អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ពេល​ណា​ទើប​ភ្នំពេញ​ឈប់​លិច​ទឹក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទឹក​ភ្លៀង​ដែល​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​រាជធានី​ភ្នំពេញ នៅ​ដើម​ខែ​វស្សា​នេះ បាន​បណ្ដាល​ឲ្យ​ទីក្រុង​ភ្នំពេញ​លិច​លង់​ទៅ​ក្នុង​ជំនន់​ទឹក​ភ្លៀង​។ ជំនន់​ទឹក​ភ្លៀង​លិច​ក្រុង​ភ្នំពេញ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​ប្រជាពលរដ្ឋ​បន្ទោស​ទៅ​លើប្រព័ន្ធ​លូ​ចាស់​ទ្រុឌទ្រោម និង​ជា​ពិសេស​​ការ​ចាក់​លុប​បឹង​នៅ​ជុំ​វិញទីក្រុង។ ​សំណួរ​ដដែល​ៗ​ចោទ​ឡើង​ជា​ថ្មី​ថា តើ​ពេល​ណា​ទើប​ទី​ក្រុង​ភ្នំពេញ​លែង​លិច​ទឹក​ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀង​?

ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ
ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មិន​​ខុស​​ពី​ឆ្នាំ​មុន​ៗ​ទេ​ ភ្នំពេញ ទីក្រុង​គុជ នៅ​តែ​លិច​ទឹក​នៅ​ដើម​រដូវ​វស្សា​នេះ​។ កំណាត់​ផ្លូវ​តូច​ធំ​សុទ្ធ​តែ​លិច​លង់​ក្រោម​ជំនន់​ទឹក​ភ្លៀង ខណៈ​ដែល​កន្លែង​ខ្លះ​ទៀត ទឹក​ភ្លៀង​លាយ​ឡំ​នឹង​ទឹក​លូ បាន​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​។ ជំនន់​ទឹក​ភ្លៀង​ដែល​កើត​ឡើង​ដដែល​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដូចនេះ បានបង្កើត​ឲ្យ​មាន​​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ចំពោះ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ លើស​ពី​ការ​រអ៊ូ​រទាំ ពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​ចោទ​ជា​សំណួរ​ថា តើ​ពេល​ណា​ទើប​ទីក្រុង​ភ្នំពេញ លែង​លិច​ទឹក​ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀង​?

 
មុន​នឹង​ឆ្លើយ​នឹង​សំណួរ​នេះ គេ​ចាំ​បាច់​ត្រូវ​យល់​ពី​មូលហេតុ​​សំខាន់​ៗ​មួយ​ចំនួន ដែល​​​ធ្វើ​ឲ្យ​ភ្នំពេញ​លិច​លង់​នៅ​ពេល​មាន​ភ្លៀង​ធំ​ម្ដង​ៗ​។

មូលហេតុ​ទី​១ គឺ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​ខុស​ពី​ធម្មតា​។ រាជធានី​ភ្នំពេញដែល​មាន​រាង​ជា​បាត​ខ្ទះ និង​​ដែល​មាន​ភូមិសាស្ត្រ​ទាប​ជាង​នីវូ​ទឹក​ទន្លេ ជា​ធម្មតា​ត្រូវ​លិច​ ប្រសិន​បើ​ទឹក​ភ្លៀង​មាន​កម្រិត​ប្រមាណ​៣០​មីលីម៉ែត្រ​។ មាន​ន័យ​ថា នៅ​ពេល​កម្រិត​ទឹក​ភ្លៀង​កើន​ឡើង​លើស​ពី​៣០មីលីម៉ែត្រ ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​រង​ការ​ជន់​លិច​។​

មូលហេតុ​ទី​២ គឺ​ការ​ចាក់​លុប​បឹង និង​ការ​រំលោភ​បំពាន​លើ​ប្រឡាយ​រំដោះ​ទឹក​។ ជា​ការ​ពិត​ហើយ​ថា រាជធានី​ភ្នំពេញ បាន​ស្គាល់​អភិវឌ្ឍ​ជា​វិជ្ជមាន​ជា​ច្រើន​។ ចំណែក​អាជ្ញាធរ​រាជធានី​ភ្នំពេញវិញ ក៏​​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ដោះ​ស្រាយ​បញ្ហា​ស្ទះ​លូ​​នៅ​ក្នុង​ទីក្រុង​ផង​ដែរ ដោយ​មាន​​ជំនួយ​ពី​អង្គការ JICA របស់​ជប៉ុន​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ទាំង​នេះ បឹង​ធម្មជាតិ​ជា​ច្រើន​ ដែល​ជា​ទី​កន្លែង​សម្រាប់​រំដោះ​ទឹក​កុំ​ឲ្យ​លិច​ទីក្រុង ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប ដើម្បី​សាង​សង់​សំណង់​លំនៅដ្ឋាន​។ ជាមួយ​គ្នា​នេះ ប្រឡាយ​រំដោះ​ទឹក​កាត់​ទីក្រុង​មួយ​ចំនួន ក៏​ត្រូវ​បាន​រំលោភ​បំពាន។ រី​ឯ​ប្រឡាយ​មួយ​ចំនួន​ទៀត មាន​សភាព​គោក​រាក់​រួម​តូច​ជា​ដើម​។

មូលហេតុ​ទី​៣ គឺ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​។ ប្រព័ន្ធ​លូ​ដែល​មាន​ទំហំ​តូច មិនគ្រប់​គ្រាន់ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ពិបាក​ទប់ទល់​នឹង​ទឹក​ភ្លៀង​ ដែល​ធ្លាក់​យ៉ាង​គំហុក​ខុស​ពី​ធម្មតា​ដូច​សព្វ​ថ្ងៃ​នេះ​ណាស់​។

និង​មូលហេតុ​ទី​៤ គឺ​​​ដង់ស៊ីតេ​ប្រជាជន​រស់​នៅ​ទីក្រុង​ ដែល​កើន​ឡើង​ទន្ទឹម​គ្នា​នឹង​កំណើន​កាក​សំណល់​។ កាក​សំណល់​ដែល​កើន​ឡើង ជា​ពិសេស​​ការ​ចោល​សម្រាប​ពាសវាល​ពាស​កាល ឬ​ភាព​យឺតយ៉ាវ​នៃ​ក្រុមហ៊ុន​ប្រមូល​សម្រាម បាន​រួម​ចំណែក​ធ្វើ​ឲ្យលូ​កក​ស្ទះ មិន​អាច​រំដោះ​ជំនន់​ទឹក​ភ្លៀង​បាន​ទាន់​ពេល​វេលា​។

​ទោះ​បី​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ដោះ​ស្រាយ​បញ្ហា​ជំនន់​ទឹក​ភ្លៀងនៅ​រាជធានី​ភ្នំពេញ​ជា​បន្ត​បន្ទាប់​យ៉ាង​ណា​ក៏​ដោយ ក៏​បញ្ហា​នេះ នៅ​តែ​ចោទ​ឡើង​ជា​ប្រចាំ​។ បើ​និយាយ​ពី​ប្រព័ន្ធ​លូ​ និង​អាង​រំដោះ​ទឹក ជា​ការ​ពិត​ណាស់ វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​។ ប៉ុន្តែ​បើ​និយាយ​ពី​បញ្ហា​ជំនន់​ទឹក​ភ្លៀង​លិច​ទីក្រុង​ភ្នំពេញ វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​។ ប្រជាពលរដ្ឋ​គ្រប់​គ្នា ដែល​ត្រូវ​តែ​ចូលរួម​ថែ​រក្សា​អនាម័យ ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ជា​ពិសេស កុំ​ទម្លាក់​ចូល​តាម​ប្រឡាយ​និង​លូ​ទឹក ចៀស​វាង​បញ្ហា​កក​ស្ទះ​លូ​ទៅ​ថ្ងៃ​ក្រោយ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​យ៉ាង​ណា​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ៗ​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​​ផង​ដែរ​។

បញ្ហា​ប្រព័ន្ធ​ប្រឡាយ​ទឹក ប្រព័ន្ធ​លូ និង​អាងរំដោះ​ទឹក គឺ​ជា​ការងារ​មួយ​ដែល​មាន​ទំហំ​ធំ​និង​ពិបាក​ ព្រោះ​វា​មិន​មែន​ធ្វើ​សម្រាប់​តែ​ថ្ងៃស្អែក​ប៉ុណ្ណោះ​ទេ​។ ការងារ​នេះ ត្រូវ​ការ​ពេល​វែង និង​ផែនការ​​ច្បាស់​លាស់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ដរភាព​។ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ថា តើ​ពេល​ណា​ទើប​​ភ្នំពេញ លែង​លិច​ទឹក​ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀង​? គេ​ត្រូវ​ចាំ​មើល​ឆន្ទះ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជា​ពិសេស ការ​រួម​ចំណែក​របស់​ពលរដ្ឋ​គ្រប់​ៗ​គ្នា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ