត្យ និង​ពិចារណា។ លោក​ហុង ច័ន្ទ​សុខា មានជំនឿថា តាមរយៈ​សា​រណា​របស់លោក​នេះ ព្រះរាជអាជ្ញា នឹង​សម្រេច​តម្កល់​មិន​ចាត់ការ​លើ​សំណុំ​រឿងនេះ។

សួ​ម​បញ្ជាក់ថា លោក​វ៉ែន វ៉ន គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ជំនាប់ ស្រុក​ថ្មបាំង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​សកម្មភាព​យ៉ាងច្រើន​ក្នុងការ​ការពារ​ព្រៃឈើ និង ធនធានធម្មជាតិ ជាពិសេស​លោក​បាន​ចូលរួម​ជាមួយ​សកម្មជន​ការពារ​បរិស្ថាន​ផ្សេងទៀត​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​តំបន់​អា​រ៉ែ​ង។ សកម្មជន​ការពារ​តំបន់​អា​រ៉ែ​ង​រូបនេះ ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ប្តឹងផ្តល់ បន្ទាប់ពី​លោក​បានទទួល​ទិញ​ឈើ​ចំនួន៨ ម៉ែត្រគូប ដើម្បី​យកទៅ​សាងសង់​ទីស្នាក់ការ​សហគមន៍​អា​រ៉ែ​ង​នៅក្នុង​ខេត្តកោះកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ