អានតួអត្ថបទ
កម្ពជា

លោក​ហ៊ុន សែន៖ កម្ពុជា​សម្រេច​បា​ន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​លើ​កា​រ​កាត់​បន្ថយ​ភាព​ក្រីក្រ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ថ្លែង​ជា​លើក​ដំបូង​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ទៅកាន់​ គណៈ​ប្រតិភូ​បរទេស​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​UN ​មុន​នឹង​លោក​ប្រកាស​គាំទ្រ​កិច្ច​ព្រម​ព្រៀង​និង​របៀបវារៈ​សកម្មភាព​ អាដីស អាបាបា។ លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​ស្នើឲ្យ​ UN ​បន្ត​ការ​គាំទ្រ​ថែមទៀត​ដល់​ប្រទេស​ទន់​ខ្សោយ​ដើម្បី​ឈរ​ជើង​រឹងមាំ​សម្រាប់​ការ​ប្រកួត​ប្រជែង​ជា​អន្តរជាតិ។

លោក ហ៊ុន សែន​​ ចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥
លោក ហ៊ុន សែន​​ ចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ @ hunsen page
ផ្សាយពាណិជ្ជកម្ម

ការ​អភិវឌ្ឍ​របស់​កម្ពុជា​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើង​នៅ​ចំពោះ​មុខ​គណៈ​ប្រតិភូបរទេស​គឺ​ស្ថិរភាពនយោបាយរឹងមាំ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ល្អ​ប្រសើរព្រម​ទាំង​កំណើន​​​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា​ជា​មធ្យម​៧,៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ។ 

លោក ហ៊ុន សែន បន្តថា មូលដ្ឋាន​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​យ៉ាងលឿន​ពី​ជាង៥៣​ភាគ​រយ​ក្នុង​ឆ្នាំ​២០០៤​មកត្រឹម​១៦ភាគរយ​នៅ​ឆ្នាំ២០១៣​ដែល​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​លើ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។ ការ​បង្ហាញ​ពីភាព​រីកចម្រើន​របស់​កម្ពុជា​ពី​សំណាក់​លោកនាយករដ្ឋមន្រ្តី​មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ តែ​នេះ​គឺ​ជា​ការ​លើក​ឡើង​ដំបូង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​ដើម្បី​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ ​ក្រោម​ប្រធានបទ «ការផ្លាស់​ប្ដូរ​ពិភពលោក​តាមរយៈ​ការ​សម្រេច​បាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយឆ្នាំ២០១៥»។​

ក្នុង​ន័យនេះ​លោក ហ៊ុន សែន ក៏​បាន​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​និង​របៀបវារៈ​សកម្មភាព អាដីស អាបាបា (Addis Abbaba Accord and Action Agenda) ដែល​ផ្ដោតលើ​ការ​គៀរគរ​ធនធាន​ក្នុង​ស្រុក​ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​អភិវឌ្ឍន៍។ ជាមួយនិង​ការ​គាំទ្រ​នេះ​ លោក ហ៊ុន សែន​ បាន​ស្នើ​សុំ​ឲ្យ​UN បន្ត​គាំទ្រ​មួយ​ថែម​ទៀត​ដល់ប្រទេស​ទន់ខ្សោយ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ឈាន​ឡើង​ទៅ​កាន់​ដំណាក់​កាលអភិវឌ្ឍន៍​បន្ត​ដើម្បី​ប្រទេស​ទាំង​នោះ​អាច​ឈរ​ជើង​រឹងមាំ​សម្រាប់​ការ​ប្រកួត​ប្រជែង​អន្តរជាតិ​តាមរយៈ​ការ​បន្ត​ផ្ដល់​ហិរញ្ញប្ប​ទាន​អភិវឌ្ឍន៍​ផ្លូវការ ទាំង​ហិរញ្ញប្បទាន​ឥត​សំណងនិង​ឥណទានសម្បទាន។

ចុងក្រោយ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​យោបល់​ទៅ​លើ​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥​ដែល​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់​ត្រូវ​ខិតខំ​រួម​គ្នា​គឺ ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​កិច្ចសន្យា​បន្ត​ផ្ដល់​ជំនួយ​ពី​សំណាក់​ប្រទេស​អ្នក​ផ្ដល់​ជំនួយក្នុង​ទំហំ​០,៧​ភាគរយ​នៃ​ចំណូល​ជាតិ​សរុប​ទៅ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍,​បន្ត​លើកកម្ពស់​គោល​នយោ​បាយ​​​​ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​បន្ត​ពង្រឹង​ស្ថេរភាព​និង​ពិពិធកម្ម​ហិរញ្ញ​វត្ថុ​ជាដើម។

តាម​គម្រោង​នាយករដ្ឋមន្រ្តីកម្ពុជា នឹង​បន្ត​ឡើង​ថ្លែង​សុន្ទរកថា​នៅ​រាត្រី​ថ្ងៃ​ទី​២៧​កញ្ញាស្តីពី​សមភាព​ភេទ និង​ការលើក​កម្ពស់​ស្ត្រី។ ​សូមបញ្ជាក់ថា​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅចូល​រួម​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​ចាប់ពីថ្ងៃ​២៥ ​ដល់ថ្ងៃ​២៧ ខែកញ្ញាឆ្នាំ២០១៥នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ