អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ចូលរួម​របស់​ពលរដ្ឋ រួម​នឹង​ការ​បន្ថែម​ល្បឿន​ផ្សព្វផ្សាយ​ជា​កត្តា​អាច​កាត់​បន្ថយ​អគ្គិភ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​របស់​ប៉ូលិស​បង្ហាញ​ថា​អគ្គិភ័យ​បាន​កើត​ឡើង​កាន់​តែ​ច្រើន​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ការ​ឆ្លង​ចរន្ត​អគ្គិសនី​ និង​ការ​ធ្វេស​ប្រហែស​គឺ​ជា​ហេតុ​ផល​ចំបង ដែល​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ​ឥត​ឈប់​ឈរ។ ដើម្បី​ទប់​ស្កាត់​កំណើន​អគ្គិភ័យ ដែល​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​និង​បំផ្លាញ​ទ្រព្យ​សម្បតិ​សន្ធឹក​សន្ធាប់​នោះ គប្បី​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ ត្រួត​ពិនិត្យ​និង​រៀបចំ​ខ្សែ​ភ្លើង​ដែល​បំពាក់​នៅ​លើ​សំណង់​ទាំង​ចាស់​ទាំង​ថ្មី ព្រម​ទាំង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ការពារ​ដោយ​ខ្លួន​ឯង​ជា​បឋម ដោយ​ប្រើប្រាស់​បំពង់​ពន្លត់​ភ្លើង​ជា​ដើម។

ខ្សែភ្លើងមានសភាពខ្វែងខ្វាត់ដែលទៅដូចសម្បុកពីងពាង
ខ្សែភ្លើងមានសភាពខ្វែងខ្វាត់ដែលទៅដូចសម្បុកពីងពាង
ផ្សាយពាណិជ្ជកម្ម

បញ្ហា​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទំនង​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​ហើយ ដោយសារ​តែ​ការ​បំផ្លាញ​ដោយសារ​ភ្លើង​បាន​កើត​ឡើង​ស្ទើរ​មិន​លោះ​ថ្ងៃ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦​មក។ កាល​ពី​ថ្ងៃ​ទី​២២​កុម្ភៈ​កន្លង​ទៅ​នេះ បញ្ហា​អគ្គិភ័យ ត្រូវ​បាន​ចាត់​ទុក​ជា​ទិវា​ជាតិ​ជា​លើក​ដំបូង​ ប្រយោជន៍​ដើម្បី​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍ និង​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​បង្ការ​និង​ទប់​ស្កាត់​អគ្គិភ័យ ដែល​កំពុង​កើត​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កាល​ពី​ឆ្នាំ​២០១៥ ចំនួន​អគ្គិភ័យ បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ចំនួន ៥៩០​លើក គឺ​កើន​ឡើង​៧៦​លើក ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៥​នាក់ របួស​២៥​នាក់ និង​ខូច​ខាត​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត។ ហើយ​នៅ​ដើម​ឆ្នាំ​២០១៦​នេះ គ្រាន់​តែ​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​អគ្គិភ័យ​បាន​កើត​ឡើង​ជាង​១០​លើក​ទៅ​ហើយ នេះ​មិន​ទាន់​គិត​ពី​ការ​ឆេះ​ជា​ប្រចាំ​សម្រាប់​ថ្ងៃ​ផ្សេង​ពី​នេះ​ផង។ 

មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ភាគ​ច្រើន​គឺ​ការ​ឆ្លង​ចរន្ត​អគ្គិសនី ឬ​ភាសា​សាមញ្ញ​«ទូស្សេ​ខ្មែរ​ភ្លើង» ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រមាណ​ជា​ជិត​៥០​ភាគរយ។ ក្រៅ​ពី​នេះ នៅ​មាន​ការ​ធ្វេស​ប្រហែស​ដែល​មាន​ប្រហែល​២៨​ភាគរយ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើ​ការ​ប្រើប្រាស់​ចង្កា្រន​ជើង​ឆ្នាំ និង​ការ​អុច​ធូប​ទៀន ដែល​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន។

តើ​គេ​អាច​ការពារ​និង​ទប់​ស្កាត់​មិន​ឲ្យ​កើត​មាន​អគ្គិភ័យ​បាន​យ៉ាង​ដូចម្តេច សម្រាប់​ប្រទេស​កម្ពុជា? បើ​និយាយ​រឿង​អគ្គិភ័យ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្ត​អគ្គិសនី គេ​ត្រូវ​ចាប់​អារម្មណ៍​ពី​បញ្ហា​សំណង់។ បន្ទាប់​ពី​កើត​មាន​ភាព​ចលាចល​នយោបាយ ជា​ច្រើន​ទសវត្ស​កន្លង​មក សំណង់​អគា​លំនៅ​ដ្ឋាន​នានា នៅ​ក្នុង​ទីក្រុង​ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​ដែរ ត្រូវ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រព័ន្ធ​ខ្សែ​ចាស់​ៗ ដែល​មាន​ស្រាប់ ខ្លះ​កប់​នៅ​ក្នុង​ជញ្ជាំង ខ្លះ​ត​ថ្មី​បណ្តែត​ខាង​ក្រៅ ដែល​មាន​សភាព​រញ៉េ​រញ៉ៃ​ឥត​សណ្តាប់​ធ្នាប់។

ការ​ប្រើប្រាស់​ឧបករណ៍ ដែល​ដើរ​ដោយ​ចរន្តអគ្គិសនី នៅ​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ មិ​នមាន​គុណភាព ដោយសារ​តែ​ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​សម្ភារៈ​ល្អ។ សម្ភារៈ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចូល​មក​ពី​ប្រទេសចិន ដែល​ជា​ប្រភេទ​គ្រឿង​អគ្គិសនី ផលិត​ឡើង​ក្នុង​តម្លៃ​ថោក។ ការ​ប្រើ​ប្រាស់​សម្ភារៈ​អគ្គិសនី​បែប​នេះ ប្រឈម​ច្រើន​នឹង​ហានិភ័យ ដោយ​វា​អាច​ឆ្លង​ចរន្ត​អគ្គិសនី​បាន​ដោយ​ងាយៗ។

ជាមួយ​គ្នា​នេះ ផ្ទះ​ល្វែង​ថ្មី​ៗ​ជា​ច្រើន​ត្រូវ​បាន​សាងសង់​ឡើង ដោយ​ថៅកែ​ផ្ទះ​លើក​កញ្ជើ​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ពោល​គឺ​សង់​ធ្វើ​ម៉េច​ឲ្យ​លក់​បាន​លុយ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បំពាក់ ឬ​បង្កប់​ខ្សែ​ភ្លើង​ក្នុង​ជញ្ជាំង បាន​ធ្វើ​ឡើង​ឲ្យ​តែ​រួច​ពី​ដៃ ដោយ​មិន​មាន​បំពាក់​ស្រោម​ខ្សែ​ និង​មិន​មាន​បច្ចេក​ទេស​ត្រឹម​ត្រូវ។ ការ​ត្រួត​ពិនិត្យ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ទៅ​លើ​បណ្តាញ​ប្រព័ន្ធ​ខ្សែ​ភ្លើង​ជា​ពិសេស​សំណង់​ផ្ទះ​ល្វែង​ថ្មី​ៗ​មិន​មាន​ទេ ក្រៅ​ពី​បណ្តោយ​ឲ្យ​ជាង​ភ្លើង ដែល​មាន​ជំនាញ​ចេះ​ត​ៗ​គ្នា ខ្វះ​បច្ចេក​ទេស​និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។

នៅ​មាន​កត្តា​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​ឲ្យ​អគ្គិភ័យ​នៅ​តែ​អាច​បង្ក​គ្រោះថ្នាក់​កំរិត​ខ្ពស់​ដល់​ប្រជាជន​ខ្មែរ ​គឺ​ពលរដ្ឋ​ភាគ​ច្រើន​នៅ​មិន​ទាន់​យល់​ពី​អត្ថ​ប្រយោជន៍ ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ពន្លត់​អគ្គិភ័យ​បឋម ពោល​គឺ​បំពង់​ពន្លត់​អគ្គិភ័យ។ មូយ​រយៈ​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ត្រូវ​គេ​សម្គាល់​ឃើញ​តែ​នៅ​តាម​បណ្តា​ហាង​លក់​ដូរ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​បំពង់​ពន្លត់​អគ្គិភ័យ មាន​តិច​តួច​នៅ​តាម​គេហដ្ឋាន​រស់នៅ​របស់​ប្រជាជន។ កង្វះ​ខាត​ថវិកា​រួម​ផ្សំ​នឹង​ការ​ព្រងើយ​កន្តើយ​ក្នុង​ការ​ទិញ​បំពង់​ពន្លត់​ភ្លើង​សម្រាប់​បង្ការ​នៅ​មាន​កំរិត។

ដូច្នេះ​ដើម្បី​កាត់​បន្ថយ​អគ្គិភ័យ ដែល​កំពុង​តែ​បន្ត​កើត​ឡើង​ស្ទើរ​មិន​លោះ​ថ្ងៃ​នោះ ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ចូល​ឲ្យ​ដល់​មូលដ្ឋាន​គឺ​ជា​ការ​ចាំបាច់។ ការ​ណែនាំ​បន្ថែម​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​បង្ការ​និង​សង្គ្រោះ​បឋម​ពី​មហន្តរាយ​នេះ ដោយ​មាន​ប្រព័ន្ធ​ការពារ​លំនៅ​ដ្ឋាន​ដូចជា​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ដើម។ អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​មាន​យន្តការ​ត្រួត​ពិនិត្យ ការ​គ្រប់​គ្រង​ប្រព័ន្ធ​ភ្លើង​នៅ​តាម​សំណង់​ថ្មី​ៗ ជា​ពិសេស​សំណង់​ផ្ទះ​ល្វែង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ភាគ​ច្រើន​បំពាក់​បរិកា្ខ​អគ្គិសនី ខុស​បច្ចេក​ទេស​និង​គ្មាន​គុណភាព។

ដោយ​ឡែក​ការ​សង្គ្រោះ​ថ្នាក់​ជាតិ ជា​ការ​ពិត​គួរ​តែ​បង្កើន​បរិមាណ​រថយន្ត​ពន្លត់​អគ្គិភ័យ​បន្ថែម​ទៀត​ ដោយ​បច្ចុប្បន្ន​កង្វះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​មូលហេតុ​ចំបង ក្នុង​កិច្ច​អន្តរាគមន៍​លើ​ករណី​ភ្លើង​ឆេះ​ជា​ច្រើន។ ជាមួយ​គ្នា​នេះ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ក៏​ត្រូវ​មាន​ការ​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំ​ទូលាយ​ផងដែរ ជា​ពិសេស​លើ​បញ្ហា​ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល​ធ្វេស​ប្រហែស​បង្ក​អគ្គិភ័យ និង​ដល់​មន្ត្រី​អន្តរាគមន៍​ដែល​សង្ស័យ​ថា​ជាប់​ទាក់​ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​ក្នុង​សកម្មភាព​ពន្លត់​អគ្គិភ័យ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ