អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ជំនួប​រវាង​នាយករដ្ឋមន្ត្រីនិង​សង្គម​ស៊ីវិលខាង​បរិស្ថាន គឺជា​ជោគជ័យ​របស់​ក្រុម​សកម្មជន​អ្នក​ការពារ​ធនធានធម្មជាតិឬ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីម្សិលមិញនេះ អង្គការ​សង្គម​ស៊ីវិលខាង​ការពារ​បរិស្ថាន ក្រុម​ព្រះ​សង្ឃ​ សកម្ម​ជន​ជា​ច្រើន​នាក់ ដែល​ធ្លាប់តែ​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់​ ត្រូវបាន​អញ្ជើញ​​ឲ្យ​ចូលរួម​ក្នុង​វេទិកា ​ស្តី​ពី ​ការការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​វិមាន​សន្តិភាព​។ នៅ​ក្នុង​ជំនួប​លើកទី១​ដ៏កម្រ​នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​ស្តាប់​ឮ​ដោយ​ផ្ទាល់ពី​ទុក្ខ​កង្វល់ ការ​ព្រួយ​បារម្ភ និង​សំណូម​ពរ​របស់​ពួកគេទាំង​នោះ​​ ហើយ​លោក​​ក៏​បាន​សម្រេច​​ដោះស្រាយ​ភ្លាមៗ និង​តាម​ដំណាក់​កាល​។ ដូច្នេះ​ តើ​នេះ​គឺអាច​ចាត់ទុក​​ថា​ជា​ជោគជ័យ​របស់​ក្រុម​សកម្មជន​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ដែរ​ឬទេ​?

ពីម្សិលមិញនេះ អង្គការសង្គមស៊ីវិលខាងការពារបរិស្ថាន ក្រុមព្រះសង្ឃ  សកម្មជនជាច្រើននាក់ ដែលធ្លាប់តែរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវេទិកា ស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព។
ពីម្សិលមិញនេះ អង្គការសង្គមស៊ីវិលខាងការពារបរិស្ថាន ក្រុមព្រះសង្ឃ សកម្មជនជាច្រើននាក់ ដែលធ្លាប់តែរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវេទិកា ស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ក្រុម​ព្រះ​សង្ឃ​ សកម្ម​ជន​​ និង​សង្គម​ស៊ីវិលខាង​ការពារ​បរិស្ថាន ដែល​កន្លង​មក​ត្រូវ​រង​ការ​ចោទ​ប្រកាន់ពី​រដ្ឋាភិបាល​ថាគាំទ្រ​ផ្គាប់​មុខ​លើបក្ស​ប្រឆាំង ហើយ​ក៏​ធ្លាប់​ខាំធ្មេញ​សម្លឹង​មុខ​គ្នាក្នុង​ភាព​ជាសត្រូវផង​ដែរ​​! ប៉ុន្តែ​​នៅពេល​នេះ ពួក​គេ​​​បែរជា​ងាក​មក​និយាយ​ជាមួយ​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក ​​ហើយ​​នេះ​គឺជា​រឿងដ៏​​កម្រ​ និង​គួរ​ឲ្យអបអរ​​សាទរ។ ​

ជំនួប​លើកទី១​ដ៏​កម្រនេះ បាន​ទម្លាយ​ចេញ​នៅ​លទ្ធផល​ផ្លែផ្កា​ជា​ច្រើន​ ដូច​ជា ​ពី​អំណឺះ​តទៅ លោក​នាយករដ្ឋមន្ត្រី​និងក្រុម​អង្គការស៊ីវិល នឹង​ត្រូវ​ជួបប្រជុំ​គ្នា ឲ្យ​បាន​យ៉ាង​តិច​ក្នុង​មួយ​ឆ្នាំ​ម្តង ដើម្បី​ស្វែង​រក​កិច្ចអន្តរាគមន៍ជុំវិញ​រឿង​ការពារបរិស្ថាន។ រីឯ​​អង្គការសង្គមស៊ីវិលនិង​ក្រសួងពាក់ព័ន្ធនានា​វិញ​ ក៏ត្រូវ​ជួបជជែក​គ្នា​ផងដែរ រៀងរាល់បីខែម្តង។ បន្ថែមពីនេះ គឺ​មាន​ការ​ប្រកាសឲ្យ​ជ្រើសរើសឧទ្យានុរក្សបន្ថែម ចំនួន៣០០នាក់សម្រាប់ឆ្នាំ២០១៧ និង​ការ​​យល់ព្រមឲ្យសាងសងស្ពាន​និង​ផ្លូវ​ប្រវែង​១៨គីឡូម៉ែត្រ​ចូលទៅក្នុងតំបន់​អារ៉ែង​ជា​ដើម​។

ក្រៅ​ពី​លទ្ធផល​ដែលជា​ការ​សន្យា និង​ដែល​ធ្វើ​ឲ្យ​គេ​ឃើញ​ជា​ចំនួន​តួលេខ​ច្បាស់ៗបែបនេះ គឺនៅ​មាន​ការ​បញ្ជាក់​ពី​ប្រមុខ​រដ្ឋាភិបាល​ឲ្យមន្ត្រី​ថ្នាក់​ក្រោម ជួយ​សម្រប​សម្រួល​ ​ដល់​ក្រុម​សកម្ម​ជន ក្នុង​ដំណើរ​ការ​ការពារ​និងអភរិរក្ស​​បរិស្ថាន រួម​ទាំង​ការ​ដាំ​កូន​ឈើ​ឡើងវិញ​ថែម​ទៀត។ ចំពោះ​សកម្ម​ជន​​និង​សង្គម​ស៊ីវិលខាង​​បរិស្ថាន, ប្រសាសន៍​បើ​ក​ផ្លូវ​ដូច្នេះ​ គឺទំនង​ជា​​ប្រៀប​នឹង​ដាវ​អាជ្ញាសឹក​មួយ​ដូច្នោះ​ដែរ។​

តើ​ទាំង​អស់​នេះ មិនរាប់​ថា​ជោគជ័យចំពោះ​ការ​ខំប្រឹងប្រែង​​របស់​ក្រុម​សកម្មជន​​ការពារ​ធនធានធម្មជាតិទេ​ឬយ៉ាងណា​?

នៅ​ពីក្រោយ​ភាព​ជោគជ័យ​នេះ គេ​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរថា រាល់​អន្តរាគមន៍​ទាំង​អម្បាល​ម៉ាន​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​នឹង​ការ​​បោះឆ្នោតជិត​ឈាន​ចូលមក​ដល់ ដែល​សូម្បីតែ​លោក​នាយករដ្ឋ​មន្ត្រី​រូបលោក​ផ្ទាល់ ក៏​ប្រកាសដែរ​ថា គឺ​ជាដំណាក់​កាល​នៃ​ការ​ដើរ​សុំ​សន្លឹក​ឆ្នោត​។​ ជាមួយ​គ្នានេះ បក្ស​កាន់​អំណាច ​ក៏ទំនង​ជា​​អាច​នឹងអូស​ទាញ​សមាន​ចិត្ត​ពី​ក្រុម​អ្នកធ្លាប់​​តវ៉ា​ទាំងនោះ​​ ដែលរដ្ឋ​អំណាច​ធ្លាប់​វាយ​តម្លៃ​​​ថាពួក​គេ​គាំទ្រផ្គាប់មុខលើបក្សប្រឆាំង ឲ្យ​ងាក​មក​ខាង​ខ្លួន​ផង ​ក៏អាច​ថា​បាន។

ធំដុំ​ជាង​នេះទៅទៀត ជំនួប​ដ៏​កម្រ​នេះ បាន​បើក​ចំហ​ចិត្ត​ដល់​គ្រប់​ភាគី ឲ្យ​ជួបគ្នា ជជែក​គ្នា និង​ឈ្វេង​យល់​ពី​គ្នា​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​នា​ពេល​កន្លង​ទៅ។ ពិសេស​នោះ គឺ​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់​តែ​ម្តង ដែល​មាន​ឱកាស​ថ្លែង​សារភាព​ពី​វិប្បដិសារី​ចំពោះ​អ្នក​ធ្លាប់​តវ៉ា និង​អ្នក​ឈឺចាប់ ជុំវិញ​វិបត្តិ​ដីសម្បទាន​សេដ្ឋកិច្ច និង​ចំណាត់​ការ​មួយ​ចំនួន​ទៀត​ដែល​បង្ក​ជា​បញ្ហា​ដល់​បរិស្ថាន ក្នុង​ពេល​ដែល​លោក​កាន់​អំណាច។ ការ​ថ្លែង​វិប្បដិសារី​នេះ ទោះ​តិច​ឬច្រើន ក៏បានធ្វើ​ឲ្យ​រំងាប់​ចិត្ត​ខ្លះ​ដែរ​ដល់​អ្នក​ដែល​ពូកែ​តវ៉ា។

ទោះយ៉ាង​ណា​ក៏​ដោយ​ចុះ ជំនួប​និយាយ​ត្រង់​ទៅ​ត្រង់មក​ដ៏​កម្រ ​រវាងក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន និង​ប្រមុខរដ្ឋាភិបាល គឺ​ក៏​ស្តែង​ចេញ​នូវ​ដំណើរ​មួយ​ព្រម​គ្នា​នៅ​លើ​ផ្លូវ​ដ៏​វិជ្ជមាន។ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ គឺ​ការ​អនុវត្ត​សាច់ការ​ជាក់​ស្តែង​។ ត្រង់​ចំណុច​នេះ គឺ​មាន​រឿង​ពីរ​ដែល​គេ​ត្រូវ​សើរើ​ និង​ត្រូវ​ពិចារណា​ឡើងវិញ។

ទី​១ ​ការបៀត​បៀន​ដល់​អាយុជីវិត​របស់​អ្នក​ការ​ពារបរិស្ថាន​ គឺមិន​ទាន់​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង​នោះទេ។ កន្លង​មក គេ​បាន​ដឹង​ឮជាទូទៅរួច​មកហើយ​ពី​ការ​គំរាម ការ​ប្រើ​ហិង្សា រហូត​ដល់​បាញ់​សម្លាប់​ ក៏​ប៉ុន្តែ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​សមស្រប​ និងពន្លឺ​យុត្តិធម៌​ចំពោះ​ពួក​គេ​នៅឡើយ​ទេ។

ឧទាហរណ៍​ជាក់​ស្តែង ដូច​ជា​ការ​លបលួច​កាប់​អ្នក​ការពារ​បរិស្ថានទាំង​យប់​នៅ​តំបន់​ព្រៃ​ឡង់ ហើយ​​ឃាតកម្ម​លើ​អ្នក​កាសែត​ដែល​សរសេរ​រឿង​កាប់​ឈើខុស​ច្បាប់ ​និងការ​បាញ់​សម្លាប់​​លោក ឈុត វុទ្ធី​ ដែល​ជា​អ្នក​ការពារ​ធនធានធម្មជាតិ​ដ៏ល្បី​ ​ ជាដើម។ មិន​តែប៉ុណ្ណោះ អ្នកសារព័ត៌មាន​នៅ​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន ដែល​លូក​ដៃ​សរសេរ​សកម្មខាង​បរិស្ថាន ក៏​ត្រូវ​រង​ការ​គំរាម​ជា​ញឹកញយ​ផង​ដែរ។

ម្យ៉ាងវិញ​ទៀត សកម្មជន​ការ​ពារ​ព្រៃ​ឈើ​មួយ​ចំនួន​ បែរ​ជាមិន​ទាន់​បាន​ទទួល​ការ​កោត​សរសើរ​និង​ការ​យក​ចិត្តទុក​ខ្លាំង​នៅក្នុង​ស្រុកនោះ តែបែរ​ជា​ត្រូវ​បាន​គេ​ប្រគល់​​ពាន​រង្វាន់​អន្តរជាតិ​នៅ​ក្រៅស្រុក​ទៅវិញ​ តួយ៉ាង​ករណី​លោក អ៊ូច ឡេង ជាដើម។

ចំណុច​ទី២ គឺនៅត្រង់​​​ប្រសិទ្ធភាព​នៃ​កិច្ច​អន្តរាគមន៍ ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​តែ​ម្តង។ តាម​អ្នក​សង្កេត​ការណ៍មួយ​ចំនួន​មើល​ឃើញ​ថា នៅ​ពេលខ្លះ​ ខ្លឹមសារ​​នៅលើ​ការ​សន្យា​​តែ​នឹង​មាត់ ​និង​វិធានការ​នៅលើ​ក្រដាស បើប្រៀបធៀប​នឹង​ការ​អនុវត្ត​​ជាក់​ស្តែង​ ហាក់​មិន​សូវ​ជា​ទាន់អាច​​ទុក​ចិត្ត​បាននៅឡើយ​ទេ ហើយការ​សន្យា​​លើក​នេះ​ទៀតសោត​ ក៏​មិន​មែន​ជា​រឿង​ថ្មី​ដែរ​ ដោយសារតែ​មាន​ស្នាម​ដៅ​ពីមុនៗ​មក​ខ្លះៗ​រួច​មកហើយ។

ដូច្នេះ​​ គឺ​មាន​តែ​លទ្ធផល​នៃ​ការ​អនុវត្ត​នៅ​លើទីលាន​សាច់​ការ​ជាក់​ស្តែងនោះ​​ទេ ដែល​អាច​វាស់ស្ទង់ និង​​កំណត់​ពី​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​របស់​ភាគី​ទាំងអស់​នៃ​អ្នក​ស្រឡាញ់​បរិស្ថាន​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ