អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

កម្ពុជា៖ ដំណើររប៉ាក់រប៉ើកនៃលទ្ធិប្រជាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ហ្សង់ ហ្វ្រង់ស័រតាន់​សូម​បន្ត​សិក្សា​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ដោយ​សូម​លើក​ឡើង​អំពី​ប្រវត្តិ​នៃ​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា។

ផែនទី​ប្រទេស​កម្ពុជា​
ផែនទី​ប្រទេស​កម្ពុជា​ @Google
ផ្សាយពាណិជ្ជកម្ម

ទម្រាំ​បាន​ស្គាល់​សន្តិភាព ស្ថិរភាព​និង​ការ​អភិវឌ្ឍន៍​ដូច​ពេល​បច្ចុប្បន្ន កម្ពុជា​បាន​ឆ្លង​កាត់​មហា​សោកនាដកម្ម​មួយ​ពាន់​ជំពូក​ ដែល​គេ​កម្រ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រវត្តិ​មនុស្ស​ជាតិ។ ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុ​នៅ​ថ្ងៃ​ទី​១៨​មីនា​ឆ្នាំ​១៩៧០ កម្ពុជា​បាន​ក្លាយ​ជា​សមរភូមិ​នៃ​សង្គ្រាម​ជា​ច្រើន​ និង​ច្រើន​ប្រភេទ​ក្នុង​អំឡុង​ពេល​២០​ឆ្នាំ រួម​មាន​ជា​អាទិ៍​សង្គ្រាម​ស៊ីវិល​នៅ​ដើម​ទសវត្សរ៍​ទី​៧០​ដែល​បាន​ដរ​ចេញ​ពី​សង្គ្រាម​ត្រជាក់​រវាង​លោក​ខាង​លិច​ និង​លោក​ខាង​កើត និង​សង្គ្រាម​នៅ​ក្នុង​ទសវត្សរ៍​ទី​៨០​ ដែល​បាន​ដរ​ចេញ​ពី​អធិករណ៍​រវាង​កុម្មុយនីស្ត​ចិន​ និង​កុម្មុយនីស្ត​សូវៀត។ នៅ​ចន្លោះ​សង្គ្រាម​ទាំង​ពីរ កម្ពុជា​បាន​ឋិត​នៅ​ក្រោម​នឹម​នៃ​របប​ខ្មែរ​ក្រហម​សែន​សាហាវ​យង់ឃ្នង។ គឺ​ជា​របប​កុម្មុយនីស្ត​ជាតិ​និយម​ជ្រុល ប្រកាន់​ពូជ​សាសន៍ និង​ប្រល័យ​ពូជសាសន៍​ ដែល​បាន​យក​ការ​សម្លាប់​រង្គាល​មក​ធ្វើ​ជា​របៀប​ដឹក​នាំ​ប្រទេស។

 
សោកនាដកម្ម​ទាំង​អស់​នេះ រួម​មាន​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៧០-១៩៧៥ របប​ខ្មែរ​ក្រហម​ឆ្គួត​លីលា ព្រម​ទាំង​សង្គ្រាម​ក្នុង​ទសវត្សរ៍​ទី​៨០​រវាង​រដ្ឋ​កម្ពុជា​គាំទ្រ​ដោយ​វៀតណាម​រណប​សូវៀត និង​ចលនា​ខ្មែរ​តស៊ូ​របស់​សម្តេច​សីហនុ​ និង​លោក​តា​ស៊ឺន សាន ព្រមទាំង​ខ្មែរ​ក្រហម​ដែល​ទ្រទ្រង់​ដោយ​ចិន​ និង​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បាត់​បង់​មនុស្ស​អស់​ជាង​៣​លាន​នាក់​ក្នុង​រយៈ​ពេល​ប្រមាណ​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ។

សង្គ្រាម​ក៏​យូរ ផ្លូវ​ទៅ​រក​សន្តិភាព​ក៏​វែង​ឆ្ងាយ។ សន្តិភាព​នៅ​លើ​ក្រដាស​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ខែ​តុលា​ឆ្នាំ​១៩៩១ និង​នៅ​លើ​សាច់​ការ​ជាក់​ស្តែង​តាម​រយៈ​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា មិន​បាន​គ្រប​ដណ្តប់​ភ្លាម​ៗ​ទៅ​លើ​ប្រទេស​ទេ។ ជា​ការ​ពិត សហគមន៍​អន្តរជាតិ​បាន​ជួយ​បង្ខំ​កង​ទ័ព​វៀតណាម​ឱ្យ​ចាក​ចេញ​ពី​ទឹក​ដី​កម្ពុជា​និង​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​រៀប​ចំ​បោះ​ឆ្នោត និង​ក្នុង​ការ​បង្កើត​របប​នយោបាយ​មួយ​ថ្មី​សេរី​និង​ពហុបក្ស។ ក៏​ប៉ុន្តែ សហគមន៍​អន្តរជាតិ​បាន​ទទួល​បរាជ័យ​ក្នុង​ការ​នាំ​មក​នូវ​សន្តិភាព។ នៅ​ទី​បំផុត គឺ​កម្ពុជា​ខ្លួន​ឯង​ទេ​តើ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​អ្នក​ដែល​បាន​បញ្ចប់​សង្គ្រាម​ជាមួយ​ខ្មែរ​ក្រហម​នៅ​ចុង​ឆ្នាំ​១៩៩៨។ ម្ល៉ោះ​ហើយ ម្នាក់​ៗ​គួរ​ចង​ចាំ​ថា ទម្រាំ​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​ឆេះ​រលេះ​រលួយ បាន​ហែល​ឆ្លង​នរក និង​បាន​ដើរ​អូស​ជើង​ចេញ​រួច​យ៉ាង​វេទនា​ជា​ទី​បំផុត​ពី​សករាជ​សូន្យ។

ក្នុង​រយៈ​ពេល​ជិត២០​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​រាប់​ពី​ឆ្នាំ​១៩៩៨​មក ប្រទេស​កម្ពុជា​ដែល​បាន​ឈាន​ជើង​ចេញ​រួច​ពី​របប​ផ្តាច់ការ​បាន​នឹង​កំពុង​បន្ត​ដើរ​ឆ្ពោះ​ទៅរក​របបប្រជាធិបតេយ្យទោះ​បី​ជា​ដំណើរ​ទៅ​រក​គោល​ដៅ​លទ្ធិប្រជាធិបតេយ្យ​នេះ​មាន​លក្ខណៈ​រប៉ាក់​រប៉ើក ហើយ​ជួន​កាល​ទៀត​ទៅ​មុខ​មួយ​ជំហាន​ និង​ថយ​ក្រោយ​មក​វិញ​ពីរ​ជំហាន​ក៏​ដោយ។
 
ជាក់​ស្តែង កម្ពុជា​ដែល​គ្មាន​វប្បធម៌​និង​ទំនៀម​ទម្លាប់​ប្រជាធិបតេយ្យ​បាន​បោះបង់​ចោល​លទ្ធិ​កុម្មុយនីស្ត​ដើម្បី​ក្រសោប​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ជាក់ស្តែង កម្ពុជា ក្នុង​គ្រា​បច្ចុប្បន្ន​មាន​សេរីភាព​សារព័ត៌មាន​ប្រសើរ​គ្រាន់​បើ រហូត​ដល់​ត្រូវ​បាន​អង្គការ​អ្នក កាសែត​គ្មាន​ព្រំដែន​ចាត់​ទុក​ថា​មាន​សេរីភាព​សារព័ត៌មាន​ល្អជាង​គេ​នៅ​ក្នុង​ចំណោម បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។ ការ​រីក​ចម្រើន​ និង​វិជ្ជាជីវៈ​កាន់​តែល្អ​ឡើង​ជា​លំដាប់​នៃ​វិស័យ​សារព័ត៌មាន​ក៏​បាន​និង​កំពុង​បន្ត​ជួយ​កាត់​បន្ថយ​មិន​តិច​ដែរ​ភាព​តានតឹង​នយោបាយ​និង​សង្គម។ មិន​សូវ​មាន​ច្រើន​ដូច​មុន​ទៀត​ទេ សារព័ត៌មាន​ដែល​ជេរ​ប្រមាថ បង្អាប់​បង្អោន​កិត្តិយស​ និង​កេរ្ត៍​ឈ្មោះ។ ទន្ទឹម​នេះ វិទ្យុ​និង​ទូរទស្សន៍​អន្តរជាតិ ជា​ពិសេស​វិទ្យុ​អន្តរជាតិ​និយាយ​ភាសា​ខ្មែរ ដែល​រដ្ឋាភិបាល​បាន​បើក​ដៃ​ឱ្យ​ផ្សព្វផ្សាយ​ឬ​ចាក់​ផ្សាយ​បន្ត​តាម​រលក​អាកាស​FMសឹង​នៅ​ទូ​ទាំង​ប្រទេស ​បាន​ធ្វើ​ឱ្យ​លេច​ឡើង​នូវ​សម្លេង​ថ្មី​មួយ​អព្យាក្រឹត ឯករាជ្យ​និង​សត្យានុម័ត។

ជាក់ស្តែង​ដូច​គ្នា កម្ពុជា​មាន​សង្គម​ស៊ីវិល​មួយ​ខ្លាំង​ដែល​ស្តែង​ឡើង​តាម​រយៈ​វត្តមាន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ជាង​៤០០០។ ដោយ​ឡែក កម្ពុជា​បច្ចុប្បន្នមាន​សន្តិភាព​រឹងមាំ​ជាង​កាល​សម័យ​ទសវត្សរ៍​ទី​៩០។ សន្តិភាព​មាំ​ទាំ​ និង​ស្ថិរភាព​ល្អ​គ្រាន់​បើ​ដែល​គេ​សង្កេត​ឃើញ​នៅ​ក្នុង​ប្រទេស​នា​រយៈ​ពេល​ជាង​១០​ចុង​ក្រោយ​នេះ ក៏​ជា​លទ្ធផល​បាន​មក​ពី​និរន្តភាព​នៃ​ស្ថាប័ន​រាជាធិបតេយ្យ​ដែរ។ នេះ​ក៏​ដោយសារ​តែ​ព្រះ​មហាក្សត្រ ព្រះ​បាទ​នរោត្តម សីហមុនី ដែល​ទ្រង់​បាន​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​២០០៤ ទ្រង់​បាន​នឹង​កំពុង​បន្ត​ផ្ចិតផ្ចង់​មិន​ឱ្យ​ព្រះ​រាជ្យ​សកម្មភាព​របស់​ព្រះអង្គ​ខុស​ភ្លាត់​ឬ​ឃ្លាត​ចាក​ពី​ការ​ចែង​របស់​រដ្ឋធម្មនុញ្ញ​ឡើយ។

យ៉ាង​ណាមិញ ពី​ឆ្នាំ​១៩៩៨​រហូត​មក​ដល់​ឥឡូវ​នេះ អំណាច​រដ្ឋ​នៅ​កម្ពុជា​ឋិត​នៅ​ក្រោមឥទ្ធិពលសឹងផ្តាច់មុខតែ​ឯកឯង​របស់គណបក្សប្រជាជន និង​នៅ​ក្នុង​ដៃ​របស់​លោក​នាយក​ហ៊ុន សែន​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។

ឥទ្ធិពល​ខ្លាំង​ក្លា​នៃ​គណបក្ស​ប្រជាជន បាន​ស្តែង​ឡើង​ជា​ពិសេស តាម​រយៈ​ការ​បោះ​ឆ្នោត​សភា​នៅ​ខែ​កក្កដា​ឆ្នាំ​២០០៨។ កាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​អាសនៈ​ចំនួន​៩០​ក្នុង​ចំណោម​អាសនៈ​ទាំង​១២៣​នៅ​ក្នុង​រដ្ឋ​សភា។ ទន្ទឹម​នេះ ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០០៨ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ដែរ​នូវ​ការ​ប្រែប្រួល​ស៊ី​ជម្រៅ​នៃ​តុល្យភាព​នយោបាយ​នៅ​ខាង​ពួក​អ្នក​ប្រឆាំង។ ចលនា​រាជា​និយម​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ដ្បិត​បក្ស​ហ្វ៊ុនស៊ីនប៉ិច ក៏​ដូច​បក្ស​នរោត្តម រណឫទ្ធិ​ដែរ បាន​ទទួល​តែ​២​អាសនៈ​ប៉ុណ្ណោះ ទល់​នឹង​២៦​សម្រាប់​គណបក្ស​សម រង្ស៊ី និង​៣​សម្រាប់​គណបក្ស​ប្រឆាំង​មួយ​ថ្មី នោះ​គឺ​គណ​បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា។

ការ​រៀប​ចំ​បោះឆ្នោត​ទាំង​ថ្នាក់​ជាតិ​និង​ទាំង​ថ្នាក់​មូលដ្ឋាន​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក ជា​ភស្តុតាង​ប្រកែក​មិន​បាន​ដែល​បញ្ជាក់​ថា​លទ្ធិ​ប្រជាធិបតេយ្យ​បាន​នឹង​កំពុង​បន្ត​ចាក់​ឫស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ លើក​លែង​តែ​ការ​បោះ​ឆ្នោត​សភា​ខែ​កក្កដា​ឆ្នាំ​២០១៣​មួយ​ចេញ​ដែល​នៅ​តែ​ជា​សង្គ្រាម​ប៉ាកកា ការ​បោះ​ឆ្នោត​មុនៗ​ទាំង​អម្បាលម៉ាន​សុទ្ធ​តែ​ត្រូវ​បាន​ក្រុមអ្នក​សង្កេតការណ៍​អន្តរជាតិ​វាយ​តម្លៃ​ថា ជា​ទូទៅ​មាន​លក្ខណៈ​សេរី យុត្តិធម៌​និង​ត្រឹម​ត្រូវ។

ក្រៅ​តែពី​ការ​បោះ​ឆ្នោត​សភា​នៅ​ឆ្នាំ​១៩៩៣​ដែល​ខ្លួន​បាន​ទទួល​បរាជ័យ និង​ក្រៅ​តែ​ពី​ការ​បោះឆ្នោត​សភា​ខែ​កក្កដា​ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ដែល​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​ធ្លាក់​ស្រុត​ចុះ​ខ្លាំង បក្ស​ប្រជាជន​បាន​ឈ្នះ​ឆ្នោត​រហូត។ ប៉ុន្តែ សម្រាប់​ពួក​អ្នក​ប្រឆាំង ជ័យ​ជំនះ​ម្តង​ហើយ​ម្តង​ទៀត​នៃ​បក្ស​កាន់​អំណាច​ គឺ​វា​បាន​មក​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ យ៉ាងណា​ក៏​ដោយ ការ​ឈ្នះ​ឆ្នោត​បន្ត​បន្ទាប់​គ្នា​នេះ​របស់​បក្ស​ប្រជាជន​កម្ពុជា ពិសេស ជ័យ​ជំនះ នៅ​ឆ្នាំ​២០០៨ ចង់​ឬ​មិន​ចង់ វា​ក៏​អាច​ជា​លទ្ធផល​នៃ​ការ​ទុក​ចិត្ត​មួយ​ប្រកែក​មិន​បាន​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទៅ​លើ​គណបក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែរ។

មាន​កត្តា​ធំៗ​ចំនួន​៤​យ៉ាង​តិច​ដែល​អាច​ពន្យល់​បំភ្លឺ​ថា​ហេតុ​អ្វី​បាន​ជា នៅ​ឆ្នាំ​១៩៩៨ ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨ ​ពលរដ្ឋ​ខ្មែរ​សុខ​ចិត្ត​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា។ ទី​មួយ គឺ​មក​ពី​ថ្នាក់​ដឹក​នៃ​គណបក្ស​នេះ ជា​អ្នក​ដែល​បាន​ទប់​ស្កាត់​កុំ​ឱ្យ​ពួក​ខ្មែរ​ក្រហម​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​ពី​ឆ្នាំ​១៩៧៩​រហូត​ដល់​ឆ្នាំ​១៩៩៨។ ទី​ពីរ គឺ​មក​ពី​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​នេះ ជា​អ្នក​ដែល​បាន​នាំ​សន្តិភាព​មក​ឱ្យ​ប្រទេស​ជាតិ​វិញ ក្រោយ​ពី​មាន​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍។ ទី​បី គឺ​ការ​បែកខ្ញែក​សំឡេង​គាំទ្រ​គណបក្ស​ប្រឆាំង និង​ការ​ហែកហួរ​ឈ្លោះ​ប្រកែក​គ្នា​អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​នៅ​ក្នុង​ជួរ​បណ្តា​គណបក្ស​ប្រឆាំង។ ​ទីបួន គឺ​មក​ពី​ប្រទេស​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ផ្តើម​ស្គាល់​ការ​លូត​លាស់​សេដ្ឋកិច្ច។ កំណើន​សេដ្ឋកិច្ច​ខ្លាំង ជា​ពិសេស​នៅ​ឆ្នាំ​២០០៥-២០០៦ ទោះបី​ជា​វា​បាន​ស្ទុះ​ឡើង​ក្នុង​ភាព​អនាធិបតេយ្យ ទោះ​បី​ជា​វា​បាន​បណ្តាល​ឱ្យ​មាន​គម្លាត​កាន់​តែ​ធំ​រវាង​អ្នក​មាន​និង​អ្នក​ក្រ និង​ទោះ​បី​ជា​វា​បាន​បង្កើន​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ក៏​ដោយ​ក្តី ​ក៏វា​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ស្គាល់​ការ​រីក​ចម្រើន​មិន​តិច​ដែរ។

ក៏​ប៉ុន្តែ កម្លាំង​ខ្លាំង​សឹង​ផ្តាច់​មុខ​តែ​ឯកឯង​របស់​គណបក្ស​ប្រជាជន​ក្នុង​អំឡុង​ពេល​ជិត២០ ឆ្នាំ​ចុង​ក្រោយ​នេះ មិន​មែន​ជា​សញ្ញា​ល្អ​ទេ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ ដ្បិត​បាតុភាព​នយោបាយ​បែប​នេះ បាន​ធ្វើ​ឱ្យ​អំណាច​ពីរ​ទៀត នោះ​គឺ​និតិបញ្ញត្តិ និង​តុលាការ​បាត់​បង់​សឹងអស់​រលីង​ឥទ្ធិពល​និង​ឯករាជភាព។

ដោយ​អាង​ថា​ខ្លួន​ខ្លាំង ដោយ​អាង​ថា​ខ្លួន​គង់​តែ​បន្ត​ឈ្នះ​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស ជា​ពិសេស​ក្នុង​អំឡុង​ឆ្នាំ​២០០៨-២០១៣ មិន​បាន​ឱ្យ​តម្លៃ​សោះ​ឡើយ​ទៅ​លើ​កំណែ​ទម្រង់ ដែល​ជា​កត្តា​ចាំបាច់​បំផុត​សម្រាប់​ការ​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ដដែល​នេះ គណបក្ស​កាន់​អំណាច​ក៏​បាន​បណ្តោយ​ឱ្យ​ចំណុច​អសកម្ម​ និង​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​កើត​ឡើង​និង​កើន​ឡើង​ដែរ។ មាន​តាំង​ពី​វប្បធម៌​និទណ្ឌភាព ជម្លោះ​ដី​ធ្លី​ដែល​មាន​លក្ខណៈ​កាន់​តែ​ស្រួច​ស្រាល់ អំពើ​ពុក​រលួយ បញ្ហា​អសន្តិសុខ​សង្គម​មួយ​ចំនួន​ដែល​បង្ក​ឡើង​ដោយ​ក្រុម​គ្រួសារ​អ្នក​មាន​ និង​អ្នក​មាន​អំណាច រហូត​ដល់​បញ្ហា​អយុត្តិធម៌​សង្គម ដូច​ជា​ការ​បណ្តេញ​ប្រជាជន​ចេញ​ដោយ​បង្ខំ​ពីដី​ធ្លី​របស់ ពួកគេ ​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នានា។

គឺសកម្មភាព​អវិជ្ជមាន​និង​ចំណុច​អសកម្ម​ទាំង​នេះ​ហើយ ​ដែល​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ឈ្មោះ​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ជួយ​ជ្រោមជ្រែង​ដោយ​សង្គម​ស៊ីវិល លើក​យក​មក​និយាយ​បរិហារ​យ៉ាង​ចាស់​ដៃ ក្នុង​ពេល​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។

អយុត្តិធម៌​ក្នុង​សង្គម ផ្គួបផ្សំ​ជាមួយ​រឿង​រ៉ាវ​ច្រំ​ដែល​នៃ​ប្រវត្តិសាស្រ្ត​ជុំវិញ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម…ទាំងនេះ​ហើយ​គឺ​ជា​ថាមពល​ដែល​សង្គ្រោះជាតិ​បាន​យក​មក​បំប៉ន​ម៉ាស៊ីន​ឃោសនា ដើម្បី​ទាក់ទាញ​ និង​ពូន​ជ្រុំ​ការ​គាំ​ទ្រ​ពី​សំណាក់​ពួក​“អ្នក​ឈឺ​ចាប់”និយាយ​ជា​ទូ​ទៅ និង​ពី​សំណាក់​យុវវ័យ​អ្នក​និយម​លេង​Facebook និយាយ​ដាច់​ដោយ​ឡែក។ មិន​តែ​ប៉ុណ្ណោះ ពាក្យ​សន្យា​របស់​សង្គ្រោះ​ជាតិ​ដែល​ក្នុង​នោះរួម​មាន​៤ ០០០០​រៀល​ក្នុង​មួយ​ខែ​សម្រាប់​មនុស្ស​ចាស់​ជរា ១៥០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ និង​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​មន្រ្តី​រាជការ ​បាន​ធ្វើ​ឱ្យ​អ្នក​ជនបទ ពួក​អ្នក​ក្រ​នៅ​ក្នុង​ទីក្រុង និង​ពួក​មន្ត្រី​រាជការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ទន្ទឹម​នេះ ក្នុង​ពេល​បោះ​ឆ្នោត​ខែ​កក្កដាឆ្នាំ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​បន្ត​របៀប​ធ្វើ​ការ​ឃោសនា​ដែល​ក្រុម​អ្នក​សង្កេតការណ៍​វាយ​តម្លៃ​ថា មាន​លក្ខណៈ​បែប​ចាស់​គំរឹល​មិន​ទាន់​សម័យ។ គណបក្ស​កាន់​អំណាច​មួយ​នេះ បាន​លើក​ឡើង​ដដែល​ជា​ដដែល​ពីព្រឹត្តិការណ៍​ថ្ងៃទី​៧​មករា​ឆ្នាំ​១៩៧៩ ដែល​ក្មេង​ជំនាន់​ក្រោយ​ភាគ​ច្រើន​ស្តាប់​មិន​ឮ​ឬ​ស្តាប់​មិន​យល់។ ក្មេង​ជំនាន់​ក្រោយ និយាយ​បែប​ផ្សេង​យុវជន​និង​យុវនារី​បច្ចុប្បន្ន​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ត្រូវ​ការ​សារ​មួយ​ច្បាស់​ពី​អ្នក​នយោបាយ សារ​នៃ​ក្តី​សង្ឃឹម​ចំពោះ​ការ​រៀន​សូត្រ ការងារ និយាយ​រួម​សារ​នៃ​ក្តី​សង្ឃឹម ចំពោះ​អនាគត​របស់​ពួក​គេ។

ដូច​គ្នា​អ៊ីចឹង​ដែរ គណបក្ស​ប្រជាជន​បាន​លើក​ឡើង​ដដែល​ជា​ដដែល​ពី​សមិទ្ធិផល​របស់​ខ្លួន រួម​មាន​ជា​ពិសេស​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់។ ប៉ុន្តែ​ការ​កសាង​ផ្លូវ​ថ្នល់ សាលា​រៀន និង​មន្ទីរ​ពេទ្យ។ល។និង។ល។ គឺ​ជា​ភារកិច្ច​របស់​រដ្ឋ​ចំពោះ​សមូហភាព។ រី​ឯ​ពលរដ្ឋ​ម្នាក់ៗ​វិញ ក្នុង​នាម​ជា​អ្នក​ចូល​និវត្តន៍ ក្នុង​នាម​ជា​មន្ត្រី​រាជការ និង​ក្នុង​នាម​ជា​យុវជន​ទំពាំង​ស្នង​ឫស្សី ត្រូវ​ការ​ប្រយោជន៍​ផ្ទាល់​ខ្លួន ត្រូវ​ការ​ឱ្យ​រដ្ឋ​គិតគូរ​ពី​ជីវភាព​និង​ពី​អនាគត​របស់​ពួក​គេ។

ទាំង​អស់​នេះ គឺ​សុទ្ធសឹង​ជា​មូលហេតុ​សំខាន់ៗ​នៃ​ការ​ធ្លាក់​ស្រុត​ចុះ​ខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​នៃ​ការ​កើន​សន្ទុះ​ខ្លាំង​ទន្ទឹម​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។

ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣ គឺ​ជា​រលក​យក្ស​ស៊ូណាមី​នយោបាយ​មួយ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន។ គណបក្ស​នេះបាន​ធ្លាក់​ចំនួន​អាសនៈ​ពី​៩០​មក​នៅ​ត្រឹម​៦៨​ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​រហូត​ដល់​ទៅ​៥៥​អាសនៈ។

តាំង​ពី​ឆ្នាំ​២០១៣​មក ដូច​ដែល​ធ្លាប់​បាន​កើត​ឡើង​ញឹកញយ​ក្រោយ​ការ​បោះឆ្នោត​សំខាន់ៗ ម្តងៗ កម្ពុជា​ត្រូវ​ហែល​ឆ្លង​កាត់​វិបត្តិ ក្នុង​បរិយាកាស​នៃ​ការ​ទាស់ទែង​គ្នា​ឥត​ឈប់​ឈរ ក្នុង​អតីតកាល​រវាង​បក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​FUNCINPEC ហើយ​ឥឡូវ​នេះ​រវាង​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ​វិញ​ម្តង។

ដើម​ដំបូង សង្គ្រោះ​ជាតិ​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត មិន​ព្រម​ចូល​រដ្ឋសភា បន្ត​ដឹក​នាំបាតុកម្ម​ទន្ទឹម​គ្នា​នឹង​បាតុកម្ម​បន្ត​បន្ទាប់​គ្នា​របស់​កម្មករ​ដែល​ទាមទារ​ឡើង​ប្រាក់​ខែ។
អាជ្ញាធរ​វិញ​ដាក់​ពង្រាយ​ទ័ព សម្ញែង​អំណាច​និង​វាយ​បង្រ្កាប។ គេ​ត្រូវ​រង់​ចាំ​ដល់​ខែ​កក្តដា​ឆ្នាំ​២០១៤ ​គឺ​មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត ទើប​ឃើញ​គូបដិបក្ខ​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា ទើប​ឃើញ​តំណាងរាស្រ្ត​ទាំង​៥៥​នាក់​នៃ​បក្ស​ប្រឆាំងសុខចិត្ត​ចូល​ធ្វើ​ការ​នៅក្នុង​រដ្ឋសភា និង​ឃើញ​រដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៥​ប្រសូត្រ​ឡើង។

ដំបូង ភាព​ល្អូកល្អិន​មាន​លក្ខណៈ​ដូច​រាត្រី​ទឹក​ឃ្មុំ។ ទាំង​សង​ខាង​នាំ​គ្នា​និយាយ​ពីវប្បធម៌​សន្ទនា​ដែល​មេ​បក្ស​ប្រឆាំង​ហ៊ាន​រហូត​ដល់​ទៅ​អះអាង​ថា​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្រ្ត​ កម្ពុជា​សម័យ​ថ្មី​ទៀត​ផង។ មេ​ដឹកនាំ​កំពូល​នៃ​បក្ស​ប្រជាជន​កម្ពុជា​និង​នៃ​បក្ស​សង្គ្រោះ​ជាតិ​ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​សង​ខាង​ថែម​ទាំងបាន​ទទួល​ទាន​អាហារ​រួម​គ្នា​ទៀត​ផង។ ប៉ុន្តែ​មិន​យូរ​ឡើយ គឺ​ជា​ការ​វិល​មក​វិញ​នៃ​រាត្រី​ទឹក​ខ្មេះ​ គឺ​ជា​ការ​វិល​មក​វិញ​នៃ​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​និង​ដើម្បី​បំពេញ​ចិត្ត​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ បក្ស​ប្រឆាំង​លើក​ជ្រោង​ខ្ពស់​ឡើង​ជា​ថ្មី​រឿង​រ៉ាវ​ច្រំ​ដែល​នៃ​ប្រវត្តិសាស្រ្ត​ជុំវិញ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បក្ស​ប្រឆាំង​ត្រូវ​បាន​បក្ស​កាន់​អំណាច​សង្ស័យ​ថា​នៅ​ពី​ក្រោយ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នៅ​បរទេស។ ទន្ទឹម​នេះ សង្គ្រាម​ពាក្យ​សំដី​ក៏​ផ្តើម​ឡើង​ដែរ។ មេដឹកនាំ​បក្ស​ប្រឆាំង​ប្រៀប​ធៀប​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ទៅ​នឹង​ហ្កាដាហ្វី (Kadhafi) ដែល​ជា​អតីត​មេដឹក​នាំ​ផ្តាច់ការ​នៃ​ប្រទេស​លីប៊ី​(Libye) និង​ប្រៀប​ធៀប គណបក្ស​ខ្លួន​ទៅ​នឹង​ចលនា​របស់​លោក​ស្រីអ៊ុង សានស៊ូជី(Aung San Suu Kyi) ជ័យ​លាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ដែល​ឈ្នះ​ឆ្នោត​សភា​នៅ​ភូមា​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥។

ប្រមុខ​រដ្ឋាភិបាល​វិញ ដៀល​ប្រធាន​សង្គ្រោះ​ជាតិ​ថា​ជា កូន​អាក្បត់​ជាតិ ។ រី​ឯ​អាជ្ញាធរ​មិន​បង្អង់​យូរ​ឡើយ ចាត់​វិធានការ​ធម៌​ក្តៅ​បែប​ចង់​ប្រដៅ​បក្ស​ប្រឆាំង ដោយ​អះអាង​ថា​សុទ្ធសឹង​ជា​រឿង​រ៉ាវ​ច្បាប់ សុទ្ធសឹង​ជា​បញ្ហា​របស់​តុលាការ។ សម្រេច​សម្រួច​ទៅ វិធាន​ការ​អស់​ទាំង​នេះ សម្រាប់​សហគមន៍​អន្តរជាតិ​និង​អង្គការ​សិទ្ធិ​មនុស្ស​នានា គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​បក្ស​ប្រឆាំង។ ពីព្រោះ​ជា​លទ្ធផល​ជាក់​ស្តែង សមាជិក​ព្រឹទ្ធសភា​ម្នាក់​ និង​សមាជិក​រដ្ឋ​សភា​ម្នាក់​របស់​បក្ស​ប្រឆាំង​ត្រូវ​ជាប់​ពន្ធនាគារ ប្រធាន​បក្ស​ប្រឆាំង​និរទេសខ្លួនឯង​ទៅ​រស់​នៅ​ប្រទេស​បារាំង​ជា​ថ្មី រី​ឯ​អនុ​ប្រធាន​របស់​បក្ស​ប្រឆាំង​វិញ​កំពុង​ជាប់​ក្តីក្តាំ​តុលាការ ក្រោយ​ពី​ផ្ទុះ​រឿង​រ៉ាវ​អាស្រូវ​ស្នេហា​លួច​លាក់។

យ៉ាង​ណាក៏ដោយ ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣ និង​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន គេ​អាច​ទាញ​យក​មេរៀន​មួយ​ចំនួន៖
 
មេរៀន​ទី​មួយ គឺ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​លែង​ខ្ចី​ស្រគាល​ទៀត​ហើយ តែ​ផ្តើម​ទុំ ដ្បិត​ពលរដ្ឋ​នៃ​ប្រទេស​មួយ​នេះ​មាន​ចំណេះ​ដឹង​ខ្ពស់​ឡើង​ជា​លំដាប់ ចេះ​ប្រើ​សន្លឹក​ឆ្នោត​របស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ប៊ិះ​ចាញ់ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​ប៊ិះ​ឈ្នះ​នៅ​ឆ្នាំ ២០១៣។ និយាយ​រួម ពលរដ្ឋ​ខ្មែរ​ចេះ​គិត​គូរ​ជាង​មុន ចេះ​ជំរុញ​ឱ្យ​គណបក្ស​កាន់​អំណាច​ឆ្លុះ​កញ្ចក់​និង​ដុះ​ក្អែល​សម្អាត​ខ្លួន និង​ចេះ​លើក​ទឹក​ចិត្ត​ឱ្យ​គណបក្ស​ប្រឆាំង​ត្រៀម​យុទ្ធសាស្រ្ត រចនា​សម្ព័ន្ធ​និង​ធនធាន​មនុស្ស ​ដើម្បី​ឡើង​គ្រប់គ្រង​អំណាច​រដ្ឋ​ជាយថាហេតុ។
 
មេរៀន​ទី​ពីរ គឺពី​អំណឹះ​ត​ទៅ នៅ​ប្រទេស​កម្ពុជា អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ភាគ​ច្រើន ជា​យុវជន ជា​អ្នក​រស់​នៅ​ទី​ក្រុង រី​ឯ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ជា​មនុស្ស​ចាស់ ជា​អ្នក​រស់​នៅ​ជនបទ។ ចំនួន​ពួក​យុវជន​ដែល​កើន​ឡើង​ជា​លំដាប់ អាច​នឹង​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់​ឆាក​នយោបាយ​កម្ពុជា នា​ពេល​ខាង​មុខ។
 
មេរៀន​ទី​បី គឺ​ស្ថានភាព​នៅ​ទីបំផុត​មាន​លក្ខណៈ​ច្រំដែល​ដូចពេល​មុនៗ​ត​ទៅ​ទៀត នោះ​គឺ​អំណាច​ប្រមូល​ផ្តុំ​របស់​លោក​នាយក​រដ្ឋមន្រ្តី អំណាច​ពេញ​ដៃ​របស់​បក្ស​ប្រជាជន​កម្ពុជា។ រីឯ​បក្ស​ប្រឆាំង​វិញ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​ពឹងពាក់​សហគមន៍​អន្តរជាតិ​ដើម្បី​ស្រាយ​ចំណង​ច្បាប់​និង​នយោបាយ​ដែល​កំពុង​វ័ណ្ត​ក​របស់​ខ្លួន។ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ក្តី​បារម្ភ​គ្រប​ដណ្តប់​ម្តង​បន្តិចៗ​ទៅលើស្មារតី​របស់​ប្រជាពល រដ្ឋ ​នា​ពេល​ដែល​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ