អានតួអត្ថបទ
អង្គការសហប្រជាជាតិ

អង្គការ​សហប្រជា​ជាតិ​កំណត់​ទិសដៅ​អភិវឌ្ឍន៍​១៧​ចំណុច

បន្ទាប់​ពី​បាន​បិទ​បញ្ចប់​ថ្ងៃ​ទីមួយ ​នៃ​មហាសន្និបាទ​ប្រចាំ​ឆ្នាំ ​នៅ​ក្រុង​ញូយ៉ក​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ អង្គការ​សហ​ប្រជាជាតិ​​ ក៏​ដូច​ជា​ប្រទេស​សមាជិក​ទាំងអស់ ​បាន​សម្រេច​ព្រមព្រៀង​គ្នា ​ជា​ឯកច្ឆ័ន្ទ ​ក្នុង​ការ​កំណត់​យក​ទិសដៅ​អភិវឌ្ឍន៍​ ទាំងអស់​ ១៧​ចំណុច ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​ភាព​មិន​ស្មើរ​ភាពគ្នា​ និង​ជា​ពិសេស ​គឺ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ ​ដែល​ភពផែនដី​កំពុង​តែ​ប្រឈម​មុខ។

សម្តេចប៉ាប ហ្រ្វង់ស័រ នៅ​ក្នុង​មហា​សន្និបាត អង្គការសហប្រជាជាតិ
សម្តេចប៉ាប ហ្រ្វង់ស័រ នៅ​ក្នុង​មហា​សន្និបាត អង្គការសហប្រជាជាតិ REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

 

លោក​ បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​បាន​ថ្លែង​ទាំង​ទឹក​មុខ​ញញឹម​ថា ​នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​ពិភពលោក​យើង​ ចាប់ដៃ​គ្នា ​កំណត់​យក​ទិសដៅ​សកល ​ក្នុង​ការ​អភិវឌ្ឍន៍ ​ដែល​ប្រទេស​សមាជិក​ទាំងអស់​ បាន​សុខ​ចិត្ត​ទទួល​យក​ទៅ​អនុវត្ត​ ដើម្បី​អាណាគត​របស់​មនុស្សជាតិ។

 
ជា​ការ​ពិតណាស់ ​ទិសដៅ​ទាំង​១៧​ចំណុច​ នេះ ​ផ្តោត​សំខាន់​ លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តោកយ៉ាក ​គម្លាត​រវាង​អ្នកមាន​ និង​អ្នកក្រ ​ហើយ​ជា​ពិសេស ​គឺ​កត្តា​អាកាសធាតុ ​ដែល​កំពុងតែ​ចោទ​ឡើង​ ទូទាំង​ពិភពលោក ​ហើយ​ដែល​ប្រជាជន​​ក្រីក្រ​ ​គឺ​ជាអ្នក​ប្រឈមមុខ​ ខ្លាំង​ជាង​គេ។ ផែនការ​អភិវឌ្ឍន៍ ​ដែលគេ​ដាក់​នាម​ថា ​ទិស​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​ គឺ​ជា​ការ​ក្រសោប​រួម​ នូវ​បញ្ហា​ថែរ​រក្សា​បរិស្ថាន ​ធនធាន​ធម្មជាតិ ​និង​ការ​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី ​ ដែល​កត្តា​ទាំង​នេះ ​និង​ជម្រុញ ​ឲ្យ​ប្រជាជន​ក្រីក្រ ​អាច​គេច​ផុត​ ពី​គ្រោះថ្នាក់​ ដូចជា​មហន្តរាយ​ធម្មជាតិ​ រឺ​គ្រោះ​រាំងស្ងួត​ជាដើម។

តាម​ការ​វាយតម្លៃ​ ផែនការ​ទាំង​១៧​ចំណុច​នេះ ​គឺ ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​ក្តោប​រួម​ ជាង​ទិសដៅ​សហសវត្ស​​ទាំង​៨​ចំណុច ​ដែល​បាន​ដាក់​ចុះ​ កាល​ពី​ ឆ្នាំ​២០០០ ​ ព្រោះ​ថា​ ផែនការ​ថ្មី​នេះ ​ នឹង​ត្រូវ​អនុវត្ត ​ទៅ​ឲ្យ​ដល់​រិះគល់ ​ដែល​ជា​ប្រភព​នៃ​ភាព​ក្រីក្រ​តោកយ៉ាក ​ហើយ​ម្យ៉ាងទៀត ​គឺ​វា​មិនមែន​អនុវត្ត​ តែ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទេ​ គឺ​វា​មាន​តម្លៃ​អនុវត្ត​ជា​សកល។

កាត់​បន្ថយ​ភាព​ក្រីក្រ​ បំបាត់​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ ភាព​មិន​ស្មើរ​គ្នា​រវាង​ប្រទេស​និង​ប្រទេស​ បំបាត់​គ្រោះ​ទុរភិក្ខ ​ជំរុញ​សមភាព​រវាង​បុរស​និង​ស្ត្រី​ គ្រប់គ្រង​ធនធាន​ទឹក​ឲ្យ​មាន​ប្រសិទ្ធិភាព​ អភិវឌ្ឍន៍​ការ​ផលិត​ថាមពល​ ដែល​មិន​បំផ្លាញ​ដល់​ធម្មជាតិ ​ទាំង​អស់​នេះ​ហើយ ​គឺ​ជា​ទិសដៅ​រួម ​ដែល​ប្រទេស​ទាំងអស់ ​ត្រូវ​អនុវត្ត។

សម្តេច​ប៉ាប ​ប្រមុខ​សង្ឃ​កាតូលិក​ ដែល​មាន​វត្តមាន ​នៅ​ក្នុង​មហាសន្និបាត​ បាន​មាន​ប្រសាសន៍​ថា ​ទាំង​អស់​នេះ​ គឺជា​សញ្ញា​ នៃ​សេចក្តី​សង្ឃឹម ​ដែល​បញ្ជាក់​ពី​សាមគ្គីភាព ​របស់​មនុស្សជាតិ​ទាំង​អស់​គ្នា។ ប៉ុន្តែ​ព្រះអង្គ​បាន​អំពាវនាវ​ ឲ្យ​ដាក់​ចុះ​នូវ​វិធាន​ទាំង​ឡាយ​ណា ​ដែល​ច្បាស់លាស់ ​មាន​ប្រសិទ្ធិភាព ​ហើយ​ឲ្យ​ឆាប់​ទាន់​ពេល​វេលា​ កុំ​បង្អែរ​បង្អង់។ ដោយឡែក​ លោក​ នាយក​រដ្ឋមន្ត្រី ន័​រវេហ្ស​ វិញ​ បាន​សម្តែង​ការ​អបអរ​ដែរ​ ប៉ុន្តែ​បាន​ឆ្លៀត​បន្ថែម​ថា ​ យើង​គួរតែ​ធ្វើ​ឲ្យ​បាន​ច្រើន ​ជា​ជាង​ការ​រវល់​ជជែក​តែ​គ្នា ​ដោយ​ឥត​បាន​ការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ